ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​សហគមន៍​នេសាទ​បារម្ភ​ខ្លាំង​ចំពោះ​ការពង្រីក​ទំនប់​ក្នុង​ទន្លេ​មេគង្គ មុន​ជំនួប​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ


រូបឯកសារ៖ ផ្ទះ​ទូក​របស់​គ្រួសារ​អ្នក​នេសាទ​ ចត​នៅ​ក្បែរ​សឺន លើ​ដង​ទន្លេ​មេគង្គ​ក្នុង​ភូមិ​ស្វាយ​ឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង​ ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​សៅរ៍ ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (សើ​ សាយ្យាណា/VOA)
រូបឯកសារ៖ ផ្ទះ​ទូក​របស់​គ្រួសារ​អ្នក​នេសាទ​ ចត​នៅ​ក្បែរ​សឺន លើ​ដង​ទន្លេ​មេគង្គ​ក្នុង​ភូមិ​ស្វាយ​ឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង​ ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​សៅរ៍ ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (សើ​ សាយ្យាណា/VOA)

ផល​ប៉ះពាល់​ដែល​ចេញ​ពី​ទំនប់ មិន​ត្រឹម​តែ​មាន​ទៅ​លើ​រយៈពេល​នៃ​ការ​នេសាទ​នោះ​ទេ តែ​គុណភាព​ត្រី​ក៏​បាន​ធ្លាក់​ចុះ ហើយ​ពលរដ្ឋ​ក៏ត្រូវ​បង្កើន​ការប្រើប្រាស់​ឧបរកណ៍​ដើម្បី​ការ​នេសាទ​ប្រចាំថ្ងៃ។

កិច្ចប្រជុំ​កំពូល​លើក​ទី៣​ នៃគណៈកម្មការ​ទន្លេមេគង្គ​នឹង​ត្រូវរៀប​ចំឡើងនៅថ្ងៃ​ទី​៤​ និង​ថ្ងៃទី​៥ ខែមេសា​ នៅក្នុង​ខេត្ត​សៀមរាប ​ប្រទេស​កម្ពុជា។ ​នៅមុនការ​មកដល់​នៃកិច្ចប្រជុំ​កំពូល​ តំណាង​សហគមន៍​រស់នៅ​ជុំវិញ​ទន្លេមេគង្គ​ និង​បឹង​ទន្លេ​សាប​បាន​ឲ្យដឹង​ពីការ​ប្រែប្រួល​នៃ​សកម្មភាព​នេសាទ ​និង​ការ​ធ្លាក់​ចុះ​គុណភាពត្រី ចាប់តាំង​ពីមានការ​ពង្រីកនៃ​ទំនប់​វារីអគ្គិសនី​នៅលើ​តួមេទន្លេមេគង្គ ​និង​ដៃ​ទន្លេ​ដ៏ធំមួយ​នេះ។ ​តំណាង​សហគមន៍​នេសាទ​ ទទូចសុំ​រដ្ឋាភិបាល​ដែលជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេមេគង្គ​ ធ្វើ​ការ​ពិចារណា​ឲ្យបាន​ល្អិតល្អន់​ អំពីផល​ប៉ះពាល់​នានា​ទៅលើ​ទន្លេមេគង្គ​ នៅ​មុន​ពេលផ្តល់​សេចក្តីយល់​ព្រម​ ឲ្យមានការ​អភិវឌ្ឍន៍​ទំនប់​ថ្មី​បន្ថែម​ទៀត​ ទៅថ្ងៃ​អនាគត។​

គ្រាមិនទាន់​មានការ​ពង្រីកការ​សាងសង់​ទំនប់​វារីអគ្គិសនី នៅលើ​តួមេនៃ​ទន្លេមេគង្គ​ ក៏ដូច​ជា​ផ្នែក​ខ្លះ​នៃដៃ​ទន្លេនេះ​ ប្រជានេសាទ​រស់​នៅជុំវិញ​បឹង​ទន្លេសាប​ មានពេល​សម្រាក​សម្រាប់​ការ​នេសាទត្រី ដើម្បី​ធ្វើ​ជាអាហារ​ និងការ​លក់​ដូរ។​ ក៏ប៉ុន្តែ​ ការអភិវឌ្ឍ​ទំនប់​វារីអគិ្គសនីដែល​ចេះតែ​រីកធំ​ បាន​ផ្លាស់​ប្តូរ​ របៀប​នេសាទ​ត្រីរបស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ដែលរស់​នៅជុំវិញបឹង​ទន្លេសាប​។

លោក​ ឡុង​ សូចែត​ តំណាង​នៃ​បណ្តាញ​សហគមន៍​នេសាទ​ បឹង​ទន្លេសាប​ ខេត្តពោធិ៍សាត់​ថ្លែងថា៖

«កាលពីត្រី​សម្បូរណ៍​គេ​ទៅនេសាទ​ ក្នុងមួយ​អាទិត្យ​ហ្នឹង​ គេទៅនេសាទ​ តែ​ពីរថ្ងៃ​ ឬបីថ្ងៃ​ទេ​។ ឧបមា​គេ​ចេញ​ពីផ្ទះទៅ​ គេៗ​អត់មក​វិញ​ទេ​ គេទៅ​ពីរ​ថ្ងៃ បីថ្ងៃ​មកវិញ​ គេមក​សម្រាក​ពីរបី​ថ្ងៃ​អ៊ីចឹង​ទៅ​ បាន​គេទៅទៀត​។ ប៉ុន្តែដល់​ធនធាន​ថយចុះ​ គេអត់​ធ្វើ​អ៊ីចឹង​ទេ​ ទៅជា​ប្រចាំ​ បាន​សេចក្តីថា​ រកពេល​រក​វេលា​ ​បើ​កាលណា​អត់​ទៅ​ គាត់​មិនអាច​ដោះស្រាយ​ជីវភាព​បានទេ»។

លោក បាន​ថ្លែងបន្ត​ថា​ ផល​ប៉ះពាល់​ដែល​ចេញពី​ទំនប់​ មិនត្រឹម​តែ​មានទៅលើ​រយៈពេលនៃ​ការ​នេសាទ​នោះទេ​ តែ​គុណភាព​ត្រីក៏បាន​ធ្លាក់​ចុះ​ ហើយ​ពលរដ្ឋ​ក៏ត្រូវបង្កើន​ការប្រើប្រាស់​ឧបរកណ៍​ដើម្បី​ការ​នេសាទ​ប្រចាំថ្ងៃ។​ ការ​បង្កើន​ឧបករណ៍​នេសាទ​នេះហើយ ​ដែលបាន​ធ្វើឲ្យប្រជានេសាទ​មួយចំនួន ធ្លាក់​ខ្លួនក្លាយ​ជាកូន​បំណុល។

«ហើយ​បើ​ខ្ញុំ​ប្រៀបធៀប​ទៅវិញ​ មើល​ទៅជីវភាព​ថា​ ប្រាក់​ចំណូល​បាន​មិន​ខុសគ្នា​ប៉ុន្មានទេ​ ប៉ុន្តែ​ប្រជានេសាទ​ ជំពាក់​បំណុល​គេច្រើនវិញ ​មកពីអី? ​បង្កើន​ឧបករណ៍។​ ពីមុនៗ​ ប្រើ​ឧបករណ៍​តិចទេ​ គេចាប់​ត្រី​បាន​ អាច​ដោះ​ស្រាយ​ជីវភាព​បាន​ ប៉ុន្តែ​ឥឡូវ​ដើម្បី​ដោះស្រាយ​ជីវភាព​បាន​ គេត្រូវបង្កើន​ឧបករណ៍។ ​ឧទាហរណ៍​ជាក់​ស្តែង​ ពីមុនរាយ​មងត្រឹម​ដប់ដៃ​ ឥឡូវ​ឡើងដល់​២០ ៣០​ដៃ​ មានខ្លះ​រហូត​ រាយមង​ប្រហែល​១គីឡូ​ដី​ ចម្ងាយ​រាប់រយដៃ​ ពីរបីរយដៃ​ ក៏មានដែរ​ មានអ្នក​ប្រភេទ​ខ្លះ​។ ពីដើម​ គេអុំទូក​រាយមង​ ប៉ុន្តែ​ឥឡូវ​គេបើក​កាណូតរាយ​ បញ្ឆេះម៉ាស៊ីន​ បើករាយ​ យើង​ឃើញ​សកម្មភាព​ហ្នឹង​វាផ្លាស់​ប្តូរ​ទេ?»។

