ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិព័រណ៍​ពី​របប​ខ្មែរ​ក្រហម​ក្នុង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​អាមេរិក​ផ្តល់​មេរៀន​ដល់​ភ្ញៀវ​ទស្សនា​ជាង​១លាននាក់


ពិព័រណ៍ «ខ្ញុំ​ចង់​បាន​យុត្តិធម៌!» ស្ថិត​នៅ​ជាន់​ទី២ នៃ​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ពិព័រណ៍​នេះ​តាំង​បង្ហាញ​ពី​កិច្ច​ខិត​ខំប្រឹងប្រែង​ក្នុង​ការ​នាំ​ខ្លួន​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​និង​កាប់​សម្លាប់​យ៉ាង​រង្គាល​មក​កាត់​ទោស។ (ស្រេង លក្ខិណា/VOA)
ពិព័រណ៍ «ខ្ញុំ​ចង់​បាន​យុត្តិធម៌!» ស្ថិត​នៅ​ជាន់​ទី២ នៃ​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ពិព័រណ៍​នេះ​តាំង​បង្ហាញ​ពី​កិច្ច​ខិត​ខំប្រឹងប្រែង​ក្នុង​ការ​នាំ​ខ្លួន​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​និង​កាប់​សម្លាប់​យ៉ាង​រង្គាល​មក​កាត់​ទោស។ (ស្រេង លក្ខិណា/VOA)

ការ​តាំង​ពិព័រណ៍​អំពី​របប​ខ្មែរ​ក្រហម​ដ៏​គួរ​ឲ្យ​រន្ធត់​នៅ​ក្នុង​សារមន្ទីរ​ចងចាំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​របស់​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី៣០ ខែកញ្ញា ខាង​មុខ​នេះ។ ត្រឹម​ពេល​នោះ ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ជាង​១លាន​នាក់​​នឹង​បាន​យល់​ដឹង​អំពី​សោកនាដកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ។

ខណៈ​ពេល​ដែល​អ្នក​ដំណើរ​នាំ​គ្នា​ចូល​ទស្សនា​សារមន្ទីរ​ចងចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​អាមេរិក​ US Holocaust Memorial Museumអ្នក​ដំណើរ​មួយ​ចំនួន​នាំ​គ្នា​ពិនិត្យ​មើល​ពិព័រណ៍​ពិសេស​អំពី​សោកនាដកម្ម​មួយ​ក្នុង​ចំណោម​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​សតវត្សរ៍​ទី២០ គឺ​ពិព័រណ៍​ស្តីពី​របប​ខ្មែរ​ក្រហម​ដ៏​គួរ​ឲ្យ​រន្ធត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី Helen Wedgewood គឺ​ជា​ពលរដ្ឋ​អាមេរិកាំង​មួយ​រូប​ក្នុង​ចំណោម​ភ្ញៀវ​ទស្សនា​ទាំង​នោះ។ បន្ទាប់​ពី​អ្នកស្រី​បាន​ឃើញ​រូប​ថត​ដ៏​គួរ​ឲ្យ​សោក​សង្រេង​និង​បាន​ទស្សនា​វីដេអូ​ឯកសារ​ខ្លី​មួយ​នៅ​ក្នុង​សារមន្ទីរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ វា​បាន​ធ្វើ​ឲ្យ​អ្នកស្រី​មិន​អាច​ទប់​ទឹកភ្នែក​បាន។

អ្នកស្រី Wedgewood ជា​គិលានុបដ្ឋាយិកា​មួយ​រូប​មក​ពី​ទីក្រុង Apache Junction រដ្ឋ Arizona បាន​ថ្លែង​ថា៖«ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍សោកស្តាយ​ណាស់​ដែល​មាន​រឿង​បែប​នេះ​កើតឡើង។ ខ្ញុំស្មាន​មិន​ដល់​ថា នៅ​ពេល​ដែល​រឿង​នេះ​កំពុង​កើត​មាន​ឡើង ​គ្មាន​នរណា​ម្នាក់​ដឹង​ពី​រឿង​នេះ ហើយប្រសិន​បើ​ពួក​គេ​ដឹង ហើយពួក​គេ​មិន​ខ្វល់​នឹង​ជួយ​ទៀត​នោះ»។

អ្នកស្រី Wedgewood បាន​ថ្លែង​បន្ត​ថា៖

«ខ្ញុំ​សង្ឃឹម​ថា អ្នក​ដែល​រួច​ជីវិត​ទាំង​នោះ​អាច​រក​បាន​សន្តិភាព បើ​ទោះ​បី​ជា​ពួកគេ​មិន​អាច​រក​បង​ប្អូន​សាច់ញាតិ​របស់​ពួកគេ​ឃើញ​ក៏​ដោយ។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ពួកគេ​អាច​រក​បាន​សន្តិភាព។ វា​ពិត​ជា​រន្ធត់​ដែល​បាន​ស្តាប់​រឿងរ៉ាវ​ទាំង​អស់​នេះ»។​

អ្នកស្រី Helen Wedgewood ពលរដ្ឋ​អាមេរិកាំង​មក​ពី​ទីក្រុង Apache Junction រដ្ឋ Arizona បាន​អញ្ជើញ​មក​ទស្សនា​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អំឡុង​ពេល​ទិវា Memorial Day កាលពី​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA Khmer)
អ្នកស្រី Helen Wedgewood ពលរដ្ឋ​អាមេរិកាំង​មក​ពី​ទីក្រុង Apache Junction រដ្ឋ Arizona បាន​អញ្ជើញ​មក​ទស្សនា​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អំឡុង​ពេល​ទិវា Memorial Day កាលពី​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA Khmer)

យុវជន​ជន​ជាតិ​វៀតណាម​ឈ្មោះ Ted Nguyen ដែលធ្វើ​ដំណើរ​មក​លេង​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ក្រុមគ្រួសារ​បាន​ថ្លែង​ប្រាប់​ VOA ក្នុង​អំឡុង​ពេល​លោក​កំពុង​ទស្សនា​ពិព័រណ៍​អំពី​របប​ខ្មែរ​ក្រហម​ក្នុង​សារមន្ទីរ​នេះ​ថា លោក​បាន​រៀន​ច្រើន​អំ​ពី​សោកនាដកម្ម​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ជិត​ខាង​របស់​លោក​ពី​សារមន្ទីរ​នេះ។

«បើ​ទោះ​បី​ជា​យើង​ជា​ប្រទេស​ជិត​ខាង​ក៏​ដោយ ក៏​ខ្ញុំ​មិន​បាន​ដឹង​រឿង​ទាំង​នេះ​ច្បាស់​នោះ​ទេ។ យើង​ត្រូវ​ការ​ការ​តាំង​ពិព័រណ៍​បែប​នេះ​ច្រើន​ទៀត​ដើម្បី​ជួយ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​យល់​ដឹង​និង​ចងចាំ​អំពី​ប្រវត្តិសាស្ត្រ​មួយ​នេះ»។

អ្នកស្រី​ Wedgewood និង​លោក Nguyen ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ទស្សនា​ប្រមាណ ១លាន២សែន​នាក់ ​ដែល​បាន​ទស្សនា​ពិព័រណ៍​ឈ្មោះ​ថា «កម្ពុជា​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩»​ និង​ពិព័រណ៍​មួយ​ទៀត​ «ខ្ញុំ​ចង់​បាន​យុត្តិធម៌!» ចាប់​តាំង​ពី​ពិព័រណ៍​ទាំង​នេះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​កាល​ពី​ខែ ឧសភា ឆ្នាំ២០១៥។ នេះ​បើ​យោង​តាម​មន្ត្រី​សារមន្ទីរ។ ចំណែក​ឯ​ពិព័រណ៍​នៅ​លើ​គេហទំព័រ​របស់​សារមន្ទីរ​នេះ​វិញ​ត្រូវ​បាន​ភ្ញៀវ​ទស្សនា​ជាង ៨៣,០០០ នាក់​ចូល​ទស្សនា​ជាង​២សែន​ដង បើយោង​តាម​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​នៅ​សារមន្ទីរ​នេះ។

ពិព័រណ៍​របស់​កម្ពុជាត្រូវ​បាន​តាំង​បង្ហាញ​ជាមួយ​នឹង​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​សារមន្ទីរ​នេះ​គឺ​ពិព័រណ៍​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​ជី្វហ្វ​ ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី២ ប៉ុន្តែ​ពិព័រណ៍​អំពី​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ខាង​មុខ​នេះ​ហើយ។ នេះ​បើយោង​តាម​មន្ត្រី​សារមន្ទីរ​ដែល​បាន​ប្រាប់​ VOA។

វីដេអូ​ផ្តល់​ដោយសារមន្ទីរ​ចងចាំ​អំពើប្រល័យ​ពូជសាសន៍អាមេរិក​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ការ​ព្រមាន​ពី​ប្រវត្តិសាស្ត្រ

លោក Cameron Hudson នាយក​មជ្ឈមណ្ឌល Simon Skjodt ដើម្បី​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នៃ​សារមន្ទីរ​នេះ​បាន​ថ្លែង​ថា ពិព័រណ៍​អំពី​កម្ពុជា​បាន​ជួយ​អប់រំ​ភ្ញៀវ​ទស្សនា​អំពី​ការ​ពិត​ដែល​ថា អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល​ពិត​ជា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ពិភពលោក​យើង​នេះ​នៅ​ក្នុង​សតវត្សរ៍​២០ ហើយ​អាច​នឹង​កើត​មាន​ឡើង​ម្តង​ទៀត​ លុះ​ត្រា​តែ​មាន​ការ​ទប់​ស្កាត់​បាន​ល្អ។

«សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​ដែល​ទស្សនា​សារមន្ទីរ​នេះ វា​គឺ​ជាចំណេះ​ដឹង​ថ្នាក់​មូលដ្ឋាន​អំពី​អ្វី​ដែល​បាន​កើត​មានឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត សារមន្ទីរ​នេះ​ផ្តល់​ជា​សារ​ដ៏​ជ្រាលជ្រៅ​ថា អំពើ​ប្រល័យ​ពូជសាសន៍​មិន​មែន​បញ្ចប់​ត្រឹម​អំពើ​ប្រល័យ​ពូជសាសន៍​សម្លាប់​ជនជាតិ​ជី្វហ្វ​នោះ​ទេ ហើយ​ការ​សម្លាប់​ពូជសាសន៍​ជី្វហ្វ​ក៏​មិន​មែន​ជា​អំពើ​ប្រល័យ​ពូជសាសន៍​តែ​មួយ​គត់​ដែល​ធ្លាប់​កើត​មាន​ឡើង​នោះ​ទេ ពីព្រោះ​ថា យើង​អាច​នឹង​បន្ត​ប្រព្រឹត្ត​កំហុស​ពី​អតីត​កាល​នេះ»។

លោក Hudson បាន​ថ្លែង​បន្ត​ថា៖

«ផ្នែក​មួយ​នៃ​គោលដៅ​របស់​សារមន្ទីរ​របស់​យើង​គឺ​ដើម្បី​លើក​ឡើង​ពី​អារម្មណ៍​ទាំង​អស់​នេះ អារម្មណ៍​ដែល​រដ្ឋាភិបាល​គួរ​ទប់​ស្កាត់​និង​ឆ្លើយ​តប»។

លោក Cameron Hudson នាយក​មជ្ឈមណ្ឌល​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នៃ​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)
លោក Cameron Hudson នាយក​មជ្ឈមណ្ឌល​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នៃ​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

លោក Greg Naranjo អ្នក​អភិរក្ស​ពិព័រណ៍​កម្ពុជា​នៅ​ក្នុង​សារមន្ទីរ​នេះ យល់​ស្រប​ថា សោកនាដកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម​បាន​ផ្តល់​មេរៀន​ដ៏​សំខាន់​ដល់​សាធារណជន​អាមេរិកាំង។

«ចំណេះដឹង​និង​ស្មារតី​ប្រុង​ប្រយ័ត្ន​គឺ​ជា​ចំណុច​សំខាន់​បំផុត​ដែល​យើង​អាច​ជួយ​ជ្រោមជ្រែង​ដល់​ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​ជា​ទូទៅ»។

ពលរដ្ឋ​អាមេរិកាំង​ដែល​ទស្សនា​ការ​តាំង​ពិព័រណ៍​ទាំង​នេះ​បាន​ថ្លែង​ថា ពួកគេ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​ប្រវត្តិសាស្ត្រ​ដ៏​សោកសង្រេង​របស់​ប្រទេស​ខ្លួន​ត្រូវ​បាន​តាំង​បង្ហាញ​ដល់​ភ្ញៀវ​ទស្សនា​ជា​ច្រើន​នាក់។

លោក បាវ បេន អាយុ៦៦ឆ្នាំ​ ដែល​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ហើយ​បច្ចុប្បន្ន​គឺ​ជា​ប្រធាន​សមាគម​ ទិវា​សហគមន៍​ខ្មែរ (Cambodian Community Day) ដែល​ជា​សមាគម​វប្បធម៌ អប់រំ និង​សង្គម​នៅ​ក្នុង​តំបន់​រដ្ឋធានីវ៉ាស៊ីនតោន ដែល​រួម​បញ្ចូល​ផ្នែក​ខ្លះ​នៃ​រដ្ឋ Virginia និង​រដ្ឋ Maryland បាន​មាន​ប្រសាសន៍​ថា៖

«វា​ជា​ការ​រំឭក​មួយ​ក្នុង​ន័យ​ល្អ ថា​ធ្វើ​យ៉ាង​ម៉េច​ឲ្យខ្មែរ​ឬ​ក៏​ប្រជាជន​ក្នុង​ពិភពលោក​ទូទៅ​ហ្នឹង​ជៀស​វាង​ការ​កាប់​សម្លាប់​រង្គាល»។

ការ​ពន្យល់​ពី​ហេតុការណ៍​ដ៏​រន្ធត់

​ពិព័រណ៍​ឈ្មោះថា​ «កម្ពុជា​ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩» ពិនិត្យ​ទៅ​លើ​សកម្មភាព​កាប់​សម្លាប់​ដ៏​សាហាវ​ដោយ​កង​កម្លាំង​ប៉ុលពត​ដែល​ធ្វើ​តាម​លទ្ធិ​ម៉ៅ ដើម្បី​បង្កើត​រដ្ឋ​ថ្មី​មួយ ហៅ​ថា «កម្ពុជា​ប្រជាធិបតេយ្យ» ដែល​ជា​សង្គម​មួយ​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​និង​ជា​រដ្ឋ​ឯករាជ្យ​មិន​ពឹងផ្អែក​លើ​ពិភព​ខាង​ក្រៅ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ពួក​ខ្មែរ​ក្រហម​បាន​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ អ្នក​រស់​នៅ​ភ្នំពេញ​ប្រមាណ២លាន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​ជន​បទ ដើម្បី​ចូលរួម​ជាមួយ​នឹង​ពលរដ្ឋ​រាប់​លាន​នាក់​ទៀត​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​លើក​ដី​ធ្វើ​ទំនប់​និង​ធ្វើ​ស្រែ​ចម្ការ។ របប​ដ៏​សាហាវ​យង់ឃ្នង​ដែល​មាន​ចិន​នៅ​ពី​ក្រោយ​នេះ ក៏​មាន​មជ្ឈមណ្ឌល​សួរ​ចម្លើយ​រាប់​សិប​កន្លែង​ផង​ដែរ ដែល​មនុស្ស​រាប់​ម៉ឺននាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​និង​ត្រូវ​បាន​កាប់​សម្លាប់​យ៉ាង​សាហាវ​ឃោរឃៅ​ ដែល​ជា​ញឹកញាប់​ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់​លាស់។

ពិព័រណ៍ «កម្ពុជា​ ពី​ឆ្នាំ​១៩៧៥ ដល់ឆ្នាំ១៩៧៩» បង្ហាញ​ពី​សកម្មភាព​កាប់​សម្លាប់​ដ៏​សហាវ​ឃោរឃៅ​របស់​ពួក​ខ្មែរក្រហម ដើម្បី​បង្កើត​រដ្ឋ​ថ្មី​ «កម្ពុជា​ប្រជាធិបតេយ្យ» ក្នុង​ សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA Khmer)
ពិព័រណ៍ «កម្ពុជា​ ពី​ឆ្នាំ​១៩៧៥ ដល់ឆ្នាំ១៩៧៩» បង្ហាញ​ពី​សកម្មភាព​កាប់​សម្លាប់​ដ៏​សហាវ​ឃោរឃៅ​របស់​ពួក​ខ្មែរក្រហម ដើម្បី​បង្កើត​រដ្ឋ​ថ្មី​ «កម្ពុជា​ប្រជាធិបតេយ្យ» ក្នុង​ សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA Khmer)

គេ​បាន​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​កម្ពុជា​ប្រមាណ១លាន៧សែន​នាក់​ ដែល​ស្ទើរ​តែ​១ភាគ៥​នៃ​ពលរដ្ឋ​សរុប​នៅ​ពេល​នោះ បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺ ភាព​អត់​ឃ្លាន ភាព​នឿយហត់​និង​ការ​កាប់​សម្លាប់ បើ​ទោះ​បី​ជា​ក្រុម​ប្រវត្តិវិទូ​មាន​ការ​លំបាក​ក្នុង​ការកំណត់​យក​នូវ​ចំនួន​មនុស្ស​ស្លាប់​ពិត​ប្រាកដ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ គ្រប់​ក្រុម​គ្រួសារ​សុទ្ធ​តែ​មាន​រឿង​រ៉ាវ​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​ត្រូវ​បាន​សម្លាប់​ឬ​បាត់​ខ្លួន។

ភ្ញៀវ​ទស្សនា​កំពុង​មើល​វីដេអូ​ឯកសារ​អំពី​សវនការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ នៅ​ក្នុង​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។(ស្រេង លក្ខិណា/VOA)
ភ្ញៀវ​ទស្សនា​កំពុង​មើល​វីដេអូ​ឯកសារ​អំពី​សវនការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ នៅ​ក្នុង​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។(ស្រេង លក្ខិណា/VOA)

ពិព័រណ៍​មួយ​ផ្សេង​ទៀត​គឺ​ពិព័រណ៍ «ខ្ញុំចង់​បាន​យុត្តិធម៌!» ដែល​ស្ថិត​នៅ​ជាន់​ទី២​នោះ ពិនិត្យ​ទៅ​លើ​ប្រវត្តិសាស្ត្រ​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​នាំ​ខ្លួន​ឧក្រិដ្ឋជន​នៃ​របប​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​ដ៏​រង្គាល​នេះ​មក​កាត់​ទោស។

ពិព័រណ៍​នេះ​ផ្តោត​ទៅ​លើ​ផ្នែក​ធំ​មួយ​របស់​កម្ពុជា​ដែល​ប៉ុនប៉ង​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​មាន​អាយុ​កាន់​តែ​ចាស់​ទាំង​នោះ នៅ​ក្នុង​តុលាការ​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ ពិព័រណ៍​នេះ​ក៏​បាន​ផ្តោត​ចំណាប់​អារម្មណ៍​ទៅ​លើ​វិធី​ផ្សេងៗ​ដែល​ក្រុម​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ស្វែង​រក​យុត្តិធម៌​តាម​របៀប​ផ្សេង​ទៀត​ មិន​ថា​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់​ តាម​រយៈ​វប្បធម៌​ឬ​ប្រវត្តិសាស្ត្រ​នោះ​ទេ។

ក្រុម​អ្នក​រៀបចំ​ការ​តាំង​ពិព័រណ៍​

លោក Michael Abramowitz ធ្លាប់​ជា​នាយក​វិទ្យាស្ថាន Levine សម្រាប់​ការ​អប់រំ​ស្តីពី​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​សារមន្ទីរ​ចងចាំ​អំពើ​ប្រល័យ​ពូជសាសន៍​អាមេរិក​នេះ​រហូត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ហើយ​លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀប​ចំ​ពិព័រណ៍​របស់​កម្ពុជា​នេះ​ឡើង។

លោក Abramowitz ដែល​បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ Freedom House បាន​ថ្លែង​ថា វា​មាន​សារៈសំខាន់​ក្នុង​ការ​តាំង​បង្ហាញ​អំពី​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​សារមន្ទីរ​នេះ។ កាលពី​ពេល​ថ្មីៗ​នេះ​លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖

«បើ​យោង​តាម​ចំនួន​ បើយោង​តាម​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប របប​នេះ​គឺ​ជា​របប​មួយ​ក្នុង​ចំណោម​របប​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​សតវត្សរ៍​ទី២០​នេះ ដែល​រដ្ឋ​ជា​អ្នក​កាប់​សម្លាប់​ពលរដ្ឋ​»។

«ខ្ញុំ​គ្រាន់​តែ​គិត​ថា​ វា​មាន​សារៈ​សំខាន់​សម្រាប់​យើង​ ចំពោះ​ករណី​ទាំង​អស់​នេះ វា​បាន​រំឭក​ដល់​យើង​គ្រប់​គ្នា​ថា អំពើ​ប្រល័យ​ពូជសាសន៍​តែង​តែ​អាច​កើត​មាន​ឡើង។ យើង​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​ព្យាយាម​ទប់​ស្កាត់​វា​កុំ​ឲ្យ​កើត​មាន​ឡើង​ម្តង​ទៀត​នា​ពេល​អនាគត ដោយ​ដឹង​ពី​ផល​ប៉ះពាល់​របស់​វា​ពី​អតីតកាល»។

លោក Michael Abramowitz គឺ​ជា​អតីត​នាយក​វិទ្យាស្ថាន Levine សម្រាប់ការ​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៃ​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​និង​បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ Freedom House នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA Khmer)
លោក Michael Abramowitz គឺ​ជា​អតីត​នាយក​វិទ្យាស្ថាន Levine សម្រាប់ការ​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៃ​សារមន្ទីរ​ចង​ចាំ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​សហរដ្ឋអាមេរិក​និង​បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ Freedom House នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA Khmer)

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា DC-Cam នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តល់​ឯកសារ​ភាគ​ច្រើន​សម្រាប់​ពិព័រណ៍​ទាំង​នេះ​ បាន​កោត​សរសើរ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​លោក Abramowitz ហើយ​លោក​ក៏​បាន​កោត​សរសើរ​អតីត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​គឺ​លោក Joseph Mussomeli ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ​ដែរ។

លោក​ឆាំង យុ​ បាន​ប្រាប់ VOA តាម​អ៊ីម៉ែល​ថា៖«បើ​មិន​មាន​អ្នក​ទាំង​ពីរ​នោះ​ទេ ខ្ញុំ​គិត​ថា ពិព័រណ៍​ទាំង​នេះ​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ»។

លោក​ឯកអគ្គរដ្ឋទូត​ Mussomeli បាន​ថ្លែង​ថា លោក​គាំទ្រ​ការ​តាំង​ពិព័រណ៍​នេះ​ ពីព្រោះ​ពិព័រណ៍​ទាំង​នេះ​អាច​អប់រំ​សាធារណជន​អាមេរិកាំង ហើយ​លោក​បាន​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​តាំង​ពិព័រណ៍​នេះ​ ក៏​ដូច​ជា​ការ​ផ្តួចផ្តើម​ផ្នែក​អប់រំ​ផ្សេងៗ​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ផង​ដែរ។

«យើង​មិន​គួរ​ឲ្យ​ការ​រស់​នៅ​របស់​យើង​សព្វថ្ងៃ​ធ្វើ​ឲ្យ​យើង​ភ្លេច​ពី​អតីតកាល​នោះ​ទេ ពី​ព្រោះ​អតីត​កាល​គឺ​ជា​មូលដ្ឋាន​សម្រាប់​ពេល​អនាគត។ កម្ពុជា​បាន​រង​ទុក្ខ​ជា​យូរ​មក​ហើយ ហើយ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​ដល់​ថ្នាក់​ពួក​គេ​មិន​អាច​ទ្រាំទ្រ​ជាមួយ​នឹង​អតីត​កាល​បាន។ ប៉ុន្តែ​វា​មាន​សារៈ​សំខាន់​ដែល​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​រ៉ាវ​អាក្រក់ៗ​ដែល​បាន​កើត​មាន​ឡើង។ ខ្ញុំ​គិត​ថា ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​ភាព​ប្រសើរ​ និង​រឹងមាំ​ជាង​មុន»។

អតីតឯកអគ្គរដ្ឋទូតអាមេរិក Joseph Mussomeli ប្រចាំនៅកម្ពុជាពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំពិព័រណ៌អំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាទៅកាន់ សារមន្ទីរចងចាំអំពើប្រល័យពូជសាសន៍របស់សហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)
អតីតឯកអគ្គរដ្ឋទូតអាមេរិក Joseph Mussomeli ប្រចាំនៅកម្ពុជាពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំពិព័រណ៌អំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាទៅកាន់ សារមន្ទីរចងចាំអំពើប្រល័យពូជសាសន៍របស់សហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

ការ​ចង​ចាំ​ក្នុង​ប្រទេស​កម្ពុជា

រហូត​មក​ទល់​ពេល​នេះ ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ បាន​ជួយ​គាំទ្រ​មជ្ឈមណ្ឌល DC-Cam។ ចាប់​តាំង​ពី​ឆ្នាំ២០០៤មក នៅ​ពេល​ដែល​ទាយជ្ជទាន​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​មជ្ឈមណ្ឌល​នេះ ទីភ្នាក់ងារ USAID បាន​បរិច្ចាគ​ជិត​១០លាន​ដុល្លារ​ដល់​មជ្ឈមណ្ឌល​នេះ។ កាលពី​ខែ​មេសា ទីភ្នាក់ងារ USAID បាន​ផ្តល់​ថវិកា ៥លាន​៨សែន​ដុល្លារ បន្ថែម​ពី​លើ​ទាយជ្ជទាន​នេះ ដែល​នឹង​អាច​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល DC-Cam នេះ​មាន​ដំណើរការ​ប្រកប​ដោយ​ចីរភាព​សម្រាប់​រយៈ​ពេល​២០ឆ្នាំ​ត​ទៅ​មុខ​ទៀត។ នេះ​បើយោង​តាម​លោក ឆាំង យុ។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៥ ក្នុង​គោល​បំណង​សិក្សា​ស្រាវជ្រាវ​និង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម។ ព័ត៌មាន​ដែល​មជ្ឈមណ្ឌល​នេះ​រក​ឃើញ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​សារមន្ទីរ សាលារៀន និង​វិទ្យាសា្ថន​ផ្សេងៗ ខណៈ​ពេល​ដែល​ឯកសារ​របស់​មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ភស្តុតាង​នៅ​ក្នុង​អង្គជំនុំជម្រះ​កូន​កាត់​របស់​អង្គការ​សហប្រជាជាតិ​និង​កម្ពុជា។

លោក ឆាំង​ យុ​បាន​ថ្លែង​ថា គោល​បំណង​គឺ​ដើម្បី​អប់រំ​ពលរដ្ឋកម្ពុជា​និង​ពង្រឹង​ការ​យល់​ដឹង​និង​ការ​ពិភាក្សា​អំពី​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ហើយ​និង​តាម​រយៈ​ដំណើរ​ការ​នេះ​ដើម្បី​ជួយ​ផ្សះផ្សារ​ប្រជាជាតិ​ទាំង​មូល។

លោក​បាន​ថ្លែង​ថា សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ដ៏​សំខាន់​បំផុត​នោះ​គឺ​គារ​បង្កើត​មុខវិជ្ជា​នេះ​នៅ​ក្នុង​ថ្នាក់​វិទ្យាល័យ​និង​ថ្នាក់​មូលដ្ឋាន​នៅ​សកលវិទ្យាល័យ។​

«សិស្ស​ទាំង​អស់​ដែល​បាន​ទទួល​ការ​សិក្សា​បច្ចុប្បន្ន​នេះ​ នឹង​ក្លាយ​ជា​ប្រជា​ពលរដ្ឋ​ដែល​យល់​ច្បាស់​ ហើយ​និង​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ក្នុង​ការ​ការពារ​មិន​ឲ្យ​អំពើ​ប្រល័យ​ពូជ​សាសន៍​កើត​មាន​ឡើង»។

លោក​ថ្លែង​បន្ថែម​ថា អ្នក​នៅ​រស់រាន​មាន​ជីវិត​គួរ​អប់រំ​កូន​របស់​ពួក​គេ។

«ខ្ញុំ​គិត​ថា​ វា​ធ្វើ​ឲ្យ​ប្រទេស​ទាំង​មូល​មាន​ការ​ធូរ​ស្បើយ​ ហើយ​ធ្វើ​ឲ្យ​ការ​ចេះ​ដឹង​មាន​លក្ខណៈ​ធំធេង​តែ​ម្តង ពី​ព្រោះ​គ្មាន​គ្រូ​ណា​ពូកែ​ជាង​អ្នក​ដែល​បាន​ឆ្លង​កាត់​សម័យ​ខ្មែរ​ក្រហម​ទេ​បាទ​គឺ​ផ្ទាល់​តែ​ម្តង​ ដូច្នេះ​សូម​ចែក​រំលែក​ទៅ​កូន​ចៅ»។

លោក​បន្ត​ថា៖

«ខ្ញុំ​សូម​តាមរយៈ VOA គឺ​ថា​សូម​ឪពុក​ម្តាយ​ទាំង​អស់​ អ្នក​ដែល​បាន​ឆ្លង​កាត់​ទាំង​អស់​ យ៉ាង​ហោចណាស់​និយាយ​រឿង​រ៉ាយ​អ្វី​ដែល​ខ្លួន​បាន​ឆ្លងកាត់​ និយាយ​ប្រាប់​ទៅ​កូន ប្រាប់​ទៅ​ចៅ​ ប្រាប់​ទៅ​ក្មួយ»។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ នៅឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃ​ទី៨ ខែ​មេសា​ឆ្នាំ២០១៥។ (រូបថត​ផ្តល់​ដោយ​លោក ឆាំង​ យុ)
លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ នៅឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃ​ទី៨ ខែ​មេសា​ឆ្នាំ២០១៥។ (រូបថត​ផ្តល់​ដោយ​លោក ឆាំង​ យុ)

ការ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​អាមេរិក

សហរដ្ឋអាមេរិក​គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​ទៅ​លើ​សាលា​ក្តី​ខ្មែរ​ក្រហម​ ហើយ​គោល​នយោបាយ​ការ​បរទេស​របស់​អាមេរិក​តាំង​ពី​ទសវត្សរ៍​១៩៩០ រួម​បញ្ចូល​ការ​ទប់​ស្កាត់​អំពើ​សាហាវ​ឃោរឃៅ​និង​អំពើ​ប្រល័យ​ពូជ​សាសន៍។

ទោះ​ជា​យ៉ាង​ណា ក៏​មាន​ការ​ចោទ​ប្រកាន់​ដែល​ថា សហរដ្ឋអាមេរិក​បាន​ជួយ​តិចតួច​ប៉ុណ្ណោះ​ដើម្បី​បញ្ឈប់​របប​ខ្មែរ​ក្រហម​នៅ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម​កាន់​អំណាច​ ខណៈ​ពេល​ដែល​អ្នក​ខ្លះ​បាន​អះអាង​ថា វា​អាច​ជា​ការ​អនុញ្ញាត​មួយ។​

ក្រោយ​ឆ្នាំ១៩៧៩ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​យល់​ព្រម​ឲ្យ​ខ្មែរ​ក្រហម​អង្គុយ​នៅ​កៅអី​តំណាង​កម្ពុជា​ក្នុង​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ដាក់​ទោស​ទៅ​លើ​វៀតណាម ដែល​ជា​សម័្ពន្ធមិត្ត​របស់​សហភាព​សូវៀត​ ពី​បទ​ចូល​ឈ្លានពាន​និង​ផ្តួល​រំលំ​របប​នេះ។

លោក Hudson នាយក​មជ្ឈមណ្ឌល Simon Skjodt សម្រាប់​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​បាន​ថ្លែង​ថា ការ​តាំង​ពិព័រណ៍​ក៏​បាន​បង្ហាញ​ពីភាព​មិន​ស្រប​គ្នា​នៃ​សេចក្តី​សម្រេច​ទៅ​លើ​គោល​នយោបាយ​ការបរទេស​របស់​អាមេរិក​កាលពី​ទសវត្សរ៍១៩៧០ ផង​ដែរ។

«ដោយ​សារ​តែ​វា​មិន​មែន​ជា​ពេល​វេលា​ប្រកប​ដោយ​មោទនភាព​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង បើ​យោង​ទៅ​តាម​កង្វះ​ខាត​ការ​ឆ្លើយ​តប​ដែល​មាន​លក្ខណៈ​មុតមាំ​ ក្នុង​ការ​បញ្ឈប់​អ្វី​ដែល​យើង​ស្គាល់​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ឬ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ការ​ទន្ទឹង​រង់​ចាំ​ភាព​យុត្តិធម៌

​នៅ​កន្លែង​ពិព័រណ៍ «ខ្ញុំចង់​បាន​យុត្តិធម៌!» មាន​ការ​ចាក់​ជា​វីដេអូ​និង​សំឡេង​អំពី​ការ​កាត់​ក្តី​របស់​អង្គការ​សហប្រជាជាតិ​ ហើយ​វិធី​ផ្សេងៗ​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ព្យាយាម​ដើម្បី​ផ្សះផ្សារ​របួស​ផ្លូវ​ចិត្ត​របស់​ពួក​គេ។

បន្ទាប់​ពី​មាន​ការ​ចរចារ​អស់​ពេល​ជា​យូរ​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​បាន​បង្កើត​អង្គជំនុំ​ជម្រះ​ឡើង​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៧ មេដឹកនាំ​កំពូល​របស់​ពួក​ខ្មែរ​ក្រហម​ចំនួន​៥នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ប៉ុន្តែ​សាលាក្តី​មាន​ដំណើរ​ការ​ទៅ​មុខ​យឺត​ខ្លាំង ខណៈ​ពេល​ដែល​មាន​ការ​មិន​យល់​ស្រប​គ្នា​រវាង​អង្គចៅ​ក្រម​និង​ព្រះ​រាជ​អាជ្ញា​របស់​កម្ពុជា​និង​អន្តរជាតិ​ដែល​ស្ថិត​ក្នុង​តុលាការ​កូន​កាត់​ដ៏​ពិសេស​មួយ​នេះ។

រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​រួម​មាន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល​ដែល​បាន​ផ្តាច់​ខ្លួន​ពី​ក្រុម​ខ្មែរ​ក្រហម​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លូកដៃ​ចូល​ទៅ​ក្នុង​តុលាការ​ដើម្បី​ដាក់​កំហិត​ទៅ​លើ​ចំនួន​ចុង​ចោទ។

ត្រឹម​ឆ្នាំ​២០១៧ ថវិកា៣០០លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​ ហើយ​ជន​សង្ស័យ​តែ​៣នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​កាត់​ទោស ខណៈ​ពេល​ដែល​ជន​សង្ស័យ​២នាក់​ផ្សេង​ទៀត​បាន​ស្លាប់​មុន​ពេល​ត្រូវ​បាន​កាត់​ទោស។ ដំណើរ​ការ​តុលាការ​នេះ​កំពុង​នៅ​បន្ត។​

រូបឯកសារ៖ មហាជន​ចូល​រួម​ទស្សនា ​និង​ស្ដាប់​សវនាការ​ស្ដាប់​ចម្លើយ​មួយ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ឯ​សាលា​ក្ដី​ខ្មែរ​ក្រហម។ (រូបថត​ផ្តល់​ឲ្យ​ដោយ ញ៉ែត សុខហេង/ECCC)
រូបឯកសារ៖ មហាជន​ចូល​រួម​ទស្សនា ​និង​ស្ដាប់​សវនាការ​ស្ដាប់​ចម្លើយ​មួយ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ឯ​សាលា​ក្ដី​ខ្មែរ​ក្រហម។ (រូបថត​ផ្តល់​ឲ្យ​ដោយ ញ៉ែត សុខហេង/ECCC)

លោក Hudson បាន​ថ្លែង​ថា​ ពិព័រណ៍​អំពី​ភាព​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ខ្មែរ​ក្រហម​និង​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​គឺ​មាន​សារៈ​សំខាន់​ ខណៈ​ពេល​ដែល​ការ​ស្វែង​រក​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ប៉ះប៉ូវ​ផ្លូវ​ចិត្ត​ចំពោះ​ហេតុការណ៍​ទាំង​នេះ​កំពុង​ត្រូវ​បាន​គេ​ជជែក​ដេញ​ដោល។

«តុលាការ​អន្តរជាតិ​តែង​តែ​ត្រូវ​ចំណាយ​ច្រើន​ណាស់។ ការ​ស្រាវជ្រាវ​នៅ​មាន​កម្រិត​តិច​តួច​ ក្នុង​ការ​បញ្ជាក់​ថាតើ ​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី​របស់​តុលាការជាន់​ខ្ពស់​ទាំង​នោះ​ពិត​ជា​អាច​នឹង​ជួយ​បំបែក​វដ្ដ​នៃ​អំពើ​ហិង្សា ឬ​គួរ​ប្រើប្រាស់​តុលាការ​មូលដ្ឋានឬ​ប្រព័ន្ធ​យុត្តិធម៌​បែប​ប្រពៃណី​ដែល​បាន​កាត់​ទោស​មេបញ្ជាការ​ថ្នាក់​ទាប​ជា​ច្រើន​មក​ហើយ​នោះ​ឬ​យ៉ាង​ណា»។

លោក Abramowitz អតីត​ប្រធាន​វិទ្យាស្ថាន Levine បាន​ថ្លែង​ថា ១តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​មាន​ទាំង​ភាព​វិជ្ជមាន​និង​អវិជ្ជមាន ប៉ុន្តែ​មាន​ភាព​វិជ្ជមាន​ច្រើន។

«វា​ហាក់​បី​ដូច​ជា​ ថវិកា​ជា​ច្រើន​ត្រូវ​បាន​ចំណាយ​ហើយ​ទទួល​បាន​លទ្ធផល​តិចតួច​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​ វា​ហាក់​បី​ដូច​ជា​ អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ដែល​នៅ​រស់​មាន​ជីវិត​ ត្រូវ​បាន​កាត់​ទោស​ ហើយ​ខ្ញុំ​ក៏​គិត​ដែរ​ថា ពលរដ្ឋ​កម្ពុជា​ឥឡូវ​ក៏​មាន​នៅ​ក្នុង​កំណត់​ត្រា​របស់​តុលាការ​ផង​ដែរ»។

លោក​បន្ថែម​ថា «ការ​ពិត​ដែល ទោះ​បី​ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ក៏​ដោយ​ ក៏​ជន​សង្ស័យ​ខ្មែរ​ក្រហម​ត្រូវ​ជាប់​គុក​នោះ​ វា​ក៏​ជា​ការ​ព្រមាន​ដល់​អ្នក​ដែល​កំពុង​កាន់​អំណាច​ផង​ដែរ»។

«វា​មាន​សារៈ​សំខាន់​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា មិន​មាន​អាជ្ញាយុកាល​ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អំពើ​មនុស្ស​ជាតិ​ឬ​ទៅ​លើ​អំពើ​ប្រល័យ​ពូជសាសន៍​ទេ។ ក្តី​សង្ឃឹម​គឺ​ថា គ្រប់​គ្នា​នឹង​គិត​ម្តង​ទៀត​ហើយ​និយាយ​ថា «ខ្ញុំ​នឹង​ត្រូវ​បាន​កាត់​ទោស​នៅ​តុលាការ​ប្រសិន​បើ​ខ្ញុំ​គិត​ចង់​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នេះ»៕

XS
SM
MD
LG