ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកភូមិ​នាំ​គ្នា​ចូលព្រៃ​ជីក​រក​រ៉ែ​មាស​ ក្រោយ​ពី​មាស​ឡើង​ថ្លៃ


ក្រុម​អ្នកភូមិ​មួយ​ចំនួន​នៅខេត្ត​រតនៈ​គីរី​បាន​នាំ​គ្នា​ចូល​ព្រៃ​ដើម្បី​ជីក​រ៉ែមាស​ បន្ទាប់​ពី​តម្លៃ​មាស​បាន​ឡើង​ថ្លៃ​កប់​ពពក​នៅក្នុង​រយៈ​ពេល​ថ្មីៗ​នេះ។ ​ពួកគេ​អះអាង​ថា ​ពួក​គេ​ប្រថុយ​ប្រថាន​ជីករ៉ែ​ដោយ​ដៃ​នោះ​គឺ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ក្រីក្រ​របស់​ពួកគេ។ ​ប៉ុន្តែ​ក្រុម​អ្នក​ជីក​រ៉ែ​ទាំង​នោះ​ ងាយ​រងគ្រោះ​ខ្លាំង​ណាស់ ​ដោយសារ​ជម្ងឺ​គ្រុនចាញ់​និង​ការប៉ះពាល់​សារធាតុ​គីមី។​

លោក​ ផុន ភក្តិ ​និង​សមាជិក​មួយ​ចំនួន​ទៀត​ក្នុង​គ្រួសារ​បាន​សម្រេច​ចិត្ត​មក​ជីក​រ៉ែ​មាស​នៅ​តំបន់​ភ្នំប៉ាង​ ក្នុង​ភូមិ​ព្រៃ​មាស ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ​ពី​ក្រុង​បានលុង​នៃ​ខេត្ត​រតនៈ​គីរី​នេះ ​បន្ទាប់ពីមាស​បាន​ឡើង​ថ្លៃ​រហូត​ដល់​ជាង​២ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​តម្លឹង​នា​ពេល​ថ្មីៗ​នេះ។​

លោក​និយាយ​ថា ​ការ​ជីក​រ៉ែ​មាស​ក្នុង​លក្ខណៈ​តូចតាច​នេះ​អាច​រក​ប្រាក់​ចំណូល​បាន​ខ្លះ​ដែរ​សម្រាប់​គ្រួសារ​របស់​លោក។​

«ជួនកាល​ថ្ងៃ​ណា​វា​ត្រូវ​ទៅ​បាន​១ជី​អី​ទៅ។​ ថ្ងៃ​ណា​អត់​ត្រូវ ​៤​ឬ​៥​ហ៊ុន​អី​ទៅ។​ ថ្ងៃ​ណា​ធ្លាក់​ទៅ​ ១​ហ៊ុន​ក៏​មាន​ដែរ»។​

ក្រុម​អ្នក​ជីក​រ៉ែ​មាន​នៅ​ទីនេះ​ និយាយ​ថា ​មាន​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​មក​ពី​តំបន់​ផ្សេងៗ​ បាន​នាំ​គ្នា​មក​ជីក​រ៉ែ​មាស​នៅ​ជុំវិញ​តំបន់​ភ្នំ​ប៉ាង​នេះ។​

ពួកគេ​អះអាង​ថា ​មូលហេតុ​ដែល​ពួកគេ​នាំ​គ្នា​មក​ជីក​រ៉ែ​នេះ ​គឺ​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ ​ដោយសារ​ពួកគេគ្មាន​ដី​ស្រែ​ចម្ការ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ ​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។​

លោក​ហ៊ូ ឈុន​មាន​ប្រសាសន៍​ថា ​ជាជាង​ពឹង​ផ្អែក​តែ​ទៅ​លើ​ដី​ស្រែ​ចម្ការ​ទំហំ​មិន​ដល់​១ហិកតា​របស់​លោក​នៅ​ជិត​ផ្ទះ​ក្នុង​ស្រុក​អូរយ៉ាដាវ​នោះ ​លោក​សុខចិត្ត​នាំ​កូន​ក្មួយ​មក​ផ្សង​ព្រេង​ជីក​រ៉ែមាស​នៅ​ទី​នេះ​វិញ។​

«ហេងស៊យ​ ចេះ​តែ​តាម​ទៅ។​ ពេល​ខ្លះ​ក៏​បាន​ច្រើន​អញ្ចឹង​ទៅ។ ​ជួន​ក៏​បាន​តិច​ អត់​ទៀង​ទេ​របស់​ក្នុង​ដី»។​

ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា ​ក្រុម​អ្នក​ជីក​រ៉ែ​នៅទីនេះ​ភាគ​ច្រើន​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារ​ធូលី​ដី​និង​ការ​ប៉ះពាល់​សារធាតុ​បារត​ដែល​គេ​ប្រើ​សម្រាប់ចាប់​យក​កម្ទេច​មាស​ជាដើម។​

អ្នក​ជីក​រ៉ែ​ខ្លួន​ឯង​ផ្ទាល់​និយាយ​ថា ​ ពួកគេ​ខ្លះ​ក៏​កំពុង​ប្រឈម​នឹង​ជម្ងឺ​គ្រុនចាញ់​ផងដែរ។​

«ខែ​ហ្នឹង​កំពុង​ត្រែ​គ្រុនចាញ់ ​មាន​គ្រុនចាញ់​ច្រើន​នៅ​កន្លែង​ហ្នឹង»។​

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​និយាយ​ថា​ អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​គួរ​ចាត់​វិធាន​ការ​បណ្តុះ​បណ្តាល​ដល់​អ្នក​ប្រកប​អាជីវកម្ម​ជីក​រ៉ែ​មាស​ខ្នាត​តូច​ទាំង​នេះ ​ដើម្បី​ឲ្យ​ពួកគេ​អាច​ការពារ​សុខភាព​និង​សុវត្ថិភាព​ក្នុង​ពេល​បំពេញ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ។​

លោក​ប៉ែន ប៊ុណ្ណារ៍​គឺ​ជា​អ្នក​សម្រប​សម្រួល​នៅ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​នេះ។​

«ការ​ធ្វើ​រ៉ែ​នេះ​អាច​ប៉ះពាល់​សារធាតុ​គីមី ​អញ្ចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព។​ ដូច្នេះ ស្ថាប័ន​ជំនាញ​ខាង​រ៉ែ​ហ្នឹងគួរ​តែ​បង្ហាត់​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​យើង​ឲ្យ​បាន​យល់​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​ឡើង​ពី​ការ​ធ្វើ​រ៉ែ»។

ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ជំនាញ​ខាង​រ៉ែ​នេះ​បាន​និយាយ​ថា ​ការ​ជីក​រ៉ែ​របស់​អ្នក​ភូមិ​ទាំង​នេះ ​គឺ​ជា​សកម្មភាព​ខុស​ច្បាប់​និង​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ​តំបន់​នេះ​តែ​ប៉ុណ្ណោះ។​

ដូច្នេះ​ពួកគេ​និយាយ​ថា ​ប្រជាពលរដ្ឋ​ទាំង​នេះ​គួរ​តែ​វិល​ត្រឡប់​ទៅ​ប្រកប​របរ​កសិកម្ម​ ធ្វើ​ស្រែ​ចម្ការ​នៅ​តាម​ភូមិ​ស្រុក​របស់​ពួកគេ​វិញ​ប្រសើរ​ជាង៕​

XS
SM
MD
LG