ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ ពូជ​ត្រី​យក្ស​ក្នុង​ទន្លេ​មេគង្គ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ដោយ​សារ​ទំនប់​វារី​អគ្គិសនី​និង​ការ​នេសាទ​ហួស​ប្រមាណ


រូបឯកសារ៖ ​ត្រី​យក្ស​ប្រវែង ២៤០ សង់ទីម៉ែត្រ​ត្រូវ​ចាប់​បាន​ក្នុង​ទន្លេ​មេគង្គ​ ប្រទេស​កម្ពុជា កាលពីថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០០៧។ លោក​បណ្ឌិត Zeb រួម​គ្នា​ជាមួយ​នឹង​អ្នកស្រុក​ដើម្បី​ដោះលែង​ត្រី​យក្ស​នោះ​វិញ។ (រូបថត​ផ្តល់​ដោយ​លោក Zeb Hogan)
រូបឯកសារ៖ ​ត្រី​យក្ស​ប្រវែង ២៤០ សង់ទីម៉ែត្រ​ត្រូវ​ចាប់​បាន​ក្នុង​ទន្លេ​មេគង្គ​ ប្រទេស​កម្ពុជា កាលពីថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០០៧។ លោក​បណ្ឌិត Zeb រួម​គ្នា​ជាមួយ​នឹង​អ្នកស្រុក​ដើម្បី​ដោះលែង​ត្រី​យក្ស​នោះ​វិញ។ (រូបថត​ផ្តល់​ដោយ​លោក Zeb Hogan)

កំណត់​និពន្ធ៖ លោក Zeb Hogan គឺ​ជា​អ្នក​ស្រាវជ្រាវ​ជីវវិទ្យា​នៃ​សាកលវិទ្យាល័យ Nevada ​ជា​ពិធីករ​ក្នុង​កម្មវិធី​ត្រី​បិសាច​ Monster Fish ក្នុង​ទូរទស្សន៍ National Geographicនិង​ជា​អ្នក​ស៊ើប​អង្កេត​សំខាន់​ក្នុង​កម្មវិធី​ Wonder of the Mekong ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អង្គការ​ USAID។ លោក​បាន​មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូល​រួម​អបអរ​ទិវា​មច្ឆជាតិ​ជាមួយ​នឹង​រដ្ឋបាល​ជល​ផល​។

លោក​បណ្ឌិត Zeb Hogan បាន​ប្រាប់កញ្ញា​ទុំ ម្លិះ​នៃ VOA អំពី​សារៈ​សំខាន់​នៃ​ទន្លេ​មេគង្គ​ ត្រី​យក្សក្នុង​ទន្លេ​ដែល​មាន​ដូច​ជាត្រី​រាជ​និង​ត្រី​គល់រាំង​ និង​ការ​ប្រឈម​ ដោយ​សារបច្ចុប្បន្ន ​ត្រី​ទាំង​នោះ​កំពុង​រង​ការ​គំរាម​កំហែង​ ដោយ​សារ​ការ​នេសាទ​ហួស​ហេតុ​ និង​ផល​ប៉ះពាល់​ដោយ​សារ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី។

VOA៖​ តើ​កម្មវិធី​ Wonder of the Mekong ធ្វើការ​ផ្តោតទៅ​លើ​អ្វី​ខ្លះ?​

Zeb Hogan៖ កម្មវិធី​ Wonder of the Mekong គឺ​ផ្តោត​ទៅ​លើ​ទឹក​និង​ជីវ​ចម្រុះ​ ហើយ​នឹង​ផ្តោត​លើ​តម្លៃ​ជាច្រើន​នៃ​ទន្លេ​មេគង្គ​នេះ ជា​ពិសេស​មច្ឆជាតិ ជីវចម្រុះ​ តម្លៃ​វប្បធម៌ ក្នុង​ការ​ព្យាយាម​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ទន្លេ​មេគង្គ។ អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ​តាំង​ពី​បាន​ចាប់​ផ្តើម​កម្មវិធី​នេះ​មក​ គឺ​ថា​ទោះបី​ជា​ទន្លេ​មេគង្គ​ជា​ទន្លេ​សំខាន់​បំផុត​លើ​ផែនដី វា​មាន​ភាព​ពិសេស​ និង​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រជាជន​ក្នុង​តំបន់ ប៉ុន្តែ​បើសិន​ជា​អ្នក​សួរ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​មិន​រស់​នៅ​តាម​ដងទន្លេ​ ភាគច្រើន​ពួកគេ​មិន​មាន​ការ​យល់ដឹង​ច្រើន​ពី​ទន្លេ​មេគង្គ​នោះទេ។

អ៊ីចឹង​កម្មវិធី​នេះ​មាន​ចំណុច​សំខាន់​បី​គឺ​ទី​មួយ ការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​មច្ឆជាតិ និង​ប្រព័ន្ធ​ជីវចម្រុះ​របស់​អាង​ទន្លេ​មេគង្គ។ ទី​ពីរ​គឺ​ការ​កសាង​សមត្ថភាព ​ដូចជា​បង្ហាត់​បង្រៀន​ប្រជាជន​នូវ​ជំនាញ​ផ្សេងៗ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ការពារ​ទន្លេ​មេគង្គ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ ទី​បី​នោះ​គឺការ​ទំនាក់​ទំនង​និង​ផ្សព្វផ្សាយ​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​តម្លៃ​នៃ​ទន្លេ​មេគង្គ។

VOA៖ ច៎ា អ៊ីចឹង​ហេតុអ្វី​បាន​ជាលោក​មាន​គំនិត​ផ្តួចផ្តើម​កម្មវិធី​នេះឡើង?

Zeb Hogan៖ បាទ អ៊ីចឹង​ដើម្បី​ឲ្យ​ប្អូន​បាន​យល់​ពី​ព័ត៌មាន​ខ្លះៗ ទន្លេ​មេគង្គ​គឺ​ជា​ទន្លេ​ដែល​មាន​ផលិតភាព​ជលផល​ច្រើន​ជាងគេ​បំផុតនៅ​លើ​ផែនដី​នេះ ដូច្នេះ​ការ​នេសាទ​ត្រី​គឺ​មាន​មាន​ទំហំ​ធំ​ជាង​ទន្លេ​ឯ​ទៀត​ក្នុង​ពិភពលោក ពោល​គឺ​ច្រើន​ជាង​ទន្លេ​ Amazon [នៅ​អាមេរិក​ឡាទីន] ទន្លេ​យ៉ង់សេ​នៅ​ប្រទេស​ចិន ច្រើន​ជាង​ទន្លេ​នីល [នៅ​ទ្វីប​អាហ្វ្រិក] និង​ច្រើន​ជាង​ទន្លេ​ Mississippi [របស់​សហរដ្ឋ​អាមេរិក]។

វា​មិនមែន​ជា​ទន្លេ​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ទេ ប៉ុន្តែ​ទន្លេ​មេគង្គ​មាន​ផលិត​ភាព​ជល​ផល​ច្រើន​បំផុត​និង​មាន​ពូជត្រី​រាប់​ពាន់​ប្រភេទ​ខុសៗ​គ្នា ដូច្នេះ​វា​ពិត​ជា​មាន​ភាព​ចម្រុះ​មែន​ទែន។ ពូជត្រីខ្នាត​យក្ស​ក្នុង​ពិភពលោក​ជាច្រើន​ប្រភេទដូច​ជា ​ត្រី​រាជ ត្រី​គល់រាំង​ និង​ត្រីបបែល​យក្ស​ទឹក​សាប សុទ្ធ​សឹង​តែ​មាន​ជម្រក​ក្នុង​ទន្លេ​មេគង្គ។

មិន​តែ​ប៉ុណ្ណោះ​ ការ​ប្រើប្រាស់​ទន្លេ​មេគង្គ​ គឺ​ជា​ប្រពៃណី​មួយ​របស់​ប្រជាជន[ខ្មែរ] ដូចជា​[មាន​ឆ្លាក់​ជា​តឹកតាង​លើ]ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ និង​អរិយធម៌​នៅ​តាម​ច្រាំង​បឹង​ទន្លេសាប​ ដែល​ប្រជាជនជាង​កន្លះលាន​នាក់ បើតាម​ខ្ញុំ​គិត​ ពឹង​លើ​ផល​ពី​ទន្លេ​សាប​នេះ។​ បើសិនជា​អ្នក​មើល​ជញ្ជាំង​អង្គរ​វត្ត អ្នក​អាច​ឃើញ​រូប​ត្រី​ដែល​ត្រូវ​បាន​គេ​ឆ្លាក់​លើនោះ។ ដូច្នេះ​ទន្លេ​មេគង្គមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ហើយ​ក៏​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ដែរ​ក្នុង​រយៈពេល​១០ឆ្នាំ​ចុងក្រោយ។

ខ្ញុំ​ចង់​បាន​ន័យ​ថា​ឥឡូវ​នេះ ​ទន្លេមេគង្គ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។ បណ្ដា​មច្ឆជាតិ​កំពុង​ប្រឈម​នឹងគ្រោះ​ថ្នាក់ដោយសារ​តែការ​បាត់បង់​ជីវចម្រុះ​ធម្មជាតិ​ ហើយ​ការណ៍​នេះ វា​មុខ​ជា​នឹង​ប៉ះពាល់​ទៅ​ដល់​ជីវភាព​ប្រជាជន។​ ពួកគេ​រស់​នៅ​ដោយ​ពឹង​អាស្រ័យ​លើ​ទន្លេ​មេគង្គ​ដើម្បី​ចិញ្ចឹម​ជីវិត។

ដូច្នេះ​ខ្ញុំ​គិត​ថា​ វា​ពឹង​ទៅ​លើ​ការ​សម្រច​ចិត្ត​របស់​យើង​ក្នុង​រយៈពេល​១០​ទៅ២០​ឆ្នាំ​ខាង​មុខ​នេះ វា​អាច​នឹង​ប៉ះពាល់​ដល់​ស្ថានភាព​របស់​ទន្លេ​មេគង្គ ​រួមទាំងប្រជាជន​ដែល​រស់​នៅ​អាស្រ័យ​ផល​ពី​ទន្លេ​នេះ។

VOA៖​ តើ​ពូជ​ត្រី​យក្ស​នៅ​ក្នុង​ទន្លេ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាពដូចម្តេច​ដែរ?​

Zeb Hogan៖ ស្ថានភាព​របស់​ពូជ​ត្រី​យក្ស​នៅពេល​នេះ​គឺ​ថា កំពុង​កាន់តែជិត​ផុត​ពូជហើយ គឺ​អាច​ហៅ​បាន​ថា​ស្ថិត​ក្នុងគ្រោះ​ថា្នក់​ខ្លាំង។ ចំនួន​ត្រីបាន​ធ្លាក់​ចុះ​ខ្លាំង​ ហើយ​សព្វថ្ងៃ​មាន​នៅ​សល់​តែ​ប៉ុន្មាន​ក្បាល​ប៉ុណ្ណោះ។

ដំបូង​ឡើយ​គឺ​ដោយសារ​តែ​ការ​នេសាទ​ហួស​ហេតុពីព្រោះត្រី​កាន់តែ​ធំ លក់​បាន​កាន់តែ​ថ្លៃ។ ត្រី​ទាំង​នោះ​ងាយ​រងគ្រោះ​ណាស់​ ពេលខ្លះ​ថែម​ទាំង​ងាយ​ស្រួល​ចាប់​ទៀត​ផង ពួកគេ​ត្រូវ​ការ​ ជម្រក​ជាច្រើន​ដូច្នេះ​ទើប​ពួកគេ​ងាយ​ទទួលរងការ​គំរាមកំហែង​ច្រើន ការ​បាត់​បង់​ទីជម្រក ការ​នេសាទ​ហួស​ហេតុ និង​ការ​បំពុល​បរិស្ថាន។

បច្ចុប្បន្ន​ដោយសារ​តែ​មូលហេតុ​ទាំង​នោះ រហូត​មកទល់ពេល​នេះ ប្រភេទ​ត្រី​ទាំង​នោះ​នៅ​តែ​មិន​ទាន់​ផុត​ពូជ​ទៀត។ វា​ពិត​ជា​រឿង​មួយ​ដែល​អស្ចារ្យ។​ ខ្ញុំ​ចង់​បាន​ន័យ​ថា​ ប្រទេស​របស់​អ្នក​មាន​ការ​នេសាទ​ត្រី​ច្រើន អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ត្រី​ទាំង​នេះ​នៅ​តែបន្ត​មាន​វត្តមាន​នៅ​ក្នុង​ដង​ទន្លេ។

យ៉ាងណាក្ដី ក្នុង​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំ​ចុងក្រោយ ចំនួន​ត្រី​ទាំង​នេះ​កំពុង​ថយ​ចុះ។ ការ​បារម្ភ​នោះ​គឺ​ថា​ទំនប់​វារី​អគ្គិសនី​អាច​ជា​ជំហាន​ចុងក្រោយ​ដែល​នឹង​ធ្វើ​ឲ្យ​មច្ឆជាតិ​ទាំង​អស់​ផុត​ពូជ​តែ​ម្ដង។ ទំនប់​វារី​អគ្គិសនី​មាន​ផល​ប៉ះ​ពាល់​ធំ​ធេង​ជាង​ការ​នេសាទ​ទៅ​ទៀត។

VOA៖​ តើ​មាន​មូល​ហេតុ​ចម្បង​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មច្ឆជាតិ​នៅ​ក្នុង​ទន្លេ​មេគង្គ​ជិត​ផុត​ពូជ?

Zeb Hogan៖ បាទ កាល​ពី​មុន វា​មាន​ការ​នេសាទ​ហួស​ហេតុ​ច្រើន និង​ការ​បំពុលទឹក។ ថ្មីៗនេះ ការ​គំរាម​កំហែង​ធំ​បំផុត​គឺ​ការ​អភិវឌ្ឍទំនប់​វារី​អគ្គិសនី​។ ទំនប់​វារី​អគ្គិសនី​ជា​ច្រើន​ត្រូវ​បាន​សាងសង់​តាម​ដង​ទន្លេ​មេគង្គ ហើយ​បើសិន​ជា​ទំនប់​វារី​អគ្គិសនី​ទាំង​នោះ​ត្រូវ​សង់​ខុស​កន្លែង​ វា​នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ផ្លាស់​ទី​របស់​ត្រី​ ហើយ​សត្វ​ត្រី​ទាំង​នោះ​មិន​អាច​ធ្វើ​ការ​បន្តពូជ​ឡើយ ហើយ​ចំនួន​មច្ឆជាតិ​នឹង​ធ្លាក់​ចុះ។

ទំនប់​វារី​អគ្គិសនីកាន់​តែ​ច្រើន​កំពុង​ត្រូវ​បាន​សាង​សង់។ ប្រសិន​បើ​ការ​សាងសង់​ទាំង​នោះ​នឹង​បន្ត ហើយ​គ្មាន​យុទ្ធសាស្រ្ត​ក្នុងធានាថា​ការ​ដាក់​ទំនប់​នេះ​នៅ​ទីកន្លែង​ត្រឹមត្រូវ​ណាមួយ ដើម្បីទាញយក​អត្ថ​ប្រយោជន៍អតិបរិមា ​និងបន្ថយ​ទំហំ​ប៉ះពាល់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​អប្បបរមា​ទេ បរិស្ថាន​ធម្មជាតិ​នឹង​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ណាស់។

VOA៖​ តើ​ហេតុអ្វី​បាន​ជា​យើង​ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ​គួរ​តែ​ថែរក្សា​មច្ឆជាតិ​នៅ​ក្នុង​ទន្លេ​មេគង្គ?

Zeb Hogan៖ ឆ្លើយតប​នឹង​សំណួរ​នេះ ​ខ្ញុំ​មាន​ចម្លើយ​ពីរ ទីមួយ​គឺ​ច្បាស់​ណាស់ ត្រី​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា។ ប្រជាជន​កម្ពុជា​ជា​ប្រជាជន​ដែល​បរិភោគ​ត្រី​ច្រើន​ជាង​ប្រជាជន​ក្នុង​ប្រទេស​ណាៗ​ទាំង​អស់​ក្នុង​ពិភពលោក។​ ទោះ​ជា​ទៅដល់​ទីណា​ក៏​ដោយ[ក្នុងប្រទេសកម្ពុជា]​អ្នក​នឹង​ឃើញ​ប្រជាជន​[ខ្មែរ]បរិភោគ​ត្រី​អាំង សម្ល​ត្រី និង​ប្រហុក។​ ត្រី​ពិត​ជា​សំខាន់​ណាស់​នៅ​ទី​នេះ។ នៅ​កម្ពុជា ​ត្រី​ប្រមាណ​៨សែន​តោន ​ត្រូវ​បាន​នេសាទ[ជារៀងរាល់ឆ្នាំ]​។ ​ចំនួន​នេះ​ច្រើន​មែនទែន​ ច្រើន​ទាំង​ត្រី ​និងប្រូតេអ៊ីន​ដែល​យើង​ទទួល​បាន​ពី​ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ វា​មិន​ត្រឹម​តែ​ជា[ប្រភព]​អាហារ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ផ្ដល់​ជា​ការងារ​សម្រាប់​មនុស្ស​ជា​ច្រើន​ ដូច​ជា​អ្នក​នេសាទ​ត្រី​ជា​ច្រើន​ ដែល​ពួក​គាត់​អាច​រក​កម្រៃ​បាន​ពី​ការងារ​នេះ។ ពួក​គេ​លក់​ត្រី ហើយ​ពួកគេ​បរិភោគ​ត្រី​ជា​អាហារ នោះ​ហើយ​ជា​ជីវភាព​របស់​ពួកគេ។

ជាង​នេះ​ទៅ​ទៀត​ វា​មាន​ប្រពៃណី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​ចង់​បាន​ន័យ​ថា​ នៅ​ក្នុង​ទន្លេមេគង្គ​ បឹង​ទន្លេ​សាប​ និង​តាម​វាល​ស្រែ​នានា មច្ឆជាតិ​ទាំង​អស់​ជា​ផ្នែក​មួយ​របស់​ប្រទេស​កម្ពុជា។ ឧទាហរណ៍​ថា ត្រី​គល់​រាំង ​ដែល​ជា​ត្រី​ត្រូវ​បាន​លើក​យក​មក​ផ្សាយ​នៅ​ក្នុង​កម្មវិធី​របស់ទូរទស្សន៍ National Geographic​ គឺ​ជា​ត្រី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ហើយ​វា​នឹង​អាច​ផុត​ពូជ​បាត់​ក្នុង​ពេល​ឆាប់ៗ​នេះ អ៊ីចឹង​តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច ដែល​អ្នក​មាន​ត្រី​មួយប្រភេទ​ដែល​ត្រូវ​បាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ ហើយជា​ត្រី​តំណាង​កម្ពុជា​មួយ ប៉ុន្តែក្នុង​មួយ​ប៉ព្រិច​ភ្នែក វា​ស្រាប់​តែ​បាត់បង់ អ៊ីចឹង​វា​ដូច​ជា​បាត់បង់​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា​អ៊ីចឹងដែរ​ សម្រាប់​ខ្ញុំ។

មាន​អ្នក​នេសាទ​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​បែប​នេះ​កាលពី​មុន។ គាត់​ចាប់​បាន​ត្រី​គល់រាំង​ពីរ​ក្បាល​នៅ​បឹង​ទន្លេសាប​កាលពី​ឆ្នាំ​មុន ហើយ​ដែល​ត្រី​នោះ​អាច​លក់​បានតម្លៃ​ថ្លៃ​មែន​ទែន គឺ​អាច​ដល់​១ម៉ឺន​ដុល្លារ​អាមេរិក ​ប៉ុន្តែ​គាត់​សម្រេច​ចិត្ត​ដោះ​លែង​ត្រី​នោះ​ទៅ​ក្នុង​ទឹក​ទន្លេ​វិញ។ គាត់​ថា​ទី​មួយ ​ប្រភេទត្រី​យក្សគឺ​ពិសេស ហើយ​មាន​តម្លៃ​ពិសិដ្ឋ ទីពីរ​គាត់​នឹង​មាន​សំណាង​អាក្រក់ ​បើសិន​ជា​គាត់​សម្លាប់​ប្រភេទ​ត្រីយក្ស ហើយ​ទីបី​វា​ដូចជា​មោទនភាព​មួយ​សម្រាប់​គាត់ ដែល​គិត​ថា​វា​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​វត្តមាន​ប្រភេទ​ត្រី​បែប​នេះ​នៅ​ក្នុង​ទន្លេ​នោះ។

ហើយ​បើ​យើង​គិត​ពី​វិទ្យាសាស្រ្ត​វិញ នេះ​ប្រហែល​ច្រើន​ជាង​អ្វី​ដែល​អ្នក​ត្រូវ​ការ​បន្តិច ប៉ុន្តែ​គឺ​ត្រី​ធំៗ​នេះ​ហើយ​ដែល​រួម​ចំណែក​ច្រើន​បំផុត​ក្នុង​បង្ក​បង្កើត​កូន​ត្រី​បន្ត​ទៀត ដូច្នេះ​បើសិន​ជា​អ្នក​ទុក​ត្រី​ធំៗ​ឱ្យ​នៅ​រស់ ពួកគេ​នឹង​បន្តពូជ​ជារៀង​រាល់​ឆ្នាំ​ តែ​ប្រសិន​ជា​អ្នក​សម្លាប់​ត្រី​ធំៗ​ទាំង​នោះ​វិញ វា​នឹង​មានផលពិបាក​ក្នុង​ការ​រក្សា​ចំនួន​ត្រី​ដែល​មាន​នៅ​ក្នុង​ទន្លេ។

VOA៖​ ច៎ា ជាចុងក្រោយ​តើ​ពួកយើង​ដែល​ជា​ប្រជាជន​នៅ​ក្នុង​ទីប្រជុំជន​គួរ​តែ​រូម​ចំណែក​យ៉ាង​ណា​ខ្លះ?

Zeb Hogan៖ មាន​កិច្ចការ​ជា​ច្រើន​ដែល​ប្រជាជនក្នុង​រាជធានី​ភ្នំពេញ​អាច​ធ្វើ ដើម្បី​ជួយ​ដល់​រឿង​នេះ។ ខ្ញុំ​គិត​ថាអ្នក​រស់​នៅ​ក្នុង​ទីក្រុង​មាន​តួនាទី​ធំ​ជាង។ ប្រជាជន​ដែល​រស់​នៅ​តាម​ដង​ទន្លេ ពួកគេ​បាន​យល់​ដឹង​អំពី​សារៈ​សំខាន់​របស់​ទន្លេ​រួច​ទៅ​ហើយ។ ពួកគេ​យល់​អំពី​ការ​ផ្លាស់​ប្តូរ​ដែល​កំពុង​កើត​មាន ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​មាន​តួនាទី​ធំ​ជាង​ ដោយ​អាច​អប់រំ​ខ្លួន​ឯង​អំពី​ទន្លេ​មេគង្គ​ និង​ធ្វើ​យ៉ាង​ណា​ដើម្បី​ថែរក្សា​ភាព​ល្អ​ប្រសើរ​របស់ទន្លេ​ដោយ​មិន​រួម​ចំណែក​ក្នុង​ការ​បំពុល ការ​បំផ្លាញ​ទី​ជម្រក ​និង​ធ្វើ​ឲ្យ​ច្បាស់​ថា​ការ​ប្រើប្រាស់​អគ្គិសនី និង​ការសាង​សង់​ទំនប់​វារី​អគ្គិសនីប្រកប​ដោយនិរន្តភាព។ ខ្ញុំ​ពិត​ជា​គិត​ថា​ជំហាន​ដំបូង​គឺ​គ្រាន់​តែ​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​ដែល​កំពុង​កើត​មាន​និង​អំពី​ទន្លេ​មេគង្គ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG