ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការខ្វះខាត​ថវិកា​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​នៅ​តុលាការ​ខ្មែរ​ក្រហម


តុលាការ​ខ្មែរ​ក្រហម
តុលាការ​ខ្មែរ​ក្រហម

ពួកគេ​ព្រមាន​ថា​កង្វះ​ថវិកា​នឹងនាំ​ឲ្យ​គាំងដំណើរការ​រក​យុត្តិធម៌​ហើយ​បំផ្លាញ​សមិទ្ធផល​របស់​តុលាការ។

វ៉ាស៊ីនតោន៖ ក្រុមអ្នក​ឃ្លាំ​មើល​និង​មន្ត្រី​សាលាក្តី​និយាយ​ថា​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​មិនទាន់​បានផ្តល់​ថវិកា​គ្រប់គ្រាន់​សម្រាប់​បន្ត​ដំណើការ​កាត់ទោស​ពួកអតីត​មេដឹកនាំ​ខ្មែរ​ក្រហម​នោះ​ទេ​ជាពិសេស​សម្រាប់​ការ​ចំណាយ​ចុងឆ្នាំ​នេះ​និង​ថវិកា​សម្រាប់​គាំទ្រ​ដំណើរការ​ឆ្នាំ២០១៣។​ ពួកគេ​ព្រមាន​ថា​កង្វះ​ថវិកា​នឹងនាំ​ឲ្យ​គាំងដំណើរការ​រក​យុត្តិធម៌​ហើយ​បំផ្លាញ​សមិទ្ធផល​របស់​តុលាការ។
ក្រុមអ្នកជំនាញ​និង​ម្ចាស់​ជំនួយខ្លះ​និយាយថា​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប​ត្រូវការ​ទឹកបា្រក់​៤លានដុល្លារ​ សម្រាប់ខែ​វិច្ឆិកា​ដល់​ខែធ្នូ​ខាងមុខ​ហើយនិង​ត្រូវការ​ទឹកប្រាក់​ជាង​៣៦​លានដុល្លារ​ទៀត​សម្រាប់​ឆ្នាំ​២០១៣​ដើម្បី​កាត់ទោស​ជនជាប់ចោទ​ពីបទ​ទទួល​ខុសត្រូវ​លើ​ការ​កាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង១លាន​៧សែន​នាក់​ក្នុង​ចន្លោះឆ្នាំ​១៩៧៥ ​ដល់​១៩៧៩ ។
លោក ​នេត្រ ភក្រ្តា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បានអះអាង​ថា​មកទល់​ពេលនេះ​ពុំមាន​ការ​សន្យា​ធំដុំ​ពី​ប្រទេស​ម្ចាស់​ជំនួយ​ទេ។
«សម្រាប់​ភាគី​អន្តរជាតិ​គឺ​គាត់​នឹង​ជួបប្រទះ​នូវ​បញ្ហា​ថវិកា​នៅចុងឆ្នាំ​នេះ​ហើយ​យើង​ មិនទាន់​ដឹងថា​នៅឆ្នាំ​២០១៣​យើង​មាន​ថវិកា​គ្រប់គ្រាន់​តាម​គម្រោង​ផែនការ​របស់​យើងដែរ​ឬ​យ៉ាង​ម៉េច​ទេ»។
នៅក្នុង​របាយការណ៍​លម្អិត​២២​ទំព័រ​ជា​ភាសាអង់គ្លេស​កាលពី​ខែកញ្ញា​ចែកជូន​ទៅ​ដល់​សមាជិក​អ.ស.ប​ជាង១៩០​ប្រទេស​ក្នុងអំឡុង​ពេលមហា​សន្និបាត​អ.ស.ប​នៅឯ​បូរី​ញ៉ីវយ៉ក​ លោក​ បាន គីមូន ​អគ្គលេខាធិការ​អ.ស.ប​អះអាង​ក្នុង​របាយការណ៍​ដែល​វីអូអេ​ទទួល​បាន​នោះ​ថា​ការបរិច្ចាគ​ថវិកា​ជា​បន្ទាន់​និង​មាន​សារៈសំខាន់​នោះ​គឺជា​តម្រូវការ​សម្រាប់​ធានា​មិនឲ្យមាន​មហន្តរាយ​ដល់​ប្រតិបត្តិការ​នៃ​សាលាក្តី។​ លោកបាន​បញ្ជាក់​ថា៖

«ការដាក់​ដំណើរការ​តុលាការ​នានា​នៅ​ចំពោះ​មុខ​អង្គជំនុំជម្រះ​ឲ្យ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយសារ​កង្វះ​ថវិកា​អាចធ្វើ​ឲ្យមាន​ដំណើរការ​ផ្ទុយពីសារ​ដែល​ថា​គ្មាន​ការរួចទោស​ពៃរ៍»។

លោក​បាន គីមូន​ ក៏​បាន​អំពាវនាវ​ដល់​មហា​សន្និបាត​អសប​ឲ្យ​ជួយរក​វិធី​ដែល​អាច​ឲ្យ​អ.ស.ប​បន្ត​ផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម​ផងដែរ។
សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ទទួល​ការរិះគន់​ថាបាន​ចំណាយ​ថវិកា​ច្រើន​និង​ប្រើពេល​វេលា​យូរ​ហើយ​នឹង​មាន​ការជ្រៀត​ជ្រែកផ្នែក​នយោបាយ​ផង​នោះ​កំពុង​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​បីនាក់​ក្នុង​សំណុំ​រឿង ​០០២​បន្ទាប់ពី​បញ្ចប់​សំណុំ​រឿង០០១។
តំណាង​ប្រទេស​អ្នកផ្តល់​ជំនួយ​ម្នាក់​ក្នុង​ទីក្រុង​ញ៉ីវយ៉ក​បានអះអាង​ថា​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​និង​ការជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ក្នុង​សាលាក្តី​ខ្មែរក្រហម​និង​អំពើ​ពុករលួយ​ក្នុង​សាលាក្តី​ទោះបាន​ដោះស្រាយចប់​កាលពី​ឆ្នាំ​២០០៩​នោះក្តី​គឺ​នៅតែ​ជា​ឥទ្ធិពល​ដែលធ្វើឲ្យ​ក្រុមប្រទេស​អ្នកផ្តល់​ជំនួយ​រារែក​ក្នុង​ការ​ផ្តល់ជំនួយ។
មន្ត្រី​ការទូត​ដដែល​នោះ​បានអះអាង​ថា​ការប្រជុំ​ក្រុម​ប្រទេស​ចំនួន៦​ជា​សមាជិក​អចិន្រ្តៃយ៍​ដែល​មាន​តួនាទី​សម្រប​សម្រួល​រឿង​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម​នឹង​ប្រារព្ធ​ធ្វើ​ នៅ​ចុង​ខែ​តុលា​នេះ​ស្តីពីការ​រៃអង្គាស​ថវិកា​និង​គិតគូរ​ពី​ការ​បញ្ចុះ​ចំណាយ​ថវិកា​ពី​៣០លាន​មកត្រឹម​២៧​លាន​ដុល្លារ​សម្រាប់​ភាគី​អន្តរជាតិ​ហើយ​ភាគី​កម្ពុជា​ត្រូវការ​ជាង​៩​លាន​ ៥សែន​ដុល្លារ​ សម្រាប់​ការ​ចំណាយឆ្នាំ​២០១៣។
មន្ត្រី​ដដែល​បាន​បន្ថែម​ថា​ក្នុង​ចំណោម​ប្រទេស​ផ្តល់​ជំនួយ​ជាច្រើន​ដែល​បាន​សន្យា​មានតែ​ស.រ.អា​សន្យា​ផ្តល់​ថវិកា​៥លាន​ដុល្លារ​ ប្រទេស​ស៊ុយអែត​ ២លាន ​និង​អាល្លឺម៉ង់ ​៦សែន​ដុល្លារ​ សម្រាប់​ឆ្នាំ​២០១៣​ ដែល​មិនគ្រប់​តាម​ការ​គ្រោង​ទុក​នោះ។​ មន្ត្រី​ដដែល​ទទួល​ស្គាល់​ថា​ គ្មាន​ថវិកា​៤លាន​ចុង​ឆ្នាំ​នេះ​ត្រូវគេ​សន្យា​ផ្តល់​ឲ្យ​សាលាក្តី​នៅឡើយ​ទេ។
លោក​ ជេម ហ្គោលស្តុន​( James Goldston) ​នាយក​ប្រតិបត្តិ​នៃអង្គការ​ច្បាប់​របស់​ស.រ.អា​មាន​មូលដ្ឋាន​នៅ​ក្រុងញ៉ីវយ៉ក​ស.រ.អា​ឈ្មោះ ​Open Society Justice Initiative ​បានថ្លែង​ថា៖
«ការផ្តល់​ថវិកា​ដល់​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​គឺជារឿង​សំខាន់​ ហើយ​ក្រុម​អ្នកផ្តល់​ជំនួយ​អន្តរជាតិ​ដែលបាន​គាំទ្រ​យន្តការ​នេះ​តាំងពី​ដើមដំបូង​ចាំបាច់​ត្រូវ​ធានា​និរន្តរភាព​ចំពោះ​ការ​ប្តេជ្ញា​របស់​ពួកគេ។​ដូច្នេះ​ហើយ​ដំណើរការ​នេះ​អាច​បញ្ចប់​សំណុំរឿង​ទាំងអស់​ដែល​កំពុង​បន្ត​ក្នុង​របៀប​ដែល​អាច​ការពារ​សុរិតភាព​នៃ​តុលាការ​និង​ស្ថាប័ន​នេះ​បាន»។
លោក ​ហ្គោលស្តុន​ បាន​បន្ថែម​សេចក្តី​ទៀត​ថា៖
«សាលាក្តី​ខ្មែរ​ក្រហម​ត្រូវការ​ការគាំទ្រ​នយោបាយ​និង​ថវិកា។​ ហើយ​ការ​គាំទ្រ​ទាំងពីរ​នេះ​មិនទាន់​ជា​ការគាំទ្រ​គ្រប់គ្រាន់​ទេ​បច្បុប្បន្ន​នេះ។​ ដូច្នេះ​យើងមាន​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​កិច្ចប្រឹង​ប្រែង​របស់​ទីប្រឹក្សា​ពិសេស​គឺ​លោក​ឯកអគ្គ រដ្ឋទូត​ដេវីដ ស្សេហ្វ៊ឺ​ក្នុងការ​លើកទឹកចិត្ត​ដល់​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដើម្បី​ឲ្យ​ទទួល​ស្គាល់​កាតព្វកិច្ច​របស់​គេ​ដើម្បី​ផ្តល់​ការ​គាំទ្រ​គ្រប់​ចំនួន​ដែល​អាច​ឲ្យ​តុលាការ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​បាន។​ ហើយ​ប្រសិន​បើ​ប្រទេស​ផ្តល់​ជំនួយ​មិនមាន​ឆន្ទៈ​ផ្តល់​ធនធាន​ដ៏​ចាំបាច់​នានា​ទេ​ នោះ​អាច​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​កិច្ចការ​ទាំងឡាយ​ដែល​តុលាការ​សម្រេចបាន​មកទល់​បច្ចុប្បន្ន»។
ចំណែក​លោក​ ឡាត់ គី​អ្នកឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​អះអាង​ថា​កង្វះ​ថវិកា​ជាក្តី​បារម្ភ​ដែរ​សម្រាប់​ដំណើរការ​ទៅមុខ។
«ខ្ញុំយល់​ឃើញថា​ឱកាស​នេះ​បន្ត​ជួយជ្រោម​ជ្រែង​ផ្នែក​មូលនិធិ​ឲ្យ​សាលាក្តី​នេះ​អាចដើរ​ទៅមុខ​ឲ្យបាន​ចប់ចុង​ចប់ដើម​ជាប្រយោជន៍​យុត្តិធម៌​សម្រាប់​កូនខ្មែរ​ជំនាន់ក្រោយ​ហើយ​និង​ជា​ប្រយោជន៍​មួយ​ទៀត​គឺ​ដើម្បី​បង្កា​កុំឲ្យ​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​ដូច​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ​កើតឡើង​សារជាថ្មី​នៅក្នុង​សង្គម​កម្ពុជា​ដ៏អភ័ព្វ​នេះ»។
លោក ឡាត់ គី​អំពាវនាវ​ឲ្យ​តុលាការ​និង​ម្ចាស់ជំនួយ​គិតគូរ​ពី​កញ្ចប់​ថវិកា​សម្រាប់​សំណង​ដល់​ជនរងគ្រោះ​ជាពិសេស​ជនរងគ្រោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ហើយ​អំពាវឲ្យ​តុលាការ​ធ្វើកិច្ចការ​ដោយ​ឯករាជ្យ​និង​វិជ្ជាជីវៈ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដែល​លោក​ចាត់ទុកថា​នេះ​ជា​កត្តា​សំខាន់។
លោក​ ភីធ័រ ម៉ាហ្គ្វៃអ័រ (Peter Maguire)​ សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ស.រ.អា​មួយ​ហើយ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា ​«ប្រឈមមុខ​នឹងការស្លាប់​ក្នុងប្រទេស​កម្ពុជា» បាន​អះអាងថា​អ.ស.ប​និង​ប្រទេស​ផ្តល់ជំនួយ​ត្រូវតែ​កំណត់ពី​ទំហំ​សាលាក្តី​ជៀសវាង​ការបរាជ័យ។
«តែ​ខ្ញុំ​គិតថា​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ត្រូវការ​ជាសំខាន់​គឺរៀបចំ​ការកំណត់​នូវ​អ្វី​ដែល​ម្ចាស់​ជំនួយ​ត្រូវប្រុង​ប្រៀប​ចំណាយ​ថវិកា​លើ​ ហើយ​សម្រាប់​រយៈពេល​ប៉ុន្មាន​ពួកគេ​ត្រូវចំណាយ​ថវិកា​នោះ»។
លោក​ថ្លែងថា​ប្រសិនបើ​តុលាការ​អាចបញ្ចប់​សំណុំរឿង​០០២​បាននោះ​គឺជា​ជោគជ័យ​ បង្គួរ​ហើយ​នៅពេល​តុលាការ​នេះ​មានបញ្ហា​ស្មុគស្មាញ​ដ៏​ច្រើន​នេះ។
ការអស់​ថវិកា​នៃ​សាលាក្តី​ខ្មែរក្រហម​ត្រូវគេ​ដឹងថា​កើតឡើង​ផងដែរ​ចំពេល​ដែលចៅក្រម​ស៊ើបអង្កេត​ជនជាតិ​អាមេរិកាំង​លោក ម៉ាក ហាមេន​ ត្រូវតែង​តាំង​ជំនួស​ចៅក្រមមុនៗ​ដើម្បី​បន្ត​នីតិវិធី​ចំពោះ​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស់​ពីរ​ទៀតគឺ​០០៣​និង​០០៤​ដែល​មាន​អតីត​កម្មាភិបាល​ខ្មែរក្រហម​៥នាក់​ដែល​រដ្ឋាភិបាល​បានជំទាស់​ដាច់​អហង្ការ។​

ការជំទាស់​ពី​រដ្ឋាភិបាល​នោះ​ត្រូវគេ​ចាត់​ទុក​ថា​ជាការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ដែលនាំ​ឲ្យ​ចៅក្រម​ស៊ើប​អង្កេត​ពីររូប​បាន​លាឈប់​ជាបន្ត​បន្ទាប់​ក្រោយពី​មិនអាច​បំពេញ​កិច្ចការងារ​បាន៕
XS
SM
MD
LG