ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍៖ ការ​គ្រប់​គ្រង និង​ដំណើរ​ការ​ចំណូល​ចំណាយ​ថវិកា​ជាតិ


លោក ហេង ឌីណា សេដ្ឋវិទូ​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​រដ្ឋធានី​វ៉ាស៊ីតោន។ (រូបថត​ផ្តល់​ឲ្យ៖ លោក ហេង ឌីណា)
លោក ហេង ឌីណា សេដ្ឋវិទូ​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​រដ្ឋធានី​វ៉ាស៊ីតោន។ (រូបថត​ផ្តល់​ឲ្យ៖ លោក ហេង ឌីណា)

កំណត់​និពន្ធ៖ ថវិកា​គឺជា​កត្តា​មួយ​យ៉ាង​សំខាន់​សម្រាប់​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍។ លោក ហេង ឌីណា សេដ្ឋវិទូ​ខ្មែរ​មួយ​រូប​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា កម្ពុជា​ចាំ​បាច់​ត្រូវ​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ក្រសួង​ដែល​ត្រូវ​ចាយ​ក្នុង​ការ​ធ្វើ​គម្រោង​ចំណាយ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​តាម​ទិស​ដៅ​អថ៌ភាព​សម្រាប់​ការ​អភិវឌ្ឍន៍ ដើម្បី​ទទួល​បាន​លទ្ធផល​ពី​ការ​ចាត់ចែង​ថវិកា​ជាតិ​ដ៏​មាន​ប្រសិទ្ធភាព។ នាង ទែន សុខស្រីនិត នៃ VOA បាន​សន្ទនា​ជាមួយ​លោក ហេង ឌីណា ជុំវិញ​បញ្ហា​នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ តើ​ប្រាក់​ចំណូល​ថវិកា​ជាតិ​របស់​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​មាន​ទឹក​ប្រាក់​ចំនួន​ប្រហែល​ប៉ុន្មាន? តើ​ប្រាក់​ចំណូល​ថវិកា​ជាតិ​នេះ​មាន​ប្រភព​ពី​ណា​ខ្លះ?

លោក ហេង ឌីណា៖ សម្រាប់​ឆ្នាំ​២០១៤ ចំណូល​រដ្ឋ​ដែល​ប្រមូល​បាន​ក្នុង​ប្រទេស​មាន​ចំនួន​ជាង​២៦០០រយ​លាន​ដុល្លារ ឬ​ប្រហែល​១៥ភាគរយ​នៃ​ផសស។ ហើយ​តាម​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥ ចំណូល​ឆ្នាំ​២០១៥​នេះ​អាច​នឹង​កើន​ដល់​២៩០០លាន​ដុល្លារ។ ចំណូល​ក្នុង​ស្រុក​ភាគ​ច្រើន​បាន​មក​ពី​អគ្គ​នាយក​ដ្ឋាន​ពន្ធដា និង អគ្គ​នាយក​ដ្ឋាន​គយ។ ចំណូល​សារពើ​ពន្ធ​សំខាន់ៗ​មាន​ដូច​ជា ពន្ធ​លើ​ចំណេញ​អាករ​លើ​តម្លៃ​បន្ថែម និង​ពន្ធ និង​អាការ​លើ​ការ​នាំ​ចូល។

ក្រៅ​ពី​នេះ យើង​ក៏​មាន​ចំណូល​មិនមែន​សារពើ​ពន្ធ ដូច​ជា ផល​ទុន​ពី​ការ​លក់​ជួល​ទ្រព្យ​សម្បត្តិ និង​សេវា​សាធារណៈ​ជា​ដើម។ សូម​ជម្រាប​ថា សម្រាប់​ថវិកា​ជាតិ ប្រទេស​យើង​ក៏​ទទួល​បាន​ឧបត្ថម​ទន និង​ឥណទាន​ពី​ដៃ​គូ​អភិវឌ្ឍ​សម្រាប់​ចំណាយ​មូល​ធន​ដូចជា ផ្លូវ ស្ពាន ថ្នល់ កំពង់ផែ ប្រព័ន្ធ​ធារា​សាស្រ្ត និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ដែរ។

VOA៖ តើ​ការ​ចំណាយ​ថវិកា​ជាតិ​មាន​លក្ខណៈ​យ៉ាង​ដូច​មេ្តច​ដែរ?តើ​ចំណូល​ក្នុង​ស្រុក​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ដែរ​ឬ​ទេ?

លោក ហេង ឌីណា៖ យោង​តាម​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៥ ចំណាយ​ថវិកា​ជាតិ​គ្រោង​សម្រាប់​ឆ្នាំ​២០១៥​នេះ មាន​ចំនួន​សរុប​៣៨០០លានដុល្លារ គឺ​ខ្ពស់​ជាង​ចំណូល​រដ្ឋ​ក្នុង​ស្រុក (២៩០០លាន​ដុល្លារ) ដោយ​សារ​កម្ពុជា​យើង​ត្រូវ​ការ​វិនិយោគ​ខ្លាំង​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដើម្បី​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច។ នេះ​មាន​ន័យ​ថា កម្ពុជា​យើង​ត្រូវ​ការ​ហិរញ្ញ​ប្បទាន​ក្រៅ​ប្រទេស​បន្ថែម (លុយបន្ថែម ឬ​ប្រាក់​កម្ចី​បរទេស)​ចំនួន​៩០០លាន​ដុល្លារ ដើម្បី​បំពេញ​ការ​ចំណាយ​នេះ។ សូម​ជម្រាប​ថា ចំណាយ​មាន​ពីរ​ប្រភេទ គឺ​ចំណាយ​ចរន្ត និង​ចំណាយ​មូលធន។ ចំណាយ​ចរន្ត​មាន​ជា​ចម្បង​គឺ ការ​ចំណាយ​លើ​ប្រាក់​ខែ​មន្ត្រី​រាជការ មធ្យោបាយ និង​សេវា និង​ចំណាយ​ផ្សេងៗ​សម្រាប់​ការងារ​រដ្ឋបាល។ ចំណាយ​មូលធន​មាន​ជា​ចម្បង​គឺ ការ​ចំណាយ​លើ​ការ​សាង​សង់​អាគារ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​អាច​ប្រើ​ប្រាស់​សម្រាប់​រយៈពេល​យូរ​ឆ្នាំ និង​ចំណាយ​ទូទាត់​ប្រាក់​កម្ចី ដែល​ប្រទេស​កម្ពុជា​ជំពាក់​បណ្តា​ប្រទេស​ផ្សេងៗ។ កន្លង​មក ចំណូល​ក្នុង​ស្រុក​អាច​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ចរន្ត​ហើយ អាច​សល់​ខ្លះ​សម្រាប់​ទប់​ចំណាយ​មូលធន​មួយ​ផ្នែក។ សម្រាប់​ឆ្នាំ២០១៥​នេះ ចំណាយ​ចរន្ត​គ្រោង​មាន​ចំនួន​២ពាន់៣២០លាន ឬ​៦០ភាគរយ​នៃ​ចំណាយ​ថវិកា​ជាតិ​សរុប ហើយ​ចំណាយ​មូលធន​គ្រោង​មាន​ចំនួន១ពាន់៤៤០លាន ឬ្​៤០ភាគរយ​នៃ​ចំណាយ​ថវិកា​ជាតិ​សរុប។

VOA៖ តើ​វិស័យ​ណា​ខ្លះ​ដែល​ទទួល​បាន​ភាគ​ធំ​នៃ​ការ​ចំណាយ​ឆ្នាំ​២០១៥​នេះ? តើ​ការ​ចំណាយ​នេះ​អាច​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អភិវឌ្ឍន៍​យ៉ាង​ដូច​ម្តេច​ខ្លះ?

លោក ហេង ឌីណា៖ ជា​គោលការណ៍ ចំណាយ​ត្រូវ​បែង​ចែក​តាម​តម្រូវ​ការ និង​អាទិភាពសម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ក្នុង​ក្រប​ខ័ណ្ឌ​សេ្ថរភាព​សារពើ​ពន្ធ។ និយាយ​ឲ្យ​សាមញ្ញ យើង​មិន​អាច​ចាយ​ច្រើន​ហួសហេតុ​ពី​អ្វី​ដែល​យើង​អាច​រក​បាន។ ចំណាយ​អាច​ចែក​តាម​វិស័យ ពោល​គឺ វិស័យ​រដ្ឋបាល​ទូទៅ ដែល​មាន​ស្ថាប័ន និង​ក្រសួង​ចំនួន១៥​ទទួល​បន្ទុក ដូច​ជា វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ដែល​មាន​បី​ក្រសួង និង​ស្ថាប័ន និង​វិស័យ​សង្គមកិច្ច និង​វិស័យ​សេដ្ឋកិច្ច (៩ស្ថាប័ន)។

