ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​សុំ​ឲ្យ​វៀតណាម​ឈប់​ឲ្យ​រុស្ស៊ី​ប្រើ​ប្រាស់​ទី​តាំង​ដើម្បី​បំពេញ​បេសកកម្ម​បង្ក​ហេតុ

  • Steve Herman

រូប​ឯកសារ៖ យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្រ្ត​ធុន Tupolev Tu-95 របស់​រុស្ស៊ី​ត្រូវ​ថត​ដោយ​កង​ទ័ព​អាកាស​ន័រវែស​នៅ​​លើ​ដែន​សមុទ្រ​អន្តរជាតិ​ជិត​ឆ្នេរ​ន័រវែស​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០០១។

ស្ថានទូត​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ទីក្រុង​ហាណូយ ​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន ​មិន​បាន​ដឹង​ពី​ការ​ឆ្លើយ​ណា​មួយ​ពី​រដ្ឋាភិបាល​វៀត​ណាមដល់​សំណើ​របស់​ខ្លួន​ដើម្បី​ឈប់​អនុញ្ញាតិ​ឲ្យ​រុស្ស៊ី​ប្រើ​ប្រាស់មូលដ្ឋាន​ដើម្បី​ចាក់​សាំងយន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ដែល​បានធ្វើ​ការ​ហោះហើរ​បង្ក​ហេតុនៅ​ជុំ​វិញ​ដែនដី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

លោកស្រី Lisa Wishman ​មន្រ្តី​ព័ត៌មានស្ថានទូត​បាន​ប្រាប់ VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កាល​ពី​ចុង​សប្តាហ៍​មុន ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ​បាន​បញ្ចេញ​ឲ្យ​ដឹងនូវ​ការ​ព្រួយ​កង្វល់​របស់​ខ្លួន​ជា​លក្ខណៈ​ឯកជន​ដល់​រដ្ឋាភិបាល​វៀតណាម។

មន្រ្តី​ស្ថានទូត​ម្នាក់ ​បាន​និយាយ​ថា ទោះបីរដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​គោរព​សិទ្ធិ​របស់​វៀត​ណាមដើម្បី​ចូលរួម​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ក៏ដោយ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ចង់​ឲ្យ​វៀតណាមធ្វើ​ឲ្យ​ប្រាកដ​ថា ឆក​សមុទ្រ កាំរ៉ាញ់ (Cam Ranh) មិន​ត្រូវប្រើ​ប្រាស់ដោយ​យោធា​រុស្ស៊ីដើម្បី​ធ្វើ​សកម្មភាព​ដែល​អាច​បង្កើន​ការ​តានតឹង​នៅ​ក្នុង​តំបន់​ទេ។

ទាំង​ប្រទេសរុស្ស៊ី​និង​វៀត​ណាម​ ​ដែល​ជា​ដៃគូ​ខាង​សន្តិសុខ​អស់​រាប់​ទសវត្សរ៍​ហើយ​នោះ ​បាន​ទទួល​ស្គាល់​កាល​ពី​ពេល​មុន​ថា ​យន្តហោះចាក់សាំង​ធុន II-78​ ​បាន​ប្រើ​ប្រាស់​ឆក​សមុទ្រ Cam Ranh ​ដើម្បី​ចាក់​សាំង​ឲ្យ​យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្រ្ត​ធុន Tupolev Tu-95 ​ដែល​អាច​ហោះចម្ងាយ​១៥.០០០​គីឡូម៉ែត្រ​ដើម្បី​ចាក់​សាំង​ម្តង។

ផែនទី​ឆក​សមុទ្រ​កាំរ៉ាញ់ (Cam Ranh) ប្រទេស​វៀតណាម
ផែនទី​ឆក​សមុទ្រ​កាំរ៉ាញ់ (Cam Ranh) ប្រទេស​វៀតណាម

ឆក Cam Ranh ជាអតីត​ទីតាំង​កងទ័ព​សហរដ្ឋ​អាមេរិកដែល​កាល​ពី​អតីត​កាល​ក៏ត្រូវ​បានត្រួតត្រា​ដោយកង​នាវា​បារាំង​និង​ជប៉ុន​ដែរ​នោះ​ជា​កំពង់ផែ​ទឹកជ្រៅ​ធម្មជាតិ​ស្ថិត​នៅ​ចម្ងាយ​២៩០គីឡូម៉ែត្រ​ភាគ​ឦសាន្ត​ទី​ក្រុង​ហូជីមិញ ​អតីត​ទីក្រុង​សៃហ្គន។

លោក Vincent Brooks មេបញ្ជាការ​យោធា​សហរដ្ឋ​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ​កាល​ពី​ថ្ងៃ​ពុធ​ថា យន្តហោះ​រុស្ស៊ី​ ​បាន​ធ្វើ​ការ​ហោះហើរ​បង្កហេតុរួមមានជុំ​វិញដែន​ដី Guamនៃ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ ​ដែល​ជា​មូលដ្ឋាន​កងទ័ព​អាកាស​ Anderson របស់​សហរដ្ឋ​អាមេរិកដែល​ស្ថិត​នៅ​ចម្ងាយ​៤​ពាន់គីឡូម៉ែត្រ​ខាង​កើត​ប្រទេស​វៀតណាម។

ពួក​មន្រ្តី​អង្គការ​អូតង់ ​និយាយ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក Bear ​ក៏​បាន​ត្រូវ​គេ​ប្រទះ​ឃើញកាលពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​ច្រក​សមុទ្រអង់​គ្លេស(English Channel)ចន្លោះ​ប្រទេស​អង់គ្លេស​និង​ប្រទេស​បារាំងនៅពេល​ដែល​យោ​ធា​របស់​រុស្ស៊ី​ ​បាន​ធ្វើ​ការ​ហោះ​យាម​ល្បាត​តាម​អាកាស​និង​តាម​សមុទ្រ​កាន់​តែញឹក​ញាប់​និង​គគ្លើន​ឡើងនៅ​ជិត​ព្រំ​ដែនបណ្តារដ្ឋ​ជាសមា​ជិក​របស់​អង្គការ​អូតង់។

រុស្ស៊ី​បាន​ប្រកាស​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ថា ​ខ្លួន ​មាន​ផែនការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែកហោះ​បាន​ឆ្ងាយ​ធ្វើ​ការ​យាម​ល្បាត​លើ​ផ្ទៃទឹក​តំបន់​អាមេរិក​ខាង​ជើង​ ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​សម័យ​សង្គ្រាម​ត្រជាក់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ភ្នាក់​ងារព័ត៌មានRIAរបស់​រុស្ស៊ី​ បាន​ដក​ស្រង់​សម្តី​ក្រសួង​ការ​ពារ​ប្រទេស​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ ​ដែល​បាន​និយាយ​ថា ​យោ​ធា​រុស្ស៊ី ​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​រុស្ស៊ី​ តំបន់ South Ossetia និងAbkhaziaដែល​ផ្តាច់​ចេញ​ពី​ប្រទេស​ហ្សកហ្ស៊ី​ ​ហើយ​នឹង​ក្នុង​តំបន់ Crimea ដែល​ត្រូវបាន​ដណ្តើម​យក​ពី​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​ទៅ។

សហរដ្ឋ​អាមេរិក ​បាន​ប្រយុទ្ធ​ជាមួយ​វៀត​ណាម​ខាង​ជើង​ពី​ដើម​ទសវត្សរ៍​១៩៦០រហូតទាល់ការ​ដកកងទ័ព​អាមេរិក​នៅ​ឆ្នាំ​១៩៧៣ ​ដែល​បាន​នាំ​ឲ្យ​ដួល​រលំ​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង​ក្នុង​ទីក្រុង​សៃហ្គន​២ឆ្នាំ​ក្រោយ​មក។

ចំណង​ទាក់​ទង​ខាង​ការទូត​រវាង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន ​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥។

​ថ្វីបើ​មាន​ចំណង​ទាក់​ទងដ៏​ខ្លាំង​រវាង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​មាន​តាំង​ពី​សម័យ​សហភាព​សូ​វៀតក៏ដោយ ​វៀត​ណាម​និង​អាមេរិក​ ​បាន​ខិត​ចូល​ជិត​គ្នា​កាន់​តែ​ខ្លាំងឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​នៅពេល​ដែល​រដ្ឋាភិបាល​ទី​ក្រុង​ហាណូយ​ ​មាន​ការ​ព្រួយ​បារម្ភ​កាន់តែកើនឡើង​អំពី​ការគំរាម​កំហែងដែល​បណ្តាល​មក​ពី​ចិន ​ជា​ប្រទេស​ជិតខាង​ដ៏​ធំ​មួយ​របស់ខ្លួន​នៅ​ផ្នែក​ខាង​ជើង។

អស់​រយៈ​ពេលរាប់​សតវត្សរ៍​ហើយ ​ផ្នែក​នានា​នៃ​ប្រទេស​វៀត​ណាម បាន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពលរបស់​ចិន។​ប្រទេស​ទាំង​២ ​បានធ្វើ​សង្គ្រាម​នៅ​តាម​បណ្តោយ​ព្រំ​ដែន​របស់​ខ្លួន​នៅ​ឆ្នាំ​១៩៧៩​ ​ទោះ​បី ​វា ជាសង្គ្រាមរយៈ​ពេល​ខ្លីក៏​ដោយ ​គេ​ ​បាន​ប៉ាន់​ស្មាន​ថា ​ទាហាន​ទាំង​សងខាងប្រហែល​៣ម៉ឺននាក់បាន​ស្លាប់។ប្រទេស​ទាំង​២ ​បាន​ទាម​ទារ​ទឹក​ដី​ត្រួតស៊ី​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សមយុទ្ធ​ខាង​មនុស្ស​ធម៌​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម ​បាន​ធ្វើ​ឡើង​នៅ​ចុងឆ្នាំ​២០១៤ហើយ​នឹង​មាន​សមយុទ្ធ​ច្រើន​ថែម​ទៀត ​នឹងធ្វើឡើងនៅ​ខែ​នេះ។

សហរដ្ឋ​អាមេរិក ​ក៏​បាន​យល់​ព្រម​ផ្តល់​នាវា​យាម​ល្បាត​ទំនើប​យ៉ាងហោច​ណាស់​ក៏​៥​គ្រឿង​ដែរដល់​វៀត​ណាមដែល​ត្រូវ​គេ​រំពឹង​នឹង​ប្រគល់​ឲ្យ​នៅ​ឆ្នាំ​ក្រោយ​ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទឹក​ប្រាក់​១៨​លាន​ដុល្លារ​ដែល​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​បាន​ប្រកាស​នៅ​ឆ្នាំ​២០១៣​ដើម្បី​ជួយ​វៀតណាម​ពង្រឹង​សមត្ថភាព​សន្តិសុខ​នាវាចរណ៍។

​ក្នុង​សន្ទរកថា​មួយ​នៅ​ឯ​សាកល​វិទ្យាល័យ​ហាណូយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក Ted Osius ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​វៀត​ណាម ​បាន​សម្តែង​នូវ​ការ​យោគយល់​ថា រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ ​នឹង​ស្វែង​រក​ដៃ​គូ​ប្រវត្តិ​សាស្រ្ត​ដើម្បី​សន្តិសុខ។ ក៏ប៉ុន្តែ លោក ​មាន​ប្រសាសន៍​ទៀត​ថា ​សហរដ្ឋ​អាមេរិក« ក៏​អាចផ្តល់​យ៉ាង​ច្រើន​ដល់​ការ​ការ​ពារ​សន្តិសុខ​ក្នុង​រយៈ​ពេល​ខ្លី មធ្យម​និង​វែង​ដល់​វៀត​ណាម​ដែរ‍»៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG