ក្រុមអ្នកឃ្លាំមើលចង់ឃើញភាគីកម្ពុជា និងភាគីអ.ស.ប.នៅសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ធ្វើផែនការច្បាស់លាស់សម្រាប់តុលាការកាត់ទោសខ្មែរក្រហម ក្រោយពេលមន្ត្រីជាន់ខ្ពស់របស់អ.ស.ប.និងកម្ពុជាបានជួបប្រជុំគ្នា។ បញ្ហាមួយចំនួនមិនត្រូវបានដោះស្រាយទេគឺមានតែការប្តេជ្ញាចិត្តខ្លះរបស់ភាគីទាំងពីរលើបញ្ហាគាំទ្រតុលាការនេះ។
សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមត្រូវស្តីបន្ទោសថា មិនបានគិតគូរផែនការជាក់លាក់សម្រាប់គម្រោងរបស់ខ្លួន និងសម្រាប់ដោះស្រាយបញ្ហាព្រួយបារម្ភចាស់ៗមួយចំនួននៅឡើយទេ។
ការថ្លែងយ៉ាងដូច្នេះកើតឡើងក្រោយពេលដែលមានជំនួបមួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា រវាងលោក សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ហើយនឹងលោក Stephen Mathias ជំនួយការលោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់។
សេចក្តីថ្លែងការណ៍រួមរវាងភាគីអ.ស.ប. និងភាគីកម្ពុជានៅសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា៖
«ភាគីទាំងពីរស្វាគមន៍ចំពោះឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ សំណើរបស់លោកអគ្គលេខាធិការអ.ស.ប.ចំពោះមហាសន្និបាតអ.ស.ប.ទាក់ទងនឹងថវិកាឧបត្ថម្ភដល់ប្រតិបត្តិការរបស់តុលាការកាត់ទោសខ្មែរក្រហមក្នុងឆ្នាំ២០១៦ ហើយនឹងឆន្ទៈរបស់ខ្លួនក្នុងការផ្តល់ការបរិច្ចាគថវិកាគ្រប់គ្រាន់ដល់ភាគីជាតិនៃសាលាក្តីនេះក្នុងការធានាថវិកាពេញលេញ ដោយជំរុញឲ្យមានការបរិច្ចាគថវិកាដែលបានសន្យាពីក្រុមភាគីម្ចាស់ជំនួយអន្តរជាតិ»។
លោក ឡុង បញ្ញាវុធ មន្ត្រីឃ្លាំមើលសាលាក្តីនេះ បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វះស្វែងរកថវិកាគាំទ្រសាលាក្តីនេះ។ លោកបានបង្ហាញការមិនពេញចិត្តចំពោះការខកខានរបស់អ.ស.ប.ទាក់ទងនឹងការបិទបាំងលើការរកដំណោះស្រាយស្តីពីការជ្រៀតជ្រែកផ្នែកនយោបាយហើយនឹងការមិនពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមិនបានសហការជាមួយអ.ស.ប. ក្នុងការចាត់វិធានការលើសំណុំរឿង០០៣និង០០៤។
«កន្លែងនេះគួរឲ្យសោកស្តាយដែលអ.ស.ប.មិនបានលើករឿងហ្នឹងទៅពិភាក្សាឲ្យបានស៊ីជម្រៅ និងឲ្យមានតម្លាភាព ហើយយើងឃើញហើយថា ការដែលអ.ស.ប.ខកខានម្តងហើយម្តងទៀតមិនបានដោះស្រាយរឿង នេះគឺថា ទៅមុខទៅយើងគិតថា សំណុំរឿង០០៣ និង០០៤ប្រហែលជាបរាជ័យច្រើនជាងជោគជ័យ»។
លោកបានបន្ថែមថា៖
«ចំណុចទី២ យើងឃើញថា មកពីសាលាក្តីញាំញីទៅដោយរឿងក្តីជាច្រើន
ឧទាហរណ៍ដូចជារឿងពុករលួយកើតឡើងពីលើកមុននោះ ហើយនឹងការជ្រៀតជ្រែកផ្នែកនយោបាយមកលើសាលាក្តីខ្មែរក្រហម»។
លោក ឡាត់ គី អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមមកពីសមាគមសិទ្ធិមនុស្ស អាដហុក បានថ្លែងថា គាត់ចង់ដឹងថា តើសំណុំរឿង០២ វគ្គ២អាចធ្វើចប់ទេ ហើយចប់ឆ្នាំណា? ហើយសំណង តើរៀបចំយ៉ាងណា? ហើយមកទល់ពេលនេះ សំណងដែលសាលាក្តីរៀបចំគ្មានន័យសម្រាប់ជនរងគ្រោះនោះទេ។
«កង្វះថវិកាជារៀងរាល់ឆ្នាំ ឆន្ទៈក្នុងការបង្ហាញភាពស្មោះត្រង់ជូនដល់ សាធារណជន ជាពិសេសដើមបណ្តឹងរដ្ឋប្បវេណីអំពីដំណើរការឆ្ពោះ ទៅមុខនៅក្នុងការផ្តល់យុត្តិធម៌ជូនពួកគាត់ក៏ដូចជាការអះអាងនូវដំណើរ ការសាលាក្តីក្នុងរយៈពេលប៉ុន្មានគឺមកទល់ពេលនេះ គឺមតិមហាជនទូទៅគឺ អត់បានដឹងអំពីភាពជាក់លាក់នៅក្នុងផែនការអនាគតខាងមុខនោះទេ»។
ទោះជាយ៉ាងណាក៏ដោយ លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ VOA ថា ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តលើដំណើរការទៅមុខរបស់តុលាការនេះ។
«ជាក្តីសង្ឃឹមគឺថា វិធានការទាំងនេះនឹងធ្វើឲ្យមានស្ថិរភាពសម្រាប់ សាលាក្តីក្នុងឆ្នាំ២០១៦»។
តែជនរងគ្រោះជាអ្នកដាក់ពាក្យដើមបណ្តឹងរដ្ឋប្បវេណីគឺលោកស៊ុំ រិទ្ធី អ្នក រស់រានមានជីវិតម្នាក់ បានថ្លែងថា លោកប្រាថ្នាចង់បង្ហាញរឿងរ៉ាវ និងភស្តុតាងដល់តុលាការឲ្យដឹងថា កន្លែងឃុំឃាំងដែលត្រូវគេកាប់សម្លាប់ មនុស្សដ៏សាហាវឃោរឃៅ ហើយសម្រែកត្មះតិះដៀលក្រុមខ្មែរក្រហម បានធ្វើឲ្យលោកចងចាំពីការទាមទារយុត្តិធម៌។
«ខ្ញុំក៏តាំងចិត្តថា បើខ្ញុំមានជីវិត ខ្ញុំនឹងរកយុត្តិធម៌ជូនអ្នកទាំងអស់ហ្នុង ហើយទាំងខ្លួនខ្ញុំ ហើយនឹងអ្នកដែលស្លាប់ទាំងគ្មានកំហុស ដែលឈឺចាប់ យ៉ាងខ្លាំងនៅក្នុងរបបហ្នុង»។
សាលាក្តីខ្មែរក្រហមដែលមានការចូលរួមពីអ.ស.ប.មានការទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរណាស់ក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ។
«ព្រោះថា បើមិនរកយុត្តិធម៌ឲ្យជនរងគ្រោះឃើញទេគឺសម្រាប់ខ្លួនខ្ញុំផ្ទាល់ ហើយនឹងសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេសដែលរស់រានមានជីវិតពីរបបខ្មែរក្រហមហ្នឹង គឺអត់មានន័យអីទាំងអស់សម្រាប់តុលាការហ្នឹងបាទ»។
សាលាក្តីកាត់ទោសខ្មែរក្រហមកំពុងកាត់ទោសសំណុំរឿង០០២ វគ្គ២ ដោយចំណាយអស់ថវិកាជាង២០០លានដុល្លារ ហើយតុលាការនេះ នៅសល់សំណុំរឿង០០៣ និង០០៤ទៀតដែលត្រូវចាត់ការតែតុលាការ នេះមិនបានកិច្ចសហការពីចុងចោទ ពីភាគីកម្ពុជាជាដើមដែលគេគិតឃើញថា ជាការជ្រៀតជ្រែកផ្នែកនយោបាយ៕
ប្រិយមិត្តអាចអានព័ត៌មានផ្សេងៗទៀតទាក់ទងបញ្ហាខ្មែរក្រហមត្រង់ទំព័រ www.khmer.voanews.com/khmerrouge។