ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជនព្រៃឈើមកគោរពវិញ្ញាណក្ខន្ធលោក​ឈុតវុទ្ធី​និង​ដើរ​ល្បាត​ព្រៃ​​នៅ​កោះកុង


អ្នក​ជំនាញ​និយាយ​ថាព្រៃឈើ​ប្រមាណ​៣០ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ប៉ុណ្ណោះ​ដែល​នៅ​សល់ ក្នុង​ខណៈពេល​ដែល​ការ​កាប់រំលំ​នៅ​តែ​បន្តជាបញ្ហា។
អ្នក​ជំនាញ​និយាយ​ថាព្រៃឈើ​ប្រមាណ​៣០ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ប៉ុណ្ណោះ​ដែល​នៅ​សល់ ក្នុង​ខណៈពេល​ដែល​ការ​កាប់រំលំ​នៅ​តែ​បន្តជាបញ្ហា។

ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៨​ គឺ​ខេត្ត​សៀមរាប ​ស្វាយរៀង ​កំពង់ធំ​ កំពង់ស្ពឺ ​ក្រចេះ ​ព្រះវិហារកំពង់ឆ្នាំង​និង​ពោធិ៍សាត់​សរុប​ប្រមាណ​ជាង​៣០០​នាក់​បាន​មក​ដល់​ខេត្ត​កោះកុងនៅ​ក្នុង​គោល​បំណង​គោរព​វិញ្ញាណក្ខន្ធ​លោក​ឈុត ​វុទ្ធី​និង​ដើរ​ល្បាត​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​ជួរ​ភ្នំ​ក្រវ៉ាញ។

លោក​ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ​ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ​យ៉ាង​សកម្ម ​ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​បាន​បាញ់សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ចំណុច​វាល​៣ ​ នៃ​ស្រុក​មណ្ឌលសីមា​ ចម្ងាយ​ប្រមាណ​ជាង​ ៦០​គីឡូម៉ែត​ពី​ខេត្ត​កោះកុង។

រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ថា​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ឈ្មោះ​អ៊ិន ​រតនា ​បាន​បាញ់​សម្លាប់​លោក​ឈុត​ វុទ្ធី ​រួច​បន្ទាប់​មក​បាន​រាលកៃ​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង។ ​ក៏​ប៉ុន្តែ​ក្រុមគ្រួសារ​លោក​អ៊ិន ​រតនា​ គ្រួសារ​លោក​ឈុត ​វុទ្ធី ​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ច្រាន​ចោល​អំណះ​អំណាង​នោះ​ប្រកប​ទៅ​ដោយ​ការ​រិះគន់។

ប្រជា​ពលរដ្ឋ​ទាំង​៣០០​នាក់ ​នៅ​ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន​ ៥០​អង្គ​ផង​មួយ​ចំនួន​គឺ​ជា​អ្នក​ដែល​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​និង​មួយ​ចំនួន​ទៀត​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ការពារ​ព្រៃឡង់ ​ដែល​ធ្លាប់​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​លោក​ឈុត ​វុទ្ធី។

លោក ​អ៊ូ ​វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ជួយ​រៀបចំ​ការ​ប្រមូលផ្តុំ​របស់​ប្រជា​ពលរដ្ឋនេះ​មាន​ប្រសាសន៍​ថា​ក្រៅ​ពី​ការ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ឈុត ​វុទ្ធី​ ការ​ប្រមូល​ផ្តុំ​ប្រជា​ពលរដ្ឋនេះ​ក៏​ជា​សារ​មួយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​ធម្មជាតិ​ផង​ដែរ។

លោក​វីរៈ​បញ្ជាក់​ថា៖​

«គឺ​យើង​ចង់​រំលឹក​វិញ្ញាណក្ខន្ធ​លោក​ឈុត ​វុទ្ធី។ ​ចំណុច​ទី​២ ​គឺ​ជា​ការ​ផ្ងើសារ​មួយ​ទៅ​ដល់​អ្នក​ដែល​បំផ្លាញ​ជាតិ ​អ្នក​ដែល​កំពុង​តែ​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ថា​ការ​សម្លាប់​លោក​ឈុត ​វុទ្ធី​ នេះ​មិន​អាច​បិទ​មាត់​យើង​ជិត​ទេ។ ​មិន​អាច​បញ្ឈប់​សកម្មភាព​ប្រជា​ពលរដ្ឋ​ ហើយ​នឹង​សកម្មជន​សិទ្ធិ​មនុស្ស​ទេ»។

ជាមួយគ្នា​នេះ​លោក​ស្វាយ ​ភឿន ​សមាជិក​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ដែល​មាន​សកម្មភាព​ខ្លាំងក្លា​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់បំផ្លាញ​ព្រៃឡង់​បាន​លើកឡើង​ថា​ក្រុម​ប្រជា​ពលរដ្ឋ​នឹង​សិក្សា​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​កន្លែង​ដែល​លោក​ឈុត ​វុទ្ធី ​ទទួល​រងគ្រោះ​នោះ។

«យើង​ចង់​ឃើញ​នូវ​ស្ថានភាព​មួយ​ទាក់ទង​នឹង​ខាង​កោះកុង​ ដែល​កន្លែង​គេ​ធ្វើ​ឃាត​ដល់​លោក​ឈុត ​វុទ្ធី​ ហ្នឹង។​ ហើយ​ម្យ៉ាង​ទៀត ​យើង​ចង់​ឃើញ​នូវ​សកម្មភាព​ព្រៃឈើ​ វា​ខុស​ប្លែក​យ៉ាង​ម៉េច​ ហើយ​បទល្មើស​វា​ខុស​គ្នា​នៅ​ខេត្ត​នានា​យ៉ាង​ម៉េច។ ​បើ​សិន​ជា​ដើរ​ល្បាត​ព្រៃ​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ខាង​មុខ​នេះ​នៅ​ចំណុច​ភូមិសាស្ត្រ​កោះកុង​នេះ។ ​បើ​ឃើញ​សកម្មភាព​ណា​ដែល​ខុស​ប្លែក​ ហើយ​អនាធិបតេយ្យ​កាន់​តែ​ខ្លាំង។ ​ចិត្ត​គំនិត​របស់​សហគមន៍​មាន​ការ​ទប់ស្កាត់​ហើយ»។

គេ​មិន​ទាន់​ឃើញ​មាន​ក្រុម​អាជ្ញាធរ​ខេត្ត​កោះកុង​មក​រារាំង​ប្រជា​ពលរដ្ឋ​ទាំង​នេះ​នៅ​ឡើយ​ទេ។​ ក៏ប៉ុន្តែ​លោក​ប៊ុន ​ឡឺត ​អភិបាល​ខេត្ត​កោះកុង​បាន​ព្រមាន​ថា​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ស្រប​ច្បាប់ ​និង​មិន​មាន​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG