ភ្នំពេញ៖ ការធ្វើដំណើរតាមទូកម៉ាស៊ីនលើផ្ទៃទឹករួមតូច ធ្វើឲ្យបាតទូកបុកនឹងផ្ទាំងថ្មនិងប៉ះនឹងពំនូកខ្សាច់ប៉ប្រះទឹកជាញឹកញាប់។ ក្រុមអ្នកបរិស្ថានរបស់រដ្ឋាភិបាលនិងពីអង្គការក្រៅរដ្ឋាភិបាលបានដើរត្រួតពិនិត្យឡើងវិញនូវការការពារសត្វស្លាបដែលនៅសេសសល់តិចតួចបំផុតតាមតំបន់ព្រៃលិចទឹកនៃទន្លេមេគង្គរវាងស្រុកសៀមបូកនៃខេត្តស្ទឹងត្រែងនិងស្រុកសម្បូរនៃខេត្តក្រចេះ។
នៅទីនេះសត្វស្លាបចំនួនបួនប្រភេទត្រូវដាក់ជាក្រុមពពួកសត្វដែលជិតផុតពូជនិងត្រូវការការពារជាចាំបាច់។ ក្នុងនោះគឺសត្វត្រយ៉ងចង្កំក-ស សត្វរំពេរទន្លេ សត្វត្រដក់តូច និងសត្វត្មាតភ្លើង។
លោកហែម សាមឿន បានធ្វើជំរំតូចមួយនៅក្បែរគុម្ពព្រៃតូចៗលើពំនូកខ្សាច់ដែលមានទឹកពទ្ធ័ជុំវិញ។ លោកនិងដៃគូលោកម្នាក់ទៀតកំពុងការពារនិងថែរក្សាសត្វរំពេរទន្លេមួយសម្បុកនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសម្បូរ ខេត្តស្ទឹងត្រែង។
សត្វរំពេរនេះបានពងនិងញាស់បានកូនចំនួនបីក្បាលក្នុងកន្លៀតថ្មមួយផ្ទាំងក្នុងទឹកដែលគេអាចដើរឆ្លងទៅមកបាន។
មានសម្បុរស្រអែមដោយកម្ដៅថ្ងៃ លោកហែម សាមឿននិយាយបណ្តើរ សត្វរំពេរហើរឆ្វែលដេញឆាបបណ្តើរដើម្បីការពារកូនរបស់វា។
«សត្វតែមួយគូទេ។ មកនៅពីរឆ្នាំទាំងឆ្នាំនេះហើយ។ កូនមួយឲ្យប្រាំបីដុល្លារ កូនចំនួនបី គឺបាន២៤ដុល្លារដែរ។ ការពារនៅពេលថ្ងៃ ខ្លាចក្មេងវាមកដាក់មង ដាក់សន្ទូចវាយក។ ពេលយប់ក្លាចវាមកបន់ គេយកពងវា»។
សត្វរំពេរត្រូវការរយៈពេល៧០ថ្ងៃដើម្បីផ្តល់កំណើតដល់កូនរបស់វា។គឺរាប់ចាប់ពីការពង ការក្រាបពង និងញាស់។
ក្រុមអ្នកអភិរក្សត្រូវការមនុស្សពីរនាក់ជាចាំបាច់សម្រាប់យាមការពារសំបុក្ររបស់សត្វរំពេរ។ អ្នកទាំងពីរត្រូវចែកប្រាក់ថ្លៃការពារសម្បុកនិងសត្វរំពេរក្នុងមួយថ្ងៃប្រាំបីដុល្លារអាមេរិក។
លោកសុខ គោ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតរបស់ខេត្តក្រចេះឲ្យដឹងថាសត្វរំពេរទន្លេនេះស្ទើរតែផុតពូជទៅហើយក្នុងពិភពលោក។
«គឺចំនួនរបស់វានៅក្នុងពិភពលោកគឺតិចជាងមួយពាន់ក្បាលដែលបញ្ជីក្រហមរបស់ AUCN ហ្នឹង គឺចាត់ទុកវាថា ឬភាសាអង់គ្លេស គេហៅថាCritical Endanger បានន័យថាជិតផុតពូជហើយ»។
ក្រុមអ្នកអភិរក្សនៃអង្គការWWF អង្គារConservation International និងរដ្ឋបាលព្រៃឈើកាលពីចុងសប្តាហ៍មុនបានចុះត្រួតពិនិត្យពីកន្លែងមួយទៅកន្លែងមួយលើពូជសត្វដែលកំពុងទទួលរងការគំរាមកំហែងតាមដងទន្លេមេគង្គ។
នៅជាប់លើដើមឈើមួយដ៏ធំសណ្ឋានដូចជាដើមជ្រៃជ្រុះសន្លឹកស្ទើរអស់ដែលមានឬសធំៗចាក់ស្រេះដូចជាសរសរផ្ទះនៅកណ្តាលទន្លេដែលរីងហួត សត្វត្រយ៉ងចង្កំក-សមួយគូធ្វើសម្បុកនៅផ្នែកខាងចុង។ សត្វមួយគូនេះស្ថិតក្នុងស្រុកសម្បូរ ខេត្តក្រចេះដែលគេត្រូវធ្វើដំណើរតាមទូកម៉ាស៊ីនប្រមាណ៣០នាទីពីកន្លែងរក្សាសម្បុកសត្វរំពេរក្នុងខេត្តស្ទឹងត្រែង។
គេមិនអាចមើលឃើញសម្បុកវាទេប្រសិនបើគេគ្មានកែវឆ្លុះ។ នៅកណ្តាលព្រៃលិចទឹក គេមិនសូវបានឃើញហ្វូងសត្វហើរទេ។
លោកស តន អាយុ៤៩ ឆ្នាំកំពុងចាំយាមសត្វត្រយ៉ងមួយសម្បុកនេះដែលទើបនឹងញាស់កូន។ ក្លែងចំនួនពីរក្បាលបានហើរក្រវែលនៅទីនោះ។
«មានភារកិច្ចនៅចាំតែត្រង់ហ្នឹង ចាំថែវាកុំឲ្យសត្វក្លែង ក្អែក វាមកស៊ីពងវា។ ក្អែកវាមកចង់ឆក់ ចង់ស៊ីពង។ ដល់ពេលឥឡូវវាលែងមកហើយ»។ វាចូលចិត្តខ្លែងម្តង វាចូលចិត្តស៊ីកូន។ វាមកតែពីរដងទេ»។
គេមិនអាចមើលឃើញសត្វត្រយ៉ងនេះបានទេ។ ឆ្មាំសត្វបញ្ជាក់ថា សត្វនេះផ្អើលនៅពេលដែលមានហ្វូងមនុស្សមកចោមរោមមើលសម្បុកវា។
លោក ស តន បានបោះបង់ចោលរបរនេសាទបន្ទាប់ពីដឹងថា ការជួយអភិរក្សសត្វស្លាបនេះនឹងទទួលបានប្រាក់ឧបត្ថម្ភ។
«បងថ្លៃខ្ញុំហ្នឹង គាត់ថាបើដើរដាក់មងដាក់អី វិភាគមើលទៅសត្វត្រយ៉ង គេអភិរក្ស សត្វត្រយ៉ងថ្លៃណាស់។ បើរកបានសត្វត្រយ៉ងមួយសំបុក មិនចាំបាច់រកត្រីមួយប្រាំងផង។ ដល់ពេលឮគាត់និយាយអញ្ចឹង ខ្ញុំចេះតែដើរគន់មើលមែនគឺឃើញវាកំពុងតែពាំសំរាមមកធ្វើសម្បុកសម្រាប់ពង។ រួចក៏ទៅប្រាប់បងថ្លៃខ្ញុំដែលជាអ្នករៀន។ គាត់ថា បើវាពងគួរតែចាំទៅដល់ពេលវាញាស់ វាហើរទៅនឹងបានលុយហើយ»។
ក្នុងរយៈពេលពេញមួយថ្ងៃក្រុមអ្នកការពារបរិស្ថានបានធ្វើដំណើរតាមទូកនិងឆ្ពោះទៅកាន់តំបន់ព្រៃមួយដែលជាព្រៃសហគមន៍អូរក្រសាំងនៃកោះរងាវដែលដុះខ្ពស់ផុតពីកម្ពស់ទឹកធម្មតា។ កោះនេះស្ថិតក្នុងស្រុកសម្បូរដដែលនៃខេត្តក្រចេះ។
នៅទីនេះព្រៃឈើដើមធំៗត្រូវបានកាប់បំផ្លាញ។ ស្លាកស្នាមគល់ឈើ ឈើដែលត្រូវរំលំ ស្នាមផេះផង់ដុតព្រៃ និងព្រៃឬស្សីហាក់ដូចជាគំរាមកំហែងដល់ជម្រកសត្វ។
នៅទីនេះគឺជាជម្រកសត្វត្មាតភ្លើងនិងសត្វស្លាបមួយចំនួនទៀតដែលគេនៅឮសម្រែកយំដ៏តិចតួចរបស់ពួកវាលាយឡំជាមួយនឹងសំឡេងសត្វរៃ។
គេត្រូវឡើងពីច្រាំងទន្លេ រួចដើរកាត់ព្រៃទើបដល់កន្លែងមួយដែលសត្វត្មាតភ្លើងកំពុងឈរសំកុកនៅចុងឈើដ៏ខ្ពស់។
នេះជាសត្វត្មាតភ្លើងញីដែលគេអាចសម្គាល់តាមរយៈកែវភ្នែកពណ៌ក្រមៅរបស់វា។ សត្វស៊ីគម្រង់នេះកំពុងឈរការពារកូនរបស់វាក្នុងសម្បុកហើយសត្វឈ្មោលបានហើរឆ្វែលនៅជិតនោះនៅពេលដែលក្រុមអ្នកអភិរក្សទៅដល់។
លោក សុខ គោ នាយ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតរបស់ខេត្តក្រចេះលើកឡើងថា ប្រជាពលរដ្ឋនៅទីនេះបានរាយការណ៍ថា សត្វត្មាតអាចមានចំនួនរហូតដល់ជាងដប់ក្បាល។ ក៏ប៉ុន្តែអាជ្ញាធរព្រៃឈើនឹងត្រូវធ្វើការសិក្សាបន្ថែមទៀតដើម្បីដឹងចំនួនពិតប្រាកដរបស់វា។
«ត្មាតភ្លើងជាប្រភេទសត្វជិតផុតពូជមិនទាន់ដល់បំផុតទេ»។
នៅពេលដែលក្រុមអ្នកអភិរក្សកំពុងពិនិត្យសំបុក្រសត្វត្មាតភ្លើងនៅកោះរងាវនេះ សំឡេងរណាអារឈើនៅតែឮតាមព្រៃនៅឡើយ។
លោក សុខ គោ មានប្រសាសន៍ថា ការកាប់បំផ្លាញព្រៃឈើបានគំរាមកំហែងដល់ប្រភេទសត្វដែលជិតផុតពូជ។ យ៉ាងណាក៏ដោយលោកត្អូញត្អែរថា ក្រុមមន្ដ្រីការពារបរិស្ថានមានចំនួនតិចតួចដែលពិបាកនឹងគ្រប់គ្រងចំនួនបទល្មើសដែលកំពុងរាតត្បាត៕