ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នេសាទ​នៅ កោះ​កុង​មិន​សប្បាយ​ចិត្ត​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ចិន


ផ្ទះប្រជាជន​ក្នុង​សហគមន៍​នេសាទតាម​បណ្តោយ​ឆ្នេរសមុទ្រ​ ខេត្ត​កោះកុង កក្កដា ២០១០។
ផ្ទះប្រជាជន​ក្នុង​សហគមន៍​នេសាទតាម​បណ្តោយ​ឆ្នេរសមុទ្រ​ ខេត្ត​កោះកុង កក្កដា ២០១០។

ក្រុម​ប្រជា​នេសាទ​ប្រមាណ​ជាង​ ១.០០០​គ្រួសារ​ ដែល​រស់នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​នៃ​ស្រុក​បុទុមសាគរ​និង​ស្រុក​គីរីសាគរ​នៃ​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចិន​មួយ​ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល​៩៩​ឆ្នាំ ​ពី​រដ្ឋាភិបាល ​ថា​បាន​បង្ខំ​ពួក​គេ​ឲ្យ​រុះរើ​ផ្ទះសម្បែង​ចេញ ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ប្រជា​ពលរដ្ឋ។

ក្រុមហ៊ុន​ញ៉ូញាន ​ឌីវេឡុបមិន​គ្រុប ​របស់​ប្រទេស​ចិន​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថ​លេខា ​លើ​ព្រះរាជក្រិត្យ​មួយ ​កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​មេសា ​ឆ្នាំ​២០០៨ប្រគល់​ផ្ទៃដី​ប្រមាណ​៣៦.០០០​ហិកតា​ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍។

ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ជីវភាព​ប្រជានេសាទ ​បន្ទាប់​ពី​ពួកគេ ​ប្រមាណ​៥០​ភាគរយត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ។

អ្នកស្រី ​ទិត្យ ​ទែន ​អាយុ​៥៤​ឆ្នាំ ​មក​ពី​ភូមិ​ភ្ញីមាស ​ឃុំ​ខ្សាច់មាស ​ស្រុក​គីរីសាគរ​ បាន​ថ្លែងប្រាប់​អង្គសន្និសីទ​កាសែត ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​អង្គការ​NGO Forum ​នៅ​ថ្ងៃ​អង្គារ​ថា​ការ​អភិវឌ្ឍ​នេះ​ពួក​គេ​មិន​អាច​ទទួល​យក​បាន​ទេ។ ​អ្នកស្រី​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន ​និង​អាជ្ញាធរ​ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​សំណង​ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

លោកស្រី​បាន​បញ្ជាក់​ថា៖

«ពីដើម​ឡើង​ពួក​ខ្ញុំ​មិន​ដែល​វេទនា​ដូច​ពេល​នេះ​ទេ។ ​ប្រជា​ពលរដ្ឋ​ខ្ញុំ​លំបាក​វេទនា​ណាស់។​ អញ្ចឹង​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល ​ជួយ​ដោះស្រាយ​នៅ​ក្នុង​ភូមិ ​ឃុំ​របស់​ខ្ញុំ​ផង។​ បើ​មិន​ជួយ​ទេ​ ប្រជាពលរដ្ឋ​ខ្ញុំ​មាន​តែ​ស្លាប់​ទេ ​មិន​ដឹង​ថា​រក​ច្រកចេញ​ផ្លូវ​ណា​ទេ»។

ទីតាំង​ថ្មី ​ដែល​ក្រុមហ៊ុន​ញ៉ូញាន ​ឌីវេឡុបមិន​គ្រុប ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​ស្រុក​បាន​អះអាង​ថា ​គ្មាន​ផ្លូវ​គមនាគមន៍ ​ទឹក ​ភ្លើង ​សាលារៀន ​និង​មន្ទីរពេទ្យ។

លោក ​លីម ​សុង ​អាយុ​៦០​ឆ្នាំ​ មក​ពី​ស្រុក​បុទុមសាគរ​ បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​មិន​បាន​គោរព​តាម​កិច្ច​សន្យា​ទេ។ ​លោក​បាន​បន្ត​ថា ​នៅ​លើ​ទីតាំង​ថ្មី​ ដី​គ្មាន​ជីជាតិ ​ប្រជា​ពលរដ្ឋ​មិន​អាច​បង្ក​បង្កើន​ផល​បាន​ទេ។

«កន្លែង​ថ្មី​ហ្នឹង ​ជួន​កាល​យក​ចេក​ទៅ​ដាំ ​ពីរ ​បី​ ថ្ងៃ​ក្រោយ​មក ​ចេក​ងាប់​ក៏​មាន។ ​ពិបាក​ខ្លាំង​ណាស់។​ ចង់​ចុះ​ទៅ​សមុទ្រ ​យើង​ត្រូវ​ចំណាយ​សាំង​ម៉ូតូ​ចុះ​ទៅ​ហើយ​នៅ​លើ​នេះ​ បាន​ត្រឹមតែ​ចូលព្រៃ​បណ្តើរ​សត្វ​ ដុតធ្យូង ​ហើយ​នឹង​ដាំបន្លែ​បន្តិច​បន្តួច»។

លោក ​យី ​សុខសាន្ត​ តំណាង​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​អង្កេត​រួម​គ្នា​រវាង​គណៈកម្មការ​ប្រព្រឹត្តិកម្ម ​សមាគម​សិទ្ធិមនុស្ស​អាដហុក​និង​អង្គការ​ NGO ​Forum ​ទៅ​លើ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​បាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ទាំង​នីតិ​វិធី​នៃ​ការ​ផ្តល់​សំណង​ និង​ការ​ផ្លាស់ប្តូរ​ទីលំនៅ​ គឺ​ធ្វើ​ឡើង​មិន​មាន​តម្លាភាព។

«ទីតាំង​ចាស់​ដែល​ពួក​គាត់​ធ្លាប់រស់​នៅ ​គឺ​គាត់​មាន​សេចក្តីសុខ ​គឺ​គាត់​មាន​មុខរបរ​ កូន​គាត់​បាន​ទៅ​រៀន ​គឺ​ថា​ជីវភាព​របស់​គាត់​គឺ​គ្រប់គ្រាន់​ក្នុង​ការ​ចិញ្ចឹមជីវិត ​បាន​ធូរធារ។​ ប៉ុន្តែ​ទីតាំងថ្មី​ គឺ​ជា​តំបន់​មួយ​នៅ​ក្នុង​ព្រៃភ្នំ ​នៃ​ការ​ឈូសឆាយ​តក់ក្រហល់ ​មិន​ផ្តល់​សេវា​សុខភាព​គឺ​ឥត​មាន​ គ្មាន​មុខរបរ​ ហើយ​តំបន់​ទីតាំង​មួយ​ចំនួន​មាន​គ្រុញចាញ់​ដល់​ពួក​គាត់​ទៀត»។

លោក ​សន​ ដារ៉ា ​អភិបាលរង​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍​ថា​ យោងតាម​កិច្ចសន្យា​របស់​ក្រុមហ៊ុន ​និង​រាជរដ្ឋាភិបាល ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ នូវ​ដី​លំនៅដ្ឋាន​ទំហំ​ ៥០​ម៉ែត្រ x១០០​ម៉ែត្រ ​និង​ដី​ចម្កា​ទំហំ​២​ហិកតា។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ ទីតាំង​ថ្មី​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន ​ដែល​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន។

«ពាក់ព័ន្ធ​និង​ប្រជា​នេសាទ​ យើង​បាន​ពិនិត្យ​ទីតាំង​សម្រាប់​ប្រជា​នេសាទ​ហ្នឹង ​គឺ​យើង​ស្តារ​ព្រែក​ ដែល​តាម​សំណៅ​ព្រៃ​ចាស់​ហ្នឹង​ គឺ​យើង​មាន​កែ​ឲ្យ​ត្រង់​ ដើម្បី​សម្រួល​ចរាចរណ៍​ប្រជា​នេសាទ​ហ្នឹង​ អាច​ធ្វើ​ដំណើរ​ចេញចូល​ទៅ​ប្រកប​មុខរបរ​នេសាទ​នៅ​សមុទ្រ​ក្រៅ​បាន»។

លោក ​សន ​ដារ៉ា ​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្តារ​ព្រែក​បន្ថែមទៀត ​ដើម្បី​ឲ្យ​ទាន់​ពេល​វេលា ​សម្រាប់​ប្រជា​នេសាទ៕

XS
SM
MD
LG