ការពណ៌នា​របស់​លោក​ ឡុង​ សូចេត​ តំណាងសហគមន៍​នៅតាម​បឹងទន្លេសាប​ បានធ្វើឡើង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយដែល​បាន​ប្រមូលផ្តុំ​តំណាង​សហគមន៍​ផ្សេង​ទៀតមក​ពីខេត្ត​ដែលស្ថិត​ជាប់​ទន្លេមេគង្គ​ និង​បឹង​ទន្លេសាប។​ ក្រុមតំណាង​សហគមន៍​នេសាទ​ បាន​សម្តែង​ក្តីបារម្ភកាន់​តែ​ខ្លាំង​ផងដែរ​ ចំពោះ​វឌ្ឍនភាព​នៃ​ទំនប់វារី​អគ្គិសនី​ ក្នុង​ប្រទេស​ដែលពឹង​ផ្អែក​លើ​ធនធានទឹក​របស់​ទន្លេ​មេគង្គ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដែល​ស្ថិត​នៅ​ជាប់​ទន្លេ​មេគង្គ និង​បឹង​ទន្លេសាប ធ្វើ​សន្និសីទ​ព័ត៌មាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការពង្រីក​គម្រោង​ទំនប់​វារី​អគ្គិសនី​លើ​តួមេ​ទន្លេ​មេគង្គ។ សន្និសីទ​ព័ត៌មាន ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដែល​ស្ថិត​នៅ​ជាប់​ទន្លេ​មេគង្គ និង​បឹង​ទន្លេសាប ធ្វើ​សន្និសីទ​ព័ត៌មាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការពង្រីក​គម្រោង​ទំនប់​វារី​អគ្គិសនី​លើ​តួមេ​ទន្លេ​មេគង្គ។ សន្និសីទ​ព័ត៌មាន ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)

ការសម្តែង​ក្តីបារម្ភ​របស់​ពួកគាត់​ បានកើតមាន​ឡើង​មុនប៉ុន្មាន​ថ្ងៃតែប៉ុណ្ណោះ​នៃ​កិច្ចប្រជុំ​កំពូល​របស់​គណៈកម្មការ​ទន្លេមេគង្គ​ដែលនឹងមាន​មេដឹកនាំ​ប្រទេស​ចំនួន​បួន​ចូលរួម។

អ្នកស្រី​ ជិន សុគន្ធរ​ សមាជិក​សហគមន៍​នេសាទ​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ មានរឿង​ផ្សេង​ពី​លោក​ ឡុង​ សូចែត​ តែមាន​ក្តីបារម្ភ​ដូចគ្នា​ចំពោះ​ផល​ប៉ះពាល់​របស់​ទំនប់វារី​អគ្គិសនី​មកលើ​ធនធាន​ធម្មជាតិ​ក្នុងទន្លេ​មេគង្គ​ ដែលមិន​អាច​ខ្វះបានសម្រាប់​ប្រជាជន​រស់នៅ​ជុំវិញ​ទន្លេនេះ។

គម្រោង​ទំនប់​វារី​អគ្គិសនី​ សំបូរ​ នៅ​ខេត្តក្រចេះ​ ជារឿង​ចាស់​សម្រាប់​រដ្ឋាភិបាល​ តែ​អាច​ជាការផ្លាស់​ប្តូរ​ថ្មីនៃ​ជីវិត​រស់​នៅ​របស់​អ្នកស្រី​ ជិន​ សុគន្ធរ​ និង​ប្រជានេសាទ​ឯទៀត។

អ្នកស្រី​និយាយថា​ ប្រសិនបើ​ទំនប់​ដែល​ត្រូវបាន​ចុះបញ្ជីក្នុង​ផែនការ​មេរបស់​គណៈកម្មការ​ទន្លេ​មេគង្គ​តាំងពី​ទសវត្សរិ៍​ឆ្នាំ​១៩៩០​នេះ​ ត្រូវបាន​អនុវត្តន៍ ដោយ​មិន​បាន​សិក្សាឲ្យបាន​ច្បាស់​លាស់​នោះ​ទេ​ នោះ​ប្រជាពលរដ្ឋ​ដែលរស់​នៅជាន់​គ្នាក្នុង​តំបន់​គម្រោងនេះ​ នឹង​មានវាសនា​ដូច​ពលរដ្ឋ​នៅ​ក្នុង​តំបន់​វិនិយោគ​ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ នៅខេត្ត​ស្ទឹង​ត្រែង។

អ្នកស្រី​រៀបរាប់ក្នុង​សន្និសីទ​ព័ត៌មាន​ ដែលបាន​រៀបចំឡើង​នៅទីក្រុង​ភ្នំពេញកាល​ពីថ្ងៃទី​ ៣០​ ខែមីនា ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល​មួយយ៉ាង​ដូច្នេះ៖

«យើង​ឃាត់​ រាជរដ្ឋាភិបាល​ត្រូវធ្វើ​ហើយ​ តែធ្វើយ៉ាងណា​ ធ្វើ​ឲ្យ​ កុំ​ឲ្យ​វាប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទាំង​ស្រុង​ ទាំងស្រុង​ ឧទាហរណ៍ថា​ ទន្លេនៅ​ ទន្លេមេគង្គ​ចឹង​ វាមាន​ទន្លេតូច​ ទន្លេធំ​ចឹង​ ចឹង​ធ្វើ​យ៉ាង​ណា​បិទ​ទៅទន្លេ​តូចតាច​អីកុំឲ្យវា​លេចលង់​បាត់​បង់​ដល់​ប្រជាពលរដ្ឋ​ ធ្វើ​ឲ្យការ​លំបាក។ អ៊ីចឹង​ ធ្វើ​យ៉ាង​ណា​ អាទន្លេ​តូចតាច​ ខាងកើត​ៗហ្នឹង​ធ្វើ​ទៅ​ កុំឲ្យធ្វើ​ទន្លេមេ​ ដែលប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាជន​ របស់​ប្រជាពលរដ្ឋ​ដល់​ត្រី​ ដែលៗ​ សម្រាប់​ចិញ្ចឹម​ ដល់​ប្រជាពលរដ្ឋ​ចឹង​ បើសិន​ជា​ថា​ អ៊ីចឹង​ទេ​គឺដូចតែ​គ្នា​ហ្នឹង​ បើ​ផល​ប៉ះពាល់​ចឹង​ គឺមាន​ថា​មានកង្វល់ ហើយមាន​ក្តីព្រួយ​បារម្ភ​ មាន​អី​ ដូចតែ​គ្នា​អ៊ីចឹង​»។

ការព្រួយ​បារម្ភ​របស់​តំណាង​សហគមន៍​នេសាទ​ទាំងពីរ​ ​ត្រូវបាន​លើកមក​បញ្ចូល​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ​ដែលបាន​អំពាវនាវដល់​រដ្ឋាភិបាល​នៃតំបន់ទន្លេមេគង្គក្រោម​ និង​គណៈកម្មាធិការ​ទន្លេមេគង្គ​ឲ្យ​គោរព​ និង​ការ​ពារ​សិទ្ធិរបស់​ប្រជាពលរដ្ឋ​ ដែល​ជីវភាព​រស់នៅ​របស់​ពូកគាត់​បាន និង​រង​ការប៉ះពាល់​ដោយសារ​ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ ​ព្រមទាំង​សូម​ឲ្យ​ការ​ពារប្រព័ន្ធអេកូឡូស៊ី៏​ទន្លេនេះផងដែរ​។

សេចក្តី​ថ្លែងការណ៍រួម ​ចុះថ្ងៃ​ទី​ ៣០​ ខែមីនា ឆ្នាំ​ ២០១៨​ ដែលនឹង​ផ្ញើជូនរដ្ឋាភិបាល​ប្រទេស​ចំនួន​បួនដែលនឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូលើក​ទី៣ ​នៃគណៈកម្មការ​ទន្លេមេគង្គ​ បាន​បញ្ជាក់​ពីការ​ចង់បាន​នានារបស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​ ជុំវិញ​ការ​អភិវឌ្ឍន៍​ថាមពល​តាម​ទំនប់វារី​អគ្គិសនី​ និង​គម្រោង​ធំមួយ​គឺ គម្រោង​ទំនប់វារី​អគ្គិសនី​សំបូរ។​ សេចក្តី​ថ្លែងការណ៍​បានសរសេរ​ក្នុងន័យ​ដើមថា៖

«ការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ថាមពល​ជាតិ​ គួរតែ​តម្រូវ​ឲ្យមានការ​ចូលរួម​ជា​សាធារណៈ​ ទាំងបុរស​ និងស្រ្តី​ គ្រប់​វ័យ​ ជាពិសេស​សហគមន៍​រងគ្រោះ​ នៅក្នុងដំណើរ​ការ​ពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ​ ដើម្បីធានាថា​ផែនការនោះ​ ពុំបង្ក​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ​មកលើ​បរិស្ថាន​ ធនធាន​ធម្មជាតិ​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន​។ យើង​ទទួលស្គាល់​ពីតម្រូវការ​អគ្គិសនី​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៅក្នុង​ប្រទេស​យើង​ និង​ក្នុងតំបន់នេះ​ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ផែន​ការ​ទាំងនោះ​ គួរចាត់​ជាអាទិភាព​នូវការ​បំពេញ​តម្រូវការ​ថាមពល​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ មិន​មែន​ការ​ផលិត​អតិរេក​អគ្គិសនី​សម្រាប់នាំចេញ​ទៅក្រៅ​ប្រទេស​ឡើយ។ ​ផែនការ​ទាំងនោះ​ គួរ​តែ​រៀបចំ​ឡើង​សម្រាប់​ការបញ្ចូល​ទៅតាម​ដំណាក់កាល​ នូវថាមពល​កកើត​ឡើងវិញ​ (​ថាមពល​ព្រះអាទិត្យ ​និង​ថាមពល​ខ្យល់) ​និង​វិធានការ​គ្រប់គ្រង​ប្រសិទ្ធ​ភាព​ថាមពល»។

សេចក្តីថ្លែង​ការណ៍​ដដែលបាន​សរសេរ​បន្តថា៖

«រាជរដ្ឋាភិបាល​កម្ពុជា​ គួរបើក​ចំហរ​ព័ត៌មាន​ពាក់ព័ន្ធ ​និង​ឯកសារ​ពាក់​ព័ន្ធ​ដែល​ទាក់ទង​នឹង​សំណើ​គម្រោង​ទំនប់​នៅសំបូរ​ក្នុងខេត្តក្រចេះ។​ រដ្ឋាភិបាល​គួរធានាថា​ សមាជិក​សហគមន៍​រងគ្រោះ​ និង​អ្នកពាក់​ព័ន្ធ​ដទៃទៀត​ អាចចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ពេញលេញ​ នៅក្នុងការ​ពិគ្រោះ​យោបល់​ និង​ដំណើរ​ការ​ធ្វើសេចក្តី​សម្រេច»។

លោក​ តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃវេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហៅ​កាត់ថា​ NGO Forum ​ថ្លែង​ថា​ ប្រទេស​ផ្សេងទៀត​ ក៏នឹង​ផ្តល់យោបល់​ ទាក់​ទិន​ស្ថានភាព​ប្រែប្រួល​នៃធាតុ​ដើមរបស់​ទន្លេមេគង្គ​ ក៏ដូច​ជា​អាងទន្លេមេគង្គ​ នៅមុនការ​ចាប់ផ្តើមនៃ​កិច្ចប្រជុំ​កំពូល​របស់​គណៈកម្មការ​ទន្លេមេគង្គ​នៅខេត្ត​សៀម​រាប។ ​លោកមាន​ប្រសាសន៍​ថា៖

«​ដោយឡែក​ ទាក់ទង​អង្គការ​សង្គម​ស៊ីវិល​មួយៗ​ នៅក្នុង​ប្រទេស​មួយៗ​ គាត់​ក៏មាន​ទាក់ទង​ ការ​សំណូមពរ​ផ្សេង​ៗគ្នា​ ទៅកាន់កិច្ចប្រជុំ​កំពូលហ្នឹង​ដែរ​ ជុំវិញ​ទាក់​ទង​ការគ្រប់​គ្រង​ធនធាន​ទឹក​ ការ​ធានា​និរន្តរភាព​ ទាក់ទង​បរិស្ថាន​ អេកូឡូស៊ី​ ជីវភាព​រស់​នៅ​ ហើយ​និង​ប្រព័ន្ធ​កសិកម្ម​ រួមនឹង​ទាក់​ទង​លំហូរ​នៃ​ទន្លេ​ ដែល​ជាផ្នែក​មួយនៃ​ការ​ធានានូ​វ​និរន្តរភាព​ ជីវភាព​រស់នៅ​ ជីវិត​ប្រជាជន​ ៦៥​លាន នាក់ ដែលពឹង​ អាស្រ័យ​ផលផ្ទាល់​ពី​ទន្លេមេគង្គ​ ហើយ​៣០០​លាននាក់ ដែលពឹង​ផ្អែក​ ទាក់​ទង​ប្រយោជន៍​ពីធនធាន​អាង​ទន្លេងមេគង្គ»។

លោក​ តែ ណាវុធ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ ​បាន​ថ្លែង​ប្រាប់​ VOA​ កាល​ពី​ពេលថ្មីៗ​នេះ​ថា ​កិច្ច​ប្រជុំ​កំពូល​ នៃគណៈកម្មការ​ទន្លេ​មេគង្គ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ ​មាន​គោល​បំណង​បី​ធំៗ​ គឺ​ទីមួយ​ ដើម្បី​រំឭក​ឡើង​វិញ​នូវការ​ប្តេជ្ញា​នៃ​ប្រទេស​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC)​ លើ​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា​ ស្រប​តាម​កិច្ចព្រម​ព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ ​ ទីពីរ​ពិនិត្យ​មើល​សមិទ្ធផល​ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ធ្វើ​កាល​ពី​៤​ឆ្នាំ​កន្លង​ទៅ​ និង​ទីបី​គឺ​ការ​អនុម័ត​ផែន​ការ​៤​ឆ្នាំ​បន្ទាប់​ទៀត​។

លោក​បន្ត​ថា ​កន្លង​ទៅ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ជា​បន្ត​បន្ទាប់​នៅ​លើ​ទន្លេ​មេគង្គ ​ជាពិសេស​ការ​សាងសង់​ទំនប់​របស់​ប្រទេស​ឡាវ។

លោក ​តែ ណាវុធ​អះអាង​បន្ថែ​មថា​ ​មុន​នឹង​មាន​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​នោះ​ ​នឹង​មាន​សន្និសីទ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២ ​និង​ទី​៣​ ខែ​មេសា ​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា ​បញ្ចេញ​យោបល់ ​និង​បង្ហាញ​ការ​ព្រួយ​បារម្ភ​នានា​អំពី​ទន្លេ​មេគង្គ​ ហើយ​បន្ទាប់​មក​នឹង​មាន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​ទី​៤ ​ខែ​មេសា។

អ្នកស្រី​ លុយ​ រស្មី​ នាយិកាប្រតិបត្តិ​ សមាគម​ថែរក្សា​បរិស្ថាន​ និងវប្បធម៌​ បានថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​របស់​ក្រុមតំណាង​ពលរដ្ឋ​រស់នៅ​សហគមន៍​ជាប់នឹង​ទន្លេមេគង្គ ​កាលពី​សប្តាហ៍ថា​ ការ​ធ្វើ​សេចក្តី​សម្រេច​អំពីគម្រោង​ថាមពល​វារីអគ្គិសនី​ មិនគួរ​ធ្វើឡើង​ ដាច់​ដោយឡែក​ទៅតាម​ករណី​គម្រោង​នីមួយៗ​ដាច់​ពីគ្នា​ ដោយមិន​គិត​អំពីផល​ប៉ះពាល់រួម​ និង​នៅទូទាំងអាង​ទន្លេនោះ​ឡើយ។​ អ្នកស្រី​បាន​បន្តថា ​រដ្ឋាភិបាល​នៃបណ្តា​ប្រទេស​ក្នុងតំបន់​មេគង្គ​ គួរមាន​ជំហររូមមួយ​ ក្នុងការ​ប្រើប្រាស់​អភិក្រម​ប្រព័ន្ធ​អេកូឡូស៊ី។ ​អ្នកស្រី​ថ្លែង​យ៉ាងដូច្នេះ៖

«ចំណុច​សំខាន់​មួយទៀត​នោះគឺ​ រដ្ឋាភិបាល​នៃបណ្តា​ប្រទេស​ក្នុងតំបន់មេគង្គហ្នឹង​ គួរតែ​អនុម័ត​ច្បាប់​ និងការ​ប្តេជ្ញា​ ប្រើប្រាស់​អភិក្រម​ប្រព័ន្ធ​អេកូឡូស៊ី​ សម្រាប់ការ​គ្រប់​គ្រង​ជលផល​ ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ​ ឲ្យមាន​និរន្តរភាព​ និងការ​ពារ​ទី​ជម្រក​ និង​កន្លែង​ពងកូន​សំខាន់ៗ​ផងដែរ»។

អ្នកស្រីថ្លែង​បន្ថែមថា​ រដ្ឋាភិបាល​គួរពិចារណា​វិធានការ​គ្រប់គ្រង​លើ​តម្រូវការ​ និងប្រសិទ្ធភាព​ថាមពល​ នៅក្នុង​ផែនការ​អភិវឌ្ឍន៍​ថាមពល​របស់ខ្លួន។

យោងតាម​សេចក្តីថ្លែង​ការណ៍រួម​របស់អង្គការ​សង្គមស៊ីវិល​ និង​តំណាង​ពលរដ្ឋរស់ក្នុង​សហគមន៍​ជាប់​ទន្លេមេគង្គ​ និង​បឹង​ទន្លេសាប​ ចុះថ្ងៃ​ទី​ ៣០​ ខែមីនា ឆ្នាំ​ ២០១៨​ បាន​ឲ្យដឹង​បន្ថែមទៀតថា​ ព័ត៌មាន​អំពីគម្រោង​ទំនប់​ថាមពល​វារីអគ្គិសនី​ ដែល​រួមទាំង​ ជាភាសាជាតិ​ គួរតែ​បានចាត់​ចែង​ឲ្យ​មាន​ នៅក្នុង​មជ្ឈដ្ឋាន​សាធារណៈ​ ឬក្នុងគេហទំព័រ​ របស់​គណៈកម្មការ​ទន្លេមេគង្គ​ ដើម្បី​ធានាថា​ សាធារណជន​អាច​ទទួលបាន​ព័ត៌មាន​នេះ។

សេចក្តី​ថ្លែងការណ៍​បាន​បន្តទៀតថា​ លំហ​សម្រាប់សហគមន៍​រងគ្រោះ​ និង​អង្គការ​សង្គមស៊ីវិល​នៅ​ក្នុង​ការពិគ្រោះ​យោបល់ ​គួរ​ត្រូវបាន​ពង្រីក​ជាពិសេស​សម្រាប់​អ្នកដែល​ធ្វើការ​ផ្ទាល់​ជាមួយ​សហគមន៍​រងគ្រោះ​ដោយសារ​ទំនប់​ និង​ផ្តល់​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់ពួកគាត់​ ដើម្បី​ធ្វើកិច្ចការ​នេះ​ និង​ផ្តល់យោបល់​លើសំណើ​គម្រោង​ទាំងនោះ។

ពាក់​ព័ន្ធនឹង​ផល​ប៉ះពាល់​ដែលអាច​នឹង​បង្កឡើង​ដោយ​ទំនប់វារីអគ្គិសនី​សំបូរ​នោះ សេចក្តីថ្លែង​ការណ៍​រួម​ដដែល​បាន​ លើកឡើង​ថា​ សំណើទំនប់​សំបូរ​នឹង​បង្កការប៉ះពាល់​ដោយផ្ទាល់​ដល់​ប្រជាជន​ចំនួន​ ១៩ ០៣៤​នាក់។​ ប្រជាពលរដ្ឋទាំងនេះ​ នឹងត្រូវផ្លាស់​ទីលំនៅ​ ទៅកន្លែង​ផ្សេង​ ដោយ​សារ​ទីលំនៅ​បច្ចុប្បន្ន​របស់​ពួកគេ​ និង​ធនធាន​ធម្មជាតិ​ នឹង​ត្រូវលិច​លង់​ជាអចិន្ត្រៃយ៍​នៅក្នុង​អាង​ដែល​កើតឡើង​ដោយសារ​ទំនប់នេះ។​ ការសិក្សា​វិទ្យាសាស្ត្រ​មួយដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​នេសាទ​ទឹកសាប​ នៅឆ្នាំ​២០១២​ បានប៉ាន់​ប្រមាណថា​ ទិន្នផល​ត្រី​ និង​វារី​សត្វនានា​ដទៃទៀត​ នឹងថយចុះ​១៦​ភាគរយ – ៣០ភាគរយ​ ឬ​ ៩៨.០០០ – ១៨២.០០០ តោនប្រសិន​បើសំណើ​ទំនប់​ត្រូវ​សាងសង់មែន​នោះ៕​

XS
SM
MD
LG