ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន ​សែន៖​ អាស៊ាន​មិន​អាច​ដោះ​ស្រាយ​​​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​​​បាន​ទេ


ឯកសារ៖ កម្មករ​ចិន​ម្នាក់​នៅ​រោងពុម្ព​មួយ​ក្នុង​ខេត្ត​ Hunan ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​កាន់​ផែនទី​​ផ្លូវការ​របស់​ប្រទេស​ចិន​ដែល​រួម​បញ្ចូល​ដែន​កោះ​និង​ដែន​សមុទ្រ​​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាមទារ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
ឯកសារ៖ កម្មករ​ចិន​ម្នាក់​នៅ​រោងពុម្ព​មួយ​ក្នុង​ខេត្ត​ Hunan ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​កាន់​ផែនទី​​ផ្លូវការ​របស់​ប្រទេស​ចិន​ដែល​រួម​បញ្ចូល​ដែន​កោះ​និង​ដែន​សមុទ្រ​​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាមទារ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​គឺ​លោក​ ហ៊ុន ​សែន​ យល់​ថា​ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​មិន​អាច​ដោះ​ស្រាយបាន​ដោយ​សមាគម​អាស៊ាន​នោះ​ទេ ​ប៉ុន្តែ​លទ្្ធភាព​សំខាន់​គឺ​ជា​ការ​ដោះ​ស្រាយ​ដោយ​ប្រទេស​ភាគី​ជម្លោះ។​

ការ​បង្ហាញ​ជំហរ​បែប​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​ថា​ សមាគម​អាស៊ាន​នឹងបើក​កិច្ច​ប្រជុំ​កំពូល​នៅ​ខែ​មេសា​ខាង​មុខ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ជំហរ​នេះ​ហាក់​ដូច​ជា​ស្រប​ទៅ​នឹង​ជំហរ​របស់​ប្រទេស​ចិន។ ​ប្រទេស​ចិន​ធ្លាប់​បាន​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​ទ្វេភាគី​ជា​មួយ​ដៃគូ​ជម្លោះ​និមួយៗ ​ហើយ​ចិន​គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​បំផុត​មួយ​របស់​កម្ពុជា ​និង​ជា​ប្រទេស​ដែល​ធ្វើ​ការ​វិនិយោគ​ដ៏​សំខាន់​បំផុត​នៅ​កម្ពុជា។​

លោក​ហ៊ុន សែន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា ​ជម្លោះ​នេះ​ជា​ជម្លោះ​ផ្ទាល់​នៃ​ភាគី​ជម្លោះ។​

«ទី​ចុង​បំផុត​ បញ្ហា​ហ្នឹង​មិនមែន​ជា​បញ្ហា​អាស៊ាន​ទាំង​មូល​ឯ​ណា។​ វា​ជា​បញ្ហា​ពាក់ព័ន្ធ​ផ្ទាល់​នៃ​ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​ត្រូវ​និយាយ​គ្នា»។​

ប្រទេស​ចំនួន​បួន​ក្នុង​សមាគម​អាស៊ាន​ដែល​មាន​សមាជិក​ចំនួន​ដប់​ប្រទេស​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ចិន​ក្នុង​នោះ​មាន​ប្រទេស​ហ្វីលីពីន ​វៀតណាម​ ​ព្រុយណេ​ និង​ម៉ាឡេស៊ី។

ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ត្រូវ​គេ​ជឿ​ថា​ ជា​កន្លែង​ដែល​សម្បូរ​ឧស្ម័ន​ធម្មជាតិ​ និង​ប្រេង ​ហើយ​ក៏​ជា​ចំណុច​យុទ្ធសាស្ដ្រ​យោធា​ផង​ដែរ។​

សមាគម​អាស៊ាន​បាន​ព្យាយាម​ជាង​ដប់​ឆ្នាំ​មក​ហើយ​ដើម្បី​ស្វែង​រក​កិច្ច​ព្រម​ព្រៀង​ពី​ទីក្រុង​ប៉េកាំង​លើ​ក្រម​ប្រតិបត្តិ​ស្តី​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។​
​ប្រទេស​ចិន​បាន​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​នេះ​ស្ទើរ​តែ​ទាំង​ស្រុង​ ហើយ​ប្រទេស​ចិន​មិន​ព្រម​ផ្តល់​កិច្ច​ព្រមព្រៀង​លើ​ក្រម​ប្រតិបត្តិ​(COC)​ទេ ដោយសារ​ការ​ផ្តល់​កិច្ច​ព្រមព្រៀង​ណាមួយ​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​សម្បទាន​ និង​ធ្វើ​ឲ្យ​ទម្ងន់​ទាមទារ​ដែនដី​គ្រប់គ្រង​របស់​ចិន​ចុះ​ខ្សោយ។​

ប្រទេស​ចិន​បាន​ព្យាយាម​ឲ្យ​មាន​ការ​ចរចា​រក​ដំណោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ទ្វេភាគី​ជាមួយ​ប្រទេស​គូ​ទំនាស់​និមួយៗ​ ក៏​ប៉ុន្តែ​នា​ពេល​កន្លង​មក​ប្រទេស​វៀតណាម ​និង​ហ្វីលីពីន​បាន​បង្ហាញ​ជំហរ​ថា​ ខ្លួន​ប្រឆាំង​ជំហរ​នេះ​ដាច់ខាត។​

លោក​ហ៊ុន សែន​បង្ហាញ​ទុទិដ្ឋិនិយម​ថា​ ការ​ដោះ​ស្រាយ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​រង្វង់​សមាគម​អាស៊ាននឹង​មិន​អាច​ទៅ​រួច​នោះ​ទេ។​

«ផុត​ពី​កម្ពុជា​ទៅ​សួរ​ថា ​ព្រុយណេ​ដោះ​ស្រាយ​បាន​ឬ​ទេ? ​អត់​បាន។ ទៅ​ដល់​មីយ៉ាន​ម៉ា​ដោះ​ស្រាយ​បាន​ឬ​ទេ? ​អត់​បាន។​ ឥឡូវ​ខ្ញុំ​រង់​ចាំ​មើល​នៅ​ម៉ាឡេស៊ី​ដោះ​ស្រាយ​បាន​ឬ​អត់​(នៅ​ខែមេសា)។ ​(ខ្ញុំ​ជឿ​ថា)​អត់​បាន! ​ខ្ញុំ​ជឿ​ថា​ទៅ​មិន​រួច! ​ហើយ​មក​ធ្វើ​បាប​តែ​កម្ពុជា​ ខុស​តែ​កម្ពុជា។ ​ឥឡូវ​ខ្ញុំ​ចាំមើល»។​

លោក​ នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ​និង​ជា​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​មួយ​រូប​យល់​ស្រប​នឹង​ទស្សនៈបែប​នេះ​ដែរ ​ដោយ​ផ្អែក​លើ​វិធាន​របស់​សមាគម​អាស៊ាន​ និង​ផ្អែក​លើ​កម្លាំង​នយោបាយ​របស់​ប្រទេស​ចិន។​

«រឿង​នេះ​មិន​អាច​ដោះ​ស្រាយ​នៅ​ក្នុង​អាស៊ាន​បានទេ​ ​ដោយសារ​តែ​ធម្មនុញ្ញ​អាស៊ាន​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​លូក​លាន់​លើ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ផ្សេង។ ​មួយ​ទៀត​ដោយសារ​តែ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​ធំ​ជាង​ប្រទេស​នៅ​អាស៊ាន។ ​តាម​ខ្ញុំ​យល់​មិន​អាច​មាន​ប្រទេស​ណា​មួយ​ទៅ​ដាក់​គំនាប​លើ​ប្រទេស​ចិន​ដើម្បី​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ទេ»។​

ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​២០១២​ ហើយ​កម្ពុជា​ក៏​បាន​បរាជ័យ​នៅ​ក្នុង​ការ​បង្កើត​ឲ្យ​មានសេចក្តី​ប្រកាស​រួម​ក្រោយ​ពី​កិច្ច​ប្រជុំ​កំពូល​នៃ​ប្រទេស​ទាំង​ដប់​ដោយ​សារ​ភាព​កកូរ​កកាយ​នៃ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។​ កម្ពុជា​បាន​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ថា ​កម្ពុជា​បាន​ប្រកាន់​យក​ជំហរ​ខាង​ប្រទេស​ចិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG