អ្នកការទូតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានផ្ទេរនាវាយាមល្បាតដែលមានល្បឿនលឿនចំនួន៥គ្រឿងឲ្យប្រទេសវៀតណាមដែលជាផ្នែកមួយនៃផែនការដើម្បីជួយកងទ័ពជើងទឹករបស់អតីតសត្រូវខ្លួន។
លោក Puneet Talwar ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការនយោបាយនិងយោធាបានថ្លែងប្រាប់វីអូអេផ្សាយជាភាសាវៀតណាមនៅសប្តាហ៍នេះបន្ទាប់ពីបំពេញទស្សនៈកិច្ចរដ្ឋធានីហាណូយដែលនៅទីនោះលោក បានចូលរួមការចរចាស្តីពីការងារជាច្រើន។
លោកមានប្រសាសន៍ថា «យើងបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនក្រៅពីការគាំទ្រការអភិវឌ្ឍនៃឆ្មាំការពារដែនសមុទ្រវៀតណាម។ យើងមានមោទនៈភាពណាស់ពីកាងារនេះហើយយើងសង្ឃឹមថា ការងារនេះបានទទួលការឲ្យតម្លៃពីសមភាគីវៀតណាម។ យើងបានផ្តល់នាវា ហើយយើងនឹងបន្តធ្វើដូច្នេះដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពឆ្មាំការពារដែនសមុទ្រវៀតណាម»។
ការផ្តល់ថវិកា១៨លានដុល្លារនិងនាវាលឿនចំនួន៥គ្រឿងបានត្រូវប្រកាសជាលើកដំបូងដោយលោករដ្ឋមន្រ្តីការបរទេស John Kerry ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនៈកិច្ចនៅឆ្នាំ២០១៣របស់លោកទៅកាន់ប្រទេសវៀតណាម។
ក្រុមអ្នកវិភាគនិយាយថា ជំនួយនេះនឹងពង្រឹងកងនាវាចរណ៍របស់វៀតណាមនៅពេលដែលចិនកំពុងពង្រីកការទាមទាររបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសជិតខាងទាំង២មានជម្លោះអស់រយៈពេលជិត២ខែកាលពីឆ្នាំទៅ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានដំឡើងការដ្ឋានខួងប្រេងដ៏ចម្រូងចម្រាស់នៅក្នុងផ្ទៃទឹកដែលមានជម្លោះ។
យោងទៅតាមក្រុមអ្នកសង្កេតការណ៍ ការតានតឹងដែលបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីធ្លាក់ដល់ចំណុចទាបបំផុតក្នុងប៉ុន្មានទសវត្សរ៍នេះ ក៏បង្ហាញពីការចាំបាច់សម្រាប់វៀតណាមក្នុងការធ្វើឲ្យប្រសើរឡើងនូវឆ្មាំការពារដែនសមុទ្ររបស់ខ្លួនដើម្បីដោះស្រាយឧបទ្ទវហេតុស្រដៀងគ្នានេះនៅពេលអនាគត។
ការលុបចោលមួយផ្នែកនៃការហាមឃាត់ការលក់អាវុធរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទៅឲ្យវៀតណាមកាលពីឆ្នាំទៅ បាននាំឲ្យសាធារណជនជឿជាក់ថា រដ្ឋាភិបាលទីក្រុងហាណូយនឹងចាប់យកឱកាសនេះដើម្បីឲ្យបានទទួលឧបករណ៍ខាងយោធារបស់អាមេរិកដើម្បីការពារដែនទឹករបស់ខ្លួន៕