ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ជឿនលឿន​តិចតួច​ក្នុង​ការ​រក​យុត្តិធម៌​សម្រាប់​ករណី​ឃាតកម្ម​សកម្មជន​បរិដ្ឋាន


សកម្មជន​ការពារ​ព្រៃ​ឈើ​ ​លោក​ ឈុត​ វុទ្ធី
សកម្មជន​ការពារ​ព្រៃ​ឈើ​ ​លោក​ ឈុត​ វុទ្ធី
បី​ខែ​ក្រោយ​ពី​ឃាតកម្ម​លើ​លោក​ ឈុត​ វុទ្ធី ​ដំណើរការ​ឆ្ពោះ​ទៅ​រក​យុត្តិធម៌​ហាក់បី​ដូចជា​នៅ​វែង​ឆ្ងាយ​ទៀត​នៅ​ឡើយ។ ក្រុម​គ្រួសារ​ជនរងគ្រោះ ​ជនជាប់​សង្ស័យ​ មន្ដ្រី​សិទ្ធិ​មនុស្ស​និង​មន្ដ្រី​តុលាការ​សុទ្ធ​តែ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​អំពី​ពេលវេលា​នៃ​សវនាការ។
ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​និង​ជា​សកម្មជន​ការពារ​ព្រៃ​ឈើ​យ៉ាង​សកម្ម​ លោក​ ឈុត​ វុទ្ធី​ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​បាន​បាញ់សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ចំណុច​វាល​៣ ​ នៃ​ស្រុក​មណ្ឌលសីមា​ ចម្ងាយ​ប្រមាណ​ជាង​៦០​គីឡូម៉ែត​ពី​ទីរួម​ខេត្ត​កោះកុង។ ឃាតកម្ម​កើត​ឡើង​ខណៈ​ដែល​លោក​និង​អ្នកយក​ព័ត៌មាន​ពីរ​នាក់​ផ្សេង​ទៀត​បាន​ស៊ើបអង្កេត​ការកាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​ទីតាំង​ក្រុមហ៊ុន ​Timbergreenលើ​ជួរភ្នំ​ក្រវាញ។
អាជ្ញាធរ​បាន​ការសន្និដ្ឋានផ្សេងៗ​ជាច្រើន​ពី​មូលហេតុ​នៃ​អំពើ​ហិង្សា​នេះ​ក៏ប៉ុន្តែ​ការសន្និដ្ឋាន​ចុង​ក្រោយ​គឺ​ថា កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ​អ៊ីន​ រតនា ​បាន​បាញ់​សម្លាប់​លោក​ឈុត​ វុទ្ធី ​ហើយ​កាំភ្លើង​អាកា ៤៧ ​ដែល​មន្រ្តីប្រដាប់​អាវុធ​រូប​នេះ​បាន​ប្រើ​ក្នុង​ការបាញ់​សម្លាប់​លោក​ ឈុត​ វុទ្ធី​ បាន​រា​កៃ​មក​សម្លាប់​គាត់​វិញ​ក្នុង​ពេល​ដែល​ភា្នក់ងារ​សន្តិសុខ​របស់​ក្រុមហ៊ុន​ Timbergreen ​លោក ​រ៉ាន់​ បូរ័ត្ន ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​រូប​គាត់។ លោករ៉ាន់ បូរ័ត្ន​ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការឃុំឃាំង​ជា​បណ្ដោះអាសន្ន​ក្រោម​ការចោទ​ប្រកាន់​ថា បាន​ធ្វើ​ឃាត​មន្ដ្រី​កងរាជ​អាវុធហត្ថ​ដោយ​អចេតនា។ ប៉ុន្តែ​គ្រួសារ​របស់​ជនជាប់ចោទ​បាន​ច្រានចោល​ការចោទប្រកាន់​នេះ។
គ្រួសារ​លោក​ឈុត ​វុទ្ធី​ នឹង​ប្រារព្ធ​ពិធី​បុណ្យ​គម្រប់​១០០​ ថ្ងៃ​សម្រាប់​សព​របស់​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​ឃុំ​ព្រែក​ឯង ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល។ ពិធី​សាសនា​នេះ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា៥០០ ​នាក់​និង​ព្រះ​សង្ឃ​ចំនួន​ប្រាំពីរ​អង្គ​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​មន្ដ្រី​សង្គម​ស៊ីវិល។
លោក​ឆឺយ​ ឧត្តមរស្មី ​កូន​ប្រុស​ច្បង​របស់​លោក​ឈុត​ វុទ្ធី ​មាន​ប្រសាសន៍​ថា​ លោក​និង​ក្រុម​គ្រួសារ​មិន​បាន​ទទួល​ដំណឹង​អ្វី​ឡើយ​ពី​តុលាការ​ខេត្ត​កោះកុង។
«អត់​បាន​ទទួល​ដំណឹង​អី​ពី​តុលាការ​សោះ។ សំខាន់​ធ្វើ​បុណ្យ​សិន​បន្ទាប់​មក​ចាំ​ខ្ញុំ​ព្យាយាម​តទៅ​ទៀត»។
​កូន​ប្រុស​ច្បង​របស់​លោក​ឈុត​ វុទ្ធី
ក្រុម​មន្ដ្រី​អង្គការ​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​ សក្សី​ចំនួន​ប្រាំមួយ​រូប​ត្រូវ​បាន​សាកសួរ​ដោយ​តុលាការ​រហូត​មក​ទល់​ពេល​នេះ។ ក៏ប៉ុន្តែ​ជន​ដែល​ត្រូវ​គេ​ជឿ​ថា អាច​ជា​សក្សី​សក្ដា​នុពល​មិន​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នោះ​ទេ។
លោក​ នាង​ បូរ៉ាទីណូ​ អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​មាន​ប្រសាសន៍​ថា​ នៅ​មាន​សក្សី​ចំនួន​បី​នាក់​ទៀត​ដែល​អាច​ជា​សក្សី​មាន​សារៈសំខាន់។
«សក្សី​ក្នុង​ការសាកសួរ​របស់​ប៉េអឹម​មាន​ដល់​ទៅ​ប្រាំបួន​នាក់។ ចំណែក​ឯ​តុលាការ​ក្នុង​ពេល​បច្ចុប្បន្ន​បាន​ត្រឹមតែ​ប្រាំមួយ​នាក់»។
មន្ដ្រី​សិទ្ធិ​មនុស្ស​ដដែល​បញ្ជាក់​ថា​ ក្នុង​ចំណោម​សក្សី​ដែល​នៅ​សេសសល់​មាន​បុរស​ពីរ​នាក់​មាន​តួនាទី​ជា​ទាហាន​ប៉ុន្តែ​បាន​បម្រើការ​ជា​សន្ដិសុខ​របស់​ក្រុម​ Timbergreen។ ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​ជា​អ្នកឃាត់​រថយន្ត​របស់​លោក​ឈុត ​វុទ្ធី​មុន​គេ។
«តាម​ការស្រាវជ្រាវ គាត់​ក៏ជា​អ្នក​ជាប់​ពាក់ព័ន្ធក្នុង​រឿង​បញ្ជា​កងកម្លាំង​ដែល​បណ្តាល​ឲ្យ​មាន​ការបាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី ​ដែរ»។
លោក​ឈុត ​វុទ្ធី ​គឺជា​ជន​ការពារ​បរិដ្ឋាន​យ៉ាង​សកម្ម​ម្នាក់​នៅ​កម្ពុជា។ លោក​បាន​ដឹកនាំ​ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​ការកាប់បំផ្លាញ​ព្រៃឡង់​ដែល​ជាព្រៃ​នៅ​សេសសល់​ដ៏ធំ​ជាងគេ​ចុង​ក្រោយ​របស់​កម្ពុជា​រួម​ទាំង​បាន​ព្យាយាម​ស៊ើបអង្កេត​លើ​ការកាប់បំផ្លាញ​ឈើ​ប្រណិត​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​តាម​ជួរភ្នំ​ក្រវាញ​ដូចជា​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កោះកុង​ជាដើម។
លោក ​អ៊ីន ​គង់ជិត​ អ្នក​សម្របសម្រួល​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ​ប្រចាំ​ខេត្ត​កោះកុង​បាន​ឲ្យដឹង​ថា ព័ត៌មាន​ស្ដីពី​ដំណើរការ​របស់​តុលាការ​លើ​សំណុំរឿង​ឃាតកម្ម​លោក​ឈុត វុទ្ធី​ត្រូវ​បាន​រឹតត្បិត។
«សក្សី​មិន​ចង់​និយាយ​ប្រាប់​យើង​ដោយសារ​មន្រ្តី​ប៉េអឹម ​និង​មន្ដ្រី​តុលាការ​ត្រូវគេ​និយាយ​ថា​មិនចង់​ឲ្យ​សក្សី​និយាយ​ប្រាប់​ខាង​សិទ្ធិ​មនុស្ស»។
លោក​ចៅក្រម​ស៊ើបអង្កេត ​មីន​ មករា ​នៃ​សាលា​ដំបូង​ខេត្តកោះកុង​មិន​អធិប្បាយ​អំពី​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការបិទ​បញ្ចប់​ការស៊ើប​អង្កេត​សំណុំ​រឿង​អាស្រូវ​នេះ​ទេ។ មួយវិញទៀត​លោក​ក៏​មិន​ទាន់​ដឹង​បាន​នៅ​ឡើយ​ថា ការជំនុំជម្រះ​សំណុំ​រឿង​នេះ​អាច​ធ្វើ​ទៅ​រួច​ពេល​ណា​ដែរ។
«រឿង​នេះ​ស្ថិត​នៅ​លើ​ចៅក្រម​ជំនុំ​ជម្រះ»។
គណៈកម្មាការ​ចម្រុះ​របស់​រដ្ឋាភិបាល​បាន​ដឹកនាំ​ការស៊ើប​អង្កេត​រយៈ​ពេល​ត្រឹម​មួយ​សប្ដាហ៍​លើ​ឃាតកម្ម​លោក​ឈុត​ វុទ្ធី​ រួច​ក៏​បាន​បិទ​បញ្ចប់​ការស៊ើប​អង្កេត​នោះ​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​មាន​ការរិះគន់​ពី​ក្រុម​សង្គម​ស៊ីវិល​ចំពោះ​អ្វី​ដែល​បាន​រក​ឃើញ​នោះ។ ការស៊ើបអង្កេត​បាន​សង្កត់​ធ្ងន់​ទៅ​លើ​មន្ដ្រី​កង​រាជអាវុធហត្ថ​អ៊ីន ​រតនា ​ថា បាន​បាញ់​សម្លាប់​លោក​ឈុត​ វុទ្ធី ​ហើយ​ខ្មាន់​កាំភ្លើង​បាន​ស្លាប់​ដោយ​ការ​រាកៃ​កាំភ្លើង​ក្នុង​ពេល​ដែល​មាន​ការដណ្តើម​កាំភ្លើង​ពី​លោក​រ៉ាន់​ បូរត្ន័ ​ភា្នក់ងារ​សន្តិសុខ​របស់​ក្រុមហ៊ុន​ Timbergreen។
ឪពុក​លោក​រ៉ាន់ ​បូរត្ន័​ គឺ​លោក ​ហ៊ុន​ រ៉ាន់ ​បាន​ច្រាន​ចោល​ការ​ជាប់​ពាក់​ព័ន្ធ​ថា ​កូន​របស់​គាត់​បាន​បង្ក​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា​ដូច​ការចោទប្រកាន់​នោះ។ នៅ​ពេលនេះ​លោក ​ហ៊ុន​ រ៉ាន់ ​កំពុង​រង់​ចាំ​ការកាត់ទោស​បន្ទាប់​ពី​កូន​របស់​គាត់​ត្រូវ​ចាប់​ឃុំខ្លួន​អស់រ​យៈពេល​បី​ខែ​មក​ហើយ។
«ពិបាក​ចិត្ត​ដែរ​តែ​មិន​ដឹង​ធ្វើ​ដូច​ម្តេច។ ចាំ​មើល​តុលាការ​កាត់​ទោស​យ៉ាង​ម៉េច»។
លោករ៉ាន់​ បូរត្ន័​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​ត្រូវ​ចាប់​ឃាត់​ខ្លួន​ក្នុង​អំពើ​ឃាតកម្ម​លោក​ឈុត​ វុទ្ធី។ ក្រុម​មន្ដ្រី​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ថា ​សំណុំរឿង​ឃាតកម្ម​នេះ​អាច​នឹង​ត្រូវ​បិទចោល​ដោយសារ​តែ​ជន​សង្ស័យ​ថា​ បាន​បាញ់​សម្លាប់​លោក​ឈុត​ វុទ្ធី ​ដោយ​ផ្ទាល់​បាន​ស្លាប់​ទៅ​ហើយៗ​ពុំ​មាន​ជន​ជាប់​ពាក់ព័ន្ធ​ណា​ផ្សេង​ទៀត​ត្រូវ​បាន​វែក​មុខ​នោះ។
កាលពី​ថ្ងៃ​ទី​ ១៤ ​ខែ​កក្កដា​នេះ ​លោក​ ស៊ុន ​សាមឿន​ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​និង​ជា​មេបញ្ជា​ការរង​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង​ត្រូវ​បាន​ដក​ចេញ​ពី​ដំណែង។ លោក​ស៊ុន​ សាមឿន​ ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ជឿ​ថា​ បាន​ជាប់ពាក់ព័ន្ធនឹង​ការបញ្ជា​កងកម្លាំង​របស់​ខ្លួន​ក្នុង​ពេល​ដែល​មាន​ការបាញ់​ប្រហារ​លោក ​ឈុត ​វុទ្ធី​នោះ៕
XS
SM
MD
LG