ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​សម្តែង​ការ​ដឹង​គុណ​ព្រះ​បរម​រតនកោដ្ឋ​ពេល​បុណ្យ​ខួប​២​ឆ្នាំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​សម្តែង​ការ​ដឹង​គុណ​ព្រះ​បរម​រតនកោដ្ឋ​ ពេល​បុណ្យ​ខួប​២​ឆ្នាំ

ព្រះ​សង្ឃ​ មន្ត្រី​រាជការ​ ​ប្រជា​ពលរដ្ឋរស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញនិង​បណ្ដា​ខេត្ត​សរុប​ជាង១​ពាន់​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៥​ខែ​តុលា​នេះ​ ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពី​មុខ​ព្រះ​បរម​រាជវាំងដើម្បីប្រារព្ធគោរព​វិញ្ញាណ​ក្ខន្ធព្រះបរម​រតនកោដ្ឋ​នរោត្តម​ សីហនុ ​គម្រប់​ខួប២​ឆ្នាំ។​ (ចុច​មើល​រូបភាព​)

ព្រះសង្ឃ​សូត្រ​ធម៌។​

អតីត​ព្រះ​មហា​ក្សត្រ​ព្រះបាទ​នរោត្ដម​សីហនុ​បាន​យាង​ចូល​ទីវង្គត​ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា​កាល​ពីថ្ងៃទី​១៥​ខែ​តុលា​ឆ្នាំ​២០១២​ក្នុង​ទី​ក្រុង​ប៉េកាំង។

​តាំង​ពី​ព្រលឹម​ស្រាងៗ ​នៅ​ពី​មុខ​កំណាត់​ផ្លូវទល់​មុខបរិវេណ​ព្រះ​បរម​រាជវាំង​មនុស្ស​ម្នារដែល​ភាគច្រើន​ជា​ប្រជា​ពលរដ្ឋចំណាស់ៗ​បាន​ប្រមូល​ផ្ដុំ​គ្នាដើម្បី​ត្រៀមចូលរួម​ក្នុង​ព្រះ​រាជ​ពិធី​រំឭក​ព្រះ​វិញ្ញាណក្ខន្ធ។ ​

ប្រជា​ពលរដ្ឋ​បាន​នាំ​យកចង្ហាន់​ និង​គ្រឿង​សក្ការៈ​មួយ​ចំនួនសម្រាប់​ប្រគេន​ដល់​ព្រះ​សង្ឃ។​

អ្នកស្រី​ផៃ​ ថុល​ អាយុ​៧៣​ឆ្នាំមកពី​សង្កាត់​ស្ទឹង​មានជ័យ​ រាជធានី​ភ្នំពេញ លោក​ស្រី​នៅ​ចង​ចាំ​ពី​គុណ​សម្បត្តិ​របស់​អតីត​ព្រះមហា​ក្សត្រ​ ហើយ​អ្នកស្រី​ចាត់​ទុក​ព្រះ​អង្គ​គឺ​ជា​អ្នក​មាន​គុណ។​

«ចង់​ចូលរួម​ ពី​ព្រោះ​លោក​ជា​អ្នក​មាន​គុណសម្រាប់​យាយៗ​ ដូច​ខ្ញុំ​ជំនាន់​មុន។​អ្នក​មាន​គុណ។​ នាង​ខ្ញុំ​នៅ​ទី​ហ្នឹងគេ​យក​ទៅ​វ៉ៃ​ចោល​ បាន​បួន​សួង​សម្ដេច​តា​ ទើប​បាន​រួច​ខ្លួន។​ ​ ខ្ញុំ​កាន់​ទុក្ខ​ កោរ​សក់ថ្វាយ​ទៀត»។​

​អ្នក​ស្រី​ទិត្យ​ ណារីនអាយុ​ ៥៣​ឆ្នាំ មក​ពី​សង្កាត់ស្ទឹង​មានជ័យ​ដែរ​ បាន​រៀប​ចំ​ចង្ហាន់មួយ​ចំនួន​សម្រាប់​ប្រគេន​ដល់​ព្រះ​សង្ឃ​ដើម្បី​ឧទ្ទិសកុសល​ផល​បុណ្យ​ទាំង​អស់ទៅ​ដល់​អតីត​ព្រះ​មហា​ក្សត្រ។​

«ដើម្បី​រំឭក​ដល់​គុណ​បំណាច់​របស់​ព្រះអង្គ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ឯករាជ្យ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រជា​រាស្ត្រ​មាន​សេចក្ដី​សុខ​គ្រប់ៗ​គ្នា»។​ ​

ក្នុង​វ័យ​៥៧ឆ្នាំ អ្នក​ស្រី​ប៉ុន​ ពៅ​បាន​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ស្ពឺ​ឡើង​មក​ទីក្រុង​ភ្នំពេញ​ជាមួយស្ត្រី​វ័យ​ចំណាស់ៗ​ច្រើន​នាក់​ទៀត ក៏​ព្រោះ​តែ​ដើម្បី​ចូល​រួម​រំឭក​វិញ្ញាណ​ក្ខន្ធ​ និង​ឧទ្ទិស​កុសល​ដល់អតីត​ព្រះ​មហាក្សត្រ។​

«ឲ្យ​កុសល​ទាំងអស់​ហ្នឹង​បាន​ដល់​សម្ដេច​តា ​សម្ដេច​យាយ ឲ្យ​គាត់​បាន​សុខ​សប្បាយ​ដល់កូន​ចៅ​ទាំង​អស់​ហ្នឹង»។​

កំពុង​អង្គុយ​នៅ​ជ្រុង​ម្ខាង​លើ​សួន​ច្បារ​ទល់​មុខ​បរិវេណព្រះ​បរម​រាជវាំង​ អ្នក​ស្រីវ៉ិត គឹមឡឹង​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​កណ្ដាល។

ពាក់​អាវ​ពណ៌​ស​ ស្ត្រី​រូប​នេះបាន​ធ្វើដំណើរ​តាម​រថយន្ត​ឈ្នួល​តាំង​តែ​ពី​ម៉ោង​ប្រាំ​កន្លះ​ទៀប​ភ្លឺជាមួយ​អ្នក​ស្រុក​ប្រមាណ​៣០​នាក់​ទៀត។​ អ្នក​ស្រី​ចង់​មក​គោរពព្រះ​វិញ្ញាណ​ក្ខន្ធ​អតីត​ព្រះ​មហា​វីរៈក្សត្រ។​

អ្នកស្រី​ វ៉ិត គឹមឡឹង​នៅ​ចង​ចាំ​នូវ​គុណ​សម្បត្តិ​របស់​ព្រះអង្គ​នៅ​ឡើយ។​

«មក​នេះ​ដើម្បី​មក​គោរព​ខួប​សម្ដេច​តាគម្រប់​២​ឆ្នាំ។​ គាត់​ជាព្រះ​បិតាជាតិ»។​

ដោយ​ឡែក​ ព្រះ​តេជគុណ​គង់​ រ៉ាដេត ព្រះ​សង្ឃ​គង់​ក្នុង​វត្ត​ឧណ្ណាលោម មាន​សង្ឃដីកា​ថា ​ប្រជា​ពលរដ្ឋ​ដែល​មាន​ច្រើន​កុះករ ​ឡើង​មក​ធ្វើ​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ដល់​អតីត​ព្រះ​មហា​ក្សត្រគឺ​ដោយសារ​ម្នាក់ៗ​យល់​ថា​ ព្រះ​អង្គ​គឺ​ជា​និម្មិត​រូបនៃ​ជាតិ​កម្ពុជា។

«ថ្ងៃ​នេះ​ពុទ្ធបរិស័ទ​ទាំងអស់​លោក​មាន​ចិត្ត​ជ្រះថ្លាមក​ពី​គ្រប់​ទិសទី​ ព្រះសង្ឃ​ក៏​បាន​មក​ចូលរួមដើម្បី​ជា​កិច្ច​ឧទ្ទិស​នូវ​បុណ្យ​កុសល​ទាំង​អស់ដែល​លោក​បាន​ដឹង​គុណ​ជូន​ដល់​ព្រះ​មហា​ក្សត្រ​ដែល​បាន​បូជា​ទាំង​កម្លាំង​កាយ ​ចិត្ត​សម្រាប់​ប្រទេស​ជាតិ។​

អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហនុ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចាត់​ទុក​ថា​ ជា​ឥស្សរជន​ដ៏​ល្បីល្បាញ​ និង​គួរ​ឲ្យ​គោរព។ ​ស្នា​ព្រះ​ហស្ត​សំខាន់ៗ​របស់​ព្រះ​អង្គមាន​ដូចជា​ការទាមទារ​ឯករាជ្យ​ពេញលេញឲ្យ​កម្ពុជា​ពី​អាណានិគម​និយម​បារាំងក្នុង​ឆ្នាំ​១៩៥៣​និង​ការ​កសាង​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​រុងរឿង​មួយ​ក្នុង​អំឡុង​ឆ្នាំ​ ១៩៥០និង១៩៦០។​

ការ​យាង​ចូល​ទីវង្គត​របស់​ព្រះអង្គ​បាន​ក្លាយ​ជា​ទិវា​បុណ្យ​ជាតិ​មួយ។​ មន្ត្រី​រាជការ​និង​ក្រុមហ៊ុន​ឯកជន​នានា​តម្រូវ​ឲ្យ​ឈប់​សម្រាក​នៅ​ថ្ងៃ​នេះ៕

XS
SM
MD
LG