ការនេសាទខុសច្បាប់ត្រូវបានគេចាត់វិធានការយ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រទេសនេះបានហាមឃាត់នាវានេសាទបរទេសនៅក្នុងឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមក នាវាជាង៣០០ដែលត្រូវគេចាប់បានថាបំពានលើបំរាមនេះ ត្រូវបានគេជម្លៀសចេញនិងបាញ់ពន្លិច។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និយាយថា នេះគឺសារយ៉ាងច្បាស់មួយ។ លោកពន្យល់ថា៖
«ការបាញ់ពន្លិចនាវានានា ជាទម្រង់មួយនៃការអនុវត្តច្បាប់ដែលបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីមិនបានព្រងើយកន្តើយនឹងការនេសាទត្រីខុសច្បាប់ ឬការលួចចាប់ត្រីនោះទេ។ មិនមានការលេងសើចជាមួយទេ។ វាជារឿងគួរឲ្យខ្លាចបំផុត ហើយការបាញ់ពន្លិចនាវានេះ ជាឥទ្ធិពលបង្អាក់មួយ»។
អ្នកស្រាវជ្រាវចង់ដឹងថា តើឥទ្ធិពលបង្អាក់នេះមានប្រសិទ្ធភាពកម្រិតណា។ ពួកគេបានធ្វើការសិក្សាលើការចុះបញ្ជីរបស់រដ្ឋាភិបាល ទិន្នន័យតាមដាននាវា និងរូបភាពពីផ្កាយរណបលើដែនទឹកឥណ្ឌូណេស៊ី។ លោក Ren Cabral សហនិពន្ធនៃរបាយការណ៍សិក្សាស្រាវជ្រាវខាងលើនៅសាកលវិទ្យាល័យ California, Santa Barbara បានឲ្យដឹងថា ពួកគេបានរកឃើញថា ឥទ្ធិពលបង្អាក់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីពិតជាមានប្រសិទ្ធភាពខ្លាំង។
លោក Cabral បាននិយាយថា៖ «ការសិក្សារបស់យើងបានបង្ហាញថា កងនាវានេសាទបរទេសបានថយចុះ ហើយពេលនេះ គឺស្ទើរតែគ្មានតែម្តង»។
រយៈពេលដែលនាវាបរទេសចតក្នុងដែនទឹកឥណ្ឌូណេស៊ី បានថយចុះជាង៩០ភាគរយ ហើយសកម្មភាពផ្សេងៗនៃនាវាទាំងអស់នោះ ថយចុះយ៉ាងហោចណាស់២៥ភាគរយ។
លោក Boris Worm បាននិយាយថា៖ «អ្នកមានផលប្រយោជន៍យ៉ាងធំមួយ ប៉ុន្តែការខាតបង់សម្រាប់ពលរដ្ឋក្នុងស្រុកគឺមិនមាននោះទេ។ មានតែផលប្រយោជន៍ប៉ុណ្ណោះ»។
លោក Boris Worm គឺជាអ្នកជំនាញក្នុងវិស័យនេសាទនៅសាកលវិទ្យាល័យ Dalhousie។ លោកមិនបានចូលរួមក្នុងការសា្រវជ្រាវនេះទេ។
លោក Worm និយាយថា ការដាក់ចេញគោលការណ៍កាត់បន្ថយការនេសាទហួសកម្រិត គឺដូចជាការរឹតត្បិតដែលគេមិនពេញចិត្ត ដល់អ្នកនេសាទក្នុងស្រុក។ ប៉ុន្តែប្រទេសឥណ្ឌូណេស៊ី ទទួលបានលទ្ធផលច្រើនទៅហើយ ដោយគ្រាន់តែបង្ក្រាបការនេសាទខុសច្បាប់។
«ខ្ញុំគិតថា ការស្រាវជ្រាវនេះលើកឡើងយ៉ាងសមហេតុផល ដែលថានេះជាចំណាត់ការដំបូង ដែលអ្នកគួរធ្វើប្រសិនបើអ្នកចង់ដោះស្រាយបញ្ហានៃការនេសាទនៅក្នុងប្រទេសរបស់អ្នក។ ដំបូង ត្រូវបណ្ដេញអ្នកនេសាទណាដែលមិនមានសិទ្ធិនេសាទនៅទីនោះ»។
លោក Cabral បាននិយាយថា នៅពេលដែលទូកនេសាទបរទេសត្រូវបានគេបណ្ដេញចេញ អ្នកនេសាទក្នុងស្រុកនឹងអាចបង្កើនការនេសាទរបស់គេ។ យ៉ាងណាក៏ដោយ ប្រសិនបើមិនគ្រប់គ្រងឲ្យបានត្រឹមត្រូវនោះទេ អ្នកនេសាទក្នុងស្រុកអាចនឹងធ្វើឲ្យផលប្រយោជន៍ពីការកាត់បន្ថយការនេសាទបរទេសខុសច្បាប់ ក្លាយជាអសារបង់។
«ជំហានបន្ទាប់គឺជាការគ្រប់គ្រងរបស់ប្រទេសឥណ្ឌូណេស៊ី ទៅលើការនេសាទក្នុងស្រុករបស់ពួកគេ ហើយប្រសិនបើពួកគេធ្វើដូច្នេះ ពួកគេពិតជាអាចទទួលបានផលប្រយោជន៍ពីគោលនយោបាយដែលពួកគេរៀបចំ»។
ការសិក្សាសា្រវជ្រាវនេះបង្ហាញថា អ្នកនេសាទឥណ្ឌូណេស៊ីអាចរកប្រាក់ចំណេញច្រើនជាងមុន ១២ភាគរយនៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើពួកគេអាចគ្រប់គ្រងការនេសាទក្នុងស្រុកឲ្យមានចីរភាព។ ប៉ុន្តែប្រសិនបើពួកគេមិនអាចគ្រប់គ្រងបានទេ ផលប្រយោជន៍អាចនឹងធ្លាក់ចុះពាក់កណ្ដាលវិញ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