ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម៖ គម្រោង​សំណង​​អាច​ដំណើរ​ការ​បាន


លោក​ហង្ស វណ្ណៈ ​ប្រធាន​អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរ​ក្រហ​ម​ និង លោក​ហុង គឹមសួន​មេធាវី​ដើមបណ្តឹង​រដ្ឋ​ប្បវេណី ចូល​រួម​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
លោក​ហង្ស វណ្ណៈ ​ប្រធាន​អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរ​ក្រហ​ម​ និង លោក​ហុង គឹមសួន​មេធាវី​ដើមបណ្តឹង​រដ្ឋ​ប្បវេណី ចូល​រួម​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បញ្ចប់​យុទ្ធនាការ​ក្នុង​ការ​ស្វែង​រក​ថវិកា​ដែល​ខ្វះ​ខាតដើម្បី​បំពេញ​ដល់​គម្រោង​សំណង​ដែល​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​ស្នើ​ឡើង​នៅ​ក្នុង​សំណុំ​រឿង​០០២/០១​ដោយ​បញ្ជាក់​ថា​គម្រោង​នេះ​អាច​នឹង​អនុវត្ត​បាន។

លោក​ហង្ស វណ្ណៈ ​ប្រធាន​អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរ​ក្រហ​ម​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពីថ្ងៃ​ច័ន្ទ​ថា​ ការ​រៃ​អង្គាស​មូលនិធិ​មាន​«ការ​លំបាក​ខ្លាំង»​ប៉ុន្តែ​គម្រោង​សំណើ​ដែល​ជន​រងគ្រោះ​បាន​ស្នើ​ឡើង​អាច​នឹងអនុវត្ត​បាន​ចំនួន​១២ លើក​លែង​តែ​គម្រោង​ទី​១​ គឺ​គម្រោង​បង្កើត​កន្លែង​រំលឹក​វិញ្ញាណក្ខន្ធ​សាធារណៈ។

លោក​បន្ថែម​ថា៖​ «ថ្វី​បើ​មាន​ការលំបាក​តែ​ទីបំផុត​យើង​អាច​រៃ​អង្គាស​ថវិកា​បាន​ដើម្បី​យក​មក​អនុវត្ត​គម្រោង​ទាំង​១៣»។

គម្រោង​សំណង​ទាំង​១៣​ដែល​ភាគី​ជន​រងគ្រោះ បាន​ស្នើ​ឡើង​មាន​ ១)​ទិវា​ជាតិ​នៃ​ការ​ចងចាំ ២)​បង្កើត​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​សាធារណៈ ៣)​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​សម្រាប់​ជន​រងគ្រោះ​ខ្មែរ​ក្រហម​សម្រាប់​អ្នក​ដែល​លែង​នៅ​ទីនេះ​ហើយ ៤)​បូជនីយដ្ឋាន​សម្រាប់​ជន​រងគ្រោះ​ខ្មែរ​ក្រហម​នៅ ប្រទេស​បារាំង ៥)​ការ​ព្យាបាល​តាម​សក្ខី ៦)​ក្រុម​ជួយ​ខ្លួន​ឯង​ដើម្បី​ស្តារ​នីតិសម្បទា ៧)​ការ​តាំង​ពិព័រណ៌​អចិន្ត្រៃយ៍​ស្តី​ពី​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​និង​ទួល​ពោធិ៍​ជ្រៃ ៨)​ការ​តាំង​ពិព័រណ៌​ចល័ត​ស្តី​ពី​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​និង​ទួល​ពោធិ៍​ជ្រៃ ៩)​ជំពូក​មេរៀន​ស្តី​ពី​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​និង​ទួល​ពោធិ៍​ជ្រៃ​សម្រាប់​សៀវភៅ​មគ្គុទេសក៏​សម្រាប់គ្រូបង្រៀន ១០)មណ្ឌល​សិក្សា​ដើម្បី​សន្តិភាព​សហគមន៍​នៅ​សំរោង ១១)​សៀវភៅ​រឿង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដោយ​មាន​បង្ហាញ​រូបភាព ១២)​ការ​បោះពុម្ភ​និង​ចែកចាយ​សាលក្រម​សំណុំ​រឿង​០០២/០១​ និង​ ១៣)ការ​ផ្សាយ​ឈ្មោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​លើ​គេហទំព័រ​របស់​សាលាក្តី។

លោក​ហង្ស វណ្ណៈ​បាន​បន្ថែម​ទៀត​ថា​៖ «គម្រោង​ទាំង​អស់​នឹង​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​អនុវត្ត​ប៉ុន្តែ​អាស្រ័យ​ទៅ​លើ​ពេល​វេលា។ គម្រោង​ខ្លះ​ដែល​យើង​គ្រោង​៣ឆ្នាំ​ប៉ុន្តែ​ដោយសារ​ថវិកា​មាន​កំណត់​អាច​អនុវត្ត​បាន​មួយ​ឆ្នាំ​កន្លះ​ឬ​ក៏​ពីរ​ឆ្នាំ»។

ការ​សម្រេច​ចង់​បាន​សំណង​ចំនួន​១៣​គម្រោង​នេះធ្វើ​ឡើង​ដោយ​មាន​ការ​ពិភាក្សា​ជាមួយ​នឹង​ជន​រងគ្រោះ ​ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហុង គឹមសួន​មេធាវី​ដើមបណ្តឹង​រដ្ឋ​ប្បវេណី។ លោក​ក៏​បាន​បញ្ជាក់​ថា​ជន​រងគ្រោះ​ខ្លះ​ក៏​ចង់​បាន​សំណងជាមន្ទីរ​ព្យាបាល​និង​សំណង​ជា​បុគ្គល​ផងដែរ​ប៉ុន្តែ​មិន​អាច​បញ្ជូល​បាន​ដោយ​ខុស​ពី​គោលការណ៍​របស់​សាលាក្តី​ដែល​សងជា​សំណង​សមូហភាព។​

លោក​ហុង គឹមសួន​បាន​បន្ថែម​ថា៖ «បើ​សិន​ជា​យើង​រក​បាន​ថវិកា​ដូច​ក្នុង​គម្រោង​ទាំង​១៣​នេះ​គឺ​ប្រសើរ​ខ្លាំង​មែន​ទែន​ ទោះបី​ជា​មិន​ប្រសើរ​ខ្លាំង​បំផុត​ក៏ដោយ​»។​

តុលាការ​ខ្មែរ​ក្រហម​បាន​ធ្វើ​សវនាការ​លើ​សំណុំរឿង​០០២/០១​ចប់​សព្វគ្រប់​ហើយ​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅខែ​កក្កដា​ខាង​មុខ​នេះ។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពីតុលាការ​ដែល​មាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​មួយ​នេះ។

មាន​ជន​ជាប់​ចោទ​តែ​ពីរ​នាក់គត់គឺ​នួន ជា​ អតីត​ប្រធាន​សភានិង​ជា​មេមនោគម​វិជ្ជា​ និង​ខៀវ សំផន​អតីតប្រមុខ​រដ្ឋ​ដែល​មាន​តែ​ឈ្មោះ​នៅ​រង់ចាំ​ស្តាប់​សាលក្រម​នេះ៕

កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានកែសម្រួល
XS
SM
MD
LG