ខ្មែរក្រហមបានវះកាត់មនុស្សទាំងរស់ជាផ្នែកៗ សម្រាប់ការសិក្សាផ្នែកវេជ្ជសាស្ដ្រ។ នេះបើតាមសេចក្ដីអះអាងរបស់ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ឯម អឿន ដើមបណ្តឹងរដ្ឋប្បវេណីមកពីស្រុកពញាក្រែក ខេត្តកំពង់ចាម បានឆ្លើយទៅនឹងសំណួរបស់លោកមេធាវី គឹម ម៉េងឃី ថា គាត់បានឃើញការវះកាត់នេះដោយផ្ទាល់ភ្នែកនៅក្នុងមន្ទីរពេទ្យយោធាមួយនៅប២០ នៅខេត្តព្រៃវែង។
«គេដាក់ស្រោមដៃម្ខាងអញ្ចឹង ហើយគេចាប់ផ្តាំឲ្យអ្នកមើល មិនត្រឹមមើលទេ ធ្វើជាក់ស្តែងតែម្តង គឺថាចាប់ផ្តើមថា កាត់ដៃ កាត់កន្លាក់ដៃ ដកកន្លាក់ដៃ គឺចាប់ផ្តើមធ្វើពីមម្រាមដៃ។ ដកបោះៗឥតមានទុកអស់ដៃ អស់ខ្នងដៃតែមួយ គឺផ្នែកទុកដាក់ស៊ឺរ៉ូមហ្នឹងឯង។ ដូចអ្នកដែលត្រូវពិសោធហ្នឹង គឺចាក់ថ្នាំសន្លប់»។
អាយុ៦១ឆ្នាំ នៅឆ្នាំនេះ លោក ឯម អឿន បានចូលតស៊ូក្នុងព្រៃជាមួយពួកខ្មែរក្រហមនៅអាយុ២០ ឆ្នាំ។ គាត់មិនបានរៀនអក្សរជ្រៅជ្រះទេ ប៉ុន្តែពួកខ្មែក្រហមបានបញ្ជូនគាត់ទៅរៀនវិជ្ជាពេទ្យនៅវៀតណាម មុនពេលដែលពួកខ្លួនឡើងកាន់អំណាច ហើយគាត់បានធ្វើជាគ្រូពេទ្យពេញលេញក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។
«ដោះមិញហ្នឹង ខ្ញុំសុំនិយាយបន្ថែម។ ដោះៗហ្នឹងមើលទៅមនុស្សម្នាក់ ប្រហែលជាមួយកំណាត់បាវក៏មាន។ បាទ មួយកំណាត់បាវហ្នឹង គឺកន្លែងដោះហ្នឹងគឺដាក់ក្នុងចានដែក ចាក់ក្នុងហ្នឹង បានតែពាក់កណ្តាលបាវ រួចខ្ចប់បាវដាក់យកទៅចោលទៅ។ អ្នកដែលធ្វើហ្នឹង ភាគច្រើនគេប្រាប់ខ្ញុំថា នេះគឺជាគិញរបស់ចក្រពត្តិ។ នេះពពួកសល់ពីកម្អែលចាស់។ អញ្ចឹង គេចាត់ទុកថា ទុកក៏មិនចំណេញ ដកចេញមិនខាតនេះឯង»។
នៅពេលដែលពួកខ្មែក្រហមបានឡើងកាន់អំណាចថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដើមបណ្តឹងរដ្ឋប្បវេណីដដែលត្រូវពួកខ្មែរក្រហមបញ្ជូនឲ្យមករៀនសូត្រវិជ្ជាពេទ្យបន្ថែមនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតក្នុងទីក្រុងភ្នំពេញ ឬមន្ទីរពេទ្យ១៧មេសា កាលសម័យនោះ។ គាត់ត្រូវរៀនទាំងវិជ្ជាពេទ្យ និងរៀនវគ្គបណ្តុះបណ្តាលនយោបាយជាមួយនឹងកម្មាភិបាលខ្មែរក្រហមសរុបប្រមាណ២០០០នាក់។ ប៉ុល ពត នួន ជា និងខៀវ សំផន គឺជាអ្នកដែលថ្លែងសុន្ទរកថា អប់រំឲ្យកម្មាភិបាលខ្មែរក្រហមទាំងអស់រឹតបន្តឹងការអនុវត្តឲ្យម៉ឺងម៉ាត់នូវទ្រឹស្តីកុម្មុយនិស្តនិយមហើយអ្នកដែលធ្វេសប្រហែសនឹងត្រូវចាត់ទុកជាខ្មាំងរបស់អង្គការ។
លោក ឯម អឿន បានរៀបរាប់ថា មានគ្រូពេទ្យចិន កូរ៉េ និងគ្រូពេទ្យខ្មែរជាអ្នកបង្រៀនផ្នែកវេជ្ជសាស្រ្តនៅពេលនោះ។
«ពួកបរទេសភាគច្រើនគឺចិន និងកូរ៉េ ជាអ្នកមកហ្វឹកហ្វឺនផ្នែកវិទ្យាពេទ្យ។ ហើយអ្នកដែលចេះដឹង និងដឹងជាងគេ ខ្ញុំមើលឃើញថា ច្បាស់គឺលោគ្រូខ្ញុំផ្ទាល់តែម្តង គឺលោកតាជួន ជឿន។ លោកគ្រូអ្នកបង្រៀន ឯចិនគេមកបង្រៀនពិសេសបំផុតផ្នែកម្ជុលវិទ្យាសាស្ត្រ ហើយកូរ៉េ ភាគច្រើនគេចូលក្នុងមន្ទីរវះកាត់ ឯកទេសវះកាត់»។
នៅក្នុងពេលកំពុងសិក្សាផ្នែកវេជ្ជសាស្រ្តនោះ លោក ឯម អឿន អះអាងថា លោកបានឃើញការចាប់ខ្លួនអ្នកសិក្សា និងបុគ្គលិកពេទ្យជាបន្តបន្ទាប់។ លោកពោលដោយបង្ហូរទឹកភ្នែកថាស្រ្តីខ្លះត្រូវចាប់ខ្លួនហើយធ្វើទារុណកម្មភ្លាម នៅពេលកំពុងនាំខ្លួនក្នុងឡានដោយចាប់សម្រាតខោអាវទាំងអស់ជាដើម។
សូមបញ្ជាក់ថា ការផ្តល់សក្ខីកម្មរបស់លោក ឯម អឿន បន្ទាប់ពីសាក្សីលោកគឹម វុន អតីតបុគ្គលិកកុមារខ្មែរក្រហមក្នុងរោងពុម្ពបានបញ្ចប់ការផ្តល់សក្ខីកម្មនៅថ្ងៃនេះដែរ៕