វ៉ាស៊ីនតោន៖ លោកស្រី ជា ម៉ារី បានបង្ហាញទឹកមុខស្រស់ស្រាយច្រើនក្នុងការជួបជុំគ្នាកាលពីសប្តាហ៍មុនដើម្បីមកស្តាប់ព័ត៌មានថ្មីៗពីសាលាក្តីខ្មែរក្រហម។
ខុសពីជាងបីឆ្នាំមុនពេលដែលមកបំពេញបែបបទដើម្បីដាក់ពាក្យប្តឹងទៅសាលាក្តីខ្មែរក្រហមលោកស្រីស្ទើរតែមិនជឿថាអ្វីដែលលោកស្រីធ្វើនៅពេលនោះបានក្លាយទៅ ជាផ្នែកមួយនៃប្រវត្តិសាស្រ្តសាលាក្តីដែលសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបានចូលរួមក្នុងការស្វែងរកយុត្តិធម៌ដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។
លោកស្រីជា ម៉ារីបានក្លាយជាសកម្មជនមួយក្នុងសហគមន៍ដែលលើកទឹកចិត្តដល់សមាជិកសហគមន៍ដទៃទៀតឱ្យមានក្តី សង្ឃឹមក្នុងការស្វែងរកយុត្តិធម៌សម្រាប់ក្រុមគ្រួសារពួកគេដែលបានបាត់បង់ជីវិត។
«យើងទាំងអស់គ្នាត្រូវតែក្រោកឡើងនិងនិយាយឱ្យគេបានដឹងថាយើងចង់បានអី យើងចង់បានយុត្តិធម៌ពីព្រោះ មនុស្សគ្រប់រូបអ្នកណាមិនស្រឡាញ់ជីវិត ស្រឡាញ់ណាស់ជីវិត។ គេយកទៅសម្លាប់តើភ័យខ្លាចប៉ុណ្ណាមុននឹងស្លាប់។ រាល់ថ្ងៃរាល់ពេលវេលាខ្ញុំនឹកដល់គ្រួសារខ្ញុំ។ ខ្ញុំអត់ភ្លេចទេ។ ខ្ញុំថាខ្ញុំសប្បាយចិត្តខ្ញុំធ្វើពេលនេះព្រោះ ខ្ញុំបានធ្វើអ្វីចំពោះគ្រួសារខ្ញុំចំពោះខ្មែរទាំងអស់ដែលបានស្លាប់ទៅឱ្យដឹងថាពួកយើងអត់នៅស្ងៀមទេ តវ៉ាធ្វើយ៉ាងម៉េចរកយុត្តិធម៌ដើម្បីឱ្យគាត់បិទភ្នែកទៅជិត»។
លោកស្រី ជា ម៉ារី ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ប្រឆាំងនឹងមេដឹកនាំខ្មែរក្រហមនួន ជា ខៀវ សំផន និងអៀងសារីដែលពេលនេះកំពុងត្រូវអង្គជំនុំជម្រះក្តីដែលគាំទ្រដោយអង្គការសហប្រជាជាតិកំពុងកាត់ទោសពីការធ្វើឱ្យស្លាប់ពលរដ្ឋខ្មែរជាង១,៧លាននាក់។
លោកស្រីនូ លក្ខិណានាយិកាប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមកម្ពុជាដែលបានជួយប្រមូលសក្ខីកម្មរបស់ជនរងគ្រោះខ្មែរអាមេរិកាំងសម្រាប់ប្តឹងទៅសាលាក្តីបានបញ្ជាក់ថា៖
«គាត់គឺជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ដែលតុលាការបានទទួលយកពាក្យបណ្តឹងដូច្នេះយើងរំភើបចិត្តខ្លាំងណាស់ដែលសក្ខីកម្មរបស់គាត់និងជនរងគ្រោះដទៃទៀតដែលដាក់តាមASRIC ត្រូវបានទទួលយក។ គាត់មកទីនេះដើម្បីចែករំលែកបទពិសោធន៍ដែលទទួលបានថាហេតុអ្វីបានជាគាត់ដាក់ពាក្យប្តឹង។ តើយុត្តិធម៌បែបណាដែលគាត់សង្ឃឹមថានឹងទទួលបាននិងស្នើឱ្យជនរងគ្រោះដទៃទៀតចូលរួមក្នុងការប្រយុទ្ធជាបន្តទៀតដើម្បីយុត្តិធម៌»។
ដូចជាជនរងគ្រោះខ្មែរភាគច្រើនដែលបានរត់ភៀសខ្លួនមកដល់សហរដ្ឋអាមេរិកលោកស្រីជា ម៉ារី ធ្លាប់មានអារម្មណ៍មិនទុកចិត្តមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគាត់ដែលសូម្បីប្តីរបស់គាត់ក៏ដោយ។
«ការដែលខ្ញុំមិនទុកចិត្តពីមុនព្រោះ ខ្ញុំគិតអ្វីៗទាំងអស់គឺខ្មៅងងឹតទាំងអស់ ខ្ញុំមើលមនុស្សគឺគេខ្មៅងងឹតព្រោះ គេអត់ល្អនឹងខ្ញុំ។ គេអាក្រក់ណាស់។ គេអត់គិតពី មនុស្សធម៌ ធ្វើអំពើល្អយ៉ាងម៉េចក៏គេមើលមិនឃើញដូចជាកាប់សម្លាប់។ ចិត្តខ្ញុំខ្មៅរហូតដល់មើលទៅ ឃើញមនុស្សស្អប់»។
ការស្រាវជ្រាវរបស់អ្នកសង្គមវិទ្យាបានរកឃើញថាភាគច្រើននៃជនរងគ្រោះទទួលរងការប៉ះពាល់ខាងផ្លូវចិត្តនិងមានអារម្មណ៍តូចចិត្តជាដើមហើយមានអារម្មណ៍ពិបាកលុបបំបាត់រូបភាពអាក្រក់ទាំងនោះ។
សម្រាប់អ្នកស្រី នៅ សារឹមអតីតនិស្សិតស្រុកបារាំងដែលបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញហើយត្រូវអង្គការខ្មែរក្រហមយកទៅ ដាក់គុកនៅមន្ទីរបឹងត្របែក បានចាត់ទុកកម្មវិធីនៃការជួបជុំគ្នាដូចនេះជាការចែករំលែកខ្លះៗពីអ្វីដែលអ្នកស្រី បានជួបប្រទះក្នុងរបបខ្មែរក្រហម។អនុស្សាវរីយ៍ខ្លះមានសភាពនៅស្រស់ៗនៅហ្នឹងភ្នែកនៅឡើយ។
«ពេលនោះខ្ញុំនៅកន្លែងមួយដែលហៅ ថាបឹងត្របែកហើយអៀងសារីបានមកជួបជុំជាមួយនឹងពួកយើងពីរដងនៅសាលារៀនបឹងត្របែកហ្នឹងមកណែនាំពួកយើង ខាងខ្ញុំនៅខាងកូនសិស្សហើយមានជំរំមួយទៀតនៅជិតខាងពួកយើងខ្ញុំគឺពួកទូត។ គេឱ្យពួកទូតហ្នឹងក៏មកសាលារៀនបឹងត្របែកហើយគេឱ្យខាងពួកខ្ញុំជាកូនសិស្សទៅជួបគ្នានៅសាលារៀនបឹងត្របែកហ្នឹងហើយអៀង សារីគេមកជួបជុំយើងសំណេះសំណាលជួបជាមួយពួកយើង។ ហើយម្តងទៀតគេមកដើម្បីផ្លាស់ប្តូរមេដឹកនាំនៅកន្លែងបឹងត្របែកនោះព្រោះ វាច្របូកច្របល់»។
អ្នកស្រីនៅ សារឹមជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ដែរក្នុងសំណុំរឿង០០២ហើយធ្លាប់បានចូលរួមស្តាប់សវនាការពេលបើកដំបូងកាលពីចុងឆ្នាំមុននៅប្រទេសកម្ពុជា។ ដូចគ្នាជាមួយនឹងអ្នកដាក់ពាក្យប្តឹងដទៃទៀតដែរ អ្នកស្រីនៅ សារឹមសម្តែងការធូរស្រាលក្នុងអារម្មណ៍ដែលបានឃើញផ្ទាល់ភ្នែកនូវអតីតមេដឹកនាំដែលកំពុងទទួលការកាត់ទោស។
«ដល់ខ្ញុំទៅឃើញអ្នកទាំងអស់ហ្នឹងនៅក្នុងសាលាក្តីខ្មែរក្រហមហើយដែលយើងធ្លាប់ឃើញពីមុនដែលជាអ្នកជាមេដឹកនាំដែលហ៊ឹកហ៊ាក់ដែលសឹងតែចង្អុលថាអ្នកណាស្លាប់អ្នកណារស់នោះ ក៏ អាចងាប់អាចរស់ហើយឥឡូវយើងឃើញនៅ ក្នុងសាលាក្តីខ្មែរក្រហមក៏ព្រោះ យើងក៏ ធូរចិត្តបន្តិចដែរព្រោះ ថាឱ្យឃើញថានេះហើយអ្នកដែលធ្វើអំពើអាក្រក់ដែលសម្លាប់រង្គាលគឺថាអ្នកឯងគេចមិនរួចទេ»។
មានពលរដ្ឋខ្មែរអាមេរិកាំងចំនួន១៧៤នាក់ជាដើមបណ្តឹងរដ្ឋប្បវេណីនិងជាដើមបណ្តឹងធម្មតា។
លោកស្រីនូស៊ីន សាការ៉ាទីមេធាវីតំណាងឱ្យដើមបណ្តឹងទាំងនោះផ្តោតការងារសំខាន់នៅពេលនេះគឺធ្វើយ៉ាងណាឱ្យកូនក្តីទៅផ្តល់សក្ខីកម្មនៅតុលាការបាន។
«ដោយសារតែមានបញ្ហារឿងសុខភាពលោកអៀង សារី តុលាការព្យាយាមជំរុញតុលាការនេះឱ្យទៅមុខបានឱ្យបានត្រឹមត្រូវតាមលទ្ធភាពដែលខ្លួនមានហើយស្តាប់តែសក្ខីកម្មរបស់សាក្សីនិងដើមបណ្តឹងរដ្ឋប្បវេណីសំខាន់ៗប៉ុន្តែយើងសង្ឃឹមថាយ៉ាងហោចណាស់មានពលរដ្ឋខ្មែរម្នាក់ពីក្រៅប្រទេសនេះចូលរួមក្នុងសវនាការដោយផ្ទាល់»។
សម្រាប់លោកស្រីជា ម៉ារី បើទោះជាបានទៅផ្តល់សក្ខីកម្មដោយផ្ទាល់ឬមិនបានក៏ការដាក់ពាក្យប្តឹងទៅសាលាក្តីបានជួយឱ្យគាត់មានស្ថានភាពសុខភាពផ្លូវចិត្តប្រសើរជាងមុន។
«ក្រោយពីដាក់មកខ្ញុំគេងលក់ជាងមុនដូចនឹកថាស្អីដែលខ្ញុំចង់បាន បានដូចបំណងខ្ញុំហើយ។ យើងគិតថាយើងចង់បានអ្វីមួយ ដល់ហើយបានដូច្នេះវាមិនទាន់បំភ្លេចបាត់អស់ទេវានៅក្នុងចិត្តប៉ុន្តែវាសប្បាយចិត្តម្យ៉ាងដែលយើងបានធ្វើហើយបានជិតដល់ទីដៅដែលយើងថាស្អីដែលយើងកើតទុកយូរកន្លងមកហើយធ្វើយ៉ាងម៉េចក៏មិនកើតៗដូច្នេះវានៅដក់ដល់យើងបានធ្វើយើងជិតបានសម្រេចដូច្នេះវារសាយដែរ»។
លោកស្រីបណ្ឌិតនូ លក្ខិណានិងក្រុមការងាររបស់គាត់បានស្នើឱ្យជនរងគ្រោះទ្រាំអត់ធ្មត់និងទុកពេលឱ្យតុលាការនេះធ្វើការងារសិនដូចសារតែនេះគឺជាតុលាការខ្នាតអន្តរជាតិមួយដែលមានភាពស្មុគស្មាញ ហើយអ្វីដែលជាការបន្ទាន់និងបន្ទាប់មកទៀតសម្រាប់ជនរងគ្រោះគឺខិតខំស្វែងរកវិធីព្យាបាលផ្លូវចិត្តដោយសារកុំលាក់ទុកអនុស្សាវរីយ៍ឈឺចាប់ទាំងនោះ៕