ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​រំឭក​អំពី​ស្នា​ព្រះហស្ត​ព្រះ​បាទ​ នរោត្តម​ សីហនុ ​ដែល​អាច​បាត់បង់​ដោយ​ការ​អភិវឌ្ឍ


ព្រះ​ឆាយា​ល័ក្ខណ៍​អតីត​ព្រះ​មហាវីរក្សត្រ​ នរោត្តម សីហនុ ត្រូវ​បាន​ដាក់​នៅ​ប្រាសាទ​ច័ន្ទឆាយា​ ដើម្បី​ថ្វាយ​ព្រះ​រាជ​កុសល​ ព្រះ​វិញ្ញាណក្ខន្ធរបស់​ទ្រង់ ​៣​ឆ្នាំ​ក្រោយ​ព្រះ​អង្គ​បានសោយ​ទីវង្គត​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា​ ឆ្នាំ​២០១៥។ ព្រះ​អង្គ​បាន​សោយ​ទីវង្គត​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១២​ ក្នុង​ព្រះ​ជន្ម​៨៩​ ព្រះ​វស្សា។​ (នូវ​ ពៅ លក្ខិណា/VOA)
ព្រះ​ឆាយា​ល័ក្ខណ៍​អតីត​ព្រះ​មហាវីរក្សត្រ​ នរោត្តម សីហនុ ត្រូវ​បាន​ដាក់​នៅ​ប្រាសាទ​ច័ន្ទឆាយា​ ដើម្បី​ថ្វាយ​ព្រះ​រាជ​កុសល​ ព្រះ​វិញ្ញាណក្ខន្ធរបស់​ទ្រង់ ​៣​ឆ្នាំ​ក្រោយ​ព្រះ​អង្គ​បានសោយ​ទីវង្គត​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា​ ឆ្នាំ​២០១៥។ ព្រះ​អង្គ​បាន​សោយ​ទីវង្គត​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១២​ ក្នុង​ព្រះ​ជន្ម​៨៩​ ព្រះ​វស្សា។​ (នូវ​ ពៅ លក្ខិណា/VOA)

ជា​រៀង​រាល់​ឆ្នាំ​ ​ក្នុង​ថ្ងៃ​ទី​១៥​ខែ​តុលា​មាន​ការ​បូជា​ និង​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​ព្រះអង្គ​​ទូទាំង​ប្រទេស ​និង​មាន​ការ​​គោរព​បូជា​ចំពោះ​រូប​សំណាក​ព្រះ​អង្គ​ក្បែរ​វិមាន​ឯករាជ្យ។​

បទ​ចម្រៀង​«លា​ហើយ​កម្ពុជា»និពន្ធ​និង​ច្រៀងដោយ​ស្នា​ព្រះហស្ត​សម្តេចឪ​។​ ព្រះ​អង្គ​បាន​សោយ​ទីវង្គត​អស់​រយៈ​ពេល៣​ឆ្នាំ​គិត​មក​ដល់ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​ តែ​ប្រជា​ពល​រដ្ឋ​កម្ពុជា​រាប់លាន​នាក់នៅ​តែ​មាន​ភក្តី​ភាព​ និង​នឹក​រឭក​គោរព​ស្រឡាញ់អតីត​ព្រះ​មហា​ក្សត្រ​របស់​ខ្លួន​គឺ​ព្រះ​បាទ​នរោត្តម ​សីហនុ​ ​ចំពោះ​ការ​ដឹក​នាំ ​និងស្នា​ព្រះហស្ត​របស់​ព្រះអង្គ​សម្រាប់ជន​ជាតិ​ខ្មែរ​ ​រួម​ទាំង​ការ​បង្រួប​បង្រួម​ជាតិ​ និង​ការ​កសាង​សន្តិភាព​សម្រាប់​ប្រទេស​ដ៏​ក្រីក្រ​នេះ​ ជា​ដើម។

លោក​ ជា សុផាត ​គឺ​ជា​ប្រជា​ពលរដ្ឋ​មួយ​រូបក្នុង​ចំណោម​នោះ។ ​អស់​រយៈ​ពេល​ជិត៥០ឆ្នាំ​មក​ហើយដែល​លោក​ ជា សុផាត​ នៅ​តែ​ចង​ចាំថ្ងៃ​មួយ​ដែល​លោកបាន​បើក​ត្រាក់ទ័រ​ជា​មួយ​អតីត​ព្រះ​មហា​ក្សត្រកម្ពុជា​ ​សមេ្តច​ព្រះ​នរោត្តម​ សីហនុ ​ដែល​បាន​ចូល​ទិវង្គត​កាល​ឆ្នាំ​២០១២​កន្លង​ទៅ។​

បុរស​វ័យ​៦៨​ឆ្នាំ​រូប​នេះ​បាន​រំឭក​ប្រាប់​ VOA​ ​ថា ពេល​នោះ​លោក​ជាមន្ត្រី​ក្រសួង​សាធារណការ​ ​និង​បាន​ឈរ​បញ្ជា​ត្រាក់ទ័រ​ថ្វាយ​អង្គ​សម្ដេច​ឪ​ ដែល​ជា​និមិត្ត​រូប​នៃ​ការ​សម្ពោធ​សំណង់​ទំនប់​ធារាសាស្រ្ត​នៃ​ទន្លេ​វ៉ៃកូ ក្នុង​ខេត្ត​ស្វាយរៀង​ ​នា​ឆ្នាំ​១៩៦៦។​

«ប្រជាជន​មាន​ការ​គាំទ្រ​ខ្លាំង​ណាស់​លើ​អង្គ​សម្ដេច​ឪ។ ​ពេល​ដែលទ្រង់​យាង​ទៅ​គ្រា​នោះ​ក្នុង​ខេត្ត​ស្វាយរៀង​ មាន​ប៉ុន្មាន​ស្រុក​ ​ប្រជាជន​គ្រប់​ស្រុក​ចុះ​ទៅ​ជួយ​ធ្វើ​ពលកម្ម​លើក​ទំនប់​តែ​ម្ដង»។​

ព្រះ​បាទ​នរោត្តម​ ​សីហនុ​បាន​សោយ​ទិវង្គត​នា​ថ្ងៃ​ទី​១៥​ ខែ​តុលា​ឆ្នាំ​២០១២នាទី​ក្រុង​ប៉េកាំង​ ជា​ទី​ដែល​ព្រះ​អង្គ​សម្រាក​ព្យាបាល​ព្រះកាយ។​ ​ព្រះ​សព​របស់​ព្រះ​អង្គ​ត្រូវ​បាន​ដង្ហែ​មក​កាន់​មាតុ​ភូមិ​វិញក្នុងពេល​ពីរ​ថ្ងៃ​ក្រោយ​មក ​ដោយ​មានការ​ចូល​រួមពី​ប្រមុខ​រដ្ឋាភិបាល​ ​មន្ត្រី​រាជ​ការ​ ​ព្រះ​សង្ឃ​ និង​ប្រជារាស្ត្រច្រើន​លាន​នាក់។​

ជា​រៀង​រាល់​ឆ្នាំ​ ​ក្នុង​ថ្ងៃ​ទី​១៥​ខែ​តុលា​មាន​ការ​បូជា​ និង​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​ព្រះអង្គទូទាំង​ប្រទេស ​និង​មាន​ការគោរព​បូជា​ចំពោះ​រូប​សំណាក​ព្រះ​អង្គ​ក្បែរ​វិមាន​ឯករាជ្យ។​

កម្រង​រូបភាព ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព ព្រះបរមតនកោដ្ឋ​ (កុម្ភៈ ២០១៣)៖

ដូច​គ្នា​នេះ​ដែរ​ ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ខួប​បី​ឆ្នាំ​នៃ​ការ​លាចាក​លោក​របស់​ព្រះ​បាទ​នរោត្តម ​សីហនុ​ នា​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​ ដូច​រាល់ឆ្នាំ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ឈិន កេតនា​ ​អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរ​ជាតិ។​

លោក​បាន​បញ្ជាក់​ថា៖​ «ខួប​នេះ​គឺ​ជា​ខួប​នៃ​ព្រះអង្គ​សោយ​ទិវង្គត​ ​គម្រប់​៣​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ។​ ​ដូច្នេះ​ដើម្បី​ជា​ការ​តប​ស្នង​មហា​គុណូបការៈ​របស់​ព្រះ​អង្គ​ចំពោះ​ជាតិ​ សាសនា​ និង​ប្រជារាស្ត្រគឺ​យើង​ប្រារព្ធ​ខួប​បី​ឆ្នាំ​ដល់​ព្រះអង្គ។​ មាន​តែ​ប៉ុណ្ណឹង គ្មាន​ស្អី​ ​ព្រោះ​រាជ​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​១៥​ខែ​តុលា​ហ្នឹង​ជា​ថ្ងៃ​ប្រារព្ធវិញ្ញាណ​ក្ខន្ធ​ ដែល​ព្រះអង្គ​យាង​សោយ​ទិវង្គត»។​

លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ផ្ទាល់របស់ព្រះមហាក្សត្រខ្មែរ​ពេលបច្ចុប្បន្ន​គឺ​ ព្រះបាទសម្តេចព្រះបរុមនាថ សីហមុនី អង្គុយក្នុងភោជនីដ្ឋានមួយនាទីក្រុងភ្នំពេញ ក្នុងកិច្ចសម្ភាសន៍​ជាមួយ VOA នាថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ផ្ទាល់របស់ព្រះមហាក្សត្រខ្មែរ​ពេលបច្ចុប្បន្ន​គឺ​ ព្រះបាទសម្តេចព្រះបរុមនាថ សីហមុនី អង្គុយក្នុងភោជនីដ្ឋានមួយនាទីក្រុងភ្នំពេញ ក្នុងកិច្ចសម្ភាសន៍​ជាមួយ VOA នាថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)

​លោក ​អ៊ុំ ដារ៉ាវុធ ​ទី​ប្រឹក្សាផ្ទាល់​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​ នា​ពេល​បច្ចុប្បន្ន​គឺ​ព្រះ​បរម​នាថ​ នរោត្តម ​សីហមុនី​ ​ដែល​ជាបុត្រា​របស់ព្រះ​បាទ​នរោត្តមសីហនុ​ ​បាន​ប្រាប់ ​VOA​ ថា​ ព្រះ​បរម​រាជ​វាំង​និង​សាច់​សារ​លោហិត​របស់​ព្រះ​មហា​ក្សត្រគ្រោង​ធ្វើ​ពិធី​បុណ្យ​រាប់​បាត្រ​តាម​ព្រះ​ពុទ្ធ​សាសនា​នៅ​ព្រះ​រាជ​វាំង​នៅថ្ងៃ​ទី​១៥ខាង​មុខ​នេះ។​ ​លោក​អ៊ុំ ដារ៉ាវុធ​ ​ដែល​មាន​ទំនាក់​ទំនង​ជិត​ដិត​ជា​មួយ​នឹង​ព្រះ​សាច់​សាលោ​ហិត​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ​ហើយ​បាន​ចូល​គាល់​ព្រះ​បីតា​ជាតិ​ ជារឿយៗ​ចាប់​តាំង​ពី​លោក​អាយុ​៥​ឆ្នាំ​នោះ​ ​បាន​បញ្ជាក់​ថា​ ការ​លាចាក​លោករបស់​ព្រះ​បាទ​នរោត្តម​ ​សីហនុ​ ​បាន​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ​មាន​ការ​សោក​សង្រេង​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​វីរភាព​របស់​ទ្រង់។​

«ទី១​លោក​ជាវីរបុរស​របស់​ប្រជាជន ​ប្រជានុរាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស។​ ទី២​ ដោយ​សារ​ស្នា​ព្រះហស្ត​របស់​លោក​ដែល​លោក​បាន​ជួយ​ជាតិ​មាតុភូមិ​យើង​ជាពិសេស​ ​លោក​បាន​ការពារ​នូវ​បូរណ​ភាព​ទឹកដី ​ឯក​ភាព​ជាតិ​ និង​ឯករាជ្យ​ ​ទាមទារ​ពី​បារំាង​បាន​ក្នុង​ឆ្នាំ​១៩៥៣​ មាន​ន័យ​ថា ​មុន​ពេល​ដែល​ខ្ញុំ​កើត​ ​ដោយ​ គ្មាន​បង្ហូរ​ឈាម​មួយ​តំណក់​ទេ»។​

ការ​ដឹកនាំ​របស់ព្រះ​បាទ​ នរោត្តម​ ​សីហនុ៖​

ព្រះ​បាទ​នរោត្តម​ ​សីហនុ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ព្រះ​បិតា​ឯក​រាជ្យ​ជាតិ​ ​សន្តិភាព​ ​និង​បូរណភាព​ទឹក​ដី​នៃ​កម្ពុជា​ ​ហើយ​ធ្លាប់​ជា​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ទឹក​ដី​សុវណ្ណភូមិ​ ​ដោយ​ព្រះ​អង្គបានដឹក​នាំ​ប្រទេស​របស់​ព្រះ​អង្គ​ប្រកប​ដោយ​ការ​រីក​ចម្រើន​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ ពី​ឆ្នាំ​១៩៥៥​ដល់​១៩៦០​ ពេល​ដែល​ព្រះ​អង្គជា​ប្រមុខ​រដ្ឋ​កម្ពុជា​ ​ក្រោយ​ពេល​ព្រះ​អង្គ​ទ្រង់​ទាមទារ​បាន​ឯករាជ្យ​ជូន​ប្រទេស​កម្ពុជា​នា​ឆ្នាំ​១៩៥៣​ ពី​អាណានិគម​បារាំង។​

លោក អ៊ុំ ដារ៉ាវុធ​ បាន​រៀប​រាប់ពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះបាទ ​នរោត្តម​ ​សីហនុ​ ​ដែល​បាន​បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ដល់​ពេល​បច្ចុប្បន្ន​ ​រួម​មាន​ពហុកីឡា​ដ្ឋាន​ជាតិ​ ​សាកល​វិទ្យល័យ​នា​នា​ ផ្លូវ​ថ្នល់​ ធារាសាស្ត្រ​និង​រចនា​សម្ព័ន្ធ​ដឹក​នាំ​ជាតិ​ជា​ដើម។​

លោក ​អ៊ុំ ដារ៉ាវុធ ​ក៏​បានរំឭក​ប្រាប់​ VOA​ ពី​វីរភាព ​និង​ជោគ​ជ័យ​ក្នុង​ការ​ដឹក​នាំ​របស់​ព្រះ​បាទ​នរោត្តម​ ​សីហនុយ៉ាង​ដូច្នេះ​ថា៖​

«ក្នុង​របប​សង្គមរាស្ត្រ​និយម​ លោក​បាន​ដឹកនាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ឲ្យ​បាន​មាន​ការ​ជឿន​លឿន​ ថ្កុំថ្កើង​ជាង​ប្រទេស​ដទៃ​ ដូចជា​ប្រទេស​ថៃ​ និង​ ឡាវ​ជា​ដើម​ ពី​ព្រោះ​ព្រះ​រាជាណាចក្រកម្ពុជា​យើង​មាន​ដំឡើង​ឧស្សាហ​កម្ម​ធុនធ្ងន់ ​ដូចជា​ត្រាក់ទ័រ​ក្តី​ ​ព្រោះ​ប្រទេស​កម្ពុជា​យើង​មាន​ធនធាន​ធម្មជាតិ​ ​គ្រប់​បែប​យ៉ាង​ ដូច​ជា​ កៅ​ស៊ូក្តី​ មាន​ការ​អភិវឌ្ឍ​ប្រទេស»។​

ក៏​ប៉ុន្តែ​ព្រះ​បាទ​នរោត្តមសីហនុត្រូវ​បាន​លោក​សេនា​ប្រមុខ​របស់​ព្រះអង្គគឺ ​លោក​លន់ នល់​ទម្លាក់​ចេញ​ពី​អំណាច ​នា​ឆ្នាំ​១៩៧០​ ដែលបង្ក​ឲ្យ​មាន​សង្គ្រាម​រ៉ាំរ៉ៃ​ក្នុង​ប្រទេស​ជិត​៣០​ឆ្នាំ​ ​និង​មាន​ការ​សម្លាប់​រង្គាល​ក្នុង​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ទល់​១៩៧៩​ ​ដែល​បានធ្វើឲ្យ​ប្រជាជន​កម្ពុជា​យ៉ាង​ហោច​ណាស់​១លាន​៧សែន​នាក់​បានស្លាប់​បាត់​បង់​ជីវិត។​ ​ព្រះ​បាទ​នរោត្តម​ ​សីហនុ​បាន​គង់​នៅ​នីរទេស​ព្រះ​កាយ​ ​នៅ​បរទេស​រហូត​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​១៩៩១​គឺ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀងសន្ធិសញ្ញា​សន្តិភាព​ទីក្រុង​បារីស​ ​ដែល​នាំ​មក​នូវ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី​ពីរ។​

លោក​ជា សុផាត​បានរស់​រាន​មាន​ជីវិត​ពី​ការ​ទម្លាក់​គ្រាប់បែក​ក្នុង​សម័យ​សង្គ្រាម​នា​ទសវត្សរ៍១៩៧០​ និង​បាន​រស់ឆ្លងផុតរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម។​ ​លោកបាន​ពោល​សរសើរ​ពី​វីរភាព​របស់​ព្រះ​មហា​វីរ​ក្សត្រ​ចំពោះ​គុណ​បំណាច់​របស់​ព្រះអង្គ​ ដែល​ពុះពារ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​និង​ការ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ឡើង​វិញ។​

«នៅ​ឆ្នាំ​១៩៩១​ ​ថ្ងៃ​២៣​តុលា​ហ្នឹង បើ​សិន​ជា​អត់​គាត់​ជួយ​បង្រួប​បង្រួម​ក៏​យើង​វេទនា​ដែរ។​ ​នេះ​ជា​ស្នាដៃ​គាត់​មួយ​ដែរ​ ដែល​អាច​អូស​ទាញ​ខ្មែរ​ត្រី​ភាគី​ចេះ​ចរចា​គ្នា​ ចេះ​ចរចា​គ្នាហ្នឹង​ដើម្បី​រក​ដំណោះ​ស្រាយ​ឱ្យ​ខ្មែរ​បាន​សុខ។​ ហ្នឹង​ក៏​ស្នា​ព្រះហស្តមួយ​ដែរ ដែល​ចេះ​អូស​ទាញ​ត្រីភាគី​ ​បួន​ភាគី​ទៅ​ចរចា​គ្នា​បាន។​ ​ប្រសិន​បើ​ខុស​ពី​គាត់​ក៏​គ្មាន​នណា​អាច​អូសទាញ​ឲ្យ​មាន​ការ​ចរចាគ្នា​ដែរ​ ​នៅ​តែ​ប្រកាន់​ពី​មួយ​ទៅ​មួយ។​ នៅ​ឈ្លោះ​គ្នា​ប្រកាប់​គ្នា​ទល់​រាល់​ថ្ងៃ​ហ្នឹង»។​

អតីត​ព្រះ​អម្ចាស់​ នរោត្តម សីហនុ ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP
អតីត​ព្រះ​អម្ចាស់​ នរោត្តម សីហនុ ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP

ស្រប​គ្នា​នោះ​ដែរ​លោក​ សុខ ចាន់ស៊ី ​និស្សិតវ័យ​២២ឆ្នាំ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​បង្ហាញ​មោទនភាព​ និង​ការ​ស្ញប់ស្ញែង​នៃ​ការ​ដឹក​នាំ​របស់​ព្រះ​មហា​ក្សត្រ​នរោត្តម​ សីហនុ​ ជាពិសេស​ការ​ធ្វើឲ្យ​មាន​ស្ថិរភាព​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

បើ​ទោះ​ជា​លោក​មិន​បាន​ជួប​ព្រះ​ភ័ក្ត្រ​របស់​ទ្រង់​ក៏​ដោយ​ ក៏​និស្សិត​ដែល​មក​ពី​ខេត្ត​ពោធិ៍សាត់នេះ​ថ្លែង​ថា៖

«យើង​ដឹង​ហើយ​ពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ជា​មួយ​នឹង​ការ​ផ្សះផ្សា​រួបរួម​ជាតិ​ ​ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់ ​ហើយ​ព្រះ​អង្គ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក​ដែល​មានបួន​ភាគី»។

ព្រះបរមរតនកោដ្ឋ (ឆ្វេង) និង ព្រះបាទ​ នរោត្តម សីហមុនី ក្នុង​ព្រះរាជពិធី​មួយ​នៅ​ព្រះ​បរមរាជវាំង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។
ព្រះបរមរតនកោដ្ឋ (ឆ្វេង) និង ព្រះបាទ​ នរោត្តម សីហមុនី ក្នុង​ព្រះរាជពិធី​មួយ​នៅ​ព្រះ​បរមរាជវាំង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។

របប​រាជានិយម៖​

ព្រះ​បាទ​នរោត្តម​ សីហនុ​ទ្រង់​បាន​ផ្ទេរ​រាជ​បល្ល័ង្គ​ទៅ​ឲ្យ​បុត្រា​របស់​ព្រះ​អង្គដែល​ជាមហា​ក្សត្រ​បច្ចុប្បន្ន​គឺ​ព្រះ​បាទ​នរោត្តម​ សីហមុនី​ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​ ​ក៏​ប៉ុន្តែ​ជា​រឿយៗ​ អ្នក​វិភាគ​ និង​អ្នកឃ្លាំ​មើល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ បាន​ចោទ​ជា​សំណួរអំពី​ព្រះ​រាជ្យកិច្ចនិង​ឥទ្ធិពល​របស់​ព្រះ​មហា​ក្សត្រ​ថ្មី។​

លោក ​អ៊ុំ ដារ៉ាវុធ ទី​ប្រឹក្សាផ្ទាល់​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​ពេល​បច្ចុប្បន្ន​ បាន​បញ្ជាក់​ថា​ ព្រះ​មហា​ក្សត្រ​គឺ​បាន​សោយ​រាជ្យ​តាម​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ​ដោយ​ព្រះអង្គ​«សោយ​រាជ្យ​ តែ​មិន​កាន់​អំណាច» ​ហើយមិន​លូកដៃ​ចូល​ក្នុង​ការគ្រប់​គ្រង​របស់​អង្គ​នីតិ​បញ្ញត្តិ​នោះទេ។​ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ព្រះ​អង្គធ្លាប់​បាន​ជួយ​ទម្លាយ​ភាព​ជាប់​គាំង​ខាងនយោបាយ​រវាង​គណបក្សប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​នា​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤។​

«ព្រះ​បរមនាថ​ ព្រះ​ករុណា​ថ្មី​របស់​យើង​ នរោត្តម សីហមុនី ​លោក​បាន​ត​ស្នង​កេរ​ពីព្រះ​បិតា​លោក​ ធ្វើឲ្យ​ប្រ​ទេស​ខ្មែរ​យើង​មាន​ស្ថិរភាព​ និង​សន្តិភាព។​ ​អា​នេះ​ហើយ​ដែល​ខ្ញុំ​ឃើញ​ការ​ផ្លាស់ប្តូរ​មកច្រើន។​ ​ក៏​ប៉ុន្តែ​យើង​ជឿ​ជាក់​ថា​ ​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​នឹង​នៅ​មាន​កូន​ចៅ​លោក​នៅ​ត​ស្នង​រហូត»។​

ការ​ដ្ឋាន​សំណង់​នៃ​គម្រោង​ក្រុង Olympia City ដែល​ស្ថិត​នៅ​ភាគ​ជើង​ឆៀង​ខាង​កើត​នៃ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)
ការ​ដ្ឋាន​សំណង់​នៃ​គម្រោង​ក្រុង Olympia City ដែល​ស្ថិត​នៅ​ភាគ​ជើង​ឆៀង​ខាង​កើត​នៃ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)

ដូច​ប្រជា​ពលរដ្ឋ​កម្ពុជា​ផ្សេងៗ​ផង​ដែរ​ ​លោក​សុផាត ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ទួល​សង្កែ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​បង្ហាញ​ថា​ លោក​នៅ​តែ​មាន​ភក្ដីភាព​ចំពោះ​ព្រះ​មហា​វីរ​ក្សត្រ ​និង​របប​រាជា​និយម​ក្នុង​ប្រទេស​កម្ពុជា។​ ​ក៏​ប៉ុន្តែ​លោក​ក៏​បាន​ចោទ​សួរ​ចំពោះ​ការ​អភិវឌ្ឍ​និង​ការ​ថែ​រក្សា​ស្នា​ព្រះ​ហស្ត​របស់​អតីត​ព្រះ​មហា​ក្សត្រ​កម្ពុជា​ដែរ។​

«បើ​សិន​ជា​រដ្ឋាភិបាល​គ្រប់​គ្រង​បាន​ល្អ​ អ្វី​ដែល​មាន​រួច​ហើយ​ [ពីទ្រង់] ​ផ្សព្វ​ផ្សាយ​រាល់​ពេល​ រៀង​រាល់​ខែ​អាច​ [កូន​ចៅ​ជំនាន់ក្រោយ]​ នៅ​ចង​ចាំ​បាន។​ ... ​កេរដំណែល​ពី​គាត់​ទាំង​ប៉ុន្មាន​ ​បើ​សិន​ជា​អ្នក​ដឹកនាំ​ក្រោយៗ​រៀបចំ​ ​ហើយ​ផ្សព្វ​ផ្សាយ​ឱ្យកូន​ចៅ​បាន​ដឹង​ថា​ គាត់​បាន​ធ្វើ​អ្វី​ ​ហើយ​សម្រាប់​អ្វី​ នោះ​ វា​នឹង​មិន​បាត់​ទេ»។​

ទោះ​បី​ជា​អតីត​ព្រះ​មហា​ក្សត្រ​ព្រះបាទ​នរោត្តម ​សីហនុ​ទ្រង់​បាន​លាចាក​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​ក៏​ដោយ ​តែ​ប្រជា​ពល​រដ្ឋ​កម្ពុជា​នៅ​ចង​ចាំ​ព្រះ​បណ្តាំ​ចុង​ក្រោយនា​ឆ្នាំ​២០១១​នៅ​មុខ​ព្រះបរម​រាជវាំង​ ពេលដែល​ព្រះអង្គ​ផ្តាំ​ឲ្យ​ខ្មែរ​ទាំង​អស់ ​«រួបរួម​គ្នា​ដើម្បី​ជាតិ»​ខ្មែរ​តែ​មួយ៕​

XS
SM
MD
LG