បុរស​ខ្មែរ​ម្នាក់​ឈរ​នៅ​ក្មេង​ផ្លាក​លុយ​រៀល​របស់​កម្ពុជា​ក្នុង​ពិធី​សម្ភោធ​ផ្សារ​លក់​ភាគ​ហ៊ុន​របស់​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ ទី១១ ខែ​កក្កដា ឆ្នាំ២០១១។ (រូប​ថត​ដោយ៖ AP)
បុរស​ខ្មែរ​ម្នាក់​ឈរ​នៅ​ក្មេង​ផ្លាក​លុយ​រៀល​របស់​កម្ពុជា​ក្នុង​ពិធី​សម្ភោធ​ផ្សារ​លក់​ភាគ​ហ៊ុន​របស់​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ ទី១១ ខែ​កក្កដា ឆ្នាំ២០១១។ (រូប​ថត​ដោយ៖ AP)

តាម​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១៥ វិស័យ​សង្គម​កិច្ច​ដែល​មាន​ក្រសួង​ចំនួន៩​ទទួល​រ៉ាប់​រងនឹង​ទទួល​បាន​៣៩ភាគរយ​នៃ​ចំណាយ​ចរន្ត ហើយ​វិស័យ​ការពារ​ជាតិ​នឹង​ទទួល​បាន​២៥ភាគរយ​នៃ​ចំណាយ​ចរន្ត ។ ក្នុង​ថវិកា​ជាតិ​សម្រាប់​ការ​អប់រំ​នឹង​ទទួល​បាន​៤៥៣លាន​ដុល្លារ ខាង​សុខាភិបាល​ចំនួន​៣២៥លាន​ដុល្លារ។ ដោយ​សារ​តម្រូវ​ការ​នៃ​កំណែ​ទម្រូវ​លើ​វិស័យ​ចម្បង​ទាំង​ពីរ​នេះ​សម្រាប់​ការ​អភិវឌ្ឍន៍ ខ្ញុំ​ជឿ​ថា យើង​ត្រូវ​ការ​ថវិកា​បន្ថែម ដើម្បី​បង្កើន​គុណភាព​អប់រំ និង​សុខាភិបាល ដើម្បី​ការ​លើក​ទឹក​ចិត្ត​លោក​គ្រូ​អ្នក​គ្រូ លើក​កម្ពស់​សមត្ថភាព​របស់​លោក សម្ភារៈ​សិក្សា និង​ការ​ស្រាវ​ជ្រាវ និង​ពង្រឹង​សមត្ថភាព​ស្ថាប័ន​អប់រំ និង​សុខភាព​ឲ្យ​បាន​ប្រសើរ​ខ្លាំង​ជាង​បច្ចុប្បន្ន។

សូម​ជម្រាប​ថា ថវិកា​លើ​ការ​អប់រំ និង​សុខាភិបាល​នៅ​ក្នុង​ប្រទេស​យើង​បាន​កើន​ឡើង​មួយ​កម្រិត ក៏​ប៉ុន្តែ នៅ​មាន​កម្រិត​ទាប​ជាង​បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ធំ។ កម្ពុជា​ចំណាយ​តែ​១២ភាគរយ​នៃ​ថវិកា​ជាតិ ខណៈ​បណ្តា​ប្រទេសា​អាស៊ាន​ជា​មធ្យម​ចំណាយ​ប្រហែល​២០ភាគរយ​នៃ​ថវិកា​ជាតិ។ ទោះ​បី​ជាង​យ៉ាង​ណា​ក្តី ការ​បង្កើន​ចំណាយ​ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​បង្កើន​ចំណូល ការ​ពង្រឹង​ប្រសិទ្ធិ​ភាព​នៃ​ការ​ចំណាយ ពោល​គឺ ការ​បែង​ចែក​ចំណាយ​ទៅ​លើ​វិស័យ ដែល​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍ និង​ការ​ចំណាយ​ចំ​ទិស​ដៅ និង​មាន​លទ្ធផល​ខ្ពស់ ក៏​ដូច​ជា ការ​កាត់​បន្ថយ​ការ​លេច​ធ្លាយ​ថវិកា​ចំណាយ។ ដូច្នេះ ដោយ​សារ​មាន​កំហិត​ខាង​ថវិកា កម្ពុជា​គួរ​បង្កើន​ថវិកា​សម្រាប់​វិស័យ​អប់រំ និង​សុខាភិបាល ដោយ​ធ្វើ​ការ​រឹត​ត្បិត​ការ​ចំណាយ​លើ​វិស័យ​ដទៃ ដូច​ជា វិស័យ​យោធា ខណៈ​ដែល​ពន្លឿន​កំណែ​ទម្រង់​មន្ត្រី​រាជការ ដូច​ជា ការ​លុប​ឈ្មោះ​មន្រ្តី​ខ្មោច និង​បង្កើន​ប្រសិទ្ធិ​ភាព និង​សមត្ថភាព​នៃ​ការ​ប្រមូល​ចំណូល។

VOA៖ តើ​អ្វី​ខ្លះ​ជា​បញ្ហា​ប្រឈម​ដល់​ការ​គៀងគរ​ចំណូល​ឲ្យ​បាន​ច្រើន ដើម្បី​ទូទាត់​ចំណាយ​ដែល​កម្ពុជា​ត្រូវ​បង្កើន ដើម្បី​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច​ទាំង​នេះ?

