ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ប្រឈម​នៃ​សិប្បកម្ម​សូត្រ​នៅ​កម្ពុជា


ហាងលក់សូត្រ⁣របស់ក្រុមហ៊ុនចម្រុះ⁣សិប្បករអង្គរ
ហាងលក់សូត្រ⁣របស់ក្រុមហ៊ុនចម្រុះ⁣សិប្បករអង្គរ

នាយក​រង​នៃ​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម​របស់​ក្រសួង​កសិកម្ម​បាន​ឱ្យ​ដឹង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ផលិតកម្ម​សូត្រ​នេះ។

ភ្នំពេញ៖ កត្តា​ផលិតភាព​និង​ផលិតកម្ម​សរសៃ​សូត្រ​ទាប ការ​កែ​ច្នៃ​នៅ​អន់​ថយ កង្វះខាតបចេ្ចកទេស ការ​វិនិយោគ ទីផ្សារ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រដ្ឋាភិបាល ជា​ឧបសគ្គ​ចម្បង​សម្រាប់​ការ​អភិវឌ្ឍ​និង​ការ​រក្សានិរន្តរភាព​សិប្បកម្ម​សូត្រ​នៅ​កម្ពុជា។
លោក គង់ សំអឿន នាយក​រង​នៃ​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម​របស់​ក្រសួង​កសិកម្ម​បាន​ឱ្យ​ដឹង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ផលិតកម្ម​សូត្រ​នេះ។
«សូត្រ​មាស​ខ្មែរ​គឺ​ដាំ​ត​គ្នា។ ដូច្នេះ​ជំងឺ​ចេះ​តែ​បន្ត​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាកសិករ​ដង្កូវ​នាង​យ៉ាង​ហោច​ណាស់​ក៏​៣០ភាគរយ​ដែរ​ស្លាប់​ដោយ​សារ​ជំងឺ។ ដូច្នេះ​ងាប់​ច្រើន​អញ្ចឹង អត់​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ។ គាត់​ខ្លាច​ណាស់។ ហ្នឹង​ទី១។ ទី​២​ការ​ស្រាវ​របស់​យើង​អត់​មាន​លក្ខណៈ​បច្ចេកទេស។ ដូច្នេះ​សរសៃ​សូត្រ​របស់​យើង​អត់​មាន​បែប​ផែន​ដែល​គេ​ត្រូវ​ការ។ មួយ​ទៀត​គឺ​ផលិតភាព​សរសៃ​សូត្រ​គឺ​ទាប​ណាស់ អត់​មាន​ពូជ ប្រពលវប្បកម្ម និង​ការ​ចិញ្ចឹម​ច្បាស់​លាស់។ កាល​ណា​ផលិតភាព​ទាប​ធ្វើ​ឱ្យ​ទិន្នផល​សម្បុក​ដង្កូវ​នាង​ក៏​ទាប​ដែរ។ ដូច្នេះ​ពួកគាត់​ក៏​រក​ចំណូល​បាន​ទាប​តាមហ្នឹង​ដែរ។ ហើយ​ទី៤​យើង​អត់​មាន​ស្ថាប័ន​និង​ការ​ស្រាវ​ជ្រាវ​ច្បាស់លាស់»។
កម្ពុជា​សព្វ​ថ្ងៃ មាន​ផ្ទៃ​ដី​ដាំ​មន​សរុបមិន​ដល់៣០​ហិកតា​ផង និង​មាន​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​ប៉ុណ្ណោះ គឺ​ស្រុក​ភ្នំ​ស្រុក និង​ស្រី​ស្នំ ខេត្ត​សៀមរាប។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​កែ មុន្នី ដែល​ជា​អគ្គលេខាធិការ​រង​នៃ​សមាគម​ភូមិ​សូត្រ​ខ្មែរ។
