ការបង្កើតទិវាជាតិនៃការចងចាំ ដោយកំណត់យកថ្ងៃទី២០ ខែឧសភា ជាថ្ងៃឈប់សម្រាកជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ គឺជាផ្នែកមួយនៃសំណងរដ្ឋប្បវេណីបែបសមូហភាព ដែលផ្តល់ដោយសាលាក្តីខ្មែរក្រហម។ នេះបើតាមការបញ្ជាក់របស់លោក នេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
ការបញ្ជាក់របស់លោក នេត្រ ភក្រ្តា ធ្វើឡើងបន្តាប់ពី រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីទិវាជាតិនៃការចងចាំ ដែលចុះហត្ថលេខា និងត្រានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការបង្កើតថ្ងៃនៃការចងចាំគឺដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម (ECCC) ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា អនុក្រឹត្យស្តីពីទិវានៃការចងចាំដែលចេញដោយរដ្ឋាភិបាលគឺជាសំណងរដ្ឋប្បវេណីមួយសម្រាប់ជនរងគ្រោះដែលជាដើមបណ្តឹងក្នុងសំណុំរឿង០០២/០១ បន្ទាប់ពីជនរងគ្រោះបានស្នើទៅតុលាការសាលាក្តីខ្មែរក្រហម ក្នុងពេលកន្លងមក។ លោកបន្ថែមថា ទិវានៃការចងចាំនេះគឺជាសំណងសមូហភាពមួយក្នុងចំណោមសំណងសមូហភាពផ្សេងទៀត ដែលបានផ្តល់ដោយសាលាក្តីខ្មែរក្រហម ជូនដល់ជនរងគ្រោះទាំងឡាយក្នុងរបបអាវខ្មៅខ្មែរក្រហម។
លោក នេត្រ ភក្រ្តា បញ្ជាក់ថា៖
«ជាផ្នែកមួយនៃសំណងក្នុងសំណុំរឿង០០២ វគ្គ១ ដែលជនរងគ្រោះបានស្នើសុំទៅកាន់តុលាការ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ទទួលបានសំណើពីខាងជនរងគ្រោះ តាមរយៈមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីជាតិ និងអន្តរជាតិ ក្រោមការសម្របសម្រួលរបស់អង្គភាពគាំពារជនរងគ្រោះហ្នឹងដើម្បីដាក់ថ្ងៃទី២០ឧសភា នេះ ជាទិវាជាតិនៃការចងចាំតែម្តង»។
របបកម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ដែលមានការគាំទ្រពីប្រទេសចិន និងប្រទេសកុម្មុយនិស្តមួយចំនួន បានគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីខែមេសាឆ្នាំ ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។ របបកុម្មុយនីស្តមួយនេះត្រូវបានគេស្តីបន្ទោសថា បានសម្លាប់ពលរដ្ឋខ្មែរជិត២លាននាក់ ដោយការកាប់សម្លាប់ ធ្វើទារុណកម្ម បង្អត់បាយ បង្ខំឱ្យពលរដ្ឋខ្មែរធ្វើការហួសកម្លាំងជាដើម។
សាលាក្តីខ្មែរក្រហមត្រូវបានបង្កើតឡើងក្រោមជំនួយរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៦ ក្នុងគោលបំណងស្វែងរកការណ៍ពិត និងយុត្តិធម៌ ចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដឹកនាំដោយបក្សកុម្មុយនីស្តកម្ពុជា ឬដែលគេស្គាល់ថា ជាក្រុមខោអាវខ្មៅខ្មែរក្រហម។
សាលាក្តីខ្មែរក្រហមបានជំនុំជម្រះ និងផ្តល់សំណងដល់ដើមបណ្តឹងរដ្ឋប្បវេណីជាសំណងផ្លូវចិត្ត និងសំណងសមូហភាពផ្សេងៗ។ បើទោះបីជាសាលាក្តីខ្មែរក្រហមបានសម្រេចផ្តល់ជាសំណងសមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណីដែលជាជនរងគ្រោះក្នុងរបបខ្មែរក្រហមក៏ដោយ ប៉ុន្តែក្រុមដើមបណ្តឹងរដ្ឋប្បវេណីជាច្រើននៅតែទាមទារឲ្យតុលាការផ្តល់សំណងដល់បុគ្គល ជាទឹកប្រាក់សម្រាប់ជនរងគ្រោះម្នាក់ៗ។
អនុក្រឹត្យស្តីពីទិវាជាតិនៃការចងចាំ ដែលមាន៤មាត្រា បានបញ្ជាក់ក្នុងមាត្រា១ថា រដ្ឋាភិបាលសម្រេចកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជា«ទិវាជាតិនៃការចងចាំ»ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ខែមករាឆ្នាំ១៩៧៩។
អនុក្រឹត្យដដែលបន្ថែមថា ទិវាជាតិនៃការចងចាំនេះធ្វើឡើងដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី។
មាត្រា២នៃអនុក្រឹត្យនេះចែងក្នុងន័យដើមថា៖
«ទិវាជាតិនៃការចងចាំនេះត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនា ឬទំនៀមទម្លាប់របស់ខ្លួន ក្នុងគោលបំណង ដូចមានចែងក្នុងមាត្រា១ខាងលើ»។
លោក ប៊ូ ម៉េង តំណាងដើមបណ្តឹងរដ្ឋប្បវេណី ប្រាប់ VOA ថា អនុក្រឹត្យស្តីពីទិវានៃការចងចាំដែលចេញដោយរដ្ឋាភិបាល និងសំណងរដ្ឋប្បវេណីសមូហភាពផ្សេងទៀត អាចប៉ះប៉ូវផ្លូវចិត្តរបស់លោកបានតិចតួចប៉ុណ្ណោះ។ លោកបន្ថែមថា លោកនៅតែបន្តទាមទារឲ្យមានសំណងជាថវិកាដល់បុគ្គល ឲ្យដូចករណីសំណងផ្តល់ដល់ជនរងគ្រោះនៃការរត់ជាន់គ្នាលើស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០។
លោកមានប្រសាសន៍ថា៖
«ខ្ញុំយល់ថា វាមិនបានអីដល់ជនរងគ្រោះទេ។ អាហ្នឹងវាគ្រាន់តែការចងចាំ។ ខ្ញុំចង់បានសំណង សំណងជាលុយកាក់ ដើម្បីឲ្យជនរងគ្រោះហ្នឹងមានទឹកចិត្តក្នុងការបំភ្លេចនូវឧក្រិដ្ឋកម្មរបស់ ប៉ុល ពត ហ្នឹង»។
យ៉ាងណាក៏ដោយ លោក នេត្រ ភក្រ្តាឲ្យដឹងថា សំណងដែលផ្តល់ដល់ជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណីគឺសុទ្ធតែជាសំណងសមូហភាព មិនមានសំណងណាមួយសងទៅបុគ្គល តាមការស្នើសុំពីជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួននោះទេ។ លោកបន្ថែមថា សំណងសមូហភាពដែលបានផ្តល់ចំពោះមុខសាលាក្តីក្នុងពេលកន្លងមក មានដូចជា ការទទួលស្គាល់ជនរងគ្រោះជាដើមបណ្តឹង ការស្តារសម្បទាឡើងវិញ ការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធ ការបញ្ចូលកម្មវិធីផ្សព្វផ្សាយ និងអប់រំ ផ្សះផ្សាផ្លូវចិត្តពាក់ព័ន្ធនឹងរបបកម្ពុជាប្រជាធិបតេយ្យជាដើម។
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍បន្ថែមថា៖
«ចំពោះសំណើរបស់ជនរងគ្រោះមួយចំនួន ស្នើសុំសំណងជាបុគ្គល គឺជាសិទ្ធិរបស់ពួកគាត់។ ក៏ប៉ុន្តែវិធានផ្ទៃក្នុង ក៏ដូចជាច្បាប់របស់សាលាក្តីខ្មែរក្រហម គឺយើងមិនមានសំណងជាបុគ្គលទេ គឺយើងមានតែសំណងតែពីរទេ គឺសំណងផ្លូវចិត្ត និងសំណងសមូហភាព។ ដូច្នេះសម្រាប់ការសុំសំណងជាកញ្ចប់ថវិកាសម្រាប់បុគ្គលម្នាក់ៗដែលជាជនរងគ្រោះហ្នឹង គឺតុលាការមិនមានទេ»។
សាលាក្តីខ្មែរក្រហម ដែលកំពុងបន្តការជំនុំជម្រះទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងសំណុំរឿង០០២ វគ្គ២ លើបទឧក្រិដ្ឋធ្ងន់ធ្ងរជាច្រើនទៀត បានកាត់ទោសមេដឹកនាំខ្មែរក្រហមពីរនាក់គឺ នួន ជា បងធំទី២ និងជាអតីតប្រធានរដ្ឋសភា និង ខៀវ សំផន អតីតប្រមុខរដ្ឋ ឲ្យជាប់ពន្ធនាគារមួយជីវិតក្នុងសំណុំរឿង០០២ វគ្គ១ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។ សាលាក្តីកូនកាត់មួយនេះក៏កំពុងតែចាត់ការកាត់ក្តីសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងមេដឹកនាំថ្នាក់ក្រោម ឬថ្នាក់តំបន់នៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរ៕