ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹក​គណបក្ស​ធំ​ទាំងពីរ​រិះគន់​គ្នា ដែល​ជា​ឥទ្ធពល​នៃ​ការ​បោះឆ្នោត នៅ​មីយ៉ាន់ម៉ា

  • នៅ វណ្ណារិន

រូបឯកសារ៖​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​សន្និសីទ​សន្តិសុខ​ Xiangshan Forum លើក​ទី​៦ ទៅ​កាន់​អ្នក​វិភាគ មេដឹកនាំ​យោធាន​និង​មេដឹកនាំ​ផ្សេង​ទៀត​​ពី​ទូទាំង​ពិភពលោក​ដែល​ពិភាក្សា​គ្នា​អំពី​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។ (AP Photo/Ng Han Guan)

លោក​ ហ៊ុន សែន​ ​​ហៅ​លោក​ សម រង្ស៊ី​ តាម​ពាក្យ​ដើម​ថា​ ជា​​ «កូន​អាក្បត់​ជាតិ»​ ​ដោយ​ចោទ​ថា ​ឪពុក​របស់​លោក​សម រង្ស៊ី​ គឺ​លោក​ ​សម សារី​ ​ជា​អ្នក​ក្បត់​ជាតិ​ ខុស​ពី​​លោក​ស្រី​​ អោងសាន ស៊ូជី​ ​ដែល​មាន​ឪពុក​ជា​អ្នក​រំដោះ​ជាតិ​ភូមា​ពី​អាណានិគន៍​និយម​អង់គ្លេស។​

ជ័យ​ជម្នះ​ភ្លូកទឹក​ភ្លូកដី​របស់​គណបក្ស​ជំទាស់​នៅ​មីយ៉ាន់ម៉ា ឬ ភូមា របស់លោក​ស្រី​ អោងសាន ស៊ូជី​ ​និង​ការ​ទទួល​ស្គាល់​ជ័យ​ជម្នះ​នេះ​ដោយ​គណបក្ស​កាន់​អំណាចនៅមីយ៉ាន់ម៉ា គឺ​ជា​ប្រធាន​បទ​មួយ​ដ៏​ក្តៅ​គគុកសម្រាប់អ្នក​នយោបាយ​កម្ពុជា​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ​ដោយ​មាន​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ធ្ងន់ៗ​រវាង​គណបក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ ​និង​គណបក្ស​ជំទាស់​របស់លោក​ សម រង្ស៊ី។​

នា​ពាក់​កណ្តាល​យប់​ថ្ងៃ​ពុធ ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ និង​ពេល​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៃ​កម្ពុជា​បាន​សរសេរ​អត្ថបទ​ពីរ​ផ្សេង​គ្នា​ និង​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ វាយ​បក​ទៅ​លោក​ សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​ដៃ​គូ​បដិបក្ខ​នឹង​គ្នា។​ លោក​ ហ៊ុន សែន​ ហៅ​លោក​ សម រង្ស៊ី​ តាម​ពាក្យ​ដើម​ថា​ ជា «កូន​អាក្បត់​ជាតិ»​ ​ដោយ​ចោទ​ថា ​ឪពុក​របស់​លោក​សម រង្ស៊ី​ គឺ​លោក​ ​សម សារី​ ​ជា​អ្នក​ក្បត់​ជាតិ​ ខុស​ពីលោក​ស្រី អោងសាន ស៊ូជី​ ​ដែល​មាន​ឪពុក​ជា​អ្នក​រំដោះ​ជាតិ​មីយ៉ាន់ម៉ា​ពី​អាណានិគន៍​និយម​អង់គ្លេស។​

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​ដ៏​មាន​ឥទ្ធិពល​ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖

«គណបក្ស​ប្រឆាំង​នៅ​ភូមា​ឈ្នះ​ឆ្នោត​ ​គេ​ប្រើ​ជា​ប្រយោជន៍​ដើម្បី​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច​ ​វាយ​ប្រ​ហារ​រាជ​រដ្ឋាភិបាល​ និង​ខ្លួន​ខ្ញុំ។​ ស្អី​នឹង​គេ​ដែរ​ ឯក​ឧត្តម​ ​បើ​មួយ​ជា​ភូមា​ មួ​យ​ទៀត​ជា​កម្ពុជា​ ​និង​មួ​យ​ទៀត​ឆ្នាំ​២០១៥​ ហើ​យ​មួយ​ទៀត​ឆ្នាំ​២០១៨។​ ​ ​រឿងរ៉ាវ​ខុស​គ្នា​ ​របប​នយោ​បាយ​សេ​ដ្ឋកិច្ច​សង្គម​ខុស​គ្នា​ ​ភាព​លំបាក​ និង​ងាយ​ស្រួល​ខុស​គ្នា​ ​សូម្បីតែ​ការ​បោះ​ឆ្នោត​ក៏​ខុស​គ្នា​ ​ដែល​ភូមា​មិន​ដែល​បោះ​ឆ្នោត​ ​ឯ​កម្ពុជា​បោះ​ឆ្នោត​៥​ដង​រួច​មក​ហើយ»។​

លោក​ ហ៊ុន សែន​ បាន​សរសេរ​បន្ត​ទៀត​ថា៖​

«ឯ​ពូជ​ពង្សវង្ស​ត្រកូល​ឯក​ឧត្តម​ប្រៀ​ប​ធៀប​ជា​មួយ​ ​អោងសាន ​សូជី​ ​មិន​បាន​ទេ ​ព្រោះ​មួយ​ស្នេហា​ជាតិ​ ​មួយ​ទៀត​ក្បត់​ជាតិ។ ​បើ​ពុំ​មាន​ការ​ធ្វើ​នីតិ​សម្បទាណា​មួយ​ទេ​ ​ឯក​ឧត្តម​នៅ​តែ​មាន​ឈ្មោះ​ថា​ ជាកូន​អាក្បត់​ជាតិ។​ ​ពាក្យ​អា​ក្បត់​ជាតិ​មិន​មែន​ជា​ពាក្យ​ខ្ញុំ​ដាក់​ទេ​ ​តែ​រាជ​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​របស់​សម្តេច​ព្រះ​ នរោត្តម​ សីហនុ​ ​ជាអ្ន​ក​ប្រសិទ្ធ​នាម​ឲ្យ។​ ​ឯក​ឧត្តម​ហៅ​ខ្ញុំ​ជា​មនុស្ស​ផ្តាច់​ការ​កប់ៗ​មាត់​ ​ថ្ងៃ​នេះ​ខ្ញុំហៅ​ឯក​ឧត្តម​ថា ​កូន​អាក្បត់​ជាតិ»។

លោកស្រី អង់ សានស៊ូជី មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ទៅ​មើល​ស្ថានីយ៍​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ទីក្រុងរ៉ង់ ហ្គូន នៅ​ថ្ងៃបោះឆ្នោត ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​ដ៏​មាន​ឥទ្ធិពល​ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ «គណបក្ស​ប្រឆាំង​នៅ​ភូមា​ឈ្នះ​ឆ្នោត​ ​គេ​ប្រើ​ជា​ប្រយោជន៍​ដើម្បី​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច​ ​វាយ​ប្រ​ហារ​
លោកស្រី អង់ សានស៊ូជី មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ទៅ​មើល​ស្ថានីយ៍​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ទីក្រុងរ៉ង់ ហ្គូន នៅ​ថ្ងៃបោះឆ្នោត ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​ដ៏​មាន​ឥទ្ធិពល​ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ «គណបក្ស​ប្រឆាំង​នៅ​ភូមា​ឈ្នះ​ឆ្នោត​ ​គេ​ប្រើ​ជា​ប្រយោជន៍​ដើម្បី​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច​ ​វាយ​ប្រ​ហារ​

ការ​បរិហារ​ធ្ងន់ៗ​របស់​លោក​ ហ៊ុន សែន ​បែប​នេះ​ ​គឺ​មិន​ប៉ុន្មាន​ថ្ងៃបន្ទាប់​ពីលោក​ សម រង្ស៊ី​ ​ប្រធាន​គណ​បក្ស​ជំទាស់​ ​ធៀប​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ និង​មីយ៉ាន់ម៉ា ​ជា​បន្តបន្ទាប់​ តាម​រយៈ​បណ្តាញ​សង្គម​ និង​សន្និសីទ​សារ​ព័ត៌មាន។​ ​ ក្នុង​នោះ​លោក​ សម រង្ស៊ី​ បាន​លើក​ឡើង​ថា​ ​ជ័យ​ជម្នះ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​(NLD)​ ​របស់​លោក​ស្រី អោងសាន ស៊ូជី​ «គឺ​ជា​ដំណឹង​ល្អ​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​ទូទាំង​ពិភព​លោក​ ​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា»។​

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ​លោក ​សម រង្ស៊ី​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នា​ប្រ​ទេស​ជប៉ុន​ថា ​គណបក្ស​កាន់​អំណាច​របស់​ប្រទេស​កម្ពុជា​កំពុង​ព្យាយាម​ប្រើ​យុទ្ធសាស្ត្រ​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយសេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៨​ខាង​មុខ​ ដោយ​បង្កើត​បញ្ហា​ផ្សេងៗ​ ​ដូចជា​ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ជា​ដើម។

រូបឯកសារ៖ លោក ស ខេង​ និង​ លោក សម រង្ស៊ី បន្ទាប់​ពីជំនួប​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ស ខេង​ និង​ លោក សម រង្ស៊ី បន្ទាប់​ពីជំនួប​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/VOA)

ថ្លែង​ប្រាប់​អ្នក​សារ​ព័ត​មាន​ជា​ភាសា​អង់គ្លេស​នៅ​ប្រទេស​ជប៉ុន ​និង​ ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាសប្តាហ៍​នេះ ​លោក សម រង្ស៊ី​ បញ្ជាក់​ថា៖​

«អញ្ចឹង​ ពូក​គេ​បាន​បង្កើត​ហេតុ​ការណ៍​ផ្សេងៗ។​ ពួក​គេ​បង្កើត​អំពើ​ហិង្សា​ បង្កើត​អ្នក​រិះគន់​ ​និង​បង្កើត​ឲ្យ​មាន​ឆាក​ ​ឬ​ក៏​នីតិវិធី​លើក​លែង​ណា​មួយ​ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន​ ​ដើម្បី​កុំឲ្យមាន​ការ​បោះ​ឆ្នោត​នេះ។​ ​ ​ដូច្នេះ​វា​ច្បាស់​ខ្លាំង​ណាស់​ ដែល​ពួក​គេ​ចង់​បញ្ជៀស​កុំ​ឲ្យ​មាន​ដំណើរ​ការប្រជា​ធិបតេយ្យ​ ​ការ​បោះឆ្នោត​ដោយ​ប្រជា​ធិបតេយ្យ​ណា​មួយ​នៅ​ពេល​អនាគត​នេះ។

លោក​ សម រង្ស៊ី​ ​ក៏បាន​ស្នើឲ្យប្រទេស​សេរី ​ជា​ពិសេស​ប្រទេស​ជប៉ុន ​ត្រូវ​ផ្តោត​ចិត្ត​ទុកដាក់​ចំពោះ​ការ​វិវឌ្ឍ​ស្ថាន​ការណ៍​ន​យោបាយ​នៃ​ប្រទេស​កម្ពុជា​ពេល​បច្ចុប្បន្ន​ ​ដើម្បី​ធានា​ថា ​ការ​បោះ​ឆ្នោត​នៅពេល​ខាងមុខ​ ​ជាការ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី យុត្តិ​ធម៌​ និង​ប្រជា​ធិបតេយ្យ។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ និង​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជាគណបក្ស​ប្រឆាំង​ ដែល​ធ្លាប់​មាន​អរិភាព​នឹង​គ្នា​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម​ ស្នើ​សុំឲ្យដៃ​គូសន្ទនា​ទាំងពីរ​ និង​សមាជិក​របស់​ខ្លួន​ ​បញ្ឈប់​ ​ការ​លាប​ពណ៌​គ្នា​ចៀស​វាង​ការ​ញុះ​ញង់​ ​និង​ការ​ប្រើ​ពាក្យ​អសុរោះ​ ​ការ​ជេរ​ប្រមាថ​ ​ដោយ​ប្រើពាក្យ​ដូច​ជា «ពួក​កុម្មុយ​នី​ស្ត​ផ្តាច់​ការ»​ ​«អាយ៉ង​យួន» ​«អាក្បត់​ជាតិ»​ «អា​លក់ជាតិ»​ «​អាមេចោរ»​ និង​«អា​កូន​ចោរ»​ជា​ដើម។​

ក៏ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នយោបាយ ​ដែល​គេ​ស្គាល់​ថា ​ជា«វប្ប​ធម៌​សន្ទនា» ​បាន​ទទួល​រង​ភាព​រង្គោះ​រង្គើ​សា​ជា​ថ្មី​ ​ក្រោយ​ពេល​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការ​មន្ទិល​សង្ស័យ​ក្នុងការ​ប្រើ​ប្រាស់​ផែនទី និងការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​វៀតណាម​ ​ការ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ការ​ចាប់​ឃុំ​ខ្លួន​ និង​កាត់​ទោស​សកម្មជន​និ ងសមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ជំទាស់ ការវាយ​ប្រ​ហារ​លើ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ ​ការ​បោះ​ឆ្នោត​ទម្លាក់​លោក ​កឹម សុខា​ ចេញ​ពី​តំណែង​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋសភា​ជា​ដើម។

លោក​ ហ៊ុន សែន ​ដ៏​មាន​ឥទ្ធិពល​ ​ធ្លាប់​បាន​ព្រមាន​គណបក្ស​សង្គ្រោះជាតិ​ និង​មេ​ដឹកនាំ​របស់​គណ​បក្ស​នេះ​ជាច្រើន​លើក​ច្រើនសា​ក្នុង​សប្តាហ៍​កន្លង​ទៅ។​ លោក​បាន​ព្រមាន ​និង​បានវាយ​ប្រហារ​លោក​ សម រង្ស៊ី​ ទាក់​ទិននឹង​ការ​សរសេរ​លិខិតសុំ​ទោស​ទៅ​លោក​ ​ក្រោយ​ពេល​ដែល​លោក​ សម រង្ស៊ី​ ​ប្រដូច​រូប​លោក ​ហ៊ុន សែន ទៅ​ពួក​ផ្តាច់​ការ​ហ្វាស៊ីស។​

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ហ៊ុន សែន ​បាន​ចុះ​ផ្សាយ​លិខិត​សុំទោស​ជា​ផ្លូវ​ការ​របស់លោក​ ​ សម រង្ស៊ី​ ​ដែល​សរ​សេរ​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ​បន្ទាប់ពីមាន​ការ​លើកឡើង​ និង​ការ​បក​ស្រាយ​ខ្លះ​ ​បណ្តាល​មក​ពី​បញ្ហា​បកប្រែ​ក៏​មិន​ដឹង​ ដែល​ខុស​ស្រឡះ​ពី​ទឹក​ចិត្ត​ពិត​ប្រាកដ​របស់​ខ្ញុំចំពោះ​ក្រុម​គ្រួសារ​សម្តេច​ ​ដូច​បាន​បញ្ជាក់​ខាង​លើ។​ ​ ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​សម្តេច​ ​បើ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​សម្តេច​អន់​ចិត្ត​ ឬ​ខក​ចិត្ត​ ​កន្លែង​ណា​មួយ​ ​ដោយ​អចេតនា»។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ អ៊ូ វីរៈ​ ​នាយក​វេទិកា​អនាគត ​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោ​បាយ​ក្នុង​ស្រុក​មួយ​ បាន​យល់​ឃើញ​ថា ​ការ​ជេរប្រទេចគ្នា គឺ​វា​មាន​ទាំងសងខាង​ពី​លោក​ ហ៊ុន សែន​ និង​លោក សម រង្ស៊ី​ ​ដែល​ការ​នេះ​បញ្ជាក់​ពី​សីលធម៌​របស់​អ្នក​នយោបាយ​កម្ពុជា។​ ​ លោក​ថា​ ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​បែប​នេះ​ ​វា​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ជាពិសេស​អ្នក​ដែល​គាំទ្រ​គណបក្ស​ទាំង​ពីរ។​

«ជា​ការ​ឡើង​កម្តៅ​នយោបាយ​មួយ​ ដែល​ខ្ញុំមើលទៅ​ វា​គ្មាន​បាន​ប្រយោជន៍​សម្រាប់ប្រទេស​ជាតិ ​ហើយ​ក៏​គ្មាន​បាននាំ​មក​នូវកិត្តិយស​ដល់​ប្រទេស​ ​និង​ ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែរ។​ ហើយ​យើង​ឃើញ​ការណ៍​ពិត​ គឺ​ការ​ប្រើ​ប្រាស់​ពាក្យ​អសុរោះ​ ឬ​អសីល​ធម៌​មួយ​ ដែល​ខ្ញុំ​តាម​ដាន​មកគឺ​ទាំង​សង​ខាង។​ ​ ទាំង​សង​ខាង​ដោយ​សារ​លោក ​សម រង្ស៊ី​ ក៏​ធ្លាប់​ហៅ​លោក​ ហ៊ុន សែន ​ថា​ ជា​'អា​ក្បត់​ជាតិ'​ដែរ​ 'អា​ខូច​ជាង​គេ​គឺ​នៅ​កណ្តាល' ​'អាមួយនៅកណ្តាល​ខូចជាង​គេ'​ដែរ។​ ដោយ​សារ​អញ្ចឹង ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​នយោបាយ​ពឹង​ផ្អែកទៅ​លើ​ការ​ឈ្លោះ​គ្នា»។

ចុច​ទស្សនា​មតិសាធារណៈរបស់ប្រជាជនកម្ពុជាជំវិញការបោះឆ្នោតនៅមីយ៉ាន់ម៉ា៖

លោក​ អ៊ូ វីរៈ​ ​បា​នអះ​អាង​ថា​ ប្រទេស​កម្ពុជា​ពុំគួរ​យក​គម្រូពី​ប្រទេស​មីយ៉ាន់ម៉ានោះ​ទេ​ ដោយ​សារ​តែ​ប្រទេស​មួយ​នេះ​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយយោធា​នៅ​ឡើយ​ ​បើ​ទោះ​បី​ជា​លោក​ស្រី​ អោងសាន ស៊ូជី​ ​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ​ ​ហើយ​ប្រទេស​ភូមា​មិន​ទាន់​មាន​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ ដូច​ប្រទេស​កម្ពុជា​នៅ​ឡើយ​នោះ​ទេ​ ព្រោះ​ថា​ សមាជិក​សភា​២៥​ភាគ​រយ​នឹង​ត្រូវ​ជ្រើស​តាំង​ដោយ​ពួកយោធា​ភូមា​ដ​ដែល។​

«ប្រទេស​ភូមា​នៅតែ​មាន​ការ​ប្រឈម​ច្រើន​ ​មិនអាច​ជា​គម្រូ​នៃ​ប្រទេស​កម្ពុជា​នោះ​ទេ។​ ប្រឈម​ទី​១​គឺយោធា​ភូមា​នៅ​តែ​គ្រប់​គ្រង​អំណាច​យោធា​ ​គ្រប់គ្រង​ក្រសួង​មហាផ្ទៃ​ គ្រប់គ្រង​ក្រសួង​ការពារ​ជាតិ​ គ្រប់គ្រង​ព្រំដែន​ ហើយ​នៅតែ​គ្រប់គ្រង​ក្រុម​ហ៊ុនធំៗ ​និង​សេដ្ឋកិច្ច​ដដែល។​ ​អញ្ចឹង​យោធា​នៅតែ​មាន​អំណាច​យោធា ​និង​អំណាច​សេដ្ឋកិច្ច ​ហើយ​លោក​ស្រី​ ​អោងសាន ស៊ូជី​ គ្រាន់​តែ​មាន​អំណាច​នយោបាយ​ប៉ុណ្ណឹង​ ​គឺមិនទា​ន់អាច​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​បាន​នោះទេ។​ ​ ហើយ​ក៏​មិន​ទាន់​មាន​ប្រជា​ធិបតេយ្យដែរ ​ព្រោះដោយ​សារ​តែ​យោធា​ធានា​២៥​ភាគរយ​គឺខ្លួន​ជា​អ្នក​រើស។​ ​សមាជិក​សភា២៥​ភាគ​រយគឺ​បាន​ន័យ​ថា​ សមាជិក​សភា​២៥​ភាគ​រយ​គឺសុទ្ធ​តែ​ជា​យោធា​ទំាង​អស់»។​

ការ​វាយ​ប្រហារ​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​មាន​ភាព​ស្ងប់​ស្ងាត់​មួយ​រយៈ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ក្រោយ​ពេល​ជំនួប​សម្ងាត់​មួយ​រវាង​លោក​ សម រង្ស៊ី​ និង​លោក​ ស ខេង​ ​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នយោបាយតានតឹង​នៅ​កម្ពុជា។​ ​ ក៏​ប៉ុន្តែ​ មាន​ភាពតានតឹង​ឡើងវិញ​ បន្ទាប់​ពី​ ​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​របស់​មីយ៉ាន់ម៉ា​ ​បង្ហាញ​លទ្ធ​ផល​ចុងនៃ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅថា ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ (NLD)​ ​របស់​លោក​ស្រី អោងសាន ស៊ូជី​ ​ទ​ទួល​បាន​អាសនៈ​ចំនួន​១៣៥​ ​នៅ​ក្នុង​សភា​ ​ឬ​ស្មើ​នឹង​ជិត​៩០​ភាគ​រយ​នៃ​លទ្ធផល​ដែល​ត្រូវ​បាន​ប្រកាស​កន្លង​មក។​ ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ភាពរំជើប​រំជួល​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន៕​

XS
SM
MD
LG