ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជំទាស់​ស្នើ​ឲ្យ​អន្តរជាតិ​ជួយ​បន្ថយ​កម្តៅ​នយោបាយ​នៅកម្ពុជា​​​


នយោបាយនៅប្រទេសកម្ពុជា និង ដំណេីរទស្សនកិច្ចរបស់ថ្នាក់នាំគណបក្សសង្រ្គោះជាតិ​មកកាន់ប្រទេសជប៉ុន នៅវិមានព្រឹទ្ធសភាជប៉ុន រាជធានី​តូក្យូ កាល​ពី​ថ្ងៃ​​អង្គារ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (ទំព័រ​ហ្វេសប៊ុក Kem Sokha)
នយោបាយនៅប្រទេសកម្ពុជា និង ដំណេីរទស្សនកិច្ចរបស់ថ្នាក់នាំគណបក្សសង្រ្គោះជាតិ​មកកាន់ប្រទេសជប៉ុន នៅវិមានព្រឹទ្ធសភាជប៉ុន រាជធានី​តូក្យូ កាល​ពី​ថ្ងៃ​​អង្គារ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (ទំព័រ​ហ្វេសប៊ុក Kem Sokha)

លោក សម រង្ស៊ី និង​លោក កឹម សុខា អំពាវនាវ​យ៉ាង​ដូច្នេះ​ក្នុង​អំឡុង​ពេល​​កំពុង​ធ្វើ​ទស្សនកិច្ច​​នៅ​ប្រទេស​​ជប៉ុន។

គណបក្ស​ជំទាស់​នៃ​ប្រទេស​កម្ពុជា​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ត្រួត​ពិនិត្យ​ស្ថានភាព​នយោបាយ​ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ធ្វើការ​គាបសង្កត់​មក​លើ​ក្រុម​ខ្លួន​នោះ។​ ​ក៏ប៉ុន្តែ​តំណាង​គណបក្ស​កាន់​អំណាច​ថ្លែង​ថា​ ​នយោបាយ​នៅ​កម្ពុជា​គឺ​គ្មាន​ការ​ឡើង​កម្តៅ​អ្វី​នោះ​ទេ។

នា​ព្រឹក​ថ្ងៃ​អង្គារ​នោះ ​មេដឹក​នាំ​គណបក្ស​ជំទាស់​ ដែល​មាន​កៅអី​ក្នុង​រដ្ឋ​សភាគឺ​លោក​ សម រង្ស៊ី និង​លោក​កឹម សុខា​បាន​អំពាវនាវ​ឲ្យ​សហគន៍​អន្តរ​ជាតិ​ ​ជា​ពិសេស​ប្រទេស​ជប៉ុន ជួយ​ឃ្លាំ​មើល​ស្ថាន​ភាព​នយោបាយ​កម្ពុជា​ ​និង​«ធានា​ដល់​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី​ ​យុត្តិធម៌​ ​ត្រឹម​ត្រូវ​ និង​ប្រជា​ធិបតេយ្យ»។​

ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ឲ្យ​ដឹង​ថា ​រូប​លោក ​និង​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​នេះ បាន​ធ្វើសន្និសីទ​ព័ត៌មាន​មួយ​ជា​មួយ​អ្នក​យក​ព័ត៌​មាន​អន្តរ​ជាតិ​នា​ប្រទេស​ជប៉ុន​ ជា​ទី​ដែល​ពួក​លោក​កំពុង​ធ្វើដំណើរ​ទស្សនកិច្ច។​ ​ ​លោក​សរសេរ​ថា​ ​ក្នុង​សន្និសីទ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​លោក ​កឹម សុខា​ ​និង​លោក​ ​ សម រង្ស៊ី ​បាន​បង្ហាញ​អំពី​ការ​វិវឌ្ឍ​នយោបាយ​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​រួម​ទាំង​ការ​ទម្លាក់​រូប​លោក​ចេញ​តំណែង​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​ ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើតំ​ណាងរា​ស្ត្រ​ជា​ដើម​ ​ដែល​លោក​ហៅ​ថា​ជា​ ​«ភាព​តាន​តឹង​ឡើងកម្តៅ​នយោ​បាយ​នៅ​មុន​ការ​បោះ​ឆ្នោត»។​ ​

លោក ​កឹម សុខា ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖​

«យើង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ ​ជា​ពិសេស​ប្រទេស​ជប៉ុន​ ​ជួយ​ធ្វើ​ឲ្យ​បរិយាកាស​តាន​តឹង​វិល​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ​ ​គោរព​តាម​ស្មារតី​ដើមនៃ​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​ថ្ងៃទី​២២ខែ​កក្កដាឆ្នាំ​២០១៤​ ​សំដៅ​ ​ធានា​ដល់​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី ​យុត្តិធម៌​ ត្រឹមត្រូវ​ និង​ប្រជាធិបតេយ្យ​ ​ជា​ពិសេស​ ​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ​ពេញ​លេញ​ ​និងអាចជឿ​ទុក​ចិត្ត​ ទាក់ទង​នឹង​អំពើ​ហិង្សា​ កាល​ពីថ្ងៃ​ទី២៦​ ខែ​តុលា​ ឆ្នាំ​២០១៥»។​

ស្រប​គ្នា​នោះ​ដែរ ​លោក ​សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​សេរី​ជួយ​ឃ្លាំ​មើល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៃ​កម្ពុជា។​ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ​ប្រចាំ​នៅ​ទី​ក្រុង​តូក្យូ​ ដែល​សរសេរ​ជា​ភាសា​អង់គ្លេស។​

ទីភ្នាក់ងារ​ព័ត៌មាន​ដដែល​បាន​ស្រង់​សម្តី​លោក ​សម រង្ស៊ី​ ថា៖​

«ប្រទេស​សេរី​មាន​ឥទិ្ធពលខ្លាំង។​ អញ្ចឹង​ហើយ​ពួក​គេមិន​គួរ​ព្រងើយ ​និង​អនុគ្រោះដល់​លោក​ ហ៊ុន សែន ហើយនឹងគួរ​ប្រកាន់​ខ្ជាប់​ថា​ ​ការ​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យនឹង​ធ្វើ​ឡើង​តាម​ពេល​កំណត់​ ​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ពី​សហគមន៍​អន្តរ​ជាតិ»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​២០១៧​និង​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ឆ្នាំ​ ២០១៨​ខាង​មុខ។​ ​ ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ គណបក្ស​ធំៗ​ដែល​មាន​កៅអី​ក្នុង​រដ្ឋ​សភា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ដោយ​មានការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ សុខ​ ឦសាន្ត​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន ​បាន​បដិសេធការ​លើក​ឡើង​របស់​ថ្នាក់ដឹក​នាំ​របស់​គណបក្ស​ជំទាស់​ ​ដែលថា​ ​កម្តៅ​នយោ​បាយ​ក្នុង​ប្រ​ទេស​កម្ពុជា​បាន​កើន​ឡើង។ លោក​បន្ថែមថា ការ​ទម្លាក់​លោក​កឹម សុខា​គឺដោយ​ការ​ប្រព្រឹត្ត​របស់​លោក​ផ្ទុយ​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ ហើយ​ថា​ អ្នក​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​គឺ​មិន​ទាក់​ទិន​នឹង​បាតុករ​ដែល​តវ៉ា​ឲ្យមាន​ការ​ទម្លាក់​លោក​ កឹម សុខា​ នោះ​ទេ។​

«ខ្ញុំ​ថា​ ការ​លើក​ឡើង​របស់​ឯកឧត្តម​ សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា​ គឺ​វា​ផ្ទុយ​ពី​សភាព​ការណ៍ពិតជាក់​ស្តែង​នៅ​កម្ពុជា។​ ​សភាព​ការណ៍នៅ​កម្ពុជា​គឺ​វា​មិន​ឈាន​ដល់​ឡើង​កម្តៅ​អី​រហូត​ដល់​រត់​ទៅ​ពឹង​បរទេស​នោះ​ទេ។​ ​ ​ការ​រត់​ទៅ​ពឹងបរទេស​គឺ​វា ជា​វប្បធម៌​ធម្មតា​របស់​គណបក្សប្រឆាំង​ទៅ​ហើយ។​ ​ ដូច្នេះ​វា​មិន​សមស្រប​ទៅ​តាម​បំណងប្រាថ្នា​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​នោះ​ទេ​ ​បាទ»។​

លោក ​សុខ ឦសាន្ត ​និយាយ​ថា​ ការ​អំពាវនាវ​របស់​លោក ​កឹម សុខា​ និងសម រង្ស៊ី​នោះគឺ​គ្មាន​អ្វី​ប្លែក​ទេ ហើយ​នេះជាទម្លាប់​របស់​គណបក្ស​ជំទាស់​ ​ដែល​ធ្វើ​ឲ្យ​មានការ​ប្រេះ​ឆា​កិច្ចព្រម​ព្រៀង​នយោបាយ​ ដែល​ស្គាល់​ថា ​ជា​វប្បធម៌​សន្ទនា​នោះរវាង​គណបក្ស​ទាំង​ពីរ​នោះ។​

អរិភាព​រវាង​គណ​បក្សកាន់​អំណាច​ និង​គណបក្ស​ជំទាស់​បាន​ផ្ទុះ​ឡើងសារ​ជា​ថ្មី ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​បន្ទាប់​ពីតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការ​មន្ទិល​សង្ស័យ​ពី​ការ​ប្រើ​ប្រាស់​ផែន​ទី និងការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​វៀតណាម​ ​ការ​ចាប់​ឃុំ​ខ្លួន​ និង​ការ​កាត់​ទោស​សកម្ម​ជន​ និងសមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ជំទាស់​ ​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និងការ​បោះ​ឆ្នោត​ទម្លាក់​លោក ​កឹម សុខា​ ចេញ​ពី​តំណែង​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋសភា​ជា​ដើម។​

កាល​ពី​សប្ដាហ៍​កន្លង​ទៅមាន​កិច្ចប្រជុំ​សម្ងាត់មួយ​រវាង​លោក​ សម រង្ស៊ី និង​លោក ​ស ខេង​ ​នា​រដ្ឋ​សភា​ជាតិ​ ក្នុង​ការ​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​ប្រេះឆា​នៃ​គណបក្ស​ទាំង​ពីរ។​ ​ក៏​ប៉ុន្តែ​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​សម្ងាត់​នេះ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ៕

XS
SM
MD
LG