ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ចិន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ និង​ចិន​សម្រាប់​អាស៊ាន


លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។
លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។

ដោយ​ស្ថិត​នៅ​ក្រៅ​ពី​អ្វីដែល​បាន​គ្រោង​ទុក​នៅ​ក្នុង​របៀប​វារៈ​នោះ​ ប្រទេស​ចិន​ជា​ថ្មី​ម្តង​ទៀតបាន​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​មួយរបស់​ប្រទេស​កម្ពុជា​ក្នុង​សមាគម​អាស៊ាន​ ហើយប្រទេស​ចិន​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​កម្ពុជា​ឲ្យ​ជំរុញ​ស្ពាន​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ចិនជាមួយ​ប្រជាជាតិ​ទាំង​ដប់​ប្រទេស​នេះ​ផងដែរ។​

លោក​យ៉ាង ជែឈី ​(Yang Jiechi)​ ទី​ប្រឹក្សា​រដ្ឋ​ចិន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយកាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​ឯ​ក្រសួង​ការ​បរទេស​ក្រុង​ភ្នំពេញ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្កត់ធ្ងន់​លើ​តួនាទី​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ដែល​ហៅ​កាត់​ថា ​អាស៊ាន​នេះ។​

«ឆ្លៀង​ឱកាស​នេះ ​ខ្ញុំ​សូម​បញ្ជាក់​ថា​ ភាគី​ចិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តួនាទី​របស់​ប្រទេស​កម្ពុជា​ជា​សមាជិក​សំខាន់​នៃ​សមាគម​អាស៊ាន​ ​ហើយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ចិន​អាស៊ាន»។​

លោក​យ៉ាង​បាន​ឆ្លៀត​ពេល​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ខ្លួន​រយៈ​ពេល​បី​ថ្ងៃ​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​គូស​បញ្ជាក់​បន្ថែម​ទៀត​ពី​ជំហរ​របស់​ប្រទេស​ចិន​ចំពោះ​កម្ពុជា​នៅ​ក្នុង​សមាគម​អាស៊ាន​ និង​ជំហរ​របស់​ប្រទេស​ចិន​ចំពោះ​អាស៊ាន។​

ការ​គូស​បញ្ជាក់​នេះ​ស្ថិត​ក្រៅ​ពី​បរិបទ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក។​ដំណើរ​ទស្សនកិច្ចនេះផ្តោត​ជា​សំខាន់​លើ​កិច្ច​ប្រជុំ​អន្តរ​រដ្ឋា​ភិបាល​លើក​ទី​២​នៃ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​កម្ពុជា​ និង​ចិន។​ ក្នុង​កិច្ច​ប្រជុំ​នោះ​ ​ប្រទេស​ទាំង​ពីរ​ប្តេជ្ញា​នឹង​គ្នា​ថា​ នឹង​ធ្វើ​កិច្ច​សហ​ការ​«គ្រប់​ជ្រុង​ជ្រោយ​និង​លើ​គ្រប់​វិស័យ»។​

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ខណៈ​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ​កម្ពុជា​ធ្លាប់​ទទួល​រងការ​ស្តី​បន្ទោស​ថា​ បាន​ប្រកាន់​យក​ជំហរ​លម្អៀងទៅខាង​ភាគីប្រទេស​ចិន​ក្នុង​ជម្លោះ​ដែន​ដី​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ ដែល​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បរា​ជ័យ​ ដែល​មិន​ធ្លាប់​មាន ក្នុងការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ មូលហេតុ​ដោយ​សារប្រទេស​សមាជិក​អាស៊ាន​ចំនួន​បួនក្នុង​ចំណោម​សមាជិក​សរុប​ចំនួន​ដប់​មាន​ទំនាស់​ដែន​ដីសមុទ្រ​ជាមួយ​ប្រទេស​ចិន។​ ក្នុង​នោះ​ប្រទេស​ដែល​មាន​ជំហរ​ប្រឆាំង​នឹង​ចិន​ខ្លាំង​ក្លា​ជាង​គេ​គឺ​ប្រទេស​វៀតណាម​ និង​ប្រទេស​ហ្វីលីពីន។​

នៅ​ចុង​ឆ្នាំ​២០១៥​ សមាគម​អាស៊ាន​ ដែល​រួមមាន​កម្ពុជា ​វៀតណាម ​ឡាវ ថៃ ​ហ្វីលីពីន ​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​សឹង្ហបុរី ​ភូមា​ និង​ប្រទេស​ប្រ៊ុយណេ ​នឹង​ចូល​ជា​សហគមន៍​សេដ្ឋកិច្ច​តែ​មួយ។​

កាល​ពី​ម្សិលមិញ​លោក​យ៉ាង ជែឈី ​(Yang Jiechi) ដែល​ជា​ឥស្សរជន​នយោបាយ​ឈាន​មុខ​ម្នាក់​របស់​បក្ស​កុម្មុយនិស្ត​ចិន​ ​បាន​ទទូច​ឡើង​វិញ​ថា​ ​ប្រទេស​ចិន​ចង់​ឃើញ​កម្ពុជា​ដើរ​តួ​ជំរុញពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី ​និង​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាស៊ាន។

«ភាគី​ចិន​ចង់​ឃើញសមាគម​អាស៊ាន​កាន់​តែ​មាន​កម្លាំង​ ​ហើយ​ភាគី​ចិន​និង​បណ្តា​ប្រទេស​អាស៊ាន​បាន​ឯក​ភាព​គ្នា​ថា​ នឹង​បង្កើត​សមាគម​ដែល​មាន​វាសនា​តែ​មួយ។​ ​យើង​សង្ឃឹម​យ៉ាង​មោះមុត​ថា ​ភាគី​កម្ពុជា​មុខជា​នឹង​បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់​ជួយ​ជំរុញ​ទំនាក់​ទំនង​ចិន និង​កម្ពុជា ​និង​សហការ​ជាមួយ​ភាគី​ចិនយើង​ខ្ញុំ​ដើម្បី​រួម​វិភាគ​ទាន​ជួយ​ជំរុញ​តំបន់​នេះ​មាន​សន្តិភាព​ វិបុល​សុខ ​និង​មាន​ការ​អភិវឌ្ឍ»។

លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មើលឃើញ​ថា ​ប្រទេស​ចិនជា​មហា​អំណាចប្រចាំ​តំបន់​មួយ ​ដែល​រុំ​ព័ទ្ធ​ដោយ​ជម្លោះ។ ​នៅ​ក្នុង​នោះ​មាន​ជម្លោះ​ជាមួយ​ប្រទេសជប៉ុន ​ជម្លោះ​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង ​និង​ជម្លោះ​ដែនសមុទ្រ​ ដែល​ជា​ផ្លូវ​ចរាចរណ៍​ពាណិជ្ជ​កម្ម​ដែន​ទឹក​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន។​

លោក​អ៊ូ វីរៈ​យល់​ថា​ ​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​របស់​ប្រទេស​ចិន​មក​លើ​កម្ពុជា​និង​ការ​និយាយ​ក្រៅ​បរិបទ​របស់​ប្រទេស​ចិនគឺ​ជា​ការ​ក្រើន​រំឭក​ដល់​ប្រទេស​កម្ពុជា។​

«គាត់​រំឭក​ខ្មែរ​យើង។​ ​គាត់​រំឭក​សមាជិក​អាស៊ាន​មួយ​ចំនួន​ផ្សេង​ទៀត​ដើម្បី​កុំ​ឲ្យ​សមាជិក​អាស៊ាន​ភ្លេច​ខ្លួន។​ ​ជា​ពិសេស​ប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេស​តូច​មួយនិង​អត់​មាន​ជម្លោះ​ជា​មួយ​ចិន។​ ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​ចិន​យក​កម្ពុជា​ជា​ដៃ​គូ»។​

នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ​ប្រទេស​ចិន​ចង់​ដោះ​ស្រាយទ្វេ​ភាគី​ជាមួយ​ប្រទេស​និមួយៗ​ ដែល​ជាប់​ពាក់​ព័ន្ធ។​

ក៏​ប៉ុន្តែ​ប្រទេស​ជា​សមាជិក​អាស៊ាន​ភាគ​ច្រើន​ចង់​យក​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដាក់​ជា​ដំណោះ​ស្រាយ​រួម​របស់​អាស៊ាន។​

នៅ​ក្នុង​ពេល​នេះ​ ប្រទេស​ចិន​ហាក់​ដូច​ជា​ចាប់​ប្រទេស​កម្ពុជា​ជាប់​នៅ​ក្នុង​ដៃ​ហើយ​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា។ ​ហើយ​ប្រទេស​ចិន​ក៏​បាន​ដើរ​តួ​ជា​ប្រទេស​វិនិយោគ​ជ្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា​ផង​ដែរ។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បីថ្ងៃ​នេះ ​លោក​យ៉ាង​ ជែឈី ​(Yang Jiechi)​ ទី​ប្រឹក្សា​រដ្ឋ​ចិន ​បានដឹក​នាំ​ឲ្យ​មាន​កិច្ច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន​ប្រាំ​បី​ ក្នុង​នោះ​រួម​មាន​កិច្ច​ព្រម​ព្រៀង​លើ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋ​កិច្ច ​និង​បច្ចេក​ទេស​ដែល​មាន​ទឹក​ប្រាក់​ ទាំង​ជំនួយឥត​សំណង​និង​ជំនួយ​ដោយ​ឥត​យក​ការ​ប្រាក់​សរុប​ជាង​១៤៤​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៥។​

បន្ថែម​ពី​នោះ​ទៀត​ក៏​មាន​កិច្ច​ព្រម​ព្រៀង​លើ​ផ្នែក​ការពារជាតិ ​ផ្នែក​សន្តិសុខ​ អប់រំ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG