ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ខ្មែរ​ឡុងប៊ិច​នឹង​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ខួប​ថ្ងៃ​ទី​១៧ ខែ​មេសា


ទ័ព​ខ្មែរក្រហម​ម្នាក់​ឆែកពលរដ្ឋ​ស៊ីវិល​មួយរូប​ក្នុង​ក្រុងភ្នំពេញ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កងកម្លាំង​ឧទ្ទាម​ដឹកនាំ​ដោយ​ប៉ុល ពត​ចូល​កាន់កាន់​រដ្ឋធានី​នៅ​ថ្ងៃទី១៧ មេសា ១៩៧៥។
ទ័ព​ខ្មែរក្រហម​ម្នាក់​ឆែកពលរដ្ឋ​ស៊ីវិល​មួយរូប​ក្នុង​ក្រុងភ្នំពេញ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កងកម្លាំង​ឧទ្ទាម​ដឹកនាំ​ដោយ​ប៉ុល ពត​ចូល​កាន់កាន់​រដ្ឋធានី​នៅ​ថ្ងៃទី១៧ មេសា ១៩៧៥។

របបខ្មែរក្រហម​បាន​ផ្លាស់​ប្តូរ​ទីក្រុង​ភ្នំពេញ​ទៅ​ជា​ទីក្រុង​ខ្មោច​និង​កែប្រែ​ប្រទេស​កម្ពុជា​ទៅ​ជា​វាល​ពិឃាត។ ​វា​មាន​រយៈ​ពេល ​ជាង៣០ឆ្នាំហើយបន្ទាប់ពីរបបប្រល័យពូជសាសន៍នេះ​ត្រូវ​បាន​បញ្ចប់ប៉ុន្តែស្លាកស្នាមនិងទុក្ខ​វេទនា​របស់​សម័យ​នោះ​នៅ​តែ​មាន​រហូត​នៅ​ជាប់​នឹង​អារម្មណ៍ជន​រង​គ្រោះនិងអ្នកដែលបាន​បាត់បង់​ក្រុម​គ្រួសារ​របស់​ខ្លួន។​

ប្រជាពលរដ្ឋ​ខ្មែរ​ បើទោះ​បី​ជា​គេ​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ហើយ​ក៏​ដោយ​ក៏​អារម្មណ៍​ខ្លោច​ផ្សាតាម​លង​ពួកគេ​ជា​និច្ច។

​សម្រាប់​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ខាង​មុខ​នេះ​ជា​ឱកាស​មួយ​ដែល​ពួកគេ​នឹង​មក​ជួប​ជុំ​គ្នា​ដើម្បី​រំលឹក​ពី​ការ​ឈឺចាប់​ទាំង​នោះ​និង​ក៏​ដើម្បី​សំឡឹង​មើល​ទៅ​អនាគ​ត​បន្ត​ទៀត​ផង​ដែរ។​

លោក ឆាត​ សមិទ្ធ (Chad Sammeth)​អ្នកសម្រប​សម្រួល​របស់​អង្គការ​សហគមន៍​ខ្មែរ​ដែល​ជា​អ្នករៀប​ចំ​កម្មវិធី​នេះ​បាន​ឱ្យ​ដឹង​ថា៖

«យើង​ចង់​ឱ្យ​សហគមន៍ដឹង​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​សំខាន់​សម្រាប់​ប្រវត្តិសាស្រ្ត​ខ្មែរ។​ ក៏​ប៉ុន្តែ​យើង​ក៏​មិន​ចង់​ឱ្យ​សហគមន៍នេះ​រស់​នៅ​ជា​មួយ​ការ​ឈឺ​ចាប់​នេះ​រហូត​ដែរ។​យើង​មាន​អ្នក​ខ្លះ​ដែល​គាត់​លាក់​ទុក​នូវ​ការ​ឈឺ​ចាប់​របស់​គាត់​ស្ងៀម​ស្ងាត់​តែ​ម្នាក់​ឯង ​ព្រោះ​ការ​មក​រស់​នៅ​លើ​ទឹក​ដី​ថ្មី​មាន​ការ​ពិបាក​ខាង​ភាសា​និង​របៀប​របប​រស់នៅ។​ ដូច្នេះ​គាត់​មាន​ការ​ពិបាក​ក្នុង​ការ​និយាយ​ស្តី​ជាមួយ​កូន​ចៅ​គាត់ ​អញ្ចឹង​យើង​ចង់​ឱ្យគាត់​មក​ជួប​ជុំគ្នា​ដើម្បី​យក​ឱកាស​នេះ​ឱ្យគាត់​និយាយ​ពី​អារម្មណ៍គំនិតរបស់​គាត់។ ​យើង​ចង់​ឱ្យគាត់​ដឹង​ថា​នេះ​មិន​មែន​ជា​បញ្ហា​របស់​គាត់​តែ​ម្នាក់​ទេ​តែ​ជា​បញ្ហា​របស់​សហគមន៍​ទាំង​មូល»។

លោក​ឆាត សមិទ្ធ​យល់​ថា​ថ្ងៃ១៧ ខែ​មេសា ​ក៏​ជា​ថ្ងៃ​ដែល​ផ្លាស់​ប្តូរ​នូវ​ខ្សែ​ជីវិត​របស់​ពួកគេ​ផង​ដែរ។«បើ​គ្មាន​ថ្ងៃ១៧​មេសា ​ខ្ញុំ​ប្រហែល​ជា​មិន​មែន​នៅ​ទីនេះ​ទេ ហើយប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​ក៏​ប្រហែល​ជា​កំពុង​នៅ​ស្រុក​ខ្មែរ​ដែរ។​ ថ្ងៃ១៧​មេសា​ប៉ះពាល់​ដល់ប្រជាជនខ្មែរគ្រប់​រូប​នៅ​លើ​ពិភពលោក។​ ​តែ​អ្វី​ដែល​យើង​សង្កត់​ធ្ងន់​គឺ​តើ​យើង​ត្រូវ​ដើរទៅមុខទៀត​យ៉ាង​ម៉េច?​ ពីព្រោះ​យើង​ចំណាយ​ពេល​ច្រើន​ពេក​ហើយ​លើ​ភាព​ទុក្ខសោក​ដែល​យើង​ឆ្លង​កាត់»។

ការរំលឹក​ខួប​នេះ​មាន​ឈ្មោះ​ថា «Courage to Remember»​ ឬ «សេចក្តី​ក្លា​ហាន​ក្នុង​ការចងចាំ»​ដែលនឹងធ្វើ​ឡើង​នៅ​ Long Beach City College- Pacific Coast Campus វេលា​ម៉ោង​៥​ល្ងាច​ក្នុង​ទីក្រុង​ឡុងប៊ិច។

XS
SM
MD
LG