តាម​កំណត់​ត្រា​របស់​លោក​ជីវ តាក្វាន់​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ល្បីល្បាញ​ខាង​តម្បាញ​សូត្រ​តាំង​ពី​សម័យ​អង្គរ។ នៅ​ត្រឹម​ទសវត្សរ៍​ឆ្នាំ​១៩៦០​កម្ពុជា​អាច​ផលិត​សរសៃ​សូត្រ​បាន​រហូត​ដល់​១៥០​តោន​ក្នុង​មួយ​ឆ្នាំ​និង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ប្រកប​របរ​នេះ។ ប៉ុន្តែ​ឧស្សាហកម្ម​សូត្រ​ត្រូវ​បាន​បំផ្លាញ​ចោល​ទាំង​ស្រុង​ក្នុង​របប​ខ្មែរ​ក្រហម។
ទិន្នផលសូត្រ​បាន​ធ្លាក់​ពី​២០​តោន​ក្នុង​មួយ​ឆ្នាំ​នៅឆ្នាំ២០០០ មក​ត្រឹមជាង​ពីរតោន​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ខណៈ​ដែល​ តម្រូវ​ការ​មាន​រហូត​ដល់​ជាង​៤០០​តោន​ក្នុង​មួយ​ឆ្នាំ​ឯ​ណោះ។ នេះ​បើ​តាម​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade Center)។
របាយការណ៍​នេះ​ក៏​បង្ហាញ​ដែរ​ថា ជំនួស​ឲ្យ​ការ​ផលិត​ក្នុង​ស្រុក កម្ពុជា​បាន​នាំ​ចូល​សរសៃ​សូត្រ​ជាង​៩៩​ភាគរយ​ពី​បរទេសពិសេស​វៀតណាម​និង​ចិន​ដែល​ធ្វើ​ឱ្យ​កញ្ចប់​ទឹក​ប្រាក់​ជាង​២៥​លាន​ដុល្លារ​អាមេរិក​ឬ​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ចំនូលសរុបដែល​បាន​មក​ពី​វិស័យ​នេះ​ហូរ​ទៅ​ក្រៅ​ប្រទេសជា​រៀង​រាល់​ឆ្នាំ។ ការ​ពឹង​ផ្អែក​លើ​ការ​នាំចូល​ស្ទើរ​តែ​ទាំងស្រុង​ធ្វើ​ឱ្យ​តម្លៃ​សូត្រ​ឡើង​ថ្លៃ​ជា​លំដាប់ និង​ក៏​ជា​ការ​លំបាក​ដល់អ្នក​តម្បាញ​សូត្រ​ក្នុង​ការរក​ប្រាក់​ចំណេញ​ដែរ​កត្តា​នេះ​បាន​បង្ខំ​ចិត្ត​ឱ្យ​សិប្បករ​សូត្រ​កម្ពុជា​ផ្លាស់ប្តូរ​មុខ​របរ។
លោក​កែ មុន្នី អគ្គលេខាធិការ​រង​នៃ​សមាគម​ភូមិ​សូត្រ​ខ្មែរ​មាន​ប្រសាសន៍​ថា កាល​ពី​ពីរ​បី​ឆ្នាំ​មុន​អ្នក​ធ្វើ​ការ​ទាក់ទង​នឹង​វិស័យ​សូត្រ​នេះ​មាន​ប្រហែល​២៥.០០០​នាក់ ប៉ុន្តែ​ដោយសារ​ចំណូល​ធ្លាក់ចុះ​អ្នក​ទាំង​នោះមួយ​ចំនួន​ធំ​បាន​សម្រេច​ចិត្ត​បោះបង់​មុខ​របរ​នេះ។
ប៉ុន្តែលោក ម៉ែន ស៊ីនឿន នាយក​ប្រតិបត្តិ​នៃ​សមាគម​សិប្បករ​កម្ពុជា ​និយាយថា មូលហេតុ​នៃ​ការ​បោះបង់​ចោល​ការ​តម្បាញ​នេះ​គឺ​មក​ពី​ការ​កេង​ចំណេញ​ហួស​ហេតុ​ពី​សំណាក់​ឈ្មួញ​កណ្តាល​លើ​សិប្បករ​តម្បាញ​ក្រីក្រ។ ជាងនេះ​ទៀត​ប្រជាកសិករ​ខ្មែរ​ខ្វះ​ការ​ច្នៃ​ម៉ូត​ផលិតផល​សូត្រ។
ក៏​ប៉ុន្តែ​សិប្បករ​តម្បាញ​ខ្មែរ​ខ្វះ​ដើមទុន​ហើយ​ត្រូវការ​ពឹង​លើ​ឈ្មួញ​កណ្តាល។ ជាអាថ៌​អ្នក​ស្រី ច្រឹក ភី អាយុ​៥៦​ឆ្នាំ ដែល​ជា​អតីត​អ្នក​ត្បាញ​សូត្រ​ម្នាក់​នៅ​កោះ​ឧកញ៉ាតី​បាន​និយាយ​ថា កង្វះ​ខាត​ដើម​ទុន​បង្ខំ​ឱ្យ​គាត់​ទិញ​បណ្តាក់​សរសៃ​សូត្រ​ពី​ឈ្មួញ​កណ្តាល​ហើយ​លក់​សំពត់​សូត្រ​ឱ្យ​ទៅ​ឈ្មួញ​ទាំង​នោះ​វិញ ជា​លទ្ធផល​គាត់​ពុំ​បាន​ទទួល​ផល​ចំណេញ​អ្វី​ទាល់​តែ​សោះ ទើប​គាត់​សម្រេច​ចិត្ត​ឈប់ត្បាញ​សូត្រ។
«សូត្រ​ឡើង​ថ្លៃ​ម៉ា​កាលី​៥០​ទៅ​៦០​ដុល្លារ​ហើយ​នឹង​បើ​សិន​យើង​អត់​ដើម​ទុន​ទៅ​អត់​រួច។ គេ​ហ្នឹង​ត្បាញ​ចុះ​ឡើង​អស់​តែ​កម្លាំង​ទូទាត់​ចុះ​ឡើង​គឺ​អត់​មាន​សល់​លុយ​សោះ»។
សូម​បញ្ជាក់​ថា ការ​នាំ​ចេញ​សូត្រ​កម្ពុជា​មាន​តម្លៃ​ពី​ចន្លោះ​៣,៥​លាន​ទៅ​៤​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ចំណែក​ទឹក​ប្រាក់​ជាង​៤០​លាន​ដុល្លារ​ទៀត​ទទួល​បាន​ពី​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ស្រុក​និង​ទេសចរ​បរទេស។
មាន​គម្រោង​ជា​ច្រើន​បាន​ធ្វើ​ឡើង​ពី​សំណាក់​អង្គការ​ជាតិ និង​អន្តរជាតិទាំង​ឯកតោភាគី និង​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ជួយ​ទ្រទ្រង​ផលិតកម្ម​សូត្រ​នៅ​កម្ពុជា ប៉ុន្តែ​គម្រោង​ទាំងនោះ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធិភាព​នៅ​ឡើយ​ទេ​ដោយសារ​គម្រោង​ភាគ​ច្រើន​ដោះស្រាយ​បញ្ហា​ជា​ផ្នែកៗ ពុំ​ដោះស្រាយ​ជា​ប្រព័ន្ធ ឬ​ភ្ជាប់​ចង្វាក់​ផលិត​កម្ម​ឱ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា។
រដ្ឋាភិបាល​បាន​លើក​លែង​ពន្ធដារ​ជា​បណ្តោះ​អាសន្ន​លើ​ការ​នាំ​ចូល​អំបោះសូត្រ​ដើម្បី​សម្រាល​បន្ទុក​សិប្បករ​តម្បាញ និង​បាន​ដាក់​វិស័យ​សូត្រ​ជា​វិស័យ​អទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អទិភាព​សំខាន់​១៩​ដែល​មាន​សក្តានុពលសម្រាប់​នាំ​ចេញ។
ទោះបី​ជា​យ៉ាង​នេះ​ក្តី​ភាព​ជា​អ្នក​ដឹកនាំ​របស់​រដ្ឋាភិបាល​លើ​វិស័យ​នេះ​ ​នៅ​មាន​កម្រិត​នៅ​ឡើយ​ហើយ​ការ​ប្រឹង​ប្រែង​ត្រូវ​គេ​មើល​ឃើញ​ចេញ​ពី​ភាគី​ម្ចាស់​ជំនួយ​និង​ដៃ​គូ​អភិវឌ្ឍ​ឯកជនតែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ។
លោក គង់ សំអឿន មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ពុំ​ទាន់​មានស្ថាប័ន​រដ្ឋាភិបាលជាក់លាក់​ណា​មួយ​បង្កើត​ឡើង​ដើម្បី​ជួយ​ជ្រុំ​ជ្រែង​វិស័យ​សូត្រ​ខ្មែរ​នៅ​ឡើយ​ទេ។
«យើង​អត់​មាន​ការ​លើក​ទឹកចិត្ត​ពី​ស្ថាប័ន​ណា​មួយ​ច្បាស់​លាស់ សព្វ​ថ្ងៃ​ហ្នឹង​អត់​មាន​ទេ វិស័យ​សូត្រ​អត់​ដឹង​នៅ​ក្នុង​វិស័យ​ណា​មួយ​ច្បាស់​លាស់​ទេ។ ដូច្នេះ​ប្រសិន​បើ​រដ្ឋ​យើង​មាន​ស្ថាប័ន​មួយ​ពិត​ប្រាកដ ស្ថាប័ន​នោះ​នឹង​ធ្វើ​ការ​ស៊ី​ជម្រៅ​តាំង​ពី​ការ​ស្រាវជ្រាវ ការ​អភិវឌ្ឍ និង​ការ​រក​ទី​ផ្សារ​ពោល​គឺ​ជា​ខ្សែ​ចង្វាក់​ផលិកម្ម។ ខ្ញុំ​ជឿជាក់​ថា វិស័យ​សូត្រ​នេះ​នឹង​ឮ​ទៅ​ដល់​ប្រជារាស្ត្រ។ យើង​មួយ​កន្លែង​ធំ​គឺ​មាន​សក្តានុពល​ខាង​ចិញ្ចឹម​ដង្កូវ​នាង​ដូចជា​មណ្ឌលគិរី រតនគិរី។ សព្វ​ថ្ងៃ​នេះ​មិន​មាន​ការ​ផ្សព្វផ្សាយ​ខ្លាំង​ក្លា​ដូច​ជា​ស្រូវ​ទេ។ បើ​សិន​បើ​យើង​ធ្វើ​ឱ្យ​ខ្លាំង​ដូច​ស្រូវ​នោះ​វា​ក៏​ខ្លាំង​ដូច​ស្រូវ​ដែរ។»
ក្រៅ​ពី​អវត្តមាន​ស្ថាប័ន​ដ៏​រឹង​មាំ​មួយ កម្ពុជា​ក៏​ពុំ​ទាន់​មាន​មហា​វិទ្យាល័យ​ ការ​ស្រាវជ្រាវ និង​អ្នក​ឯកទេស​ខាង​សូត្រ​នេះ​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ នេះ​បើ​តាមការ​លើក​ឡើង​របស់​លោក ​គង់ ថុង ព្រឹទ្ធបុរស​មហាវិទ្យាល័យ​កសិឧស្សាហកម្ម​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម។
ដើម្បី​ឆ្លើយ​តប​ទៅ​ហ្នឹង​កង្វល់​នេះ រដ្ឋាភិបាល​គ្រោង​បង្កើត​ឱ្យ​មាន​គណៈកម្មការ​សូត្រ​មួយ​ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ភាគី​ឯកជន អង្គការ និង​ម្ចាស់​គម្រោង​នានា ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ និងជំរុញ​ផលិតកម្ម​សូត្រ​ខ្មែរ ប៉ុន្តែ​មក​ទល់​ពេល​នេះ គណៈកម្មការ​នេះ​នៅ​ពុំ​ទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG