សំឡេងត្រែនិងស្គរបានបន្លឺឡើងមុខព្រះឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃគម្រប់ខួប៣ឆ្នាំនៃកាសោយទីវង្គតរបស់ព្រះអង្គ។
ការប្រារព្ធពិធីខួបថ្វាយព្រះ បរមរតនកោដ្ឋឆ្នាំនេះ មានសភាពស្ងប់ស្ងាត់ជាងឆ្នាំទៅមិញ ដោយមានតែការគោរពនិងថ្វាយកម្រងផ្កានៅមុខព្រះឆាយាល័ក្ខណ៍របស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ក្បែរវិមានឯករាជ្យ ពីសំណាក់មន្ត្រីរាជការប្រមាណជាង២០០នាក់។
ខណៈពេលដែលពិធីបុណ្យតាមព្រះពុទ្ធសាសនា ត្រូវបានគេធ្វើឡើងក្នុងព្រះបរមរាជវាំង និងទីដទៃ ដោយសែរាជវង្សតែប៉ុណ្ណោះ តែគ្មានមេដឹកនាំកំពូលៗរបស់ប្រទេស ចូលរួមច្រើនទេ។
អង្គុយជាមួយអ្នកហាត់ប្រាណផ្សេងទៀត នៅមុខព្រះបរមរាជវាំង បន្ទាប់ពីហាត់កីឡារួច លោកស្រី ប៉ោ វណ្ណា វ័យ ៧៨ឆ្នាំ ប្រជាពលរដ្ឋក្នុងរាជាធានីភ្នំពេញម្នាក់ បានសំឡឹងមើលរូបព្រះឆាយាលក្ខណ៍របស់ព្រះបាទ នរោត្តម សីហនុ ដែលទើបនិងតំឡើងថ្មីនាប្រាសាទច័ន្ទឆាយា ដោយក្តីចម្ងល់ពីការប្រារព្ធពិធីរាប់បាតតាមព្រះពុទ្ធសាសនាដូចសព្វមួយដងនោះ។
លោកស្រី ប៉ោ វណ្ណា បានប្រាប់ VOA ថា៖ «មិនរៀបខាងក្រៅអញ្ចឹងដូចថាក្រែងលោ វាខ្សោយថវិកាឬយ៉ាងណា អត់បានដឹងដែរចា៎។ ប៉ុន្តែបើធ្វើនៅខាងក្រៅទៅ គឺមានប្រជាជនមក ដើម្បីសម្តែងសេចក្តីស្រលាញ់ ជាប់ជានិច្ចក្នុងខ្លួនចា៎។ ដល់តែគាត់មិនធ្វើខាងក្រៅអញ្ចឹង ប្រជាជនគាត់អត់ដឹង។ ដឹងតែធ្វើខាងក្នុងមានគ្នាគាត់ កូនចៅគាត់នៅខាងក្នុងហ្នឹង ដល់ទៅធ្វើខាងក្រៅដូចឆ្នាំទៅ ប្រជាជននៅតែមានសេចក្តីស្រលាញ់ ចំពោះសេ្តចហ្នឹងមានជាប់ជានិច្ច»។
អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ បានយាងចូលទីវង្គត់ក្នុងព្រះជន្ម៨៩ព្រះវស្សាកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ កន្លងទៅ នាទីក្រុងប៉េកាំង ជាទីដែលព្រះអង្គគង់នៅ ដើម្បីព្យាបាលព្រះកាយ។
ព្រះសពរបស់ព្រះអង្គ ត្រូវបានដង្ហែមកកាន់មាតុភូមិវិញ ពីរថ្ងៃក្រោយ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ប្រមុខរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃនិងប្រជារាស្ត្រច្រើនលាននាក់។
ការប្រារព្ធគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ខួបលើកទី២ឆ្នាំ នាឆ្នាំ២០១៤ មានអ្នកចូលរួមយ៉ាងហោចណាស់១ពាន់នាក់ ដោយមានការប្រមូលផ្ដុំគ្នានៅពីមុខព្រះបរមរាជ្យវាំង។
មន្ត្រីក្នុងព្រះបរមរាជ្យវាំងបានឲ្យដឹងថាពិធីខួបឆ្នាំ៣ សម្រាប់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺធ្វើនៅក្នុងព្រះបរមរាជវាំង ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាបានរៀបចំនៅមុខព្រះឆាយាលក្ខណ៍របស់ព្រះបរមរតនកោដ្ឋ ក្បែរវិមានឯករាជ្យ។
លោកស្រី ប៉ោ វណ្ណា បានបញ្ជាក់ថាអាជ្ញាធរ ឬក៏ក្រុមមន្ត្រីក្នុងព្រះបរមរាជ្យវាំង គួរតែបង្កភាពងាយស្រួលនិងបង្កើតឲ្យមានពិធីរាប់បាតដូចសព្វដង ដើម្បីបញ្ជាក់ពីភក្តីភាពនិងរំឭកពីក្តីអាល័យរបស់ប្រជាពលរដ្ឋដល់ព្រះបិតាជាតិ។
«ចា៎ដូចចិត្តខ្ញុំគឺចង់ឲ្យគណៈកម្មាធិការក្នុងវាំងហ្នឹងគឺធ្វើ ពិធីរាប់បាតអីទៅ ដើម្បីឲ្យប្រជាជន បានចូលរួមទាំងអស់គ្នា ឱ្យមានការសាមគ្គីរវាងអ្នកធំនិងអ្នកតូច កុំឲ្យវាឃ្លាតឆ្ងាយពីគ្នាអញ្ចឹង ចា៎»។
ក្រោយពេលថ្វាយកម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនរោត្តម សីហនុ នាព្រហាមថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ភឿង សកុណា បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីរាជការក្នុងក្រសួង បានសម្តែងការគោរពនិងដឹងគុណដល់ព្រះបរមរតនកោដ្ឋ ដែលបានកសាងស្នាដៃជាច្រើនសម្រាប់ប្រទេសកម្ពុជាដ៏ក្រីក្រនេះ ជាពិសេសគឺការកសាងសន្តិភាពនិងការអភិវឌ្ឍដល់ប្រទេសនេះសាជាថ្មីបន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាងបីទសវត្សរ៍។
«អ្វីដែលជាស្នាព្រះហស្តរបស់ព្រះអង្គ វីរភាពរបស់ព្រះអង្គ គឺនៅតែស្ថិត នៅជាមួយយើងរហូតហើយក៏ជាឱកាសសម្រាប់កូនចៅទាំងអស់គ្នា បានមកគោរពដឹងគុណ ឧទ្ទិសនូវសេចក្តីល្អអ្វីទាំងអស់ជូនវិញ្ញាណក្ខន្ធ ព្រះអង្គក្នុងពេលនេះ គឺជាឱកាស ដ៏ល្អសម្រាប់ឲ្យពួកយើងទាំងអស់មកសម្តែងកត្តាញូតាធម៌ជូនសម្ដេចតាយើងវិញចា៎»។
រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា បើទោះជាព្រះអង្គបានលាចាកកម្ពុជា៣ឆ្នាំក៏ដោយ ក៏សុខសន្តិភាពនិងស្នាព្រះហស្តរបស់ព្រះអង្គ នៅតែត្រូវបានថែរក្សា។
«គឺថាសុខសន្តិភាពនៅតែមានក្នុងប្រទេសកម្ពុជា ពីព្រោះអាហ្នឹង គឺជាអ្វីដែលព្រះករុណាបានសាងទុកមក ហើយកូនចៅយើង រាជរដ្ឋាភិបាលរបស់យើង បានថែរក្សា ស្នាដៃរបស់ព្រះអង្គទុកមករហូតដល់ឥឡូវ»។
យ៉ាងណាក៏ដោយ លោកស្រីប៉ោ វណ្ណា ដែលជាប្រជាពលរដ្ឋសាមញ្ញ បានលើកជាសំណួរអំពីការផ្សព្វផ្សាយនិងការថែរក្សាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ យ៉ាងដូច្នេះថា៖ «កាលលើកមុន ពេលដែលលោកចូលទីវង្គតហ្នឹងគឺ គេបានបញ្ចាំងនៅក្នុងទូរទស្សន៍ពីស្នាដៃរបស់គាត់តាំងពីដើមមក ឲ្យប្រជាជនបានដឹង។ ឥឡូវប្រជាជនមួយចំនួនបានដឹងដែរ មិនមែនមិនដឹងទេ ឥឡូវដឹងយ៉ាងម៉េចបានគេធ្វើអញ្ចឹង ខ្ញុំអត់ដឹងដែរហ្អហ្នឹងគឺរឿងផ្ទៃក្នុង ឬមួយខ្វះថវិកា ឬមួយយ៉ាងម៉េច?»។
ព្រះបាទ នរោត្តម សីហនុ ត្រូវបានគេស្គាល់ថា ជាព្រះបិតាឯករាជ្យជាតិ សន្តិភាព និងបូរណភាពទឹកដីនៃកម្ពុជា ហើយធ្លាប់ជាព្រះប្រមុខរដ្ឋនៃទឹកដីសុវណ្ណភូមិ ដោយព្រះអង្គ បានដឹកនាំប្រទេសរបស់ព្រះអង្គប្រកបដោយការរីកចម្រើនក្នុងសម័យសង្គមរាស្ត្រនិយម ពីឆ្នាំ១៩៥៥ដល់១៩៦០ពេលដែលព្រះអង្គ គង់ជាប្រមុខរដ្ឋកម្ពុជា ក្រោយពេលព្រះអង្គទាមទារបានឯករាជ្យ ជូនប្រទេសកម្ពុជានាឆ្នាំ១៩៥៣ពីអាណានិគមនិយមបារាំង។
លើសពីនេះទៀត ព្រះបាទ នរោត្តម សីហនុ បានដឹកនាំនិងជួយឲ្យមានការផ្សះផ្សាជាតិឡើងវិញ នៅឆ្នាំ១៩៩១ក្នុងកិច្ចព្រមព្រៀងសន្តិសញ្ញាទីក្រុងប៉ារីស ដែលនាំមកនូវព្រះរាជាណាចក្រកម្ពុជាទីពីរដល់ពេលបច្ចុប្បន្ន៕