ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឯក​អគ្គ​រដ្ឋ​ទូត​បារាំង៖ទំនាក់ទំនង​បារាំង​និង​កម្ពុជា​នឹង​នៅ​តែ​បន្ត​រឹងមាំ​

  • គង់ សុឋានរិទ្ធ

អតីត​ព្រះមហា​ក្សត្រ​នរោត្តម ​សីហនុ
ភ្នំពេញ៖ លោក​ស៊ែហ្ស៍ ​ម៉ូសទុយរ៉ា ​(Serge ​Mostura)​ ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ដែល​ទើប​តែង​តាំង​ថ្មី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ប្រទេស​បារាំង​សម្តែងការ​សោកស្តាយ​ចំពោះ​ការ​យាង​សោយ​ទិវង្គតរបស់​អតីត​ព្រះមហា​ក្សត្រ​នរោត្តម ​សីហនុ។​ ក៏​ប៉ុន្តែ​លោកបាន​បញ្ជាក់​អះអាង​ថា​ មិត្តភាព​និង​ទំនាក់​ទំនង​បារាំង​ និង​កម្ពុជា​នឹង​នៅ​តែ​បន្ត​រឹងមាំ។​

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស៊ែហ្ស៍ ​ម៉ូសទុយរ៉ា ក្នុង​ទីក្រុង​ភ្នំពេញ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពីព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​កោដ្ឋ​សម្តេច​សីហនុ។​

«យើង​សោកស្តាយ​ចំពោះ​មរណភាព​នៃ​សម្តេច​នរោត្តម​ សីហនុ។ ​ប៉ុន្តែ​ទំនាក់​ទំនង​រវាង​បារាំង​និង​កម្ពុជា​នឹង​នៅ​តែ​បន្ត»។​

ប្រទេស​កម្ពុជា​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​របស់​ប្រទេស​បារាំង​អស់​រយៈ​ពេល​៩០​ឆ្នាំ។​ ហើយ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូរ​ពី​បារាំង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​១៩៥៣​ ក្រោម​ព្រះ​រាជ​តម្រិះ​ដឹក​នាំ​ការ​តស៊ូ​របស់​សម្តេច​ព្រះ​បាទ​នរោត្តម​ សីហនុ។ ​ហើយ​គិត​មក​ទល់​ពេល​នេះ​ កម្ពុជា​និង​បារាំង​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្នា​ជាង​១០០​ឆ្នាំ​ហើយ។​

លោក​ឯកអគ្គ​រដ្ឋទូត​បារាំ​ងបញ្ជាក់​ថា ​«វា​មាន​សារៈ​សំខាន់​ក្នុង​ការ​ថែ​រក្សា​ទំនាក់​ទំនង​នេះ»​ ដោយ​លោកស្រង់​សម្តី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ហ៊ុន សែន​ ក្នុង​ជំនួប​ជាមួយ​សម​ភាគី​បារាំង​លោក​ហ្សង់ម៉ាក​ អាយរ៉ូ ​កាល​ពី​ថ្ងៃ​ច័ន្ទ។

«វា​មាន​សារៈ​សំខាន់​ណាស់។ ​ដំបូង​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ពី​ព្រោះ​ដូច​លោក​នាយ​ករដ្ឋម​ន្រ្តីហ៊ុន​និយាយ​ថា​ វត្តមាន​របស់​ប្រទេស​បារាំង​ ​ភាសា​បារាំង ​វប្បធម៌​បារាំង​ វត្តមាន​របស់​ក្រុមហ៊ុន​បារាំង​ និង​វត្តមាន​របស់​ការ​បណ្តុះ​បណ្តាល​នានា​ផ្តល់ដោយ​ប្រទេស​បារាំង​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្កើត​ឲ្យ​មាន​គុណ​ប្រយោជន៍​មួយ​ដល់​កម្ពុជា​ក្នុង​សហគមន៍​អាស៊ាន។ ​ហើយ​យើង​ចង់​ឲ្យ​បន្ត​និង​ធ្វើ​ឲ្យ​កាន់តែ​ជ្រាលជ្រៅ​ថែម​ទៀត​ភាព​ជា​ដៃ​គូ»។​

លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​កម្ពុជា​យល់​ថា ​ថ្វី​បើ​អតីត​ព្រះ​មហា​ក្សត្រ​សោយ​ទិវង្គតក្តី ​ក៏​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​បារាំង​នឹង​វិវត្ត​ទៅ​រក​ភាព​វិជ្ជមាន​ជាង​មុន​ដែរ។​

«ខ្ញុំ​ថា​ មាន​ការកែប្រែ​ទៅ​រក​វិជ្ជមាន​ និងល្អ​សម្រាប់​ប្រទេស​ទាំ​ង​ពីរ។​ ថ្មីៗ​នេះ ​ខ្ញុំ​ឃើញ​ថា​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​អញ្ជើញ​ទៅ​ប្រទេស​បារាំង​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ខាង​ពាណិជ្ជ​កម្ម ​ខាង​សេដ្ឋ​កិច្ច​ជា​ដើម។​ ឥឡូវ​នេះ​ ខាង​នាយក​រដ្ឋ​មន្ត្រី​បារាំង​មក​ទៀត។ ​ខ្ញុំ​ថា ​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព។​ ហើយ​ប្រទេស​កម្ពុជា​ក៏​ត្រូវ​ការ​រឹត​ចំណង​ហ្នឹង​ដែរ»។​
លោក​ឡៅ​ ម៉ុងហៃ​មើល​ឃើញ​ថា​ ប្រទេស​បារាំង​បាន​ជួយ​ ជា​ពិសេស​ផ្នែក​វប្បធម៌​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា៕​

ព័ត៌មានចុងក្រោយជា​រូបភាព​តាម Storify៖
XS
SM
MD
LG