ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​បោះឆ្នោត


ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/VOA)
ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/VOA)

លោក ​ផៃ​ ស៊ីផាន​ ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​វា​ចាប់​ផ្តើម​ឡើង​ពី​មូល​ដ្ឋាន​នៃ​សន្តិភាព​នេះ​​និង​សណ្តាប់​ធ្នាប់​នយោបាយ។

មន្ត្រី​ជាន់​ខ្ពស់​របស់គណបក្ស​កាន់​អំណាច​និង​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​បារម្ភ​និង​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រ​ទេស​កម្ពុជានា​ពេល​ខាង​មុខ​ អាច​នឹង​មិន​សេរី​និង​យុត្តិធម៌ក្រោយ​ពេល​ដែល​មាន​ការបំភិត​បំភ័យ​មក​លើ​គណបក្ស​ប្រឆាំង។

លោក ​Scott Busby​ ​ឧបការីរង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​ ​និង​ពល​កម្មបាន​ថ្លែង​ក្នុង​សវនាការ​មួយ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទៅ​កាន់​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ ​នាទី​ក្រុង​ ​វ៉ាស៊ីនតោន​ថា​ ​ក្រសួង​ការ​បរទេស​អាមេរិក​មាន​ក្តី​បារម្ភ ​ចំពោះ​ដំណើរ​ការវិវឌ្ឍន៍​ថ្មីៗ​និង​ ​ដំណើរ​ការ​លទិ្ធ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្រោយ​ពេល​ការ​ឡើងកម្ដៅ​នយោបាយ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​ ​

លោក​ ​Scott Busby ​ថ្លែង​ក្នុង​អត្ថន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ ​«យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ថា​ ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ​នឹង​មិន​មាន​លក្ខណៈ​សេរី​ ​និង​យុត្តិធម៌​ទេ​ ​ហើយ​អាច​នឹង​មាន​អំពើ​ហិង្សា​ផង​ដែរ។​ ​យើង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បំភិត​បំភ័យ​លើ​គណបក្ស​ប្រឆាំង​ ​ដោយ​ធ្វើ​ការ​កត់​សម្គាល់​ថា​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ត​សម្តែង​ការ​ចង់​បាន​ឱ្យ​មាន​សេរីភាព​ធំ​ជាង​មុន​ ​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ពី​រដ្ឋាភិបាល​»​។​

ក្រុម​មន្ត្រី​របស់​គណ​បក្ស​កាន់​អំណាច​ ​បាន​ថ្លែង​ប្រាប់​ VOA​ ​នា​ថ្ងៃ​សុក្រ​នេះ​ថា​ការ​លើក​ឡើង​របស់ ឧបការី​រង ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​គ្រាន់​តែ​ជា​ ​«ការ​ទស្សន៍ទាយ​ទុក​ជា​មុន»​ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​និង​ ​ការ​លើក​ឡើង​ដោយ​«គ្មាន​មូលដ្ឋាន​គ្រឹះ»។​

​លោក​ សុខ ​ឦសាន្ត ​អ្នក​នាំ​ពាក្យ​របស់​គណ​បក្ស​កាន់​អំណាច​របស់​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែនបាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «បាទ!​ ហ្អា​ហ្នឹង​វា​គ្រាន់​តែ​ជា​សភាពការណ៍​បច្ចុប្បន្នភាព​ទេមិន​អាចចាត់​ទុក​ថា​ហ្អេ​ សភាពការណ៍​បី​ឆ្នាំ​មុន​ពេល​បោះ​ឆ្នោត​ ​ដល់​៣ឆ្នាំ​ក្រោយ​ ​ដល់​ពេល​បោះ​ឆ្នោត​វា​ដដែល​នឹង​ទេ។​ ​សភាព​ការណ៍​វា​មាន​ភាព​បទ​បែន។​ ​សភាព​ការណ៍បើ​ទោះ​បី​ជា​ មិន​មែន​ថា​នៅ​តែ​នឹង​ហ្អេ តែ​នៅ​អាមេរិក​ក៏​ដោយ​ សភាព​ការណ៍​បី​ឆ្នាំ​ហ្នឹង​ និង​បី​ឆ្នាំ​ក្រោយ​គឺ​វា​មិន​អាចដូច​គ្នា​នោះ​។​ ​បាទ!​ ​អញ្ចឹង​បាន​ជា​ខ្ញុំ​ចាត់​ទុក​ថា​ហ្អា​ហ្នឹង​គឺ​វា​ជា​ការ​ទស្សន៍ទាយ​ហើយ​ការ​ទស្សន៍ទាយ​គឺ​វា​មិន​ត្រឹម​ត្រូវ​១០០​ភាគ​រយ​នោះ​ទេ»។​

​ស្រប​គ្នា​នោះ​ដែរ​លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ថ្លែង​ការ​ពារ​រដ្ឋា​ភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖​ «ខ្ញុំ​ជឿ​ថា​អ្វី​ដែល​គាត់​លើក​ឡើង​គឺ​គ្រាន់​តែ​ជា​សារ​នយោបាយ​មួយ​ ​ដើម្បី​បង្អើល​ឬ​ក៏​គាំ​ទ្រ​គណបក្ស​ប្រឆំាង​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ​ ហើយ​អ្វី​ដែល​គាត់​ចង់​បាន​គឺ​ខុស​ស្រលះ​ពី​ ការ​ចង់​បាន​របស់ប្រជា​ពល​រដ្ឋ​ខ្មែរ​ ​ដែល​ចង់​បាន​ស្ថិរភាព ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ និង​ពង្រឹង​ ​លទ្ធិ​ប្រជាធិបតេយ្យ​តទៅ​មុខ​ទៀត»។​

លោក ​ផៃ​ ស៊ីផាន​ បាន​បន្ត​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​វា​ចាប់​ផ្តើម​ឡើង​ពី​មូល​ដ្ឋាន​នៃ​សន្តិភាព​នេះនិង​សណ្តាប់​ធ្នាប់​នយោបាយ។

«មិន​មែន​ដូចជា​សកម្មភាព​ ​ដែល​គេ​ហៅ​ថា​ សកម្មភាព​ពួក​ឧទ្ទាម​របស់​ កឹម សុខា​ ក៏​ដូច​ជា​សកម្មភាព​ ​ឧទ្ទាម​របស់​ សម រង្ស៊ី ​ដែល​ដើរ​ ​ប្រមាថ​ម៉ាក់​ងាយ​បង្អើល​ ​ពាស​ពេញ​ពិភព​លោក​ ប្រឆំាង​នឹង​រដ្ឋាភិបាល​ ប្រឆំាង​នឹង​សភា​របស់​ខ្លួន​ដែល​ជា​ស្ថាប័ន​កំពូល​នោះ​ទេ​»​។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ ​ឃុំ​សង្កាត់​នា​ឆ្នាំ​២០១៧​និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០១៨​ខាង​មុខ​ ​ក៏ប៉ុន្តែនយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ភាព​តាន​តឹងជា​បន្តបន្ទាប់។​ ​ក្នុង​នោះ​មាន​ការ​ការ​វាយ​ប្រ​ហារ​លើ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ ​ការ​បោះ​ឆ្នោត​ទម្លាក់​លោក​ កឹម សុខា ​ចេញ​ពី​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋ​សភា​ ​ការ​ចេញ​ដី​កា​ចាប់​ខ្លួន​ ​លោក​សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​លើ​បរិហារ​កេរ្តិ៍​និង​ញុះញង់​ចំពោះ​លោក​ ហោ ណាំហុង​ ​តាំង​ពី​ឆ្នាំ​២០០៨​ ​និង​ ​ការ​ដក​រូប​លោក​ ចេញ​ពី​រដ្ឋ​សភា​ជា​ដើម។​ ​លោក​ ​សម​ រង្ស៊ី​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​ពីរ​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០១៣​ ​ចំពោះ​ការ​ចោទ​ ​លោក​ ​ហោ ណាំហុង​ ​បាន​ឃុប​ឃិត​ជា​មួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ពេល​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បឹង​ត្របែក​។​

​លោក​ ​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​COMFREL​ ​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​យល់​ស្រប​លោក​ការ​លើក​ឡើង​របស់​ ​Scott Busby​ ​ដោយ​លោក​ឃើញ​ពី​សញ្ញា​នៃ​ការ​គាប​សង្កត់​ ​គំរាម​កំហែង​បែប​ហិង្សា​ ​លើ​អ្នក​នយោបាយ​ភាគ​តិច​នៅ​កម្ពុជា​ ​ជា​ពិសេស​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ​ក្នុង​ការ​ដក​សមាជិកភាព​រដ្ឋសភា​របស់​លោក​ សម រង្ស៊ី ​និង​ ទម្លាក់​លោក​ កឹម សុខា​ ពី​អនុ​ប្រធាន​រដ្ឋសភា​ជាតិ​នោះ។​

«ហើយ​នេះ​គឺ​ជា​សញ្ញា​មើល​ទៅ ​ទៅ​មុខ​ទៅ​គឺ​ចេញ​ការប្រកួតប្រជែង​ផ្នែក​នយោបាយ​នឹង​វា​ខ្លាំងដោយ​សារ​តែ​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​នឹង​ វា​មាន​កម្លាំង​ប្រកួត​ប្រជែង​ហ្នឹង វា​ខ្លាំង​ប្រហាក់​ប្រហែល​គ្នា​។​ ​បើ​យើង​និយាយ​អំពី​កម្លាំង​វិញ​គឺ​វាដូចឆ្នាំ៩៨​អញ្ចឹង​ ​ពី​កម្លាំង​ប្រកួត​ប្រ​ជែង​រវាង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ និង​ ​គណបក្ស​ប្រជាជន​នឹង​វា​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​ អញ្ចឹង​ពេល​ហ្នឹង​គឺ​មាន​ការ​ព្រួយ​បារម្ភ​ដែរ ​នៅ​ពេល​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​អញ្ចឹង​ ក៏​មាន​អំពើ​ហិង្សា​ខ្លះ​ដែរ ​មុន​ពេល​បោះឆ្នោត​៩៨​» ​។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​គល់ បញ្ញា ​យល់​ថា​ថ្នាក់ដឹកនាំ​នៃ​គណ​បក្ស​ធំៗ​ទាំង​ពី​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​គួរ​តែ​បន្ត​«​វប្បធម៌​សន្ទនា»​ ដើម្បី​បន្ទូរ​បន្ថយ​ស្ថានភាព​នយោបាយ​និង​ពង្រីង​ ​ការ​វិវឌ្ឍ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ​ឡើងវិញ​។​

ក្នុង​របាយ​ការណ៍​កម្រាស់​១៣​ទំព័រ​ ស្តី​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​និងសិទ្ធិ​ការងារ​ដាក់​ជូន​ គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ ​លោក​ ​Scott Busby​ ​ក៏​បាន​បញ្ជាក់​ ​ផង​ដែរ​ថា​ការ​បង្កើត​ច្បាប់​ថ្មី​ៗ​ដូច​ជា​ច្បាប់​ស្តីពី​សមាគម​ ​និង​អង្គការ​មិន​មែនរដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់​ ​ការ​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្មីអាច​ជា​ឧបសគ្គ​និង​ការ​រឹតត្បិត​ក្នុង​ការ​ចូល​រួម​របស់​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ដំណើរ​ឃ្លាំ​មើល​ដំណើរ​ការប្រជាធិបតេយ្យ​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​ផង​ដែរ៕

XS
SM
MD
LG