ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​មាន​តម្លាភាព​តែ​ពី​ក្រុមហ៊ុន​ធំៗ​នៅ​«ងងឹត‍»​

  • ម៉ែន គឹមសេង

លោក ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​ម្នាក់​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​ផល​ប៉ះពាល់​លើ​សង្គម​ស៊ីវិល» នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello VOA ប្រចាំ​ខែ​អំពី​អភិបាលកិច្ច​ល្អ​ជាមួយ​លោក ម៉ែន គឹមសេង នៃ VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA)

​លោក​ ឱក សេរីសុភក្តិ៍​ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​​បាន​បញ្ជាក់​ដែរ​ថា ​ការ​បន្លំ​ពន្ធ​នៅ​តែ​មាន​ទាំង​នៅ​ក្នុង​ប្រទេស​និង​តាម​ច្រក​នាំ​ចូល។

ការ​ប្រមូលពន្ធដារក្នុងប្រទេស​កម្ពុជា​មានតម្លាភាពច្រើនជាង​មុននិងមានប្រសិទ្ធភាព​កាន់​តែខ្ពស់​ជា​ពិសេស​ទៅ​លើពលរដ្ឋ​ទូទៅ​ ប៉ុន្តែការយកពន្ធ​ពី​ក្រុមហ៊ុន​ធំៗ​និង​ឧកញ៉ា​នៅ​មាន​លក្ខណៈ​«ងងឹត‍»​នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ។

​លោក​ ឱក សេរីសុភក្តិ៍​ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​ថ្លែង​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​ កម្រិត​នៃ​ការ​ចំណាយ​បង់​ប្រាក់​បន្ថែម​ក្រៅ​ផ្លូវការ​ពី​អ្នក​បង់​ពន្ធ​ទៅ​ឱ្យ​មន្ត្រី​ពន្ធដារ​ក៏​មាន​ការ​ថយ​ចុះ​ដែរ។

​លោក​បាន​បន្ថែម​ថា៖ ​«និន្នាការ​ទៅ​ថ្ងៃ​មុខ​ ដរាប​ណា​យើង​កាត់​បន្ថយ​ការ​ជួប​គ្នា​ផ្ទាល់​រវាង​អ្នក​បង់​និង​អ្នក​ទទួល​ហ្នឹង​ នោះ​អំពើ​ពុករលួ​យ​កាន់តែ​ចុះ​ហើយ​អ្វី​ដែល​ជា​តម្លាភាព​គឺ​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ហើយ​អត់​មាន​ខាត​ពេល​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​អត់​មាន​ខាត​ពេល​នឹង​រកស៊ី​ទៅ​ទៀត។ ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​មួយ​ដែល​ល្អ​ណាស់​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បង់​តាម​រយៈ​សេវា​ក្រៅ​ឬ​មួយ​ទៅ​មុខ​ទៀត​អាច​អនឡាញ​ក៏​បាន ​បង់​តាម​អ៊ីនធឺណិត»។

យ៉ាងណា​ក៏ដោយ ឯកសារប្រភពចំណូលនិងចំណាយក៏នៅតែពិបាករក​ ​ជាពិសេស​ទាក់ទង​នឹង​ក្រុមហ៊ុន​ធំៗ​ ហើយ​លោកសុភក្តិ៍​សង្ឃឹមថា យុវជននិងពលរដ្ឋម្ចាស់​ឆ្នោត​នឹង​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួកគេទាមទារឱ្យមានតម្លាភាពបន្ថែមទៀតក្នុងពេលខាង​មុខ។

«តាម​ដែល​ខ្ញុំ​ដឹង​គាត់​បង់​ពន្ធ​ប៉ុន្តែ​មាន​ខ្លះ យឺត​មែនទែន​ គឺ​យឺត​ដល់​ប៉ុន្មាន​ឆ្នាំ​ឯណោះ​ហើយ​គាត់​បង់​ពន្ធ​ច្រើន​ផង​សុទ្ធ​តែ​រាប់​លាន​មិន​មែន​១០០​ឬ២០០​(ដុល្លារ​) ដូច​យើង​ទេ។ ប៉ុន្តែ​ក្នុង​រឿង​ហ្នឹង​គឺ​ងងឹត​ដូច​យប់​អញ្ចឹង​អត់​មាន​តម្លាភាព​ទេ‍... ហើយ​ប្រាក់​ចំណូល​បាន​ប៉ុន្មាន​ចែក​ទៅ​ណា​ខ្លះ? ឯកសារ​ហ្នឹង​គឺ​មិន​មាន​តម្លាភាព​ទេ»។​

លោក​សុភក្តិ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ការ​បន្លំ​ពន្ធ​នៅ​តែ​មាន​ទាំង​នៅ​ក្នុង​ប្រទេស​និង​តាម​ច្រក​នាំ​ចូល។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្ដេជ្ញា​ពង្រឹង​ការ​ប្រមូល​ពន្ធ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជា​បន្ត​បន្ទាប់​និង​ផ្តល់​សេវា​សាធារណៈ​កាន់​តែ​ប្រសើរ​ជាង​មុន​ដល់​អ្នក​បង់​ពន្ធ។

យោង​តាម​សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា​រយៈ​ពេល​ដូច​គ្នា​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៥​និង​ឆ្នាំ​២០១៤​គឺ​កម្រិត​នៃ​ការ​ប្រមូល​ពន្ធ​មាន​ការ​កើន​ឡើង។ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឱ្យ​ដឹង​ថា ​មាន​ការ​កើន​ឡើង​រហូត​ដល់​៤៨,៥៣​ភាគរយ៕

XS
SM
MD
LG