ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វេទិកា៖​ ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​មិន​បាន​គិតគូរ​ពី​ផល​​​ប៉ះពាល់​ទៅ​​​លើ​​​សង្គម​​​និង​​​បរិស្ថាន


ព្រះ​អង្គម្ចាស់ ​​នរោត្តម ​​សិរីវុឌ្ឍ ​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ ​និង​ជា​អតីត​សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ មាន​​​ព្រះ​​​បន្ទូល​​​ជា​​​ភាសា​​​អង់គ្លេស​​​ទៅ​​​កាន់​​​អ្នក​​​ចូលរួម​នៅ​ក្នុង​កិច្ច​​​ពិភាក្សា​​​មួយ​អំពី«ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា»​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៤។ កិច្ច​ពិភាក្សា​នេះ​ត្រូវ​ត្រូវ​រៀបចំ​​​ឡើង​​​ក្រោម​ការ​ទ្រទ្រង់​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​ស្ថាប័ន​មូលនិធីអាស៊ី ​(Asia Foundation)​ ជា​ដើម។ (នូវ ពៅលក្ខិណា VOA)

ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​ការ​អភិវឌ្ឍ​មួយ​ប្រកប​ដោយ​ភាព​ផុយ​ស្រួយ​និង​គ្មាន​និរន្តរភាព​ដែល​នាំ​មក​នូវផល​ប៉ះពាល់​ធ្ងន់ធ្ងរដល់​ សង្គម​និងបរិស្ថាន។​

អ្នក​ជំនាញ​នានា​បាន​លើក​ឡើងដូច្នេះក្នុង​វេទិកាស្តីពីការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​កាល​ពី​សប្ដាហ៍​មុន។​

តំណាង​រដ្ឋា​ភិបាល​សង្គម​ស៊ីវិល វិស័យ​ឯកជន​ និង​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​បាន​មក​ពិភាក្សា​គ្នា​ក្នុង​វេទិកា​នោះ​កាល​ពីថ្ងៃ​សៅរ៍​បាន​សម្តែង​កង្វល់​អំពីបញ្ហា​ប្រឈម​នានា​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​ក្នុង​ការ​អភិវឌ្ឍ។​ កិច្ច​ពិភាក្សា​នេះ​រៀបចំ​ឡើង​ក្រោម​ការ​ទ្រទ្រង់​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​ស្ថាប័ន​មូលនិធីអាស៊ី ​(Asia Foundation)​ ជា​ដើម។​

ព្រះ​អង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ ​និង​ជា​អតីត​សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ព្រះ​បន្ទូល​ជា​ភាសា​អង់គ្លេស​ទៅ​កាន់​អ្នក​ចូលរួម​ថា​ កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​នាំ​មក​ជាមួយ​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​សង្គម​ និង​បរិស្ថាន។​

«កម្ពុជា​បាន​រីករាយ​នឹង​កំណើន​សេដ្ឋ​កិច្ច​ប្រមាណ​៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ជាង​មួយ​ទសវត្ស​ហើយ។​ យើង​ត្រូវ​តែ​មាន​មោទនភាព ​និង​អបអរ​សាទរ​រដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេច​បាន​កំណើន​បែប​នេះ។ ប៉ុន្តែ​កំណើន​ខ្ពស់​នេះ​ក៏​នាំ​មក​ជាមួយ​ផល​ប៉ះពាល់​ខ្ពស់​ដែរ ដូចជា​ការ​សឹក​រិចរិល​បរិស្ថាន និង​ការ​កើន​ឡើង​នូវ​គម្លាត​នៃ​ការ​អភិវឌ្ឍ។ អត្រា​ភាព​ក្រីក្រ​នៅ​តែ​ខ្ពស់ ជា​ពិសេស​នៅ​តំបន់​ជនបទ។ គម្លាត​រវាង​អ្នក​ទីក្រុង ​និង​អ្នក​ជនបទ​នៅ​តែ​ធ្ងន់ធ្ងរ នាំ​ឱ្យ​មាន​ភាព​តាន​តឹង​សង្គម ​និង​នយោបាយ​និង​អស្ថិរភាព។ ជនរងគ្រោះ​ពី​ការ​រំលោភ​ដី​ធ្លី សិទ្ធិ​មនុស្ស អយុត្តិធម៌ និង​អំពើ​ពុករលួយ​កំពុង​តែ​ស្វែងរក​ការ​ជួយ​សង្គ្រោះ។ តើ​អ្នក​ណា​អាច​ជួយ​ពួកគេ​បាន? ​តើ​អ្នកណា​គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ទាំង​នេះ?»​

ព្រះ​អង្គ​ម្ចាស់​នរោត្តម​សិរីវុឌ្ឍ​មាន​បន្ទូល​បន្ថែម​ថា​ កម្ពុជា​ចាំ​បាច់​គិតគូរ​ពី​ការ​អភិវឌ្ឍ​របស់​ខ្លួន​ឡើង​វិញ ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​មួយ​ដែល​មាន​និរន្តរភាព​និង​សមធម៌ និង​ដើម្បី​ធានា​ឱ្យ​បាន​ថា ​ប្រជាពលរដ្ឋ​ទាំង​អស់​អាច​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​នេះ។​

លោក​តេក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​អង្គការ ​NGO Forum ​ដែល​ជា​វាគ្មិន​ម្នាក់​ក្នុង​វេទិកា​នេះ​ យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ។​

«កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​មក​ជាមួយ​គ្នា​ទាំង​គុណ​សម្បត្តិ ទាំង​គុណវិបត្តិ។ យើង​ឃើញ​ថា​ មាន​ការ​រីក​ចម្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ សំណាញ់​សុវត្ថិភាព និង​ជីវភាព​ប្រជាពលរដ្ឋ​មួយ​ភាគ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ យើង​ក៏​ឃើញ​មាន​បញ្ហា​ប្រឈម​ដែល​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ ដូចជា​បញ្ហា​ទាក់ទង​ហ្នឹង​ជម្លោះ​ដី​ធ្លី បញ្ហា​ទាក់ទង​ហ្នឹង​ការ​បាត់បង់​ព្រៃឈើ បញ្ហា​ទាក់ទង​នឹង​ការ​បណ្ដេញ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន។ ប្រជា​សហគមន៍​គាត់​នៅ​តែ​តវ៉ា​ពី​បញ្ហា​ហ្នឹង»។​

ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​សំដៅ​លើ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ដែល​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ វប្បធម៌ និង​បរិស្ថាន ហើយ​ធានា​បាន​ថា​ មនុស្ស​ជំនាន់​ក្រោយ​អាច​ទទួល​បាន​ធនធាន​ទាំង​នោះ​ដដែល។​

លោក​បណ្ឌិត​ កែម ឡី អ្នក​វិភាគ​សង្គម ​និង​ជា​វាគ្មិន​ម្នាក់​ដែរ​នោះថ្លែង​ថា​ កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​គឺ​ជា​កំណើន​មួយ​ប្រកប​ដោយ​ភាព​ផុយ​ស្រួយ ដែល​ក្នុង​នោះ​ជន​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​ដែល​ទទួល​ផល​ច្រើន​លើស​លុប​ពី​កំណើន​នេះ។​

«ការ​អភិវឌ្ឍ​នៅ​ស្រុក​ខ្មែរ​ទទួល​ផល​ច្រើន​ចេញ​ពី​ការ​អភិវឌ្ឍ​ហ្នឹង ប៉ុន្តែ​ការ​បែង​ចែក​ផល​ដែល​ចេញ​ពី​ការ​អភិវឌ្ឍ​ហ្នឹង គ្មាន​សមភាព គ្មាន​សមធម៌។ ការ​គ្រប់គ្រង​ផល​ដែល​ចេញ​ពី​ការ​អភិវឌ្ឍ​ហ្នឹង​អត់​បាន​ល្អ ហើយ​មួយ​ទៀត​ការ​អភិវឌ្ឍ​នៅ​ស្រុក​ខ្មែរ​គេ​ឱ្យ​ឈ្មោះ​ថា ​«ការ​អភិវឌ្ឍ​សូន្យ» ដោយ​សារ​តែ​យើង​បាន​មួយ យើង​បាត់​មួយ។ យើង​បាន​ផ្លូវ ប៉ុន្តែ​យើង​បាត់បង់​ធនធាន​ធម្មជាតិ»។​

លោក សៅ សុភាព នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ មិន​បាន​វាយ​តម្លៃ​ទៅ​លើ​ការ​លើក​ឡើង​របស់​ក្រុម​វាគ្មិន​នេះ​ទេ។ ប៉ុន្តែ​អះអាង​ថា​រដ្ឋាភិបាល​បាន​ព្យាយាម​កាត់​បន្ថយ​ការ​ប៉ះពាល់​នេះ​ជា​អតិបរមា។​

«បើ​យើង​មិន​អភិវឌ្ឍ​ក៏​មាន​ការ​រិះគន់ ហើយ​បើ​មាន​ការ​អភិវឌ្ឍ​ក៏​មាន​ការ​លើក​ឡើង​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​គាត់​ផ្អែក​ទៅ​លើ​អ្វី ដែល​ថា​ ការ​អភិវឌ្ឍ​នៅ​កម្ពុជា​នេះ​វា​ផ្តល់​ភាព​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន។ ខ្ញុំ​ក៏​អត់​ច្បាស់​ដែរ​ថា ​គាត់​ត្រូវ​ឬ​ក៏​ខុស។ ការ​អភិវឌ្ឍ​ដែល​ប៉ះពាល់​ដល់​សង្គម​ឬ​ក៏​បរិស្ថាន យើង​មាន​របៀប​របប​ធ្វើ​ការ​របស់​យើង​ហើយ»។​

ក្រុម​វាគ្មិន​បាន​ផ្តល់​អនុសាសន៍​ថា ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​គប្បី​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​នៃ​ការ​ដឹកនាំ​របស់​ខ្លួន ដោយ​ពង្រឹង​ស្ថាប័ន​រដ្ឋ​ឱ្យ​មានប្រសិទ្ធភាព ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​វិស័យ​អប់រំ អភិបាលកិច្ច​ល្អ និង​បើក​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​ដើម្បី​ការ​ធ្វើ​កំណែ​ទម្រង់​ទាំង​នេះ​បាន​ជោគជ័យ​គឺ​ទាមទារ​ឱ្យ​មានឆន្ទៈ​នយោបាយ ​និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ពី​ថ្នាក់​ដឹកនាំ​ប្រទេស៕

XS
SM
MD
LG