ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​ត្រូវ​ការ​​ដំណឹង​អំពី​ដំណើរ​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ប្រសើរ​ជាង​បច្ចុប្បន្ន


ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្លះ​ទៀត​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​សប្តាហ៍​ថ្មីៗ​នេះ​ដែរ​ថា​ ​សំណុំ​រឿង​បន្ថែម​០០៣​ និង​០០៤​ ដែល​រដ្ឋាភិបាល​ធ្លាប់​រារាំង​នោះ​ មាន​បញ្ហា​ចម្រូង​ចម្រាស​ជាថ្មី​ទៀត​។
ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្លះ​ទៀត​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​សប្តាហ៍​ថ្មីៗ​នេះ​ដែរ​ថា​ ​សំណុំ​រឿង​បន្ថែម​០០៣​ និង​០០៤​ ដែល​រដ្ឋាភិបាល​ធ្លាប់​រារាំង​នោះ​ មាន​បញ្ហា​ចម្រូង​ចម្រាស​ជាថ្មី​ទៀត​។
ការ​ស្ទាបស្ទង់​មតិថ្មី​មួយ​នៃ​អង្គការ​ច្បាប់​របស់​ស.រ.អា.មួយ​បាន​រកឃើញ​ថា​ ជា​ចាំបាច់ ​សាលា​ក្តី​កាត់​ទោស​ខ្មែរក្រហម​ និង​ប្រទេស​ម្ចាស់​ជំនួយត្រូវ​ផ្តល់​ការ​គាំទ្រ​ឡើង​វិញ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ជូន​ដំណឹង​ដល់​ពលរដ្ឋ​កម្ពុជា​អំពី​ដំណើរ​ការ​កាត់​ទោស​មេខ្មែរ​ក្រហម។​ ​អង្គការ​នេះ​បាន​ព្រមាន​ថា​ ការ​បណ្តោយ​ឲ្យធ្លាក់​ចុះ​នូវ​ការ​គាំទ្រ​ពី​សាធារណ​ជន​នឹងនាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​កាត់​ទោស​នេះ។

របាយ​ការណ៍​របស់​អង្គការ​ Open ​Society ​Justice​ Initiative ​(OSJI) ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃច័ន្ទ​រកឃើញ​ដំបូងៗ​ថា ​ពលរដ្ឋភាគច្រើន​ក្នុង​ចំណោម​១០០​នាក់​ដែលលែង​បង្ហាញ​ខ្លួន​ក្នុង​ដំណើរ​ការ​កាត់ទោស​ខ្មែរ​ក្រហម​ បាន​ធ្វើ​បទ​សម្ភាសន៍ទាំង​នៅ​ទីក្រុង​ និង​ទី​ជនបទ​កាលពី​ចុង​ឆ្នាំ​និង​ដើម​ឆ្នាំនេះ​ ហើយបាន​បង្ហាញការ​ធ្លាក់​នូវ​ការ​គាំទ្រ​ខ្លះ​ដល់​ដំណើរ​ការ​សាលាក្តី ដែល​ចូលរួម​ពី​អ.ស.ប.នេះ តែថា ​ពួក​គេ​នៅតែ​ចង់​ឃើញ​ដំណើរ​ការ​កាត់​ទោស​ដើរ​ទៅ​មុខ​ដដែល។​

លោកស្រី​ឡូរ៉ា ម៉ាក់គ្រូ ​(Laura McGrew) ដែល​ជា​អ្នក​ផ្តល់​យោបល់​ដល់​អង្គការ​ (OSJI) ​និង​ជា​អ្នក​ធ្វើ​បទ​សម្ភាសន៍​ បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​អង្គារ​ថា​ បញ្ហា​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​ការ​គាំទ្រ​នោះ​គឺ​ការ​ខ្វះ​ការ​យល់​ដឹង​អំពី​ដំណើរ​ការ​កាត់​ទោស​ខ្មែរក្រហម​ ដោយ​សារ​ពួក​គេ​មិន​បាន​ដឹង​អំពី​ស្ថានការណ៍កាត់​ទោស​ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ពីរ​នាក់​គឺ ​នួន ជា ​និង​ ខៀវ សំផន។​

«ចំពោះ​ខ្ញុំ​ បើគេ​មិន​ធ្វើការ​ផ្សព្វ​ផ្សាយ​ទេ​ ពេល​នោះ​តម្លៃ​សាលាក្តី​ត្រូវ​ធ្លាក់​ចុះ។ ​សម្រាប់​ខ្ញុំ​ គោល​បំណង​ចម្បង​នៃ​សាលាក្តី​គឺ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ក៏​ដូច​ជា​យុត្តិធម៌​អន្តរជាតិ​ដែរ​ ជាការណ៍​ពិត។​ តែ​តាម​យោបល់​ខ្ញុំ​គឺ​ថា​ គោល​បំណង​ជា​បឋម​គឺ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ​ហើយ​ប្រសិន​បើ​ពួកគេ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នោះ ​ពួកគេ​មិនអាច​រៀន​សូត្រ​បាន​ទេ។ ​ពួកគេ​មិនអាច​យល់​ដឹង​អំពី​ប្រវត្តិ​សាស្រ្ត​របស់​គេ​បាន​ទេ។​ ពួកគេ​មិន​អាច​ទទួល​បាន​ប្រព័ន្ធ​យុត្តិធម៌​ដ៏​មាន​ប្រសិទ្ធិ​ភាព​ពិត​ប្រាកដ​ដែល​គេ​សង្ឃឹម​ថា​ បាន​ពី​សាលាក្តី​នោះ​ឡើយ។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ ការ​ផ្សព្វផ្សាយ​គឺ​ជា​រឿង​សំខាន់»។​

លោក​ស្រី​បាន​ថ្លែងថា​ ដំណើរ​ការ​ផ្សព្វផ្សាយ​សម្រាប់​ការកាត់​ទោស​សំណុំ​រឿង​០០១របស់​កាំង ហ្កេអ៊ាវ​ ហៅឌុច​ អតីត​ប្រធាន​គុក​ទួលស្លែង​ខ្មែរក្រហម​នោះ ​មានការ​ផ្សព្វ​ផ្សាយ​ខ្លាំង​កាលពី​ឆ្នាំ​២០០៩​ និង​ឆ្នាំ ​២០១០​ដើម្បី​ឲ្យបាន​ដឹង​ឮ​អំពី​ដំណើរ​ការ​កាត់ទោស ​គឺផ្សព្វ​ផ្សាយ​ច្រើន​ជាង​សំណុំ​រឿង​០០២​ដែល​បាន​កាត់​ទោស​រួច​ហើយ​នៅ​វគ្គទី១​ ហើយ​រង់ចាំ​សាល​ក្រម​មុន​ពេល​ដំណើរការ​បន្ត​ទៅ​សំណុំ​រឿង​០០២​ វគ្គ​ទី២​ទៀត​នោះ។​ លោកស្រី​ឡូរ៉ា ម៉ាក់​គ្រូ​បាន​បន្ថែម​ថា​ រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ឃើញការ​ផ្សព្វ​ផ្សាយ​អំពី​ដំណើរ​ការ​កាត់ទោស​តាំងពី​ខែតុលា​ ក្រោយ​ពេល​ដែល​សំណុំ​រឿង​០០២​វគ្គ១​អំពី​រឿង​ជម្លៀស​ពលរដ្ឋ​ចេញពី​ទីក្រុង​ ត្រូវ​បញ្ចប់​ការ​កាត់​ទោស​នោះ។​

ក៏​ប៉ុន្តែ​លោកនេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​អះអាង​ថា​ សាលាក្តី​នៅ​ដំណើរ​ការ​ផ្សព្វផ្សាយ​ជា​ធម្មតា​គឺ​ចុះ​ទៅតាម​បណ្តាខេត្ត​នានា​ ធ្វើ​វេទិកា​សាធារណៈ​ ជួប​សិស្សានុ​សិស្ស​និង​ផ្តល់​ឱកាស​ដល់​ប្រជា​ពលរដ្ឋ​មក​ពីស្រុក​ខេត្ត​នានា​ បាន​បំពេញ​ទស្សន​កិច្ច​ស្វែង​យល់​អំពី​ដំណើរ​ការ​ តុលាការ​ រួមនឹង​ការ​ស្វែង​យល់​អំពី​ទីតាំង​ឧក្រិដ្ឋកម្ម​ ដូចជា​បឹង​ជើង​ឯក​និង​គុក​ទួល​ស្លែង។​

«រៀង​រាល់​ថ្ងៃ​អង្គារ ​និង​ថ្ងៃ​ព្រហស្បតិ៍​ ​គឺ​មាន​ប្រជា​ពលរដ្ឋ​ចន្លោះ​ពី​៣០០​ទៅ ៤០០​នាក់​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មួយ​លើកៗ​ ដែល​ពួក​គាត់​បាន​មក​ទស្សនា ​ដោយ​ផ្ទាល់​និង​ចូលរួម​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​របស់​បុគ្គលិក​សាលាក្តី​ ជាពិសេស ​គឺផ្នែក​កិច្ចការ​សារធារណៈ​ទាក់ទង​ជាមួយ​នឹង​ដំណើរ​ការ​វិវត្តន៍​ថ្មីៗ​ ទាក់ទង​ជា​មួយ​នឹង​តុលាការ»។​

លោក​បាន​ថ្លែង​ថា ​ចំពោះ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ទូរទស្សន៍​គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​មាន ​ឬគ្មាន​សវនាការ​តែ​ប៉ុណ្ណោះ។​

ក៏​ប៉ុន្តែ​លោក​ស្រី​ឡូរ៉ា ម៉ាក់គ្រូ​បាន​កត់​សម្គាល់​ថា​ សាធារណជន​បាន​ដឹង​ដំណឹង​អំពី​បញ្ហា​អវិជ្ជ​មាន ​ដូចជា​ការ​ចោទ​ប្រកាន់​អំពី​រឿង​ពុក​រលួយ​ អំពី​រឿង​ពន្យារពេល​ បញ្ហា​វិវាទ​រវាង​ចៅ​ក្រម​ជាតិ​ និង​ចៅក្រម​អន្តរជាតិ​ និង​បញ្ហា​ខ្វះខាត​ថវិកា ជា​ជាងព័ត៌មាន​វិជ្ជមាន​អំពី​សាលាក្តី។​

ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្លះ​ទៀត​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​សប្តាហ៍​ថ្មីៗ​នេះ​ដែរ​ថា​ ​សំណុំ​រឿង​បន្ថែម​០០៣​ និង​០០៤​ ដែល​រដ្ឋាភិបាល​ធ្លាប់​រារាំង​នោះ​ មាន​បញ្ហា​ចម្រូង​ចម្រាស​ជាថ្មី​ទៀត​ ក្រោយពី​អ្នក​វិភាគ​ខ្លះ​បាន​អះអាង​ថា​ ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​មេធាវី​ជន​សង្ស័យ​ចូល​មើល​សំណុំ​រឿង​ ​ចៅក្រម​មិនទាន់​មាន​ការ​សម្រេច​ចាប់ខ្លួន​ជនសង្ស័យ ​ទោះជា​មានការ​ស៊ើបអង្កេត​៥​ឆ្នាំ​ហើយ​ក្តី​ ដែល​រឿង​នេះ​ជាចំណុច​រាំង​ស្ទះ​ដល់​ដំណើរការ​នីតិវិធី​សំណុំ​រឿង​បន្ថែម។​

សាស្ត្រាចារ្យ​ច្បាប់​ ចេហ្វ្រីយ ប្រែន​ (Jeffrey Brand) និង​ជា​នាយក​នៃ​មជ្ឈ​មណ្ឌល​ច្បាប់​ និង​យុត្តិធម៌​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ ​San Francisco ​ បាន​អះអាង​ថា ​សម្រាប់​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា​ និង​ពិភព​លោក​ ​គេ​សង្ឃឹម​ថា​ ភាព​ស្មុគស្មាញ​ខាង​នយោ​បាយ​ ដែល​គម្រាមនិង​បង្អាក់​ការ​ផ្តន្ទា​ទោស​នេះ​ នឹងត្រូវ​គេ​បញ្ឈប់។

«បើ​ពុំ​ដូច្នោះ​ទេ​ រង្វាន់​ដ៏​ធំ​បំផុត​សម្រាប់​សាលាក្តី​ មរតក៌​របស់​សាលាក្តី​ចំពោះ​ការ​បង្រៀន​អំពី​សារៈ​សំខាន់​ស្តីពី​នីតិរដ្ឋ​ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ​និង​ការ​រំឭក​ដល់​ពិភព​លោក​អំពី​សារៈ​សំខាន់​នៃ​ការ​ទទួល​ខុសត្រូវ​ អាច​នឹង​អន្តរាយ​ទៅ​វិញ»។​

សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​ ដែល​តែងតែ​ខ្វះខាត​ថវិកា​ បាន​កាត់​ទោស​សំណុំ​រឿង​០០២​ វគ្គ១ ​ហើយ​កំពុង​រង់ចាំ​សាល​ក្រមដែល​រំពឹង​ថា ​នឹង​ចេញ​នៅខែ​មិថុនា​ខាង​មុខ។​ សាលាក្តី​នេះ​កំពុង​រៀបចំ​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី២​ ជា​សំណុំ​រឿង​សំខាន់​ដែល​មាន​ទាក់ទង​នឹង​ឧក្រិដ្ឋ​កម្ម​នានា​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជិត​ពីរលាន​នាក់​បាន​ស្លាប់​បាត់បង​ជីវិត​ក្នុង​ទសវត្សរ៍​១៩៧០។​

ទោះ​ជា​ខ្វះ​ព័ត៌មាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​ដំណើរ​ការ​កាត់​ទោស​ក៏​ពិត​មែន​ក្តី​ តែ​អ្នក​ដែល​បាន​ធ្វើ​បទ​សម្ភាសន៍​បាន​បង្ហាញ​ថា​ ពួក​គេ​ក៏ចង់​ឲ្យ​មានការ​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម ​ឬ​ជន​ជាប់​ចោទ​ទាំង​ពីរ​ដែរ ​ដើម្បី​ស្វែង​រក​ការណ៍​ពិត​ដែល​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

លោកស្រី​ឡូរ៉ា ម៉ាក់គ្រូ​បាន​បន្ថែម​ថា៖​ «មនុស្ស​ភាគ​ច្រើន ​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ បាន​ប្រាប់​យើង​ថា ​ពួក​គេ​ចង់​ឲ្យ​ការ​កាត់​ទោស​ដំណើរការ​ទៅមុខ។​ ពួកគេ​ចង់បាន​ដំណើរ​ការ​កាត់ទោស​ត្រូវ​ធ្វើបន្ត​ តែពួក​គេ​ពិត​ជាមិន​សូវ​បាន​ដឹង​ច្រើនទេ​ ថា​តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​សំណុំ​រឿង​០០២»។​

លោកឡាត់ គី​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិ​ មនុស្ស​អាដហុក​ បាន​អះអាង​ថា ​លោក​សង្កេត​ឃើញ​ថា ​សហគមន៍​ទូទៅ​ ​នៅ​ខ្វះ​ព័ត៌មាន​ច្រើន​ណាស់ ​ទោះ​ជា​អង្គការ​របស់​លោក​និង​សាលាក្តី​បាន​ចុះ​ធ្វើការ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ក្តី។​

«អញ្ចឹង​ហើយ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​យើង​ខ្ញុំ​បាន​ផ្សារ​ភ្ជាប់​ជា​កេរតំណែល​វិជ្ជមាន​ខ្លះ​អំពី​បញ្ហា​ជន​រងគ្រោះ ​ដែល​ចូលរួម​ស្វែង​រក​យុត្តិធម៌​ដោយ​ផ្ទាល់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ ហើយ​នឹង​ផ្សះផ្សារ​ជម្ងឺ​ផ្លូវ​ចិត្ត​របស់​សហគមន៍​ដទៃ​ទៀត ​ដែល​គាត់​អត់​បាន​ចូល​រួម​នៅ​ក្នុង​នាម​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ ឬ​ក៏​អត់​បាន​ចូលរួម​ដិត​ដល់​ក្នុង​បញ្ហា​សាលាក្តី​ខ្មែរ​ក្រហម​នេះ»។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ លោក​នេត្រ ភក្ត្រា​ ​អ្នក​នាំ​ពាក្យ​នៃ​សាលាក្តី​ ខ្មែរក្រហម​ បាន​ទទូច​ដល់​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​ផ្តល់​ថវិកា​គ្រប់គ្រាន់​ដើម្បី​ឲ្យ​សាលាក្តី​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន ​ហើយ​លោក​ក៏​បាន​បន្ថែម​ថា សាលាក្តី​នេះ​ត្រូវការ​ជំនួយ​ពីសង្គម​ស៊ីវិល​ និង​ថវិកា​ម្ចាស់​ជំនួយ​ដើម្បី​ធ្វើ​កិច្ចការ​បន្ត​ទៀត៕
XS
SM
MD
LG