ភ្នំពេញ៖ ក្រុមជំនាញការផ្នែកបទឧក្រិដ្ឋប្រល័យពូជសាសន៍នៃសារមន្ទីរហូឡខស្ត (Holocaust) របស់សហរដ្ឋអាមេរិកបានស្វែងរកការបញ្ចូលទិន្នន័យនៃសាលាក្ដីខ្មែរក្រហមនិងធ្វើការតាំងពិពណ៌ស្តីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានកើតឡើងនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ដ្រីនៃសារមន្ទី សង្គមស៊ីវិលនិងមន្ត្រីសាលាក្ដីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះ។ ពិព័រណ៍នេះនឹងត្រូវធ្វើឡើងនៅក្នុងសារមន្ទីរហូឡខស្តក្នុងរដ្ឋធានីវ៉ស៊ីនតោនសម្រាប់រយៈពេល១៨ខែ។
លោក ម៉ាយឃើល អាប្រាម៉ូវិច (Michael J. Abramowitz) នាយកគណៈកម្មាធិការមនសិការដែលបានដឹកនាំគណៈប្រតិភូនៃសារមន្ទីរជាតិអាមេរិកហូឡខស្តបានឲ្យដឹងថា ទស្សនកិច្ចនេះដើម្បីស្វែងយល់ពីឧក្រិដ្ឋកម្មនៅកម្ពុជា។
«យើងមកទីនេះដើម្បីមើលសាលាក្ដីខ្មែរក្រហម។ ចូលរួមមើលការផ្តល់សក្ខីកម្ម។ យើងមកទីនេះដើម្បីនិយាយទៅកាន់ជនរងគ្រោះ និងអ្នកដែលរួចពីការសម្លាប់ក្នុងប្រទេសកម្ពុជា។ ហើយយើងជួបជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិលនិងរដ្ឋាភិបាលដើម្បីសិក្សាពីឧក្រិដ្ឋកម្មនេះ»។
លោកម៉ាយឃើល បានបញ្ជាក់ក្រោយពីសន្និសីទព័ត៌មានក្នុងទីក្រុងភ្នំពេញបន្ទាប់ពីបេសកម្មរយៈមួយសប្តាហ៍នៃក្រុមរបស់លោកបានឈានដល់ថ្ងៃទីបួននៅថ្ងៃនេះ។
លោកបញ្ជាក់ថា សារមន្ទីរហូឡខស្តមានបំណងបញ្ចូលទិន្នន័យស្តីពីសាលាក្តីខ្មែរក្រហមនិងការកាត់ទោសអតីតពួកមេដឹកនាំខ្មែរក្រហមក្នុងគេហទំព័ររបស់ខ្លួនរួមទាំងធ្វើការតាំងពិព័រណ៍នៅសហរដ្ឋអាមេរិកក្នុងសារមន្ទីហូឡខស្ត។
«គម្រោងការរបស់យើងគឺធ្វើការបង្ហាញតូចមួយអំពីករណីនេះ។ យើងមានសារមន្ទីររបស់យើងដែលផ្តោតលើស្ថានភាពណាហ្ស៊ី និងលើការដុតមនុស្សទាំងរស់នោះ។ ប៉ុន្តែនៅក្នុងសារមន្ទីរយើងក៏មានការផ្តល់ព័ត៌មានអំពីការប្រល័យពូជសាសន៍ផ្សេងទៀតដែរដូចជាស្ថានភាពនៅរវ៉ាន់ដា នៅបូស្នៀ នៅតំបន់ដាហ្វ៊រ ហើយយើងក៏ចង់បានសម្ភារៈផ្សេងៗសម្រាប់អ្នកទស្សនាអំពីករណីនៅកម្ពុជា និងអំពីការកាត់ទោសផងដែរ»។
លោក ម៉ាយឃើល អាប្រាម៉ូវិច ពន្យល់បន្ថែមថាអ្វីដែលអាចដាក់បង្ហាញក្នុងពិព័រណ៍នោះមានដូចជាខ្សែវីដេអូ រូបភាព និងវត្ថុមួយចំនួនទៀតដែលលោកមិនទាន់អាចបង្ហាញព័ត៌មានពិស្តារបាននៅឡើយ។ នៅមិនទាន់មានការសម្រេចលើកាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ លោកម៉ាយឃើល បញ្ជាក់ថា ព្រឹត្តិការណ៍នោះអាចនឹងប្រព្រឹត្តិទៅក្នុងរង្វង់ពី១២ខែទៅ១៨ខែទៀត។
សារមន្ទីរនៃការចងចាំហូឡខស្តរបស់សហរដ្ឋអាមេរិកបង្កើតឡើងជាពិសេសសម្រាប់ការចងចាំពីអំពើប្រល័យពូជសាសន៍លើជនជាតិជ្វីនៅប្រទេសអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី២។ មេដឹកនាំផ្តាច់ការ អ៊ីត្លែរ បានដុតជនជាតិជ្វីសនេះទាំងរស់ក្នុងឡ។ មានជនជាតិជ្វីសប្រមាណ៦លាននាក់បានស្លាប់។
លោកម៉ាយឃើល អាប្រាម៉ូវិច បានជួបជាមួយមន្ដ្រីសាលាក្ដីខ្មែរក្រហម ជាមួយលោកសុខ អាន ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីទីស្តីការគណៈរដ្ឋមន្ដ្រីស្តីពីការតាំងពិព័រណ៍នេះនិងជួបជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៍ថា មានការជជែកអំពីការតាំងពិព័រណ៍នេះ ហើយសារមន្ទីរហូឡខស្តនឹងបញ្ជូនអ្នកជំនាញការម្នាក់មកសិក្សាបន្ថែមនៅខែមករាឆ្នាំ២០១៣។
«ពិព័រណ៍នេះនឹងផ្តោតលើអំពើប្រល័យពូជសាសន៍នៅកម្ពុជាក្នុងបរិបទសកលភាវូបនីយកម្ម»។
ជាមួយគ្នានេះលោកស្រី យូកូ ម៉េដា មន្ដ្រីផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបញ្ជាក់ថាមានការជជែករវាងសាលាក្ដីខ្មែរក្រហមនិងគណៈប្រតិភូមកពីសហរដ្ឋអាមេរិកពីការតាំងពិព័រណ៍ជាជំហានដំបូងហើយលោកស្រីមិនមានព័ត៌មានលម្អិតនោះទេ។
គណៈប្រតិភូមកពីសារមន្ទីរនៃការចងចាំហូឡខសត្តរបស់សហរដ្ឋអាមេរិកមានសមាជិកសរុប១៩នាក់ ហើយក្រៅពីបានចូលរួមស្តាប់សវនាការនៅសាលាក្តីខ្មែរក្រហម គណៈប្រតិភូបានជួបជាមួយជនរងគ្រោះ និងទស្សនាមណ្ឌលពិឃាតនៅភ្នំពេញ និងនៅខេត្តកំពង់ឆ្នាំងផងដែរ៕