ប្រធានាធិបតីភូមា ឬមីយ៉ាន់ម៉ា លោក ថេន សេន បានអបអរសាទរមេដឹកនាំបក្សប្រឆាំងគឺ លោកស្រីអង់សាន ស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យឬ NLD របស់លោកស្រី ចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីដ៏ច្បាស់ក្រឡែតរបស់ពួកគេលើគណបក្សអភិវឌ្ឍ និងសាមគ្គីភាពភូមា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យគណបក្ស NLD និយាយថា សារដែលគណបក្សរបស់លោកបានទទួលនៅថ្ងៃពុធនេះពីរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកអ៊ូ យេតុត (U Ye Htut) ដែលជាតំណាងលោកលោក ថេន សេន នោះ រួមមានការសន្យាមួយដែលថា «រដ្ឋាភិបាលនឹងធ្វើការផ្ទេរអំណាចដោយសន្តិវិធី» នៅពេលដែលគណៈកម្មការរៀបចំការបោះឆ្នោតរបស់ភូមាបានបញ្ជាក់ពីជ័យជម្នះរបស់គណបក្ស NLD រួចហើយនោះ។
លទ្ធផលចុងក្រោយចេញពីគណៈកម្មការរៀបចំការបោះឆ្នោតរបស់ភូមាបង្ហាញថា គណបក្ស NLD ទទួលបានអាសនៈ ចំនួន១៣៥ នៅក្នុងសភា ឬស្មើនឹងជិត៩០ភាគរយនៃលទ្ធផលដែលត្រូវបានប្រកាសកន្លងមក។
ក្នុងចំណោមបេក្ខជនជាប់ឆ្នោតទាំងអស់ក៏មានលោកស្រី អង់សាន ស៊ូជីខ្លួនឯងដែរ ដែលឈ្នះឆ្នោតជាថ្មីនៅក្នុងមណ្ឌលបោះឆ្នោតរបស់លោកស្រីនៅក្នុងរដ្ឋយ៉ានហ្គូន។
នៅព្រឹកថ្ងៃពុធនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក អ៊ូ យេតុត បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា លោកប្រធានាធិបតី ថេន សេន បានទទួលយកការអញ្ជើញពីលោកស្រី អង់សាន ស៊ូជី ដើម្បីពិភាក្សាគ្នា ប៉ុន្តែទាល់តែក្រោយពីគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ចប់ដំណើរការរាប់សន្លឹកឆ្នោតចប់សព្វគ្រប់សិន។
ក្រៅពីលោកប្រធានាធិបតី បេក្ខជនជ័យលាភីរង្វាន់ណូបែលសន្តិភាពគឺ លោកស្រីអង់សាន ស៊ូជីក៏បានផ្ញើលិខិតស្នើសុំការពិភាក្សាគ្នាជូនប្រធានសភាគឺលោក ស្វេ ម៉ាន់ (Shwe Mann) និងមេបញ្ជាការយោធាគឺ លោក មីន អុងលាំង (Min Aung Hlaing) ផងដែរ នៅក្នុងអ្វីមួយដែលលោកស្រីបាននិយាយថា ជាស្មារតីនៃ«ការផ្សះផ្សារជាតិ»៕