ដោយសារពលរដ្ឋកម្ពុជាដ៏ឆ្នើមនិងជនរងគ្រោះជាអ្នកសេ្នហាជាតិយ៉ាងច្រើននាក់ត្រូវគេបាញ់សម្លាប់ជាបន្តបន្ទាប់នោះព្រះសង្ឃកម្ពុជាមួយចំនួនមានសង្ឃដីការថាការបាញ់សម្លាប់ពលរដ្ឋស្នេហាជាតិល្អៗនឹងបង្កជាអន្តរាយដល់ប្រទេស។
ការបាញ់សម្លាប់ ការបង្កឲ្យរបួសដោយសារការទាមទារសេរីភាពនិងបញ្ហាផ្សេងៗចន្លោះជាងមួយទសវត្សរ៍ចុងក្រោយលើអ្នកសេ្នហាជាតិដែលមានជំនាញខ្ពស់ៗជាច្រើនក្នុងប្រទេសកម្ពុជារួមទាំងលោក ជា វិជ្ជាមេដឹកនាំកម្មករដ៏ឆ្នើមព្រះតេជគុណសំ ប៊ុនធឿន លោក ឱម រ៉ាដសាឌីអ្នកនយោបាយ អ្នកសារព័ត៌មាន តារាល្បីៗគឺ អ្នកស្រីពិសិដ្ឋ ពិលីកា កញ្ញា ទូច ស្រីនិច កញ្ញា ពៅ បញ្ញាពេជ្រ កម្មកររោងចក្រ ជនរងគ្រោះដីធ្លីនិងចុងក្រោយគឺលោក ឈុត វុទ្ធីជើងឯក ខាងការពារធនធានធម្មជាតិ ព្រៃឈើជាដើម។
មានសង្ឃដីការប្រាប់វីអូអេតាមទូរស័ព្ទព្រះតេជគុណ ហុក សុវណ្ណ ព្រះចៅ អធិការវត្តខ្មែរមួយក្នុងទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដាបញ្ជាក់ថា ធនធានមនុស្ស មានចំណេះដឹងសំខាន់ណាស់សម្រាប់ការអភិវឌ្ឍទោះបុគ្គលទាំងនោះស្ថិតក្នុងបក្សណាពួកណាក៏ដោយ។
«ទោះបីគណបក្សខុសគ្នាក៏ដោយ បក្សពួកខុសគ្នាកុំឲ្យប្រកាន់ថាបក្សអញ បក្សគេ។អាហ្នឹងហើយដែលច្រើនសម្លាប់គ្នា។ទោះបីមនុស្សហ្នឹងមានចំណេះវិជ្ជាខ្ពស់ ស្នេហាជាតិយ៉ាងណាក៏ដោយត្រូវគេចាត់ទុកថាជាសត្រូវ។ អាហ្នឹងហើយដែលគ្រោះថ្នាក់ដល់ជាតិ»។
ក្រៅពីបង្ហាញថាការសម្លាប់ដែលកើតមានក្នុងប្រទេសកម្ពុជាបង្ហាញពីការមិនអនុវត្តច្បាប់ មានសីលធម៌ទាបប្រទេសទន់ខ្សោយ មានសន្តិភាពមិនពេញលេញ រស់នៅដោយការភ័យខ្លាចផងនោះ ព្រះតេជគុណ ហុក សុវណ្ណបានលើកយកធម៌ព្រះពុទ្ធមកទូន្មានឲ្យដឹងថាអ្នកសម្លាប់ និងអ្នកបញ្ជាឲ្យគេសម្លាប់មានទោសធ្ងន់ធ្លាក់នរកដូចគ្នាក្នុងសិក្ខាបទទីមួយនៃសីលប្រាំតែម្តង។
«អំពើបាបកម្មនេះតាមព្រះពុទ្ធសាសនាទោះបីក្នុងបច្ចុប្បន្នគេតាមចាប់មិនបានក៏ត្រូវតែមានទោសតាមច្បាប់ធម្មជាតិគឺត្រូវទៅសោយទុក្ខក្នុងនរកអស់ពេលដ៏យូរ។ លុះសេសសល់ផលកម្មបានកើតមកជាមនុស្សឬសត្វវិញត្រូវគេសម្លាប់ប្រាំរយជាតិទៀត»។
ព្រះតេជគុណ លួន សុវ៉ាត ដែលសកម្មខាងការការពារសិទ្ធិមានសង្ឃដីការថាអំពើហិង្សា ការសម្លាប់នានាបានបង្កឲ្យមានវិនាសកម្មជាច្រើន រាប់ទាំងគ្រួសារ សហគមន៍ និងសង្គមកម្ពុជាផង។ អ្នកប្រើអំពើហិង្សាច្រើនតែអ្នកដែលមានអំណាចដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតហើយបានប្រគល់ជូនសម្រាប់ការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
«បើអ្នកទាំងនោះមិនមានសីលនៅក្នុងខ្លួន មិនមានខន្តីនៅក្នុងខ្លួន មិនមាន អហិង្សា និងសន្តិភាពនៅក្នុងខ្លួនទេ បុគ្គលទាំងនោះតែងតែប្រើប្រាស់អំណាចនៃកម្លាំងហិង្សាដោយការបាញ់ប្រហារវាយដំផ្សេងៗទៅលើជនទាំងឡាយនៅក្នុងសង្គមហ្នឹងនឹងបង្កឲ្យមានការវិនាសអន្តរាយ»។
ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបនៃរដ្ឋាភិបាលបានអះអាងថាការបាញ់សម្លាប់ដែលកើតឡើងនិងបញ្ហាផ្សេងៗទៀតនោះគឺជាឧប្បត្តិហេតុ។ ហើយអាជ្ញាធរកម្ពុជានឹងនាំខ្លួនជនល្មើសមកកាត់ទោសនៅថ្ងៃណាមួយ ។
«ក៏ប៉ុន្តែឧប្បត្តិហេតុដែលកើតឡើងជារឿងគួរឲ្យសោកស្តាយ។ តែគេត្រូវបែងចែក ថាឧប្បត្តិហេតុដែលបានកើតឡើងមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាល»។
លោកផៃ ស៊ីផានបានអះអាងថាបញ្ហាដែលគួរឲ្យពិចារណាគឺមានចលនាមហាជនយ៉ាងច្រើនតាមរយៈសកម្មភាពផ្សេងរួមទាំងរឿងដីធ្លីផងក្នុងពេលដែល កម្ពុជាកំពុងមានដំណើរការបោះឆ្នោតនិងជាប្រធានអាស៊ានផងនោះ។ លោកចាត់ទុកថានេះជាការឆ្លៀតឱកាសទាញយកការចាប់អារម្មណ៍។
របាយការណ៍ប្រចាំឆ្នាំរបស់សរអាបានចាត់ទុកថារដ្ឋាភិបាលប្រទេសកម្ពុជាខកខានក្នុងការបំពេញការគោរពសិទ្ធិមនុស្សឲ្យគ្រប់តាមស្តង់ដាអន្តរជាតិ។
ក្នុងរបាយការណ៍ឆ្នាំ២០១១ក្រសួងការបរទេសសរអាបានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួននោះដោយយោងទៅលើប្រព័ន្ធតុលាការទន់ជ្រាយមិនអាចផ្តល់ការកាត់ទោសតាមច្បាប់ និងយុត្តិធម៌។ អំពើពុករលួយ អំពើហិង្សា ប្រើប្រាស់ បណ្តឹងបរិហារកេរ្តិ៍ព្រហ្មទណ្ឌ និងការផ្តល់ព័ត៌មានមិនពិតនិងការសម្លាប់ក្រៅច្បាប់ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធរបស់ រដ្ឋាភិបាលជាដើម។
កញ្ញា ទូច ស៊ុននិចជាតារាចម្រៀងដ៏ល្បីល្បាញនិងមានទឹកដមសំឡេងពិរោះជាពិសេសហើយជាជនរងគ្រោះដោយការបាញ់ប្រហារម្នាក់ដែលមាននៅមានជីវិត។ កញ្ញាត្រូវឃាតករ បាញ់ប្រហារឲ្យពិការខ្លួន ហើយម្តាយត្រូវស្លាប់ភ្លាមៗកាលពីខែតុលាឆ្នាំ២០០៣ក្នុងរាជធានីភ្នំពេញ។ កញ្ញាបានថ្លែងប្រាប់ វីអូអេតាមទូរស័ព្ទពីរដ្ឋកាលីហ្វ័រញ៉ាមកពីជីវិតទុក្ខលំបាកវេទនាក្រោយពីការបាញ់ប្រហារក្រៅពីបញ្ជាក់ថា អំពើបាញ់សម្លាប់មិនគួរកើតមានទេ។
«បើសិនជាអំពើបែបហ្នឹងកើតមានគឺនាងខ្ញុំសំណូមពរតែម្យ៉ាងថាសុំឲ្យមានយុត្តិធម៌កើតមានឡើង»។
គ្មានជនសង្ស័យណាម្នាក់ត្រូវនាំយកមកជំនុំជម្រះទោសនៅឡើយទេទាក់ទិននឹងការបាញ់ប្រហារកញ្ញាទូច ស៊ុននិចនិងឥស្សរជន និងសកម្មជនល្បីល្បាញជាច្រើនទៀត។
លោក ស៊ាន ទូចឳពុករបស់កញ្ញា ទូច ស៊ុននិច បានថ្លែងប្រាប់វីអូអេថាប្រទេសកម្ពុជានឹងជួបបញ្ហាធ្ងន់ធ្ងរបើសិនជាមានការសម្លាប់ជនជាតិខ្មែរល្អៗរបស់ខ្លួនក្រៅច្បាប់ដូច្នេះ។
«បើប្រទេសនៅតែបណ្តោយអនាធិបតេយ្យរបៀបនេះថ្ងៃណាមួយយើងនឹងស្លាប់ទាំងអស់គ្នា មានន័យថាអ្នកដឹកនាំហ្នឹងក៏ស្លាប់ដែរ។ ស្លាប់ទាំងអស់គ្នា»។
លោក ស៊ាន ទូចបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាកុំឲ្យបណ្តែតបណ្តោយចំពោះការកាប់សម្លាប់ធនធានមនុស្សល្អៗដោយអះអាងថារដ្ឋាភិបាលត្រូវគិតពិចារណាឡើងវិញ៕