រយៈពេលប្រាំថ្ងៃគត់បន្ទាប់ពីលោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏លេចធ្លោ និងលោកអ៊ឹន រតនា មន្ត្រីកងរាជអាវុធហត្ថត្រូវបានបាញ់សម្លាប់ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្គេតករណីបាញ់ប្រហារនេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីប្រកាសជាបន្ទាន់មួយនៅថ្ងៃអង្គារនេះ ឲ្យបង្កើតគណៈកម្មការចម្រុះរួមគ្នាមួយដោយមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវនៃក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា។
គណៈកម្មការចម្រុះនេះនឹងដឹកនាំការស៊ើបអង្គេតករណីបាញ់សម្លាប់លោកឈុត វុទ្ធី និងលោកអ៊ឹន រតនា ដែលបានស្លាប់កាលពីថ្ងៃទី២៦ នៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដើម្បីស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធលើករណីបាញ់សម្លាប់នេះ។
ក្នុងខណៈពេលដែលរដ្ឋាភិបាលបានបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្គេតករណីបាញ់សម្លាប់លោកឈុត វុទ្ធី និងលោកអ៊ឹន រតនា នោះ មន្ត្រីអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនបានទទួចឲ្យគណៈកម្មការនេះមានការចូលរួមអង្គេតការពីអង្គការក្រៅរដ្ឋាភិបាល។
ការទទួចនេះបានធ្វើឡើងនៅក្នុងខួបលើកទី១២៦ នៃទិវាពលកម្មអន្តរជាតិដោយមានការដើរក្បួនដង្ហែរនៅក្នុងទីក្រុងភ្នំពេញ និងមានការចូលរួមពីក្រុមកម្មករ កម្មការីនី ជាច្រើនរ៉ាប់ពាន់នាក់។
លោកអាត់ ធន ប្រធានសហជីបការងារកម្ពុជាបានមានប្រាសាសន៍ប្រាប់អ្នកកាសែតថា គណៈកម្មការចម្រុះនេះត្រូវតែឯករាជ្យ។
«ក្រោយពីស្តាប់របាយការណ៍ពីប៉េអឹម និងអង្គហេតុទៅគឺថារឿងហាក់បីដូចជាមិនទាន់យុត្តិធម៌ និងត្រឹមត្រូវនៅឡើយ។ អញ្ចឹងហើយយើងចង់ឲ្យមានការស៊ើបអង្កេតមួយដើម្បីរករឿងនេះឲ្យបានពិត ហើយយើងនឹងជំរុញឲ្យធ្វើរឿងនេះ ដើម្បីកុំឲ្យមានករណីនេះកើតឡើងទៀតដែលជាការគំរាមគំហែងអ្នកការពារសិទ្ធិ និងធនធានធម្មជាតិដទៃទៀត»។
លោកចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្គេតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថាអាជ្ញាធរសមត្ថកិច្ចធ្វើការស៊ើបអង្គេតមិនទាន់បានពេញលេញទេ ដែលនាំឲ្យអង្គការសង្គមស៊ីវិលមិនអាចទទួលយកបាន។
«សង្គមស៊ីវិលសុំទទួលឲ្យពួកយើងនេះមានមតិយោបល់ ដើម្បីចូលរួមផ្តល់យោបល់ខ្លះ កែតម្រូវខ្លះលើសកម្មភាពនៃការស៊ើបអង្កេតនេះឯង»។
លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សលីកាដូវិញ បានមានប្រសាសន៍ថាឃាតកម្មនេះលោកជឿថា មានអ្នកខាងក្រៅជាប់ពាក់ព័ន្ធដើម្បីសម្លាប់បំបិទមាត់។
«យើងឥតចង់ឃើញគណៈកម្មការដែលកើតឡើងធ្វើការស៊ើបអង្កេតដូចរឿងជា វិជ្ជា ដូចរឿងអ្នកកាសែតឃឹម សំបូរ នេះទេ។ យើងចង់ឲ្យមានគណៈកម្មការហ្នឹងឯករាជ្យ ហើយប្រកបដោយតម្លាភាព ហើយនឹងមានលទ្ធផល ហើយនឹងផ្តល់យុត្តិធម៌សម្រាប់អ្នកទាំងពីរនោះ»។
បើតាមរបាយការណ៍ជាបឋមរបស់មន្ត្រីនគរបាលនិងមន្ត្រីកងរាជអាវុធហត្ថបានខ្វែងគំនិតគ្នាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងករណីឃាតកម្មនេះ។
មន្ត្រីនគរបាលបាននិយាយថាលោកអ៊ឹន រតនា មន្ត្រីកងរាជអាវុធហត្ថបានស្លាប់ដោយសារតែផ្លាតគ្រាប់កាំភ្លើងត្រូវ។ ចំណែកឯមន្ត្រីប៉េអឹមវិញបាននិយាយថាលោកអ៊ឹន រតនា បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងក្រោយពីបានបាញ់សម្លាប់លោកឈុត វុទ្ធី រួចមកដោយសារតែលោកបានដឹងខ្លួនថាមិនអាចគេចរួចពីសំណាញ់ច្បាប់៕