ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បាន​ក្លាយ​ជា​ប្រធាន​អាស៊ាន​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​២០២២


នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ទទួល​ញញួរ​ប្រធាន​ប្តូរវេន​ សមាគម​អាស៊ាន​ ជា​លើក​ទី​៣ បន្ត​ពី​ប្រទេស​ព្រុយណេ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួននៅ​ឆ្នាំ​២០២១​នេះ។ (ហ្វេសប៊ុក/ទំព័រ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)

នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ទទួល​ញញួរ​ប្រធាន​ប្តូរវេន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(អាស៊ាន)​បន្ត​ពី​ប្រទេស​ព្រុយណេ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួននៅ​ឆ្នាំ​២០២១​នេះ។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពីថ្ងៃ​២៨​ខែ​តុលា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ប្រកាស​មូលបទ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​របស់​កម្ពុជា​«អាស៊ាន​រួម​គ្នា​ធ្វើ៖​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់​គ្នា» សម្រាប់​សុខដុមរមនា​សន្តិភាព​ និង​វិបុលភាព​នៅ​ក្នុង​តំបន់​ទាំងមូល និង​បានកោត​សរសើរ​ព្រះមហាក្សត្រ​ព្រុយណេ​ព្រះ​ចៅ​ស៊ុលតង់​ Hassanal Bolkiah (ហាជីហាសសា​ណាល់​បុលគីយ៉ាស) សម្រាប់​ភាព​ជា​អ្នកដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​កាន់​ចង្កូត​នាវា​អាស៊ាន​ឆ្ពោះ​ទៅ​សម្រេច​បាន​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា។

នាយករ​ដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន​សែន​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​លើ​ទំព័រ​ផ្លូវការ​របស់​លោក​ក្នុង​ន័យ​ដើម​ថា៖​ «​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​មួយរូប​ដេល​បាន​កាន់​ញញួរ​ប្រធាន​អាស៊ាន​រហូត​បី​ដង​ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែង​អំណរ​គុណ​ចំពោះ​បងប្អូន​ជន​រួម​ជាតិ​ដែលបាន​គាំទ្រ​ដល់​រូប​ខ្ញុំ​ក្នុង​ការ​ដឹកនាំកម្ពុជា»។​

នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​កម្ពុជា​ក៏​នឹង​ផ្តោត​លើ​កិច្ចការ​អាទិភាព​សំខាន់​ចំនួន​បី​ ដែលត្រូវ​បាន​កំណត់​ជា​បី​សសរស្តម្ភ​គឺ​នយោបាយ​ និង​សន្តិសុខ សេដ្ឋកិច្ច​ និង​សង្គមវប្បធម៌។ នៅ​ត្រង់​សសរស្តម្ភ​នយោបាយ​និង​សនិ្តសុខ​កម្ពុជា​នឹង​ផ្តោត​លើការ​ពង្រឹង​មជ្ឈភាព​អាស៊ាន​និង​ឯកភាព​អាស៊ាន​ទាំង​នៅ​ក្នុង​យន្តការ​តំបន់​និង​កិច្ច​សហ​ប្រតិ​បតិ្តការ​ជាមួយ​ដៃ​គូខាង​ក្រៅ ហើយ​កម្ពុជា​ក៏ត្រូវ​ឲ្យ​អាស៊ាន​មាន​ភាព​ធន់​និង​រឹងមាំ​ ប្រឆាំង​នឹង​សម្ពាធ​និង​ឥទ្ធិពល​ដែល​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ។

បណ្ឌិត ​សេង សារី​ អ្នកវិភាគ​នយោបាយ​យល់​ថា កម្ពុជា​នឹង​ត្រូវ​ប្រឈម​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន​ទាំង​នៅ​ក្នុងប្រទេស​និង​ក្រៅប្រទេស​នៅ​ពេលដឹកនាំ​អាស៊ាន។ បញ្ហា​ទាំង​នោះ​រួមមាន​កំណត់ត្រា​អាក្រក់​នៃ​បញ្ញា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ជម្លោះ​ដណ្តើម​កាន់កាប់​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​និង​ការ​ចង​សម្ព័ន្ធភាពរបស់​សហរដ្ឋ​អាមេរិក​ចក្រភព​អង់គ្លេស និងអូស្រា្តលី​ហៅ​កាត់​ថា​ Aukus ដើម្បី​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​ភាព​តានតឹង​នានានៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG