ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​វីរុស​កូវីដ​បំប្លែង​​ប្រភេទ​ថ្មី ខណៈ​ករណី​​ឆ្លង​មិន​ទាន់​ថមថយ​នៅ​ឡើយ


រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​កម្ពុជា​ បានរក​ឃើញ​វីរុស​បំប្លែង​ប្រភេទ​ថ្មី ​B.1.617 លើ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន​៣​នាក់​ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​នៃ​ការ​ឆ្លង​រាតត្បាត ខណៈ​ករណីឆ្លង​ក្នុង​ប្រទេស​មិន​ទាន់​ថយចុះ​នៅ​ឡើយ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយដែល​ត្រូវ​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ ក្រសួង​បាន​ឲ្យ​ដឹង​ថាអ្នក​ដែល​ឆ្លង​នោះ ​ជាពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​អូរស្មាច់ ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ។

លោកស្រីឱ វណ្ណឌីន រដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​នៅ​លើ​គណនី​ Twitter របស់​លោកស្រីជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែសម្រួល​ក្នុង​ន័យ​ដើម​ថា៖ «វីរុស​ប្រភេទ​ថ្មី B.1.617 ឥឡូវ​នេះ​ត្រូវ​បាន​កំណត់​ឃើញ​នៅ​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ។ ដូច្នេះ​វីរុស​នេះ​អាច​ឆ្លង​លឿន​ជាង​យើង​រត់​ទៅ​ទៀត ប្រសិន​បើ​យើង​មិន​ចាត់​វិធានការ​នា​ពេល​នេះ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​នេះ​ទេ»។

ក្រសួង​សុខាភិបាល​ធ្លាប់​បាន​លើកឡើង​កាល​ពី​ខែ​មេសា​ថា​វីរុស​បំប្លែងខ្លួន​ថ្មី​ប្រភេទ B.1.617​ ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រភេទ​មាន​ការ​ឆ្លង​ខ្លាំង ​និង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​វីរុស​ប្រភេទ​ B117 ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អង់គ្លេស​ ដែលត្រូវ​បាន​កំណត់ថា​ជា​ប្រភពនាំ​ឲ្យ​ឆ្លង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ​មក។

អង្គការ​សុខភាព​ពិភពលោក(WHO) ក៏​បាន​ចាត់​ទុក​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មីប្រភេទ​ B.1.617 ដែល​កំពុង​ឆ្លង​រាតត្បាត​នៅ​ប្រទេស​ឥណ្ឌា ​ជា​ការ​ព្រួយបារម្ភ​«កម្រិត​ពិភពលោក»ផងដែរ។

នៅ​តំបន់​អាស៊ាន វីរុស​បំប្លែងថ្មី​ ប្រភេទ B.1.617 ​ ត្រូវ​បាន​រក​ឃើញនៅ​បណ្តា​ប្រទេស​ចំនួន​៧ រួម​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​កម្ពុជា។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។

កាល​ពី​ចុង​ខែ​មេសា ប្រទេស​កម្ពុជា​បាន​ហាមប្រាម​ពលរដ្ឋ​ឥណ្ឌា​ និង​ជន​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ពី​ឬ​ឆ្លង​កាត់​តាម​ប្រទេស​ឥណ្ឌា មិន​ឲ្យ​ចូល​កម្ពុជា​មួយ​រយៈដោយ​មិន​កំណត់​ពេល​ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​រាលដាល​វីរុស​បំប្លែងខ្លួន​ថ្មី​នេះ។

VOAមិន​អាច​សុំ​ការ​អត្ថាធិប្បាយបន្ថែមពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ លោកស្រី ឱ វណ្ណឌីន និង​លោក​ ហុក គឹមចេង អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ​ដើម្បី​អភិវឌ្ឍន៍​និងសន្តិភាព បាន​ថ្លែង​ប្រាប់​VOA​ថា​ការ​មក​ដល់​នៃ​វីរុស​ជំងឺ​កូវីដ​១៩​បំប្លែង​ប្រភេទ​ថ្មី ជា​ការ​ព្រួយបារម្ភ​មួយ​ចំពោះ​លទ្ធភាព​នៃ​ការ​ឆ្លងរាលដាល​ទ្រង់ទ្រាយធំ​ និង​អាច​បង្ក​ជា​ការ​ប៉ះពាល់​ទៅ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។ ​

«បាទ​ ការណ៍​ដែល​រក​ឃើញ​វីរុស​ថ្មី​នេះ​បាទ។ វា​ជា​ក្តី​កង្វល់។ ហើយ​ក៏​ជា​ការ​ព្រួយបារម្ភ​ធំ​របស់​យើង​ដែរ​បាទ។ ហើយ​យើង​មាន​ផលវិបាក​កាន់​តែ​ធំ​ថែម​ទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​កូវីដ​១៩ ហ្នឹង​បាទ។ ហើយ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​ធំ​ហ្នឹង​ យើង​ព្រួយបារម្ភ​ខ្លាច​ វា​មាន​ល្បឿន​កម្រិត​នៃ​ការ​ឆ្លង​ធំ​ជាង​មុន ហើយ​វា​បង្កើត​ឲ្យ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ​រយៈពេល​យូរ​ ហើយ​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​ជីវិត​មនុស្ស ហើយ​ប៉ះពាល់​ទៅ​ដល់​អាជីវកម្ម​ផ្សេងៗ ក៏ដូចជា​របរ​រក​ស៊ី​របស់​ប្រជាពលរដ្ឋ​ដែរ​បាទ»។

ស្របពេល​ដូចគ្នា​នេះ​ដែរ លោក យង់ គិមអេង បាន​អំពាវនាវឲ្យ​អាជ្ញាធរ​ និង​មន្រ្តី​ពាក់ព័ន្ធ​ពង្រឹង​បន្ថែម​លើការ​ត្រួតពិនិត្យ​អ្នកដំណើរ​ចេញចូល​ពី​ក្រៅប្រទេស និង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយបន្ថែម​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

គិត​ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​ជំងឺ​តាំង​ពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​មក​ ក្រសួង​សុខាភិបាល​រក​ឃើញករណី​ឆ្លង​ជំងឺ​កូវីដ​១៩ សរុប​ប្រមាណ​៣៤.៨០០​នាក់។​ នៅ​ថ្ងៃ​នេះ ក្រសួង​ប្រកាសករណី​ឆ្លង​ថ្មីចំនួន​៥៨៩​នាក់​ និង​ស្លាប់​ថ្មី​៣​នាក់ ដែល​នាំ​ឲ្យ​ការស្លាប់​សរុប​ កើន​ដល់​២៦៦​នាក់។

នៅ​មុន​ការ​ប្រកាសរកឃើញ​វីរុស​បំប្លែងថ្មី​ប្រភេទ B.1.617 អាជ្ញាធរ​វៀតណាម​ កាល​ពី​ខែ​មេសា បាន​ឲ្យ​ដឹងថា​ខ្លួន​បាន​រក​ឃើញវីរុស​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង មាន​លេខ​កូដ​វេជ្ជសាស្ត្រ​«B.1.351»ដោយ​អះអាង​ថា​ចេញ​មក​ពី​ប្រទេស​កម្ពុជា​ផងដែរ៕

XS
SM
MD
LG