លោក ហេង ឌីណា៖ យើង​ឃើញ​មាន​និន្នាការ និង​ការ​ខិតខំ​ដើម្បី​ពង្រឹង និង​គៀងគរ​ចំណូល​ឲ្យ​បាន​ច្រើន​ហើយ។ ខ្ញុំ​សូម​បញ្ជាក់​ថា ចំណូល​ថវិកា​ក្នុង​ស្រុក​បាន​កើន​ពី​៦ភាគរយ​នៃ​ផសស​នៅ​ឆ្នាំ២០០៣ មក​ដល់​១៥ភាគរយ​នៅ​ឆ្នាំ២០១៤។ ប៉ុន្តែ​កម្ពុជា​ត្រូវ​ធ្វើ​កិច្ចការ​ច្រើន​ទៀត ដើម្បី​ប្រមូល​ចំណូល​ឲ្យ​បាន​ខ្ពស់ និង​មាន​ប្រសិទ្ធិ​ភាព សម្រាប់​ទូទាត់​ចំណាយ ដែល​ចាំ​បាច់​ត្រូវ​តែ​កើន​ឡើង។ ក្រៅ​ពី​ឆន្ទះ​នយោបាយ មាន​បញ្ហា​ប្រឈម​ជា​ស្ថាប័ន​បី​ដែល​ត្រូវ​ដោះ​ស្រាយ៖ ទីមួយ​គឺ​ថា កម្ពុជា​ត្រូវ​ពង្រឹង​រដ្ឋបាល​ចំណូល​តាមរយៈ​ការ​ប្រមូល​បំណុល​ពន្ធ ដែល​ក្រុម​ហ៊ុន​ជំពាក់ និង​ការ​ពង្រឹង​សមត្ថភាព​ប្រមូល​ពន្ធ ជា​ពិសេស​ពី​ក្រុម​ហ៊ុន​ធំៗ ដែល​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់។ ទីពីរ​គឺ អនុវត្ត​គោល​នយោបាយ​ពន្ធដា​ឲ្យ​មាន​ប្រសិទ្ធ​ភាព និង​ឲ្យ​សម​ស្រប​តាមរយៈ​កំណែ​ទម្រង់​ពន្ធ​អាករ និង​ពន្ធ​លើ​តម្លៃ​បន្ថែម ការ​ពង្រឹង​របប​ជាប់​ពន្ធ ជា​ជាង​របប​ម៉ៅ​ការ និង​ការ​កាត់​បន្ថយ​ការ​លើក​លែង​ពន្ធ។ ការ​អនុវត្ត​គោល​នយោបាយ​ទាំង​នេះ​អាច​ជួយ​បង្កើន​មូល​ដ្ឋាន​សម្រាប់​ចំណូល​ពន្ធ​បន្ថែម។ ការ​កាត់​បន្ថយ​ការ​គេច​ពន្ធ ការ​យក​ពន្ធ​បន្ថែម​លើ​ស្រា និង​បារី ការ​បង្កើន​មូលដ្ឋាន​ពន្ធ​លើ​អចលនទ្រព្យ​នៅ​ទី​ប្រជុំ​ជន​ក៏​អាច​ជួយ​បង្កើន​សក្តានុពល​ចំណូល​ដែរ។ ទីបី​គឺ ពង្រឹង​អភិបាល​កិច្ច ដូច​ជា ការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ និង​គណនេយ្យ​ភាព​នៃ​ស្ថាប័ន​ពន្ធដារ តម្លាភាព ការ​ផ្តល់​ទឹក​ចិត្ត​ដល់​មន្រ្តី​ពន្ធដារ​អាច​ជួយ​ពង្រឹង​សមត្ថភាព និង​កិត្យានុភាព​នៃ​ស្ថាប័ន​ប្រមូល​ពន្ធ​ទាំង​នេះ។

VOA៖ តើ​អ្វី​ខ្លះ​ជា​បញ្ហា​ប្រឈម​សម្រាប់​ការ​បង្កើន​ប្រសិទ្ធិ​ភាព​ចំណាយ​ថវិកា​ជាតិ?

លោក ហេង ឌីណា៖ ប្រសិទ្ធិ​ភាព​នៃ​ការ​ចំណាយ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់ និង​លើក​កម្ពស់​គុណភាព​សេវា​សាធារណៈ ដូច​ជា សេវា​អប់រំ និង​សុខាភិបាល ដែល​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប។ ទោះ​បី​ជា​មាន​ការ​កែ​លម្អ​ច្រើន​តាមរយៈ​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជា​ច្រើន​ឆ្នាំ​មក​នេះ កម្ពុជា​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​សំខាន់​មួយ​ចំនួន​ដូច​ជា ទីមួយ ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ក្រសួង​ដែល​ត្រូវ​ចាយ​ក្នុង​ការ​ធ្វើ​គម្រោង​ចំណាយ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​តាម​ទិស​ដៅ​អថ៌ភាព​សម្រាប់​ការ​អភិវឌ្ឍន៍។ សូម​ជម្រាប​ថា គម្រោង​ថវិកា​ជាតិ​ត្រូវ​ធ្វើ​ឡើង​មួយ​ឆ្នាំ​មុន ពោល​គឺ គម្រោង​ថវិកា​ឆ្នាំ២០១៥​ត្រូវ​ចាប់​ផ្តើម​រៀប​ចំ​ដោយ​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០១៤​មក។ ទីពីរ ការ​បែង​ចែក​ថវិកា​ឲ្យចំ​តាម​តម្រូវ​ការ​អភិវឌ្ឍន៍ និង​សម្រាប់​បង្កើន​សក្តានុពល​សេដ្ឋកិច្ច។ យើង​គួរ​បង្កើន​ថវិកា​សម្រាប់​ការ​អប់រំ និង​សុខាភិបាល​បន្ថែម​តាម​ដែល​អាច​ធ្វើ​បាន។ ការ​កាត់​បន្ថយ​បុគ្គលិក​ខ្មោច​គ្រប់​ស្ថាប័ន ការ​កាត់​បន្ថយ​ចំណាយ​មិន​ចាំ​បាច់ តម្លាភាព​នៃ​ចំណាយ និង​ការ​ដេញ​ថ្លៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​អាច​ជួយ​ឲ្យ​យើង​សន្សំ​ធនធាន​ខ្លះ​សម្រាប់​វិស័យ​សំខាន់ៗ ដែល​ត្រូវ​ការ​កំណែ​ទម្រង់​ជា​បន្ទាន់។ ទីបី ចំពោះ​វិស័យ​អប់រំ និង​សុខាភិបាល យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រឈម ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ថវិកា​ជា​សាច់​ប្រាក់​ធ្លាក់​ទៅ​ដល់​សាលារៀន និង​មន្ទីពេទ្យ​ទាន់​ពេល​វេលា ហើយ​ឲ្យ​បាន​គ្រប់​ចំនួន​ដែល​គួរ​ទទួល​បាន និង​តាម​តម្រូវ​ការ​ចាំ​បាច់​របស់​សាលារៀន និង​មន្ទីរពេទ្យ។ ថវិកា​ជា​កត្តា​ចម្បង​មួយ​សម្រាប់​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់ៗ​ទាំង​នេះ។ បរិមាណ​ថវិកា និង​ដំណើរការ​នៃ​ការ​ទម្លាក់​សាច់​ប្រាក់​មិន​រលូន​អាច​មាន​ផល​ប៉ះ​ពាល់​ផ្ទាល់​ដល់​អាកប្ប​កិរិយា​របស់​មន្រ្តី​រាជការ រួម​ទាំង​គ្រូពេទ្យ និង​គ្រូ​បង្រៀន គុណភាព​សាលា និង ទី​បំផុត​គុណភាព​អប់រំ និង​សុខាភិបាល​ដែល​ប្រជាពលរដ្ឋ​លោក​ត្រូវ​ការ។ការ​បំបាត់​ការ​លេច​ធ្លាយ​ថវិកា និងការ​ពន្លឿន​ការ​ទម្លាក់​ថវិកា​ឲ្យ​ដល់​មូលដ្ឋាន​តាមរយៈ​ការ​ផ្ទេរ​តាម​ធនាគារ​គួរ​ត្រូវ​ទទួល​បាន​សាទរ និង​ការ​លើក​ទឹក​ចិត្ត​បន្ថែម៕

XS
SM
MD
LG