ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វីរភាព​របស់​លោក​ម៉ូរីម៉ូតូ​ក្នុង​ការ​រក្សា​មរក​សូត្រ​ខ្មែរ


លោក​ម៉ូរីម៉ូតូ គីគូអុ
ភ្នំពេញ៖ នៅ​ពេល​ដែល​សិប្បកម្ម​សូត្រ​ខ្មែរ​ស្ថិត​ក្នុង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាច្រើនអ្នក​ឯកទេសជនជាតិ​ជប៉ុន​ម្នាក់​គឺ​លោក ម៉ូរីម៉ូតូ គីគូអុ (Morimoto Kikuo) បាន​បង្កើតវិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណី​ខ្មែរ​ដែល​ជា​អង្គការ​តម្បាញ​មួយ​ដើម្បី​ជំរុញ​ការ​ផលិត​សូត្រ និង​តម្បាញ​សូត្រ​ខ្មែរ​ឡើង​វិញ។
និយាយ​បណ្តើរ​រក​នឹក​បណ្តើរ អតីត​អ្នក​ស្រាវជ្រាវ​តម្បាញ​សូត្រ​របស់​អង្គការ​វប្បធម៌ វិទ្យាសាស្រ្ត និង​អប់រំ​របស់​អង្គការ​សហប្រជាជាតិ( UNESCO) បញ្ជាក់​ថា​លោក​មាន​គំនិត​ចង់​ស្តារ​តម្បាញ​សូត្រ​ខ្មែរ​ឱ្យ​មាន​ជីវិត​ឡើង​វិញ ស្រប​ពេល​ដែល​គាត់​ឃើញ​ថា សិប្បករ​សូត្រ​ជំនាញ​ដ៏​ចំណានៗ​ជា​ច្រើន​មាន​ជីវភាពទីទាល់ ហើយ​ពួកគេ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​មុខរបរ​វប្បធម៌​នេះ។
«ប្រហែល​៨០​ទៅ​៩០​ភាគរយ​ចាក​ចេញ​ពី​ភូមិ ប៉ុន្តែ​មាន​សល់​អ្នក​តម្បាញ​ជំនាញ​ចាស់ៗ​មួយ​ចំនួន។ ប៉ុន្តែ​ពួក​គេ​គ្មាន​ឱកាស​បង្ហាញ​ស្នាដៃ​ដ៏​ល្អ​ឯក​របស់​គេ​ទេ ហើយពេល​ឈ្មួញ​កណ្តាល​មក​ដល់ ពួកគេ​ទាមទារ​ឱ្យ​កាន់​តែ​ថោក​ទៅៗ។ ខ្ញុំ​ឃើញ​ថា អ្នក​តម្បាញ​មិនសប្បាយ​ចិត្ត​ទេ»។
បង្កើត​នៅ​ឆ្នាំ​១៩៩៦ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពីមូលនិធិ​ជប៉ុន​រយៈពេល​ពីរ​ឆ្នាំ​វិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណី​ខ្មែរ​មាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​តម្បាញ​សូត្រ​ខ្មែរ​ចូលរួម​ដំបូង​ចំនួន​តែ​ប្រាំ​នាក់​តែ​ប៉ុណ្ណោះ។
វិទ្យាសា្ថន​របស់​លោក ម៉ូរីម៉ូតូ គីគូអុ ដែល​មាន​ទីតាំង​នៅ​ក្រុង​សៀមរាប​ មាន​កន្លែង​តម្បាញ កសិដ្ឋាន​ដាំមន​ និង​ចិញ្ចឹម​ដង្កូវ​នាង​ចំនួន​ប្រាំ​ហិកតា និង​មាន​បុគ្គលិក​ទាំង​ផ្នែក​តម្បាញ ផ្នែក​ស្រាវ​សូត្រ និង​ផ្នែក​ដាំ​មន​សរុប​ចំនួន២៥០​នាក់។ បុគ្គលិក​ទាំងនោះ​ភាគ​ច្រើន​ជាទុរគតជន​ទីទ័ល​ក្រ និង​គ្មានទី​ស្នាក់​អាស្រ័យ ជា​ជនពិការ និង​ស្ត្រី​ចំណាស់។
ជាង​នេះ​ទៀត លោក​ក៏​បាន​អនុញ្ញាត​ឱ្យ​សិប្បករ​ទាំងនោះ​នាំ​កូនៗ​របស់​ពួកគេ​មក​កន្លែង​ធ្វើ​ការ​ផង​ដែរ។
«ក៏​អនុញ្ញាត​ឱ្យ​ពួកគេ​យក​កូន​មក​តាម​ដែរ ព្រោះ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ដើម្បី​ផលិត​សំពត់​សូត្រ​ដ៏​ល្អ​មួយ​វា​អាស្រ័យ​ហ្នឹង​បេះដូង។ សូត្រ​សាច់​ក្រណាត់​ និង​ជំនាញ​គឺ​សំខាន់​ហើយ​ ប៉ុន្តែ​អ្វីដែល​កាន់​តែ​សំខាន់​ជាងនេះ​គឺ​បេះដូង។ ពួកគេ​មួយ​ថ្ងៃ​ធ្វើ​ការ​ប្រាំពីរ​ម៉ោង ហើយ​ចំណាយ​ពេល​ពីរ​ម៉ោង​ មើល​ថែ​កូន​ទៅ​ហើយ។ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ទេ ឱ្យ​តែ​ពួកគេ​សប្បាយ​ចិត្ត។ ដូច្នេះ​គេ​អាច​ផលិត​សូត្រ​បាន​យ៉ាង​ប្រណិត​ផុស​ចេញ​ពី​ចិត្ត។»
អ្នកស្រី សុខ សាវ៉េត​ អាយុ​៣០​ឆ្នាំជាអ្នកត្បាញ​នៅ​ទី​នេះ​ជិត​១០​ឆ្នាំ​ហើយ។ គាត់​ត្បាញ​បណ្តើរ​យោល​កូន​បណ្តើរ។​
«សព្វ​ថ្ងៃ ខ្ញុំ​យក​កូន​មក​ជាមួយ​បាន។ យើង​យក​កូន​មក​ជាមួយ​បាន​អញ្ចឹង។ យើងមើល​កូន​បាន​អី​បាន។ ខ្ញុំ​មាន​អារម្មណ៍​ថា​រីករាយ​ដែរ​ព្រោះ​កន្លែង​ផ្សេង​គេ​អត់​ឱ្យ​យក​កូន​តាម​ទេ»។
នៅ​ក្នុង​សិប្បកម្ម​ត្បាញ​នេះ​ដែរ កញ្ញា​ ទូច វណ្ណារ៉ាន់ ជា​អ្នក​គ្រប់គ្រង​ផ្នែក​លក់​នៅ​វិទ្យាស្ថាន​នេះ​រយៈពេល​ប្រាំបី​ឆ្នាំ​ហើយ។ នាង​បានកោត​សរសើរ​ឆន្ទៈ​របស់​លោក​ម៉ូរីម៉ូតូយ៉ាង​ខ្លាំង​។
«គាត់​ជា​មនុស្ស​ហ៊ាន​លះបង់​ដើម្បី​ចូល​មក​បង្កើត​ការ​ងារ​តម្បាញ​នៅ​ស្រុក​ខ្មែរ​យើង​នេះ​គឺ​ពិត​ជា​ពិសេស​ពិសាល​ខ្លាំង​ណាស់​ដោយ​ហេតុ​ថា​គាត់​ធ្វើ​ហើយ​គឺ​អត់​មាន​រក​ប្រាក់​ចំណេញ​ទេ។ គាត់​ធ្វើ​ម៉េច​ជា​របៀប​បុរាណ។ អ្វី​ដែល​ស្រុក​ខ្មែរ​បាត់​បង់​ពី​មុន​គាត់​ស្រាវជ្រាវ​យក​មក​វិញ​ទាំង​អស់។ ការ​ខំ​ប្រឹងប្រែង​របស់​គាត់​គឺ​មិន​គិត​ពី​ថ្ងៃ​បុណ្យ​ថ្ងៃ​ឈប់​សម្រាក​អី​ទេ ឱ្យ​តែ​មាន​ការ​ណាត់​ជួប​ជាមួយ​គេ ឬ​ត្រូវ​ទៅ​ស្រុក​ក្រៅជា​ដើម។ ថ្ងៃ​ណា​ក៏​គាត់​ប្រឹងប្រែង​ធ្វើ​ដែរ។ គាត់​ធ្វើ​ខ្លួន​អត់​ដាច់​ឆ្ងាយ​ពី​បុគ្គលិក​ទេ គាត់​ធ្វើ​ដូច​លក្ខណៈ​គ្រួសារ គាត់​រស់​នៅ​ជាមួយ​បុគ្គលិក​តែ​ម្តង»។
លោក​ម៉ូរីម៉ូតូ គីគូអុ គឺ​ជា​អ្នក​ជំនាញ​ម្នាក់​ដែល​ដក់​សេចក្ដី​ស្នេហា​ជាមួយ​សូត្រ​ខ្មែរ។ គាត់​បាន​ចាប់​ផ្តើម​ធ្វើការ​ស្រាវជ្រាវ​លើ​សូត្រ​មាស​របស់​ខ្មែរ​ចាប់តាំង​ពី​ទសវត្សរ៍​ទី​៨០​មក​ម៉្លេះ។ គាត់​បាន​ស្វែងរក​ភូមិ និង​ស្រុក​ដែល​នៅ​បន្ត​តម្បាញ​សូត្រ​ក្រោយ​ពី​សង្គ្រាម​ស៊ីវិល​បី​ទសវត្សរ៍​កន្លង​ផុត​ទៅ។ នៅ​ឆ្នាំ​១៩៩៥ លោក​ម៉ូរីម៉ូតូ គីគូអុ បាន​រកឃើញ​ភូមិ​ចំនួន​៣៨ ក្នុង​ខេត្តចំនួន​ប្រាំបី​ដែល​នៅ​មាន​ការ​ប្រកប​របរ​តម្បាញ​សូត្រ។
បច្ចុប្បន្ន វិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណី​ខ្មែរ​លក់​រាយ​ផលិតផល​សូត្រ​ដែល​ខ្លួន​ផលិត​នៅ​នឹង​កន្លែង​ហើយ​បាន​ស្រូប​យក​អតិថិជន​ជា​ជនជាតិ​ជប៉ុន​ភាគ​ច្រើន​រួម​ទាំង​អតិថិជន​ជនជាតិ​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ។
​ឆ្លង​កាត់​ការ​លះបង់​សម្រាប់​ភាព​ស្ថិតស្ថេរ​នៃ​តម្បាញសូត្រ​ខ្មែរ លោក ម៉ូរីម៉ូតូ​បាន​ក្លាយ​ជា​ជ័យ​លាភី​រង្វាន់​រង្វាន់​រ៉ូឡិច​នៅ​ឆ្នាំ​២០០៤​សម្រាប់​សហគ្រាស​ដ៏​ល្បី​ល្បាញ​មួយ​ដោយ​សារ​មហិច្ចតា​ដ៏​មុះមុត​របស់​លោក ដែល​ចង់​ឱ្យ​សូត្រ​បុរាណ​ខ្មែរ​មាន​វត្តមាន​ជា​ថ្មី និង​បាន​ធ្វើ​វា​ឱ្យ​ក្លាយ​ជា​ការ​ពិត និង​ដោយសារ​ការ​ហ៊ាន​បូជាដើម្បី​ជា​ប្រយោជន៍​អភិរក្ស​វប្បធម៌​ខ្មែរ។
លើស​ពី​នេះ​ទៀត​វិទ្យាស្ថាន​វាយនភណ្ឌ​ប្រពៃណី​ខ្មែរ​របស់ លោក ម៉ូរីម៉ូតូ បាន​ក្លាយ​ជា​ទីតាំង​សិប្បកម្ម​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​ដែល​ប្រើប្រាស់​ផលិតផល​សូត្រ​ធ្វើ​នៅ​ក្នុង​សុ្រក​ទាំងស្រុង៕
XS
SM
MD
LG