រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen និងសេដ្ឋវិទូឯករាជ្យមួយចំនួនមានការខកចិត្តចំពោះការចំណាយតិចតួចរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិននិងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសនេះ។ អ្នកជំនាញមួយចំនួនបានបង្ហាញការខកចិត្តចំពោះវិធានការមានកម្រិតរបស់រដ្ឋាភិបាលចិនក្នុងការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ដែលជាឧបសគ្គដ៏ធំមួយក្នុងចំណោមឧបសគ្គជាច្រើនចំពោះសេដ្ឋកិច្ចចិន។
អ្នកស្រី Yellen បានថ្លែងកាលពីពេលថ្មីៗនេះថា៖ «យើងមើលឃើញថា កំណើននៃការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនដែលរួមចំណែកដល់កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយវិធានការនានាដើម្បីដោះស្រាយបញ្ហាក្នុងវិស័យអចលនទ្រព្យក៏មានសារៈសំខាន់ផងដែរ។ រហូតមកទល់ពេលនេះ ខ្ញុំអាចនិយាយបានថា ខ្ញុំមិនបានឮអំពីគោលនយោបាយណាមួយដែលភាគីចិនបានដោះស្រាយនោះទេ»។
អ្នកស្រី Yellen បានរិះគន់ចិនចំពោះការផ្ដល់ប្រាក់បដិភាគទៅឱ្យក្រុមហ៊ុនធំៗដែលគ្រប់គ្រងដោយរដ្ឋ ជាជាងការកែសម្រួលសេដ្ឋកិច្ចដ៏ទូលំទូលាយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់ទីពីរនៅលើពិភពលោកនេះ។ អ្នកវិភាគនានាបានស្នើថា ចិនគួរតែបញ្ឈប់ការផ្ដល់ប្រាក់បដិភាគទៅឱ្យក្រុមហ៊ុនផលិតកម្មដោយប្រើប្រាស់ប្រាក់របស់ប្រជាពលរដ្ឋ។
ធនាគារពិភពលោកបានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ចិននឹងមានចំនួន ៤,៨% នៅឆ្នាំនេះ ដែលស្ថិតនៅក្រោមគោលដៅដែលប្រទេសនេះបានកំណត់ដែលគោលដៅកំណត់នោះគឺចំនួន ៥%។ ធនាគារពិភពលោកក៏បានព្យាករផងដែរថា កំណើននេះនឹងបន្តធ្លាក់ថែមទៀតរហូតដល់ ៤,៣% នៅក្នុងឆ្នាំ ២០២៥។
តម្រូវការទាបរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនអាចធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចនៅលើពិភពលោកធ្លាក់ចុះ និងប៉ះពាល់ដល់ទិដ្ឋភាពអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិកនិងផ្នែកផ្សេងទៀតនៃពិភពលោក។
អ្នកស្រី Lourdes Casanova ប្រធានវិទ្យាស្ថានកិច្ចការប្រទេសដែលមានសេដ្ឋកិច្ចងើបឡើងខ្លាំងនៃសាកលវិទ្យាល័យ Cornell បានថ្លែងថា៖ «ចិនគឺជាទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុនសហរដ្ឋអាមេរិកមួយចំនួនដូចជា Apple, Nike, Microsoft, KFC, Starbucks, Coca-Cola, Tesla និង General Motors ជាដើម។ កំណើនឬការធ្លាក់ចុះណាមួយនៃការប្រើប្រាស់នៅក្នុងប្រទេសចិនអាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនទាំងនេះ»។
លោក Francesco Sisci ដែលជាអ្នកជំនាញផ្នែកកិច្ចការប្រទេសចិននិងជាប្រធានវិទ្យាស្ថាន Appia បានថ្លែងថា មានការព្រួយបារម្ភយ៉ាងខ្លាំងថាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
លោក Sisci បាននិយាយថា៖ «នៅក្នុងប្រទេសចិន យើងឃើញមានបញ្ហាបរិត្តផរណា ហើយគ្មានសញ្ញាណាមួយដែលបង្ហាញថាយើងអាចគេចចេញពីបញ្ហានេះបានទេ។ ប្រសិនបើប្រទេសចិនមិនអាចគេចចេញពីបញ្ហាបរិត្តផរណាបាន វាអាចបន្ថែមកម្លាំងជំរុញឱ្យមានវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកបន្ថែមទៀត។ បញ្ហាបែបនេះពិតជាអាចកើតមានឡើង»។
