ភ្នំពេញ៖ ការយាងចូលទិវង្គតរបស់ព្រះបាទនរោត្តម សីហនុបាននាំឱ្យមានសំណួរថ្មីជាច្រើនអំពីអនាគតនៃរបបរាជានិយមនិងតួរនាទីរបស់ស្ថាប័នរាជបល្ល័ង្គក្នុងការគ្រប់គ្រងពលរដ្ឋកម្ពុជា។ ប្រទេសកម្ពុជាមានរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ ព្រះបាទសីហនុបានសោយរាជ្យរហូតដល់ឆ្នាំ២០០៤ហើយមុនពេលព្រះអង្គបានយាងចូលនិវត្តន៍ ព្រះអង្គបានចូលរួមប្រឡូកក្នុងឆាកនយោបាយយ៉ាងសកម្ម។ ព្រះរាជបុត្ររបស់ព្រះអង្គគឺព្រះករុណានរោត្តម សីហមុនី មិនធ្លាប់បានចូលប្រឡូកក្នុងឆាកនយោបាយទេ។
យ៉ាងណាក៏ដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជាព្រះរាជបុត្រមួយអង្គដែរបានបញ្ជាក់ក្នុងបទសម្ភាសន៍ពិសេសជាមួយវីអូអេថា កេរដំណែលរបស់ព្រះបាទនរោត្តម សីហនុគួរតែរក្សាឱ្យបាននៅគង់វង្ស។ ខាងក្រោមនេះជាសម្រង់បន្ទូលខ្លះដែលសម្តេចក្រុមព្រះបានផ្តល់ឱ្យវីអូអេ៖
«ខ្ញុំសង្ឃឹមថាប្រជានុរាស្ត្រខ្មែរ លោកចេះរួបរួមគ្នាជុំវិញព្រះរាជបល្ល័ង្គ ជុំវិញព្រះករុណាជាអង្គម្ចាស់ ជុំវិញសម្តេចម៉ែរបស់យើងនិងរាជរដ្ឋាភិបាលផងដែរ ដើម្បីថែរក្សានូវកេរដំណែលដ៏ធំធេងរបស់រាជបិតាជាតិគឺ ឯករាជ្យបូរណភាពទឹកដី អធិបតេយ្យពិតប្រាកដនៃជាតិ និងការបង្រួបបង្រួមជាតិ»។
សម្តេចក្រុមព្រះ បានបន្ថែមទៀតថា៖
«ល្គឹកណារាជវង្សានុវង្សចេះរួមគ្នាជុំវិញព្រះមហាក្សត្រ ជុំវិញសម្តេចយាយ ជុំវិញព្រះរាជបល្ល័ង្គហើយល្គឹកណាដូចសម្តេចនាយករដ្ឋមន្ត្រី លោកបានស្បថជាឱឡារិកចំពោះព្រះសពរបស់ព្រះរាជបិតារបស់ខ្ញុំថានឹងថែរក្សារបបរាជានិយមអាស្រ័យធម្មនុញ្ញឱ្យបានគង់វង្សស្ថិតស្ថេរ ខ្ញុំយល់ថាអនាគតយើងមិនត្រូវបារម្ភទេ»។
ក្នុងពេលជាមួយគ្នានេះដែរសម្តេចក្រុមព្រះបានស្នើសុំឱ្យសមាជិករាជវង្សានុវង្សឈប់ធ្វើនយោបាយនិងរក្សាគោលជំហរអព្យាក្រឹត្យ។ ព្រះអង្គបានបញ្ជាក់ថា៖
«យោបល់របស់ខ្ញុំគឺថាបើសិនជាយើងចង់ឱ្យរបបរាជានិយមគង់វង្សស្ថិតស្ថេរខ្ញុំយល់ថាគួរតែអ្នករាជានិយមឈប់ធ្វើនយោបាយ មិនចូលជាមួយអ្នកនោះបានយើងអាចបន្តនូវអ្វី ដែលយើងចង់បានបំផុតគឺអ្នករាជានិយមពិតប្រាកដដែលជាកម្លាំងរបស់ជាតិ»។
នៅពេលដែលវីអូអេបានសាកសួរថាតើព្រះអង្គអាចនឹងសម្រេចព្រះទ័យយាងចូលឆាកនយោបាយវិញឬទេ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិបានមានបន្ទូលថា៖
«ខ្ញុំយល់ថាពេលនេះយើងត្រូវប្រកាន់ឥរិយាបទអព្យាក្រឹត្យនយោបាយសិន»៕
តើអ្នកយល់យ៉ាងណាដែរចំពោះអនាគតនៃរាជានិយមខ្មែរ?