ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​ការពារ​ព្រៃ​ឈើ ចោទ​ថា​ក្រុមហ៊ុន​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​មណ្ឌល​គីរី


អ្នកភូមិ​ម្នាក់​នេះ ព្យាយាម​លើក​បន្ទះ​ឈើ​ដាក់​លើ​ម៉ូតូ​របស់​គាត់ ដើម្បី​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​លក់​ឈើ គ្រាដែល​អ្នកស៊ើបអង្កេត​ពី​អង្គការ​សហ​ប្រជាជាតិ​ពីរ​រូប ដើរ​មើល​ជុំវិញ​បរិវេណ​ក្រុមហ៊ុន​លក់​ឈើ។ (file photo)

សកម្មជន​ការពារ​ព្រៃឈើ​អះអាង​ថា​ពួកគេ​កំពុង​រងការ​គម្រាម​កំហែង​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​មណ្ឌល​គិរី​នៅ​ពេល​ចុះ​ល្បាត​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ។ ក៏​ប៉ុន្តែ​អាជ្ញាធរច្រានចោល​ការលើ​កឡើង​នេះ។

តំណាង​សកម្មជន​ការពារ​ព្រៃ​ឈើដែល​ជាជន​ជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​មណ្ឌល​គិរី​អៈអាង​ថា ​ពួក​គេ​បាន​រង​ការ​គម្រាម​គំហែង​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋាន​ និង​សំណាក់ក្រុមហ៊ុនឯក​ជននៅ​ពេលដែល​ពួក​គាត់​ចុះ​ល្បាតដើម្បីទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​រៀប​ចំ​ឡើងនៅ​ទីស្នាក់ការ​របស់​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស ADHOC ​ក្នុង​ទី​ក្រុង​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​អង្គារ អ្នក​ស្រី​ មអារ​ ងំ ជនជាតិ​ដើម​ព្នង​ចោទ​ប្រកាន់ ថា​អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋាន​ និង​ខេត្តបានខុប​ខិត​ និង​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នកស្រី​អៈអាងថា​ប្រជា​សហគមន៍​ដែល​ហ៊ាន​ចេញ​មុខ​ចុះ​ល្បាតនិងចាប់​បទល្មើស​ព្រៃឈើ​តែរង​ការ​គម្រាម​គំហែង​ និង​ការ​ការ​ប្រើ​អំពើហិង្សា​ពី​អាជ្ញាធរ។

«ឡាន​ដឹក​ឈើ​ធំ​ៗមាន​រាប់​រយ​គ្រឿង​ យើងខ្ញុំ​មិនអាច​ធ្វើអ្វី​បាន​ទេ​ យើង​សុទ្ធ​តែ​ស្រីៗ។ ទៅ​ដាក់បណ្តឹង​នៅ​បរិស្ថាន​ សាលា​ខេត្ត​ តុលា​ការទៀត​ផង​ ប៉ុន្តែ​គេ​អត់​ចង់​សេញ៉ែ​ អត់​ចឹង​ស្អី​ទេ។ ពួក​ខ្ញុំ​មិនអាច​ដើរ​ព្រៃ​បាន​ទេ​ពីមុន​ដើរសេរី​ ខ្លាច​តែខ្មោច​ទេ។ ​ឥឡូវ​ខ្លាចមនុស្ស​គេ​គម្រាមកំហែង»។

អ្នកស្រី មអារ​ ងំ រស់ នៅ​ក្នុងភូមិ​ឡៅកា​ ឃុំ​សុខដុម​ ស្រុក​សែន​មនោរម្យ​ ខេត្តមណ្ឌល់​គិរី​និង​ជាតំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ដែល​មានជាង​២០០​គ្រួសារ។

តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត​លោក ញ្រូន​ ខុត ថ្លែងថា​ប្រជា​ពលរដ្ឋ​បាន​ចាប់​យក​គ្រឿង​ចក្រ​ និង​ម៉ាស៊ីន​អាឈើខុសច្បាប់​ជាច្រើន​លើក ហើយ​ប្រគល់​ឲ្យ​អាជ្ញាធរ​ និង​មន្ត្រី​បរិស្ថាន​ ក៏ប៉ុន្តែ​ប៉ុន្មានថ្ងៃ​ក្រោយម​ក​ឧបករណ៍​ទាំង​នោះ​ត្រូវ​អាជ្ញាធរ​ប្រគល់​ឲ្យ​ក្រុមហ៊ុនវិញ​។

«អាជ្ញាធរ​គ្មាន​គេ​អើពើ​ទេ​ ឡាន​មួយ​ថ្ងៃ​ចេញ​ចូលៗ​ក្នុងព្រៃ​សហគមន៍​របស់​ខ្ញុំ​ ព្រៃឈើ​អស់រលីង​ ហើយ​ប្រជា​ពលរដ្ឋ​ខំប្រឹងប្រែង​ណាស់​ ពួក​ខ្ញុំអត់​មាន​លុយ​មួយទៀត​ទេ​ ពីព្រោះ​ព្រៃឈើ​របស់ខ្ញុំ​អត់​រលីង​ហើយ»។

ស្រប​ពេល​ជាមួយគ្នានេះ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ នៅ​ថ្ងែ​ដដែល​នេះ​ដែរបាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​រិះគន់​អាជ្ញាធរ​ខេត្ត​មណ្ឌល​គិរី​ថា បាន​រើសអើង​ និង​រំលោភ​សិទ្ធិមនុស្សជា​មូលដ្ឋាន​ ចំពោះ​ការ​គម្រាមគំហែង​ ចោទ​ប្រកាន់​ ចាប់​ដាក់​ពន្ធធនាគារ​ចំពោះ​សកម្មជន​ការពារ​ព្រៃឈើ។​

មាន​សកម្មជន​ការពារ​ព្រៃឈើ​យ៉ាងតិច ១១០​នាក់​បាន​រងការ​គម្រាម​គំហែងនៅ​ពេល​ដែល​ពួគគេ​ចុះ​ល្បាតទប់​ស្កាត់​បទល្មើស​ព្រៃឈើ នេះ​បើយោង​តាម​សេចក្តី​ថ្លែងការណ៍​ដដែល។ បន្ថែម​ពីនោះ​ដែរ​សេចក្តី​ថ្លែងការ​ណ៍​ក៏បាន​កត់​សម្គាល់​ដែរ​ថា​អាជ្ញាធរ​មិន​សូវ​បាន​ឲ្យ​តម្លៃ​សកម្មភាព​ចុះការ​ពារ​ព្រៃ​ឈើ​របស់​ប្រជា​ពលរដ្ឋ​ឡើង​ ផ្ទុយទី​វិញ​សកម្មភាព​ការពារ​ព្រៃឈើ​របស់​សហគ​មន៍​ត្រូវបាន​ចាត់​ទុក​ថា​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់​ដំណើរ​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​។

លោក នី​ ចរិយា​ប្រធាន​ស៊ើប​អង្កេត​កម្មវិធី​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែង​ដាក់​ការ​សង្ស័យថា​អាជ្ញាធរ​ទំនង​ជា​និង​ជាប់​ពាក់​ព័ន្ធ​ពី​ការ​ទទួល​បាន​ផល​ប្រយោជន៍នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។

«ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ដែល​ប្រគល់​ហើយ​អាជ្ញាធរ​បែរ​ជា​ប្រគល់​សម្ភារៈទៅឲ្យ​ក្រុមហ៊ុនហើយ​បែរជា​មក​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ មាន​ន័យ​ថា​យ៉ាងម៉េច​ មាន​ន័យ​ថា​អាជ្ញាធរ​កំពុងឃួប​ឃិត​ជាមួយ​ក្រុមហ៊ុន​កាប់​បំផ្លាញ​ព្រៃឈើ​ អាជ្ញាធរ​កំពុងបើក​ឱកាស​ឲ្យ​ជន​លើ្មស​កាប់​ព្រៃឈើ​ មិនមែន​ការពារ​ប្រជា​ពលរដ្ឋ​ដែល​ចូលរួមអនុវត្ត​ច្បាប់​នោះ​ទេ»។

ក្រុម​ហ៊ុន​Vila Development បាន​ទទួល​រង​កាចោទ​ប្រកាន់​ពី​ក្រុម​ប្រជា​ពលរដ្ឋជ​នជាតិ​ដើម​ភាគ​តិច​ចំពោះ​ ការ​ប្រើ​ប្រាស់​ការ​គំរាម​កំហែង​ខាងលើ។ ហើយម្ចាស់​ក្រុមហ៊ុន​នេះ​ត្រូវ​គេស្គាល់​ថា​ជាភរិយា​របស់​លោក​ យឹម​ លុច​អភិបាន​រង​ខេត្ត​មណ្ឌល​គិរី​។

ក្រុមហ៊ុន​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​ ៧២៨​ហិក​តា​សម្រាប់​ដាំ​កៅស៊ូ។ ក្រុម​អ្នក​ភូមិ​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន​នេះ​បាន​បន្ត​សកម្មភាព​កាប់​ និង​នាំ​ចេញ​ឈើ​ប្រណិត​ជា​រៀង​រាល់​ថ្ងៃ។

វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​មិន​អាច​ស្នើរ​សុំ​សេចក្តី​អធិប្បាយ​ពី​លោក​ យឹម​ លុច​បាន​ឡើយនៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។

ដោយ​ឡែក​លោក​ អ៊ិន អៀវ​ចៅ ប្រធាន​ឃុំសុខដុម​បាន​បដិសេធ​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ភូមិ​ដែល​ថា​អាជ្ញាធរ​បាន​ធ្វើការ​គម្រាម​គំហែង​ប្រជា​ពលរដ្ឋ។​ លោក​បន្ថែមថា​លោក​មិន​បាន​ដឹង​ពីការ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ​ ក៏ប៉ុន្តែលោក​បាន​ឃើញ​ក្រុម​ហ៊ុន​ចាប់​ដាំ​ដើម​កៅស៊ូ។

«ឃុំ​សង្កាត់​យើង​ពុំ​មាន​ការ​គំរាម​កំហែង​អ្វី​ទេ។ បើគាត់​សំណើរ​មក​យើងបញ្ជូន​ទៅតាម​ហ្នឹង​បើ​គាត់​ស្នើរទៅក្រុងយើង​ធ្វើតាម​ហ្នឹង​ បើ​ទៅខេត្ត​យើងធ្វើតាម​ហ្នឹង។ បំផ្លាញ​អ្វី​ៗ​ផ្សេងៗ​ទៀត អាហ្នឹង​គាត់​ដឹង​ទៅ​ឆ្លើយ​ប្រាប់​លោក​ថា​ចឹង​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ ខ្ញុំ​ឃើញ​គេកាប់​ហើយ​គេដាំ​កៅស៊ូវិញ»។

ក្រុម​ប្រជាសហគមន៍​អៈអាង​ថា​ពួក​គេ​នឹង​នៅ​តែ​បន្ត​ដើរ​ល្បាត​ព្រៃ​ដដែល​បើ​ទោះ​ជា​មាន​គម្រាម​គំហែង​យ៉ាង​ណា​ក្តី​ពីព្រោះ​ថា​ក្រុម​អ្នក​ភូមិ​មិន​ដឹង​ថា​នឹងត្រូវ​រំពឹង​លើ​អ្វី​ប្រសិន​បើ​ព្រៃឈើ​ពីដូនតា​របស់​ពួកគាត់​ត្រូវ​ក្រុមហ៊ុន​កាប់​បំផ្លាញអស់៕

XS
SM
MD
LG