ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​គ្រោង​ពិភាក្សា​ពី​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព


ការកសាង​ទំនប់​វារី​អគ្គិសនី ជា​បញ្ហា​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ចម្បង​មួយ​ចំនួន​ដែល​នឹង​ត្រូវ​គេ​លើក​យក​មក​ពិភាក្សា​គ្នា​ក្នុង​វេទិកា​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ។
ការកសាង​ទំនប់​វារី​អគ្គិសនី ជា​បញ្ហា​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ចម្បង​មួយ​ចំនួន​ដែល​នឹង​ត្រូវ​គេ​លើក​យក​មក​ពិភាក្សា​គ្នា​ក្នុង​វេទិកា​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ។

តំណាង​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នឹង​មកពិភាក្សា​គ្នា​ក្នុង​វេទិកា​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ អំពី​បញ្ហា​ប្រឈម​នានា​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា។

លោក ហេង ភក្ដី ស្ថាបនិក​វិទ្យាស្ថាន​Enrich ដែល​បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ​នេះ​ថ្លែង​ថា​បញ្ហា​ចម្បង​ដែល​នឹង​លើក​ឡើង​ក្នុង​វេទិកា​នេះមាន​ជា​អាទិ៍​គម្លាត​នៃ​ការ​អភិវឌ្ឍ បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​ និង​ផល​ប៉ះពាល់​ពី​ការ​កសាង​ទំនប់​វារីអគ្គិសនី​ជា​ដើម។

«បើ​សិន​ជា​ការ​អភិវឌ្ឍ​ហ្នឹង​ជា​ការ​អភិវឌ្ឍ​គ្មាន​ចីរភាព​គឺ​យើង​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​តែ​ក្នុង​រយៈពេល​ខ្លី​ទេ តែ​ដល់​រយៈពេល​វែង អ្នក​ដែល​ប៉ះពាល់​ជាង​គេ​គឺ​អ្នក​ដែល​ក្រីក្រ​និង​ងាយ​រងគ្រោះ ព្រោះ​ការ​អភិវឌ្ឍ​ដែល​គ្មាន​ចីរភាព​គឺ​យើង​សំឡឹង​ឃើញ​ថា​វា​ចំណេញ​សេដ្ឋកិច្ច​តែ​ក្នុង​រយៈពេល​ខ្លី​ តែ​ផល​ប៉ះពាល់​សង្គម​ក៏​ដូចជា​ផល​ប៉ះពាល់​បរិស្ថាន​គឺ​ក្មេង​ៗ​ជំនាន់​ក្រោយ​គឺ​គាត់​ជា​អ្នក​ទទួល​រ៉ាប់រង»។

វេទិកា​នេះ​រៀបចំ​ឡើង​ក្រោយ​ពី​ការ​អភិវឌ្ឍ​និង​ការ​វិនិយោគ​ក្នុង​ប្រទេស​នេះ​មួយ​ចំនួន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ស្ថិត​ក្រោម​ការ​រិះគន់​ថា​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​និង​ប្រជាពលរដ្ឋនៅ​មូលដ្ឋាន​រួម​ទាំង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ផង​ដែរ។

កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​សៅរ៍​នេះ​នឹង​បើក​ឱ្យ​មាន​ការ​ចូលរួម​ដោយ​សេរី ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា ជប៉ុន ក្រោម​ការ​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ពី​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​ស្ថាប័ន Asia Foundation ជា​ដើម។

ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​សំដៅ​លើ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ដែល​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ វប្បធម៌ និង​បរិស្ថាន ហើយ​ធានា​បាន​ថា​មនុស្ស​ជំនាន់​ក្រោយ​អាច​ទទួល​បាន​ធនធាន​ទាំង​នោះ​ដដែល។

យ៉ាង​ណា​ក៏​ដោយ លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​សង្គម​ឯករាជ្យ​ម្នាក់ និង​ក៏​ជា​វាគ្មិន​ម្នាក់​ក្នុង​វេទិកា​សាធារណៈ​នោះ អះអាង​ថា​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​កំពុង​ធ្វើ​ឡើង​ក្នុង​រូបភាព​«ផុយ​ស្រួល» ដែល​វៀរចាក​ពី​គោលការណ៍​និរន្តរភាព។

«ជា​រួម​ការ​អភិវឌ្ឍ​នៅ​ស្រុក​ខ្មែរ​ជា​ការ​អភិវឌ្ឍ​ផុយ​ស្រួយ​នៅ​ក្នុង​កិច្ចការ​នេះ ពិសេស​ជា​ការអភិវឌ្ឍ​មួយ​ដែល​ពុំ​បាន​គិត​ទាល់​តែ​សោះ​ពី​អំពី​និរន្តរភាព​ឬ​ក៏​ចីរភាព។ ការ​អភិវឌ្ឍ​មួយ​ដែល​មាន​និរន្តរភាព​គឺ​ការ​អភិវឌ្ឍ​មួយ​ដែល​ទទួល​រង​ការ​ប៉ះពាល់​អវិជ្ជមាន​តិច​តួច​បំផុត ជា​ពិសេស​ផ្នែក​បរិស្ថាន។ ប៉ុន្តែ​ស្រុក​យើង​គឺ​ការ​អភិវឌ្ឍ​ដោយ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ដើម។ ហើយ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​គឺ​ការ​អភិវឌ្ឍ​មួយ​ដែល​មាន​ការ​ចូលរួម​ពេញ​លេញ​ពី​ប្រជាពលរដ្ឋ​ ប៉ុន្តែ​នៅ​ស្រុក​យើង​ការ​អភិវឌ្ឍ​គឺ​ទទួល​ការ​ចង្អុល​បង្ហាញ​ពី​អ្នក​នយោបាយ»។

លោក កែម ឡី ផ្ដល់​អនុសាសន៍​ថា​ដើម្បី​ធានា​ឱ្យ​បាន​ថា​ការ​អភិវឌ្ឍ​មួយ​ប្រកប​ដោយ​និរន្តរភាព​ រដ្ឋាភិបាល​កម្ពុជា​គប្បី​ផ្ដល់​សិទ្ធិ​អំណាច​ឱ្យ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ច្រើន​ជាង​នេះក្នុង​ការ​ចាត់ចែង​ធនធាន​របស់​ខ្លួន។ អនុសាសន៍ផ្សេង​ទៀត​រួម​មាន​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដោយ​អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ចាប់តាំង​ពី​ការ​តាក់តែង​រហូត​ដល់​ការ​អនុវត្ត​គោលនយោបាយឬ​ផែនការ​វិនិយោគ​នានា និង​ការ​អនុវត្ត​គោល​នយោបាយ​មួយ​ដែល​អនុគ្រោះ​ដល់​ជន​ក្រីក្រ ឧទាហរណ៍​ដូចជា​ការ​ផ្ដល់​ដី​សម្បទាន​ខ្នាត​តូច​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ដើម។ ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​កន្លង​មក​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG