ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​ចាប់​ផ្តើម​ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្រោម​មូលបទ​«ការ​ពង្រឹង​ពហុភាគីនិយម ដើម្បី​កំណើន​រួមគ្នា»​


ប្រជុំ​កំពូល​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១៣​(ASEM13)​ តាម​អនឡាញ កាល​ពី​ថ្ងៃ​ព្រហ្បតិ៍​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ដឹកនាំ​ការ​ប្រជុំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ (ហ្វេសប៊ុក/ទំព័រ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)
ប្រជុំ​កំពូល​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១៣​(ASEM13)​ តាម​អនឡាញ កាល​ពី​ថ្ងៃ​ព្រហ្បតិ៍​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ដឹកនាំ​ការ​ប្រជុំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ (ហ្វេសប៊ុក/ទំព័រ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)

កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១៣​ (ASEM13)​ ដែល​មាន​ថ្នាក់​ដឹកនាំ​ប្រទេស​ជាង​៥០​ចូលរួម​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

កិច្ច​ប្រជុំ​ចាប់​ពី​ថ្ងៃ​ទី​២៥ដល់​ថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា​នេះត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។​កិច្ច​ប្រជុំ​កំពូល​ដែល​ធ្វើ​ឡើង​២​ឆ្នាំ​ម្តង​នេះ​មាន​មូលបទ​«ការ​ពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួមគ្នា»។​

ថ្លែង​ចេញ​ពី​វិមាន​សន្តិភាព​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែល​ជា​ថ្នាក់​ដឹកនាំ​នៃ​កិច្ច​ប្រជុំ​នេះ​លើក​ឡើង​ថាវេទិកា​អន្តរ​ជាតិ​នេះ​នឹង​ពង្រឹង​បន្ថែម​ភាព​ជា​ដៃគូ​អាស៊ី​អឺរ៉ុប​និង​ដើម្បី​ពង្រឹង​ពហុភាគី​ដ៏​រឹងមាំ​មួយ។​

លោក​បន្ថែម​ថា​កិច្ច​ប្រជុំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៦​នេះ​បាន​ក្លាយ​ជា​វេទិកា​សំខាន់​មួយ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​និង​ពង្រឹង​ភាព​ជា​ដៃគូ។​

លោក​ហ៊ុន សែន ថ្លែង​ថា៖​«កិច្ច​ប្រជុំ​កំពូល​ ASEM ​នៅ​ថ្ងៃ​នេះគឺ​ជា​ឱកាសដ៏​ទាន់​ពេល​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ ​ASEM ​បញ្ជាក់​សាជាថ្មី​អំពី​សារៈសំខាន់​នៃ​ភាព​ជា​ដៃ​គូ​និង​កិច្ច​សហ​ការ​អាស៊ី​អឺរ៉ុបក្នុង​ការ​ចូលរួម​ដោះ​ស្រាយ​បញ្ហា​តំបន់​និង​សកល​ដែល​ជា​ក្តី​បារម្ភ​រួម»។​

លោក ​Charles Michel ​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​ថ្លែង​ថា​កិច្ច​ប្រជុំ​កំពូល​នេះ​ជា​ឱកាស​សម្រាប់​កត់ត្រា​អ្វី​ដែល​បាន​សម្រេច​និង​កំណត់​ទិស​ដៅ​ទៅ​អនាគត។​លោក​បន្ថែម​ថាកិច្ច​ប្រជុំ​នេះ​«ជាវេទិកា​តែ​មួយ​គត់​សម្រាប់​ការ​សន្ទនា​នយោបាយ»​រវាង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។​

លោក​ថ្លែង​បន្ត​ថា​ អឺរ៉ុប​នឹង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​អាស៊ី​ជំរុញ​ការ​ខិត​ខំ​កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​បរិយាកាស​និង​ពង្រីក​ហិរញ្ញប្បទាន​និង​វិនិយោគ​ការ​ពារ​និង​ស្តា​រឡើង​វិញ​នូវ​ធម្មជាតិ។​

លោក​បញ្ជាក់​បន្ថែម​ថា៖ ​«អឺរ៉ុប​គោរព​នូវ​ដៃគូ​ស្មោះ​ត្រង់​ហើយ​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ជាមួយ​អ្នក​ទាំង​អស់​គ្នាដើម្បី​ផល​ប្រយោជន៍​ប្រជាជន​យើង​ទាំង​អស់​គ្នា»។

កាល​ពី​កន្លង​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ឲ្យ​ដឹង​ថា​ពិភព​លោក​នៅ​ប្រឈម​បញ្ហាមួយ​ចំនួន​ដូច​ជា​ការ​ធ្លាក់​ចុះ​នៃ​សង្វាក់តម្លៃ​សកល​និង​សង្វាក់​ផលិត​កម្ម​សកល​ការ​លេច​ឡើង​កាន់​តែ​ច្បាស់​នូវ​ប្រព័ន្ធ​ពហុប៉ូល និង​ភាព​តាន​តឹង​ភូមិ​សាស្រ្ត​នយោ​បាយ​ការ​ធ្លាក់​ចុះ​ផលិត​ភាព​សកល​និង​ការ​កើន​ឡើង​នៃ​វិសម​ភាព​សង្គម និង​ភាព​ក្រីក្រ​ជា​ដើម។​

បើ​តាម​លោក​ហ៊ុន សែន​ទំហំ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប​មា​ន​ចំណែក​ប្រមាណ​៦៥%​នៃ​សេដ្ឋកិច្ច​សកល។​ចំណែកទំហំ​ពាណិជ្ជកម្ម​មាន​ប្រមាណ​៥៥%​នៃ​ពាណិជ្ជកម្ម​សកល៕​

XS
SM
MD
LG