និន្នាការសន្សំសំចៃជាជាងចំណាយ
ប្រទេសចិនបានចាត់វិធានការមួយចំនួនដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនកាលពីពេលថ្មីៗនេះ។ វិធានការទាំងនោះរួមមាន ការទម្លាក់អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះនិងការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ដើម្បីលើកទឹកចិត្តដល់ធនាគារនានាឱ្យផ្ដល់ប្រាក់កម្ចីកាន់តែច្រើនទៅឱ្យអតិថិជន។ គំនិតបែបនេះគឺដើម្បីជួយដល់គ្រួសារនីមួយៗឱ្យមានលទ្ធភាពសងកម្ចីទិញផ្ទះ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យទិញផ្ទះកាន់តែច្រើនពីក្រុមហ៊ុនអចលនទ្រព្យដែលកំពុងជួបវិបត្តិ។
ប៉ុន្តែ អ្នកវិភាគនានាមិនមានទំនុកចិត្តថាវិធានការទាំងនេះនឹងមានប្រសិទ្ធភាពនោះទេ។ វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចសាកល (PIIE) បានបញ្ជាក់នៅក្នុងបទអត្ថាធិប្បាយមួយថា៖ «តម្រូវការទិញផ្ទះហាក់ដូចជាមិនមានការងើបឡើងវិញគួរឱ្យកត់សម្គាល់នោះទេបើទោះបីជាមានការទម្លាក់អត្រាការប្រាក់កម្ចីទិញផ្ទះនិងការបន្ទាបលក្ខខណ្ឌនៃប្រាក់បង់ជាមុនមួយផ្នែក ដូចដែលបទពិសោធន៍បានបង្ហាញស្រាប់ក៏ដោយ»។
អ្នកស្រី Casanova យល់ថា តម្រូវការទាបរបស់អ្នកប្រើប្រាស់គឺជាបញ្ហាដែលពិបាកដោះស្រាយ ពីព្រោះប្រជាពលរដ្ឋចិនជាមធ្យមជឿទៅលើការសន្សំសំចៃជាជាងការចំណាយ។ ធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) ការចំណាយសម្រាប់ការប្រើប្រាស់កម្រិតបុគ្គលមានចំនួន ៦៨% នៅសហរដ្ឋអាមេរិក ៥៣% នៅទ្វីបអឺរ៉ុប និង ៣៩% នៅប្រទេសចិន។ ពលរដ្ឋអាមេរិកតំណាងឱ្យការចំណាយសម្រាប់ការប្រើប្រាស់កម្រិតបុគ្គលចំនួន ៣១% នៅលើពិភពលោក ខណៈដែលពលរដ្ឋចិនតំណាងឱ្យការចំណាយនេះតែ ១១% ប៉ុណ្ណោះ។
អ្នកស្រីបាននិយាយថា៖ «មានវិធីដែលអាចធ្វើឱ្យស្ថានភាពនេះប្រសើរឡើងនៅក្នុងប្រទេសចិន ប៉ុន្តែយើងមិនអាចផ្លាស់ប្ដូរទម្លាប់នៃការចាយវាយរបស់អ្នកប្រើប្រាស់បានភ្លាមៗនោះទេ ហើយច្បាស់ណាស់ថា ពលរដ្ឋចិនមានការប្រយ័ត្នប្រយែងជាងពលរដ្ឋអាមេរិកាំងទាក់ទិននឹងការចំណាយ»។
សម្រាប់លោក Sisci វិធីមួយដើម្បីបង្កើនតម្រូវការរបស់អ្នកប្រើប្រាស់គឺបង្កើនប្រាក់ខែនិងចាត់វិធានការបន្ថែមទៅលើបញ្ហាសន្តិសុខសង្គម។ ប៉ុន្តែ ការបង្កើននេះនឹងធ្វើក្រុមហ៊ុនបង្កើនថ្លៃផលិតកម្មនិងប៉ះពាល់ដល់ការនាំចេញ។
លោកថ្លែងថា៖ «អ្វីដែលចិនត្រូវការគឺកំណែទម្រង់បែបបរិវត្តកម្ម ដែលការធ្វើបែបនេះនឹងធ្វើឱ្យពួកគេខាតបង់ផ្នែកនយោបាយ ហើយគណបក្សកុម្មុយនីស្តចិនមិនចង់ខាតបង់នោះទេ»។
ផ្ទុយពីទស្សនៈរបស់ធនាគារពិភពលោក លោក Liao Min អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន បាននិយាយថា សេដ្ឋកិច្ចចិនឆ្លើយតបបែបវិជ្ជមានទៅនឹងវិធានការជំរុលសេដ្ឋកិច្ចជាច្រើនដែលរដ្ឋាភិបាលចិនបានដាក់ចេញ។
លោក Liao បានថ្លែងដូច្នេះថា៖ «គំនិតផ្ដួចផ្ដើមទាំងនេះមានបំណងផ្ដល់កម្លាំងដល់ការចំណាយរបស់រដ្ឋាភិបាលដើម្បីជំរុលឡើងនូវការវិនិយោគនិងការចំណាយនៅក្នុងសង្គមទាំងមូល ដែលជាលទ្ធផលនឹងបង្កើនតម្រូវការទីផ្សារប្រកបដោយប្រសិទ្ធភាព»៕
វេទិកាបញ្ចេញមតិ