ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​មួយ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​សរសៃ​សូត្រ​កម្ពុជា


ជំនាញ​កម្ពុជា​ចំនួន​ពីរ​នាក់​កំពុង​បង្កាត់​ពូជ​ដង្កូវ​នាង​ថ្មី ដែល​នឹង​នាំ​ក្តី​​សង្ឃឹម​មក​វិញ​សម្រាប់​អនាគត​សូត្រ​ខ្មែរ។
ជំនាញ​កម្ពុជា​ចំនួន​ពីរ​នាក់​កំពុង​បង្កាត់​ពូជ​ដង្កូវ​នាង​ថ្មី ដែល​នឹង​នាំ​ក្តី​​សង្ឃឹម​មក​វិញ​សម្រាប់​អនាគត​សូត្រ​ខ្មែរ។

ប្រសិន​បើ​​សរសៃ​សូត្រ៤០០​តោន​ដែល​នាំ​ចូលក្នុង​មួយ​ឆ្នាំ​ៗ​ត្រូវ​បាន​ជំនួស​ដោយ​ការ​ផលិត​ក្នុង​ស្រុក កម្ពុជា​ត្រូវ​ការ​ផ្ទៃ​ដី​ដាំ​មន​ចំនួន​៥.០០០​ហិកតា ដែល​អាច​ផ្តល់​ការងារ​​ដល់​ប្រជាពលរដ្ឋ​ជនបទ​បាន​ចំនួន​២,៥០០០​ពាន់​នាក់។

ភ្នំពេញ៖ ​ស្រប​ពេល​ដែល​ការ​ផលិតសូត្រ​និង​សិប្បកម្ម​សូត្រ​របស់​កម្ពុជា​កំពុង​ជួប​ប្រទះ​ហានិភ័យ អ្នក​ជំនាញ​កម្ពុជា​ចំនួន​ពីរ​នាក់​កំពុង​បង្កាត់​ពូជ​ដង្កូវ​នាង​ថ្មី ដែល​នឹង​នាំ​ក្តីសង្ឃឹម​មក​វិញ​សម្រាប់​អនាគត​សូត្រ​ខ្មែរ។

ការ​បង្កាត់​នេះ​ប្រើ​ពូជ​ដង្កូវ​នាង​ពី​ក្រៅ​ប្រទេស​ចំនួន​បួន​ប្រភេទ​ផ្សេង​គ្នា​ដែល​មាន​ឈ្មោះ​ជា​ភាសា​បច្ចេកទេស​ថា ពពួក​ដង្កូវ​នាង​ស្រឡាយបាយ​វ៉ុលទីន (Bivoltine) ដែល​មាន​ភាព​ធន់​នឹង​អាកាសធាតុ​និង​ជំងឺ ​និង​ផ្តល់​ជា​សរសៃ​សូត្រ​វែងជាង​ពូជ​ក្នុង​ស្រុក។

លោក សៅ ចេស្តា នាយករង​នៃ​នាយកដ្ឋាន​ដំណាំ​សាក​វប្បកម្ម​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ និង​ជា​អ្នក​ឯកទេស​បង្កាត់​ដង្កូវ​នាងបាន​ប្រាប់​ឱ្យ​ដឹង​ថា ពូជ​ដង្កូវ​នាងហាយប៊្រីដ (Hybrid) ដែល​កំពុង​បង្កាត់​នេះ មាន​ភាព​ធន់​នឹង​ជំងឺ និង​ក្សេត្រ​បរិស្ថាន​កម្ពុជា​ខ្ពស់ និង​អាចផ្តល់​ជា​សរសៃសូត្រ​ប្រ​វែង​ជាង​១.២០០​ម៉ែត្រ​ដែល​វែង​ជាង​សរសៃ​សូត្រ​ក្នុង​ស្រុក​ចំនួន​បួន​ដង។ ម៉្យាង​ទៀត ពូជ​ហាយប្រ៊ីដ​នេះ ​មាន​ភាព​មាំ​ជាង​សូត្រ​ក្នុង​ស្រុក ដែល​អាចស្រាវ​ជាមួយម៉ាស៊ីន​បាន។

តាម​ប្រសាសន៍​របស់​លោក គង់ សំអឿន ​នាយករង​នៃ​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្មរបស់អគ្គនាយកដ្ឋាន​កសិកម្ម​ និង​ជា​អ្នក​ឯកទេស​បង្កាត់​ដង្កូវ​នាងពូជ​ហាយប្រ៊ីដ​ម្នាក់​ទៀត​មាន​ប្រសាសន៍​ថា ពូជ​ដង្កូវ​នាងហាយប្រ៊ីដ​នេះ​ អាច​នឹង​សម្រេច​បាន​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

«យើង​យក​មេបា​លឿង​ដែល​មាន​មេបាA B យើង​បង្កាត់​វា​ប្រាំពីរ​ជំនាន់។ យើង​បាន​ពូជ​អ៊ីនប្រ៊ីដ (Inbrid)។ ដូច្នេះ​យើង​យក​ពូជ​អ៊ីនប្រ៊ីដ​ហ្នឹង​មក​បង្កាត់ យើង​នឹង​បាន​ពូជ​ហាយប្រ៊ីដ (Hybrid) ហើយ​ឥឡូវ​យើង​បង្កាត់​បាន​បួន​ជំនាន់​ហើយ។ ដូច្នេះ​សល់​តែបី​ជំនាន់​ទៀត​ទេ​ដែល​ត្រូវ​នឹង​រយៈពេល​ប្រាំមួយ​ខែ។ យើង​នឹង​បាន​ពូជ​ហាយប្រ៊ីដ​ហើយ»។

លោក​បន្ថែម​ថា​របក​គំហើញ​នេះ​នឹង​ផ្តល់​កម្រៃ​ជា​ច្រើន​ដល់​អ្នក​ដាំ​មន​បើ​ធៀប​នឹង​ដំណាំ​កសិផល​ផ្សេង​ទៀត។

«ក្នុង​មួយ​ឆ្នាំ​អាច​បាន​ស្លឹក​មន​ប្រហែល​២០​តោន​ក្នុង​មួយ​ហិកតា ដែលចិញ្ចឹម​ដង្កូវ​នាង​បាន​៣០​ប្រអប់ ហើយ​ក្នុង​មួយ​ប្រអប់មាន​២០.០០០​កូន​ក្នុង​នោះ​ងាប់​ប្រហែល​ជា​១០​ទៅ​១៥​ភាគរយ។ ដូច្នេះ​សរុប​ទៅផលិត​ជា​សម្បុក​ដង្កូវ​នាង​បាន​៧៥០​គីឡូក្រាម ហើយ​ពេល​ស្រាវ​ជា​សូត្រ​បាន​ប្រហែល​ជា​១០០​គីឡូក្រាម ហើយ​១​គីឡូក្រាម​បាន​៦០​ដុល្លារ ដូច្នេះ​គុណ​ហ្នឹង​១០០​ទៅ គាត់​អាច​រក​បាន​មួយ​ឆ្នាំ​៦.០០០​ដុល្លារ»។

ការ​បង្កាត់​ពូជ​ដង្កូវ​នាង​នេះ​ស្ថិតក្រោម​គម្រោង​ស្តារវិស័យ​សូត្រ​របស់​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​ពិភពលោក (FAO)​ ក្នុង​ជំនួយ​ទឹក​ប្រាក់​ចំនួន​៤៧០.០០០​ដុល្លារ​អារមេរិក​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ។

ការ​សិក្សា​មួយ​របស់​អង្គការ​ កយកា (KOICA) របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ឆ្នាំ​២០១០​បាន​រក​ឃើញ​ថា ក្នុង​ផ្ទៃ​ដី​មួយ​ហិកតា​កម្ពុជា​អាច​ដាំ​មននិងចិញ្ចឹម​ដង្កូវ​នាង​យក​សំបុក​បាន​រហូត​ដល់​៧៥០​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ឬ​ស្មើ​នឹង​ចំណូល​ចំនួន​២២៥០​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន​កសិករ​ខ្មែរ​ទទួល​ផល​សូត្រ​ពី​ការ​ចិញ្ចឹមនាង​នេះ​មិន​បាន​២០០​គីឡូក្រាម​ផងទេ​ក្នុង​មួយ​ហិកតា។
អង្គការ​កយកា​បញ្ជាក់​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​ការខ្វះ​បច្ចេកទេស និង​កត្តា​ជំងឺរបស់​ដង្កូវនាង​ក្នុង​នោះ​យ៉ាង​តិច​ដង្កូវ​នាង​ជាង​៥០​ភាគរយ​មានជំងឺ និង​ងាប់។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​គម្រោង​សូត្រ​ថ្នាក់​ជាតិ​និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើសរសៃ​សូត្រ៤០០​តោន​ដែល​នាំ​ចូលក្នុង​មួយ​ឆ្នាំ​ៗ​ត្រូវ​បាន​ជំនួស​ដោយ​ការ​ផលិត​ក្នុង​ស្រុក កម្ពុជា​ត្រូវ​ការ​ផ្ទៃ​ដី​ដាំ​មន​ចំនួន​៥.០០០​ហិកតា ដែល​អាច​ផ្តល់​ការងារដល់​ប្រជាពលរដ្ឋ​ជនបទ​បាន​ចំនួន​២,៥០០០​ពាន់​នាក់។

«បើ​យើង​គិត​ទៅ​ជា​ជាង​យក​២៥ ឬ៣០​លាន​ទៅ​ទិញ​ពី​គេ យើង​ទុក​២៥ ឬ​៣០​លាន​ហ្នឹង​នៅ​ស្រុក​យើង គឺ​ថាអាហ្នឹង​ហើយ​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​អភិវឌ្ឍ​សូត្រ ហើយ​ខ្ញុំ​ចង់​សង្កត់​ខ្លាំង​បន្តិច​ដែរ​គឺ​ថា​ការ​ងារ​ហ្នឹង​ជា​ការងារ​ស្រីៗ​ច្រើន​ណាស់ បេះ​ស្លឹកនាង​ក៏​ស្រីៗ​ធ្វើ​បាន ចិញ្ចឹម​ដង្កូវ​នាង​ក៏​ស្រីៗ​ធ្វើ​បាន ធ្វើ​សំបុក​ហ្នឹង​ក៏​ស្រីៗ​ធ្វើ​បាន។ ភាគ​ច្រើន​ស្រីៗ​ហ្នឹង​តែ​ម្តង។ ហើយ​ជាមួយ​គ្នា​នេះ​ជា​ការងារ​ដែ​ល​មិន​បំផ្លាញ​បរិស្ថាន ហើយ​មន​នេះ​វា​ខុស​ពី​រឿង​ស្រូវ​ គឺ​ថា​វា​ត្រូវ​ការ​ដី​ទួល​គឺ​ដី​ភ្នំ​អី​ហ្នឹង។ ដូច្នេះ​កន្លែង​ណា​ដាំ​ស្រូវ​បាន​ដាំ​ស្រូវ​ទៅ ឯ​កន្លែង​ណា​ដាំ​មន​បាន​ដាំ​មន​ទៅ​គឺ​ថា​យើង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៅ​តាម​ទី​តាំង​ដែល​យើង​មាន»។

សព្វ​ថ្ងៃ​នេះ កម្ពុជា​មាន​ផ្ទៃ​ដី​ដាំ​មន​ទូទាំង​ប្រទេស​មិនដល់​៣០​ហិកតា​ទេ ហើយ​មាន​កសិករ​ដាំ​មនមិន​ដល់​៤០០​នាក់​ផង ហើយចំនួន​កំពុង​ធ្លាក់ចុះ​ជា​លំដាប់។

អ្នកស្រី មៀរ៉ាណា រ៉ង់ឌ្រីយ៉ាណានហ្សា (Mirana Randriananja) មន្ត្រី​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​ចម្រុះ​សិប្បករ​អង្គរ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ក្រុមហ៊ុន​នេះ​ត្រូវ​ការ​អំបោះ​សូត្រ​ប្រហែល​១២​តោន ចំណែក​ឯ​ការ​ផ្គត់ផ្គង់​សរសៃ​សូត្រ​ក្នុង​ស្រុក​មាន​កម្រិត​តិចតួច​មែន​ទែន ដែលនាំ​ឲ្យ​ក្រុមហ៊ុន​បង្ខំ​ចិត្ត​នាំ​ចូល​ពី​បរទេស។ ដូច្នេះ​អ្នកនាង​មាន​ការ​សប្បាយ​ចិត្ត ប្រសិន​បើ​មាន​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​គ្រប់គ្រាន់។​

«យើង​ចង់​បាន​សរសៃ​សូត្រ​ពី​ប្រទេស​កម្ពុជា។ ប៉ុន្តែ​យើង​មិន​អាច​ស្វែង​រក​បាន​គ្រប់គ្រាន់​ទេទើប​ធ្វើ​ឱ្យ​យើង​បង្ខំ​ចិត្ត​នាំ​ចូល​មក​ពី​បរទេស»។

គម្រោង​របស់​អង្គការ​ហ្វៅ (FAO) នឹង​ចប់​ត្រឹម​ចុង​ខែ​ធ្នូ​ឆ្នាំ២០១២​នេះ ខណៈដែល​ការ​បង្កាត់នឹង​ត្រូវ​ការ​រយៈពេល​ប្រហែលប្រាំមួយ​ខែ​ទៀត​ចាប់​ពី​ខែ​តុលា​នេះ​ទៅ។

អ្នក​តំណាង​អង្គការ​ហ្វៅ លោកស្រីនីណា ប្រេនស្រ្តាប់ (Nina Brandstrup) មាន​ប្រសាសន៍​តាម​សារអេឡិចត្រូនិក​ថា ហ្វៅ​គ្មាន​លទ្ធភាព​គាំទ្រ​គម្រោង​នេះ​បន្ត​ទៀត​ទេ​បន្ទាប់​ពី​ចប់​អាណត្តិ​ឆ្នាំ​២០១២​នេះ​បាន​ទេ។ ប៉ុន្តែ​លោក​បណ្ឌិត ម៉ី កល្យាណ ជឿជាក់​ថា​អាច​នឹង​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG