ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ម្ចាស់​ជំនួយ​យល់​ព្រម​ផ្តល់​ជាង​៦០​លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម


រូប​ឯកសារ៖ ពលរដ្ឋ​តម្រង់​ជួរ​ដើម្បី​ចូល​តុលាការ​ខ្មែរ​ក្រហម​ខណៈ​ដែល​អេក្រង់​ទូរទស្សន៍​បញ្ចាំង​ទិដ្ឋភាព​ក្នុង​សាល​សវនាការ​ដែល​មាន​អតីត​មេខ្មែរ​ក្រហម ខៀវ សំផន។
នៅ​សប្តាហ៍​នេះ​ ក្រុម​ប្រទេស​ជា​មិត្ត ​ឬ​ប្រទេស​ចាប់​អារម្មណ៍​នឹង​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​ ​បាន​អនុម័ត​យល់ព្រម​លើ​កញ្ចប់​ថវិកា​ចំនួន​៦០​លាន៥សែន​ដុល្លារ​ស.រ.អា.សម្រាប់​សាលាក្តី​ខ្មែរ​ក្រហមសម្រាប់​គម្រោង​ចំណាយ​រយៈពេល​២​ឆ្នាំ​គឺឆ្នាំ​២០១៤ ​និង​ឆ្នាំ​២០១៥។​ នេះ​បើតាម​ការ​អះអាង​នៅថ្ងៃ​អង្គារ​របស់​ក្រុម​មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម។

កញ្ចប់​ថវិកា​ដែល​គេ​បាន​អនុម័ត​នោះ​គឺ​សម្រាប់​ភាគី​ជាតិ​ មាន​ជាង​១២​លាន​ ដុល្លារ​សម្រាប់​រយៈពេល​២ឆ្នាំ​ ហើយ​រយៈពេល​ដូច​គ្នា​ដែរ​សម្រាប់​ភាគី​អន្តរជាតិ​មាន​ចំនួន​ជាង​៤៨លាន​ដុល្លារ។ ​ថវិកា​នេះ​គឺដើម្បី​ទ្រទ្រង់​ដល់​ដំណើរ​ការ​ចំណាយ​នានា​ដើម្បីកាត់​ទោស​ពួក​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូល​ពីរ​រូប ​ជាជន​ជាប់ចោទ​គឺ​នួន ជា ​និង​ខៀវ សំផន។

លោក ​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ បាន​អះអាង​ថា ​សាលាក្តី​ខ្មែរក្រហម​ ជាពិសេស​ភាគី​ជាតិ​ ចង់ឃើញ​ការ​ទម្លាក់​ថវិកា​ឲ្យបាន​ឆាប់​ក្រោយពី​អនុម័ត​នេះ។​

«ជា​ការណ៍ពិត ​បន្ទាប់​ពីការ​អនុម័ត​លើ​គម្រោង​ថវិកា​ពីក្រុម​ប្រទេស​ម្ចាស់​ជំនួយ​នេះ​គឺយើង​ស្នើសុំ​ឲ្យមាន​ការផ្តល់​វិភាគ​ទាន​ហ្នឹង​ឲ្យ​បាន​ឆាប់​រហ័ស​តាមអ្វី​ដែល​ជាការ​ស្នើ​សុំ​គម្រោង​ថវិកា​ហ្នឹង​ ព្រោះ​ថា​ ​សម្រាប់​ភាគី​ជាតិ​យើង​នឹង​អស់សាច់​ប្រាក់ ​នៅ​ចុង​ខែ​មិនា​ឆ្នាំ​២០១៤​នេះ។ ​ហើយ​ចាប់ពី​ខែ​មេសា​តទៅ​ យើង​នឹង​ជួប​ប្រទះ​កង្វះ​សាច់​ប្រាក់​នៅ​ក្នុង​ការ​បើក​ប្រាក់​បៀវត្សរ៍​ជូន​ដល់​មន្ត្រី​ បុគ្គលិក។​ ដូច្នេះ​យើង​ស្នើ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​ផ្តល់ការ​គាំទ្រ​ថវិកា​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​ជៀសវាង​ការ​ប្រឈម​មុខ​នឹង​វិបត្តិ​ថវិកា​ដូច​ឆ្នាំ​កន្លង​ទៅ»។

លោក​ ក្រាញ់ តូនី​ ប្រធាន​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ បាន​ស្វាគមន៍​ការ​អនុម័ត​ថវិកា​របស់​ក្រុម​ម្ចាស់​ជំនួយ​នោះ​ដែរ​ ហើយ​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​ ​ផ្តល់​ជំនួយ​ជាចាំ​បាច់​ដល់​សាលាក្តី។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម ​ដែល​កំពុង​ដំណើរការ​កាត់ទោស​សំណុំ​រឿងជា​បន្តបន្ទាប់​ពីបទ​ឧក្រិដ្ឋកម្ម​នានា​ទាក់ទង​នឹងការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០​នោះ​ បាន​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ថវិកា​ជាច្រើន​លើក​ ជាពិសេស​ភាគីជាតិ។​ កង្វះ​ថវិកា​នេះ​ត្រូវគេ​ស្តី​បន្ទោស​មួយ​ផ្នែក​ថា​ បណ្តាល​មកពី​ការ​យឺត​យ៉ាវ​នៃ​ដំណើរការ​និង​ការ​ចោទប្រកាន់​អំពី​រឿង​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ។​

សាលាក្តីនេះ​បាន​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​ហើយ​តាំងពី​ឆ្នាំ ២០០៦មក​ ដោយ​បាន​ធ្វើ​ការ​កាត់ទោសជន​ជាប់​ចោទ​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ សំណុំ​រឿង​០០១​របស់​កាំង ហ្គេវអ៊ាវ​ ហៅឌុច​ អតីត​ប្រធាន​គុកទួល​ស្លែង​របស់​ខ្មែរ​ក្រហម៕
XS
SM
MD
LG