ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី​គ្រោង​នឹង​​យាងទៅ​កាន់ទី​ក្រុង​ប៉េកាំង


ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សមេ្តចម៉ែ នរោត្តម មុនីនាថ សីហនុ និង​ក្នុង​ព្រះរាជពិធី​ព្រះបរមសព​នៃ​ព្រះបរមរតនកោដ្ឋ។
ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សមេ្តចម៉ែ នរោត្តម មុនីនាថ សីហនុ និង​ក្នុង​ព្រះរាជពិធី​ព្រះបរមសព​នៃ​ព្រះបរមរតនកោដ្ឋ។

ព្រះអង្គ​មា្ចស់​​ធម្មិកោ​មាន​បន្ទូល​ថា​ ការ​យាង​ចាក​ចេញ​របស់​ព្រះ​មហាក្សត្រ​គឺ​ទៅ​ព្យាបាល​ព្រះ​រោគ​តែ​ប៉ុណ្ណោះ។​​

ភ្នំពេញ​៖ ក្រោយ​ពីព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​សម្តេច​ឪ​នរោត្តម​សីហនុ​បាន​បញ្ចប់ ​ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី​និង​សម្តេច​ម៉ែ​នរោត្តម​មុនីនាថ​សីហនុ​គ្រោង​នឹង​ស្តេច​យាង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ប្រជាមានិត​ នៅចុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ព្រះ​បរម​រាជវាំង​ និង​មន្ត្រីជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច។​

លោក​ញ៉ឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ចិន​ ព្រះមហាក្សត្រ​ សម្តេច​ម៉ែ​ ព្រម​ទាំង​លោក​កែវ ពុទ្ធរស្មី​ និង​ភរិយា​របស់​លោក​គឺ​ព្រះ​អង្គម្ចាស់​អារុណ ​រស្មី​ ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​សមាជិក​រាជវង្ស​ផ្សេង​ទៀត​គ្រោង​នឹង​យាង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃទី​២៤​ខាង​មុខ​នេះ។​

«ទេ​នេះ​ប្រទេស​ចិន​ចង់យាង​ជាផ្លូវការ​បង្ហាញ​ពីការ​គាំទ្រ ​អត់​ពីព្រះ​មហាក្សត្រ​ទៅ»។​

គម្រោង​យាង​ចាក​ចេញពី​ប្រទេស​កម្ពុជា​របស់​ព្រះ​មហាក្សត្រ​ សម្តេច​ម៉ែ​ និង​សមាជិក​រាជវង្សានុ​វង្ស​មួយ​ចំនួន​បាន​កើតមាន​ឡើង​តែ​ជាង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្តេច​ឪ​នរោត្តម​សីហនុ​បាន​បញ្ចប់​កាល​ពី​សប្តាហ៍​មុន។

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ​ អតីត​ព្រះ​លេខា​ផ្ទាល់​សម្តេច​ឪ​នរោត្តម​សីហនុ​ដែល​គ្រោង​នឹង​យាងចាក​ចេញ​ជាមួយ​ព្រះ​មហាក្សត្រ​ដែរ​នោះ ​បាន​មាន​បន្ទូល​ថា​ ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ​គ្រោង​នឹង​គង់​នៅ​ទីក្រុង​ប៉េកាំង​ចំនួន​ជាង​ពីរ​សប្តាហ៍​តែ​ប៉ុណ្ណោះ។​

ព្រះអង្គ​មា្ចស់ធម្មិកោ​មាន​បន្ទូល​ថា​ ការ​យាង​ចាក​ចេញ​របស់​ព្រះ​មហាក្សត្រ​គឺ​ទៅ​ព្យាបាល​ព្រះ​រោគ​តែ​ប៉ុណ្ណោះ។

«គឺ​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ក្តី​ សម្តេច​ម៉ែ​ក្តី​ ព្រះ​អង្គ​ត្រូវតែ​ពិនិត្យ​ព្រះ​រាជ​សុខភាព​ពីរ​ឆ្នាំម្តង ​ហើយ​និង​ចុង​ខែ​២​ ដើម​ខែ​៣គឺ​ដល់​ពេល​ដែល​លោក​ត្រូវ​យាង​ទៅ​ពិនិត្យ។ ​ហើយ​លោក​ពិនិត្យ​លើក​ចុងក្រោយ​ខែ​៩​ឆ្នាំ​មុន»។​

ក្រុម​អ្នក​វិភាគ​និង​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​បាន​បង្ហាញ​ទស្សនៈ​ខុសៗ​គ្នា​នៅ​ជុំវិញ​ការ​យាងចាក​របស់​ព្រះ​មហាក្សត្រ​ និង​សម្តេច​ម៉ែ​ចេញ​ពី​ប្រទេស​កម្ពុជា​ភ្លាមៗ​ ក្រោយពី​ព្រះរាជ​ពិធី​បុណ្យ​សម្តេច​ឪ។

លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ ​បាន​និយាយ​ថា​ ដោយ​សារ​តែ​ព្រះ​អង្គ​មាន​ភាព​ធុញ​ព្រះហឫទ័យ​និង​នឿយ​ហត់​ខ្លាំង​ ក្រោយ​ពីព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បិតា​របស់​ព្រះ​អង្គ ​ទើប​ព្រះអង្គ​ស្តេច​យាង​ចាក​ចេញ​ទៅ​សម្រាក​ព្រះ​កាយ​នៅ​ប្រទេស​ចិន។​

«មាន​ន័យ​ថា ​ស្របគ្នា​មួយ​រយៈ​ពេល​ដើម្បី​ឲ្យស្រឡះបន្តិច​ទៅ​ ក្រោយ​ពេល​មរណៈទុក្ខ ​ហើយ​រៀប​ចំ​មមារ​ញឹក»។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា ​ការ​យាង​របស់​ព្រះ​មហា​ក្សត្រ​ទៅកាន់​ប្រទេស​ចិន​ជាសញ្ញា​មួយ​បន្ថែម​ទៀត​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​បន្ថែម​ទៀតរវាង​កម្ពុជា​ និង​ប្រទេស​ចិន​ បន្ទាប់​ពី​សម្តេច​ឪបាន​សោយ​ព្រះទិវង្គត។​

«មិន​មែន​មាន​សេចក្តី​ថា​ អស់​ព្រះ​បរមរតន​កោដ្ឋ​របស់​យើង​គឺ​ដាច់​ខ្សែ​រយៈ​នោះទេ។​ នេះ​ជា​សញ្ញា​បង្ហាញ​បន្ថែម​ទៀត​នូវ​ទំនាក់​ទនង​ល្អ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រឹងមាំ​ ដែល​ជាការ​បង្ហាញ​របស់​រដ្ឋាភិបាល​ចិន​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​របស់​ចិន»។​

សម្តេច​ឪ​នរោត្តម​សីហនុ​ ព្រះ​អង្គ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ចិន​តាំងពី​យូរ​យារ​ណាស់​មក​ហើយ​រហូត​ដល់​ព្រះ​អង្គ​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៥​ខែ​តុលា​ឆ្នាំ​មុន​នេះ។
ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​រតន​កោដ្ឋ​ទើបតែ​បាន​បញ្ចប់​កាលពី​សប្តាហ៍​មុន​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជានុរាស្ត្រ​រាប់លាន​នាក់​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ ស្ថាប័ន​រដ្ឋ​សភា ​ស្ថាប័ន​ព្រឹទ្ធ​សភា​ និង​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​មក​ពី​បណ្តា​ប្រទេស​មួយ​ចំនួន៕​
XS
SM
MD
LG