ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ន័រវែស​​សន្យា​ផ្តល់​ថវិកា​ជិត​១លាន​ដុល្លារ​​គាំទ្រ​សាលាក្តី​ខ្មែរក្រហម


អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​គឺ​លោក​នេត្រ ភក្ត្រា​បាន​ ថ្លែង​ថា​ ភាគី​ជាតិខ្វះ​ខាត​ថវិកា​ចំនួន​៣,៦​លាន​ដុល្លារ​ស.រ.អា.​​ទៀត​សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៤។​
អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​គឺ​លោក​នេត្រ ភក្ត្រា​បាន​ ថ្លែង​ថា​ ភាគី​ជាតិខ្វះ​ខាត​ថវិកា​ចំនួន​៣,៦​លាន​ដុល្លារ​ស.រ.អា.​​ទៀត​សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៤។​
ប្រទេស​ន័រវែស ​(Norway) ​បាន​សន្យា​មុន​គេ​ក្នុង​ការ​ផ្តល់​ថវិកា​៦​លាន​ក្រោន​ឬ​ជិតស្មើនឹង​១​លាន​ដុល្លារ​ស.រ.អា.ដល់​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​ដែល​កំពុង​ខ្វះ​ថវិកា។ ​ការ​សន្យា​នេះ​គឺកើត​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​ កាលពី​ខែមុន​ បាន​សម្រេច​ការ​ចំណាយ​ថវិកា​៦,៥​លាន​ដុល្លារ​ស.រ.អា.សម្រាប់​រយៈពេល​២ឆ្នាំ​គឺ​ឆ្នាំ​២០១៤​ និង​២០១៥។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ថា​ ថវិកា​នេះ​ជា​ថវិកា​សម្រាប់​ភាគី​អន្តរជាតិ។​ ក្រុម​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​សាលាក្តី​គឺ​លោក​ក្រាញ់ តូនី​ ជា​ប្រធាន​ស្តីទី​និង​លោក​ឃ្នុត ​រូហ្សិនហក​បាន​សម្តែង​ការ​អរគុណ​ដល់​ប្រទេស​ន័រវែស។​

អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​គឺ​លោក​នេត្រ ភក្ត្រា​បាន​អះអាង​ថា​ ប្រទេស​ន័រវែស​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ផ្តល់ការ​សន្យា​ផ្តល់​កញ្ចប់​ថវិកា​ថ្មីនេះ។​

«នេះ​គឺជា​ការ​ផ្តល់​មូលនិធិ​ថ្មី​មួយ​ទៀត​មកកាន់​តុលាការ​ខ្មែរក្រហម​ ហើយ​យើង​សង្ឃឹម​ថា​ ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត​នឹង​បន្ត​ផ្តល់​ថវិកា​នេះ​ ជាពិសេស​ មក​កាន់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​កំពុង​តែជួប​ប្រទះ​នឹង​បញ្ហា​ខ្វះ​សាច់​ប្រាក់​ក្នុង​ដំណើរការ​ខ្លួន​ ជាពិសេស​គឺ​ការ​បើក​ប្រាក់​បៀវត្សរ៍​ជូន​ដល់​មន្ត្រី ​បុគ្គលិក»។​

លោក​ថ្លែង​ថា​ ភាគី​ជាតិខ្វះ​ខាត​ថវិកា​ចំនួន​៣,៦​លាន​ដុល្លារ​ស.រ.អា.ទៀត​សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៤។​

លោក​ឡាត់ គី​ មន្ត្រី​សម្រម​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​ បាន​អះអាង​ថា​ លោក​កំពុង​តែ​មាន​ក្តី​បារម្ភ​ចំពោះ​ជំហរ​ម្ចាស់​ជំនួយ​ ដែល​ភាគច្រើន​ផ្តល់​ថវិកា​ទៅតែ​ខាង​ភាគី​អន្តរជាតិ។​

«អញ្ចឹង​បើសិន​ណា​ជា​ម្ចាស់​លុយភាគ​ច្រើន​គាំទ្រ​តែ​ទៅលើ​ភាគី​អ.ស.ប.អញ្ចឹង​ភាគី​ជាតិ​ប្រហែល​ជា​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ ហើយ​អញ្ចឹង​បញ្ហា​ វា​នឹង​កើត​ឡើង​ដដែលៗ​គឺ​មាន​ការតវ៉ា​ ហើយនឹង​មាន​ការ​ធ្វើពហិការ​ដើម្បី​ទាមទារ​រក​ដំណោះ​ស្រាយ។​ អញ្ចឹង​បញ្ហា​វា​កើត​ឡើង​ចំពោះ​សាលាក្តីដដែល​ជា​ដដែល»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ចំណាស់ៗ​អាយុ​ជាង​៨០​ឆ្នាំ​ពីរនាក់​ គឺ​នួន ជា ​បងធំ​ទី២​ និង​ខៀវ សំផន​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​ក្នុង​សំណុំ​រឿង​ជា​បន្ត​បន្ទាប់​ទាក់ទង​នឹង​បទ​ចោទ​ជា​ច្រើន​ ដែល​ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​ក្នុង​ទសវត្សរ៍​១៩៧០ ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាង​១លាន​៧សែន​នាក់​បាន​ស្លាប់។​ សាលាក្តី​នេះ​មាន​ការ​ពន្យារ​ពេល​ជា​ច្រើន​លើក​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​ដោយ​សារ​តែ​ការ​ខ្វះ​ថវិកា​បើក​ឲ្យ​បុគ្គលិក​ជាតិ​ ដែល​ពួក​គេ​ធ្វើ​ពហិការ​មិន​មក​ធ្វើ​ការ។​

សាលាក្តី​នេះ​នៅ​មាន​សំណុំ​រឿង​មួយ​ចំនួន​ទៀត​គឺ​សំណុំ​រឿង​០០២​ វគ្គទី២ ​និង​សំណុំ​រឿង​បន្ថែម​ដ៏​ចម្រូង​ចម្រាស​គឺ​០០៣​ និង​០០៤​ ដែលមាន​ជនជាប់សង្ស័យ​៤នាក់។​ ទោះជា​យ៉ាងណា​ក៏ដោយ​ សាលាក្តី​នេះ​បាន​ចាត់​តាំង​មេធាវី​ជនជាតិ​អង់គ្លេស​ម្នាក់​ដើម្បី​ការពារក្តី​ជន​សង្ស័យ​មួយរូប​ក្នុង​សំណុំ​រឿង​០០៤​ ដែល​សាលាក្តី​នេះ​មិនទាន់​បានបង្ហាញ​ឈ្មោះ​ជា​សាធារណៈ​នៅ​ឡើយ​នោះ។​

មេធាវី​បរទេស​រូប​នោះ​គឺ​លោក ​John ​R.W.D. ​Jones ​ដែល​ត្រូវ​ធ្វើការ​ជាមួយ​នឹង​លោក​ប៊ិត ស៊ាងលឹម​ ជា​សហ​មេធាវី​ដែល​ទទួល​បានការ​តែងតាំង​កាលពី​ពេល​ថ្មីៗ​នេះ។​

ជន​សង្ស័យ​សំណុំ​រឿង​បន្ថែម​០០៣​ និង​០០៤​មិនទាន់​ប្រឈម​នឹង​ការ​ចាប់​ឃុំ​ខ្លួន​ទេ​ ទោះបី​ជាមាន​ការ​ចោទ​ប្រកាន់​ពី​សហ​ព្រះរាជ​អាជ្ញា​តាំងពី​ឆ្នាំ​២០០៨​មក​ក្តី​ ហើយ​ក្រុម​មេធាវី​នៃ​សំណុំ​រឿង​បន្ថែម​ទាំង​នេះ​ក៏មិន​ទាន់​អាច​មាន​សិទ្ធិ​ចូល​មើល​សំណុំ​រឿង​ទាំងនេះ​បាន​ដែរ។​ ក្រុមអ្នក​ឃ្លាំមើល​ជាតិ​ និង​អន្តរជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប៉ះពាល់​សិទ្ធិ​ជន​ជាប់​ចោទ​ ហើយ​បាន​ស្តី​បន្ទោស​ភាព​យឺតយ៉ាវ​នៃកិច្ច​សហការ​រវាង​មន្ត្រី​សាលាក្តី​ភាគី​ជាតិ ​និង​អន្តរជាតិ​នៃ​ដំណើរការ​សំណុំ​រឿង​បន្ថែម​ទាំង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG