ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មុន​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោក ហ៊ុន សែន ថា​គ្មាន​បរទេស​ណា​ដាក់​សម្ពាធ​លោក​បាន​ទេ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងសុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក កាល​ពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដែល​មាន​ចូលរួមពី​លោក​ Xi Jinping ប្រធានាធិបតី​ចិន។ (Facebook/Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងសុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក កាល​ពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដែល​មាន​ចូលរួមពី​លោក​ Xi Jinping ប្រធានាធិបតី​ចិន។ (Facebook/Samdech Hun Sen, Cambodian Prime Minister)

ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​មក​កម្ពុជា​នឹង​មិន​នាំ​មក​នូវ​សម្ពាធ​ណាមួយ​មក​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ តែ​ជា​ការ​បន្ត​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​ជា​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ។

តាម​ការ​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​អ្នកស្រី​Marise Payneចាប់​ផ្តើម​ទស្សន​កិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ច័ន្ទ​ទី​៨ ខែ​វិច្ឆិកា​នេះ។

ថ្លែង​មុន​ជំនួបជាមួយ​ ​អ្នកស្រី​ Marise Payneលោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុម​មន្ត្រី​អ្នក​មុខ​អ្នក​ការ​កម្ពុជា​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​អគារទីស្តីការ​ក្រសួង​រៀបចំ​ ដែនដី​ នគរូបនីយ​កម្ម​ និង​សំណង់​ក្នុង​សង្កាត់​ឃ្មួញ​ ខណ្ឌសែនសុខ​ថា​ អូស្ត្រាលី​គ្មាន​របៀបវារៈ​នយោបាយ​មក​ដាក់​សម្ពាធ​លើ​កម្ពុជា​ទេ​ ប៉ុន្តែ​ប្រទេស​នេះ​ នឹង​ពិភាក្សា​លើ​កិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេភាគី​ជាមួយជាមួយ​កម្ពុជា និង​បញ្ហា​តំបន់​ផ្សេងៗ​ទៀត។

លោក ហ៊ុន សែន​ ថ្លែង​ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​យ៉ាង​ដូច្នេះ៖

«ខ្ញុំ​ចេញ​ពី​ហ្នឹង ​ខ្ញុំ​ទៅ​ជួប​រដ្ឋមន្ត្រី​ការបរទេស​របស់​អូស្ត្រាលី ដែល​នឹង​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​ ជា​ទ្វេ​ភាគី ជា​ក្របខណ្ឌ​រវាង​អាស៊ាន​ និង​អូស្ត្រាលី​ និង​ជា​ក្រប​ខណ្ឌ​ហួស​ពី​នេះ​ទៅ​ទៀត​ គឺ​ទាក់​ទង​ជាមួយ​ឥណ្ឌូប៉ាស៊ីហ្វិក​ឯណោះ​ ដែល​កំពុង​តែ​មាន​បញ្ហា​ ជាពិសេស​គឺ​ការ​បារម្ភ​របស់​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ​ទៅ​លើ​បញ្ហា​ទាក់​ទង​ជាមួយ​នឹង​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែ»។

លោក ហ៊ុន សែន​ បាន​រិះគន់​ក្រុម​ជំទាស់​នៅ​ក្រៅ​ប្រទេស​កុំ​ឲ្យ​យល់​ថា​ អូស្ត្រាលី​នឹង​យក​ជំនួប​ការ​ទូត​ជាមួយ​កម្ពុជា​មក​ដាក់​សម្ពាធ​ណា​មួយ​មក​លើ​រដ្ឋាភិបាល​របស់​លោក​នោះ។

លោក​ថ្លែង​ថា​៖ «ហើយ​សុំ​អ្នក​ដទៃ​ នៅ​ពី​ក្រៅ​គិត​ថា​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​មក​ដល់​ផ្ទះ មក​គាប​សង្កត់។​សូម​បញ្ជាក់​ឲ្យ​ហើយ សម្រាប់​ហ៊ុន សែន​ អ្នក​ដែល​ចង់​មក​គាប​សង្កត់​ សុំ​មិន​ចាំ​បាច់​មក​ទេ​ ព្រោះ​ជា​សិទ្ធិ​ឲ្យ​វីសា ឬ​មិន​ឲ្យ​វីសា​ គឺ​ជា​សិទ្ធិ​របស់​កម្ពុជា»។

អ្នកស្រី ​Marise Payneបាន​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​នេះ ដោយ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការនារី អ្នកស្រី ​អ៊ឹង កន្ថាផាវី​នៅ​មជ្ឈមណ្ឌល​មួយ​នៃ​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​អូស្ត្រាលី។ នេះ​បើ​តាម​ប្រព័ន្ធ​ Twitter របស់រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​រូប​នោះ។

កាល​ពី​កន្លង​ទៅ មន្ត្រីស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​លើក​ឡើង​អំពី​ក្តី​ព្រួយ​បារម្ភ​មួយ​ចំនួន​ទាក់​ទង​នឹង​សិទ្ធិ​សេរី​ភាព​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ការ​កាត់​ទោស​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​ផង​ដែរ។ អូស្ត្រាលី​គឺ​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​១៩៩១ ដើម្បី​បញ្ចប់​សង្គ្រាម​និង​រៀបចំ​ប្រទេស​កម្ពុជា​ឲ្យ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ។

ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី​ Marise Payne មក​កាន់​កម្ពុជា​ កើត​មាន​ឡើង​ ស្រប​ពេលមាន​ការ​អំពាវនាវ​ពី​អង្គការសិទ្ធិមនុស្ស​របស់​សហរដ្ឋ​អាមេរិក​ (Human Rights Watch) ដែល​បាន​ស្នើ​សុំ​ឲ្យ​ប្រមុខ​ការ​ទូត​អូស្ត្រាលី​រូបនោះ​ យក​បញ្ហា​សិទ្ធិ​មនុស្ស​ដាក់​ឲ្យ​នៅ​ចំ​កណ្តាល​នៃ​ការ​សន្ទនា​នានា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​រដ្ឋាភិបាល​កម្ពុជា។

នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watchប្រចាំ​តំបន់​អាស៊ី​លោក​Phil Robertsonត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ និង​ត្រូវ​ប្រែ​សម្រួល​ជា​ខេមរភាសា​តាម​ន័យ​ដើម​ថា៖

«ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​វិបត្តិ​សិទ្ធិមនុស្ស​ដែល​តម្រូវ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់។ រដ្ឋាភិបាល​បាន​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ​ជាង​៩០​នាក់ ក្នុង​នោះ​ក៏​មាន​សកម្ម​ជន​សិទ្ធិមនុស្ស​ បរិស្ថាន ព្រម​ទាំង​សមាជិក​គណបក្ស​ជំទាស់​ ចំពោះអ្វី​ដែល​គ្រាន់​តែ​ជា​ការ​អនុវត្ត​សិទ្ធិ​ស៊ីវិល និង​នយោបាយ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ។ ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ត្រូវ​បាន​យាយី និង​បិទ​ទ្វារ ​សវនាការ​ទ្រង់​ទ្រាយធំនៃ​សកម្ម​ជន​នយោ​បាយ​ត្រូវ​បាន​ធ្វើ​ឡើង​ ហើយ​លទ្ធិ​ប្រជាធិប​តេយ្យ​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ជាមួយ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់»។

បើ​តាម​លោក​ Phil Robertson ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ និង​ការ​បោះឆ្នោត​ជាតិគឺ​ខិត​ជិត​មក​ដល់​នៅឆ្នាំ​២០២២​ និង​២០២៣ ​ដូច្នេះ​រដ្ឋាភិបាល​អូស្ត្រាលី​ គួរ​តែ​សង្កត់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​ការ​តាំង​ចិត្ត​ច្បាស់លាស់​ចំពោះ​ សេរីភាព​ប្រជាធិបតេយ្យ​ ក្នុង​នោះ​គឺ​ការ​គោរព​សេរីភាព​ប្រព័ន្ធផ្សព្វផ្សាយ និង​បញ្ឈប់​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដែល​មាន​ចរិត​នយោបាយឲ្យ​គណ​បក្សនយោបាយ​ចុះ​ឈ្មោះ និង​ការ​ដាក់​ឲ្យ​ដំណើរការ​វិញ​នៃ ភាព​ស្រប​ច្បាប់​របស់​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ។

លោក​បន្ថែមថា​ ប្រទេស​អូស្ត្រាលី​ ក៏​គួរ​តែ​ថ្លែង​ជា​សាធារណៈថា​ ខ្លួន​នៅ​ជាមួយ​ និង​គាំទ្រ​សកម្មជន​សហគមន៍ ​សកម្មជន​ដីធ្លី​ អ្នកការពារ​សិទ្ធិមនុស្ស​ អង្គការ​សិទ្ធិមនុស្ស​ សហជីព​ឯករាជ្យ​ និង​អ្នកកាសែត​ឯករាជ្យ​ ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​កែ​ប្រែ​ជា​បន្ទាន់​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ដែល​ធ្លាក់​ដាបដុនខ្លាំង។

រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន​ បាន​ប្រតិកម្ម​តប​ទៅ​នឹង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថា​ បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ដែល​មាន​ភ្ជាប់​របៀបវារៈ​នយោបាយ​ ហើយ​ថា​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី គ្មាន​អី​ក្រៅ​ពី​កិច្ចការ​ការទូត​តែ​ប៉ុណ្ណោះ និង​គ្មាន​ការ​ដាក់​សម្ពាធ​ពី​ភ្ញៀវ​បរទេស​ណាមួយ​មក​លើ​ម្ចាស់​ផ្ទះ​ ដែល​ជា​រដ្ឋ​អធិបតេយ្យ​នោះ​ដែរ។

​យ៉ាងណាក៏ដោយ​ លោក​នាយករដ្ឋមន្ត្រី​បាន​កត់​សម្គាល់​ថា​អ្នក​ស្ថិត​នៅក្រៅ​ប្រទេស​មួយ​ចំនួន​ ដែល​ទំនង​ជា​សំដៅ​ដល់​ក្រុម​អ្នក​នយោបាយ​ជំទាស់ និង​អ្នករិះគន់​ផ្សេង​ទៀត​ ជារឿយ​ៗ​ច្រើន​ព្យាយាម​បកស្រាយ​ថា​ ប្រទេស​ដែល​មាន​និន្នាការ​សេរី​នឹង​យក​ឱកាស​ទសន្សកិច្ច​មក​កម្ពុជា​ដើម្បី​ដាក់​សម្ពាធ​មក​លើ​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​ តួយ៉ាងដូច​ករណីរ​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថា ខិត​ខំរឹត​ចំណង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ និង​ដែល​ត្រូវ​ការ​ការគាំទ្រ​ពី​កម្ពុជា​ផង​នោះ​ដើម្បី​ឲ្យ​បាន​ក្លាយ​ជា​ដៃ​គូ​របស់​អាស៊ាន ។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលីនឹង​ផ្តល់​ការ​ពន្យល់​អំពី​ការ​ចង​សម្ព័ន្ធ​មិត្ត​របស់​អូស្ត្រាលី​ សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អស់គ្លេស​ ​ហៅថា​ Aukus​ដើម្បី​ត្រៀម​ឆ្លើយ​តប​នឹង​បញ្ហា​នានា​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

លោក ហ៊ុន សែន​ លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី​ថា​៖

«ឯ​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​មក​ទៀត​ ដែល​បន្តិច​ទៀត​ ខ្ញុំ​នឹង​ចេញ​ទៅ​ជួប​ គឺ​មិនមែន​មក​ជា​ការ​សង្កត់​ទេ​ប្រហែល​ជា​ការ​ពន្យល់​របស់​គាត់​ឲ្យ​យើង​យល់​អំពី​អ្វី​ដែល​ហៅថា​Aukus​ ដែល​ជា​សម្ព័ន្ធ​ភាព​រវាង​អូស្ត្រាលី​ អាមេរិក​ និង​អង់​គ្លេស​ប្រហែល​ជា​រឿង​ហ្នឹង​ សំខាន់​ជាង​រឿង​ដទៃ។ នេះ​បើ​តាម​ការ​ស្មាន​របស់​ខ្ញុំ។​ ជា​ធម្មតា​ទេ​ អ្នក​នយោបាយ​គឺ​តែង​តែ​មាន​ការ​ប៉ាន់​ស្មាន​ថា​ មិត្តភ័ក្តិ​របស់​យើង​និយាយ​ពី​អី?»។

អ្នកវិភាគ​នយោបាយ​លោក សេង​ សារី​ យល់​ថា​អូស្ត្រាលី​អាច​នឹង​ផ្តល់​សេចក្តី​ពន្យល់​ដល់​កម្ពុជា​ អំពីការ​ចង​សម្ព័ន្ធភាព Aukus​ព្រោះ​ប្រទេស​សមាជិក​អាស៊ាន​ក៏​ចង់​ដឹង​អំពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​សម្ព័ន្ធភាព​នេះ​ ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​អូស្ត្រាលី​សាង​សង់​នាវា​មុជទឹក​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែ។ លោក​កត់​សម្គាល់​ទៀតថា អាស៊ាន​មាន​កិច្ច​ព្រមព្រៀង​រួម​មួយ​ដែល​មិន​តម្រូវ​ឲ្យ​មាន​វត្តមាន​អាវុធ​នុយក្លេអ៊ែ​ក្នុង​តំបន់។

លោក​បានប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖

«អង់គ្លេស​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ ជាពិសេស​សហរដ្ឋ​អាមេរិក​ហ្នឹង​ នឹង​ផ្តល់​នូវ​ការ​ផលិត​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែ សម្រាប់​ប្រទេស​អូស្ត្រាលី។ ហើយ​ប្រទេស​អូស្ត្រាលី​នឹង​ក្លាយ​ជា​ប្រទេស​ទី​៧ នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នាវាមុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែ ហើយ​អាហ្នឹង​ហើយ​ជា​ចំណុច​រស៊ើប​របស់​អាស៊ាន​ ព្រោះអាស៊ាន​ មាន​កិច្ច​សន្យា​មួយ​ គេ​ហៅ​ថា​ ជា​កិច្ច​សន្យា​ Free Nuclear Agreement [ជា​កិច្ច​សន្យា​អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែ]»។

លោក​បន្ថែម​ថា៖«សរុប​មក​វិញ​ គឺ​អូស្ត្រាលី​ចាំ​បាច់​ណាស់​ មុន​នឹង​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រធាន​អាស៊ាន​ គឺ​អូស្ត្រាលី​ត្រូវ​តែ​ធ្វើ​ម៉េច​ពន្យល់​ច្បាស់​ ឲ្យ​បាន​ច្បាស់​ពាក់​ព័ន្ធ​ទៅ​នឹង​សម្ព័ន្ធ​មិត្ត Aukusនេះ​ ពី​ផល​ប៉ះពាល់ ពី​តួនាទី​របស់​អូស្ត្រាលី​នៅ​ក្នុង​តំបន់​អាស៊ាន​ហ្នឹង ជាជាង​ការធ្វើ​ឲ្យ​វា​មាន​បញ្ហា​ វា​មាន​បញ្ហា​រវាង​ប្រទេស​អូស្ត្រាលី​ជាមួយ​នឹង​អាស៊ាន​ ហើយ​ជាពិសេស​ហ្នឹង​គឺ​ជាមួយ​នឹង​ចិន​ហ្នឹង»។

គួរ​រំឭក​ផង​ដែរ​ថា​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន ​(ASEAN) រដ្ឋមន្ត្រីការ​បរទេស​ចិន និង​ជា​ទីប្រឹក្សារដ្ឋ លោក Wang Yi ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​ប្រមាណ​២៧០​លាន​ដុល្លារ​អាមេរិក។

កម្ពុជា​ធ្លាប់​រង​ការ​រិះគន់​អំឡុង​ពេល​ធ្វើ​ជា​ប្រធាន​ឆ្លាស់​វេន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ដែល​កាល​នោះ មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​អាស៊ាន​មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ទៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប៉ះ​ពាល់​ដល់​ប្រទេស​ចិន៕

XS
SM
MD
LG