ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​នេសាទ​ចោទ​ថា​​ផលត្រី​ធ្លាក់​តែ​បទល្មើស​កើនឡើង​ដោយ​សារ​មាន​មន្ត្រី​ឃុបឃឹត


អ្នកនេសាទ​​ប្រមូល​ត្រី​​ដើម្បី​ធ្វើ​ប្រហុក​ នៅ​មាត់​​តាម​​បឹង​​ទន្លេសាប។​
អ្នកនេសាទ​​ប្រមូល​ត្រី​​ដើម្បី​ធ្វើ​ប្រហុក​ នៅ​មាត់​​តាម​​បឹង​​ទន្លេសាប។​

ទោះ​បី​ជា​ស្ថិត​ក្នុង​រដូវ​បិទ​នេសាទ​ក៏​ដោយ ក៏​បទល្មើស​នេសាទ​បាន​កើត​ឡើង​យ៉ាង​អណាធិបតេយ្យ​នៅ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ធនធាន​ត្រី​នៃ​ប្រទេស​នេះ​មាន​ការ​ធ្លាក់​ចុះ​ជា​ខ្លាំង។

ក្រុម​ប្រជា​នេសាទ តំណាង​សហគមន៍​នេសាទ​ និងតំណាងអង្គការ​សង្គម​ស៊ីវិលប្រមាណ​ជាង​១០០​នាក់​មក​ពី​ខេត្ត​នានា​បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​នៅថ្ងៃសុក្រ​នេះ ដើម្បី​បរិហារ​ពី​បទ​ល្មើស​ទាំង​នេះ។ ក្រោម​ការ​ជួយ​ទ្រទ្រង់​ហិរញ្ញវត្ថុ​ពី​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ (FACT)​ ក្រុម​ប្រជា​សហគមន៍​នេសាទទាំង​នោះ​បានចុះ​ទៅធ្វើ​សកម្មភាព​ប្រមូល​ភស្តុតាង​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៥​ខែ​មិថុនា ដែល​ជា​រដូវ​បិទ​នេសាទ នៅ​តំបន់​គោលដៅ​ចំនួន​បី​គឺ​នៅ​បឹង​ទន្លេ​សាប តាម​ដង​ទន្លេ​មេគង្គ និង​ខេត្ត​នៅ​ជាប់​ឆ្នេរ​សមុទ្រ។ ការ​រក​ឃើញ​នេះ​បាន​លាត​ត្រដាង​ពី​បទល្មើស​នេសាទ​យ៉ាង​អណាធិបតេយ្យនៅ​ជា​ច្រើន​រយ​ទីតាំង​នៅ​តាម​ខេត្ត​ជាប់បឹង​ទន្លេសាប តាម​ដង​ទន្លេមេគង្គ និង​នៅ​តាម​ដែន​ឆ្នេរស​មុទ្រ​កម្ពុជា ដែលប្រព្រឹត្ត​ឡើងដោយ​ឈ្មួញ​ ប្រជាសហគមន៍​នេសាទ​នៅ​មូលដ្ឋាន​មួយ​ចំនួន ដោយ​ជនជាតិ​វៀតណាម និង​ជនជាតិថៃ។ ​

សកម្មភាព​ខុស​ច្បាប់​ទាំង​នោះ​រួម​មាន​ការ​ដាក់​អួន​ក្រឡា​ញឹក លូ​ស្បៃ​មុង ការ​ដាក់​សម្រាស់ ដាក់​ដាយ ការ​ឆក់​ត្រី ជីក​បៀរ ឈូស​ឆាយ​ព្រៃ​លិច​ទឹក​និង​ព្រៃ​កោងកាងយក​ជា​កម្មសិទ្ធិ និង​ ការ​បូម​ខ្សាច់ ការ​ចិញ្ចឹម​ត្រី​ឆ្ដោ ការ​ដាក់​ថ្នាំ​បំពុល​ជា​ដើម ដែលមាន​នៅទីតាំង​នានា​ដូចជា​នៅ​ខេត្តបាត់ដំបង​ ពោធិ៍សាត់​ សៀមរាប​ កំពង់ធំ​ កណ្ដាល​ តាកែវ​ កោះកុង និង​ខេត្ត​ព្រះ​សីហនុ ​ជា​ដើម។

លោក ឡុង សូចែត ជា​ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា​បាន​បញ្ជាក់​ថា៖​

«អ្វី​ដែល​យើង​ទៅ​ពិនិត្យ​នោះ គឺ​ចំ​រដូវ​បិទ​នេសាទ​ទៀត ដូច​យើង​ដឹង​ហើយ​ថ្ងៃ​មួយ​ខែ​៦ នៅ​បឹង​ទន្លេ​សាប​ត្រូវ​ជា​រដូវ​បិទ​នេសាទ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​រដូវ​បិទ​នេសាទ​ជា​រដូវ​ត្រី​ពង​កូន។ ​ទាក់ទង​នឹង​ការ​នេសាទ​ខុស​ច្បាប់​ដែល​យើង​ប្រមូល​បាន​ពី​គ្រប់​ខេត្ត​នោះ ធ្ងន់ធ្ងរ​នោះ​គឺការដាក់​បរ​ណរ៉ាវ ហើយ​យើង​ឃើញ​មាន​ការ​នេសាទ​ដោយ​ប្រើ​ម៉ាស៊ីន​អូស​ដូចជា​ឧបករណ៍​រុញ​ស៊ីប​អី​ជា​ដើម។ ហើយ​យើង​ឃើញ​ជាក់​ស្ដែង​មួយ​ទៀត​នោះ​គឺ​ការ​នេសាទ​ក្នុង​ឡូត៍​បម្រុងទុក​ដែល​អភិរក្ស​ដោយ​រដ្ឋបាល​ជលផល​តែ​ម្ដង»។

លោក សូចែត អះអាង​ថា​បទល្មើស​នេសាទ​ទាំង​នោះ​កើត​ឡើង​បាន​ដោយ​មាន​ការ​ឃុបឃិត​និង​សូក​ប៉ាន់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​រដ្ឋបាល​ជល​ផល​។

«បទ​ល្មើស​នេសាទ គេ​ត្រូវរ៉ូវ​គ្នា​ទាំង​អ្នក​ប្រព្រឹត្ត​ ទាំង​អ្នក​ឃុបឃិត អញ្ចឹង​គេ​អត់​បញ្ចេញ​ស្លាកស្នាម ឬ​ភស្តុតាង​ឱ្យ​យើង​ទេ។ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​គឺ​មិន​អាច​ប្រព្រឹត្ត​បាន​ទេ ដូចជា​ការ​ដាក់​បណរ៉ាវ​ទទឹង​រាប់​សិប​គីឡូម៉ែត្រ​ ហេតុ​អ្វី​អ្នក​ដែល​មាន​សមត្ថកិច្ច​ទប់​ស្កាត់​មើល​មិន​ឃើញ? ហើយ​អ្នក​ខ្លះ​ដែល​គាត់​អត់​ដឹង​ច្បាប់​ទម្លាប់ គាត់​ប្រាប់​ត្រង់ៗ​តែ​ម្ដង​ថា​មួយ​រដូវ​គាត់​រត់​ការ​អស់​ប៉ុន្មាន»។

ជាក់​ស្តែង​ពេល​យើង​ទៅ​ជួប​អួន​មួយ​គាត់​បាន​និយាយ​ថា​គាត់​រត់​ការ​មួយ​រដូវ​អស់​ជាង​១០​លាន​រៀល»។

ត្រី​ជា​ប្រភព​ស្បៀង​និង​ប្រូតេអ៊ីន​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ក្នុង​នោះ​ក្នុង​មនុស្ស​ម្នាក់​ទទួល​ទាន​ត្រី​អស់​ប្រមាណ​៦២​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំៗ។

លោក ឡុង សូចែត អះអាង​ថា​ការនេសាទ​ខុស​ច្បាប់​ទាំង​នេះ​កំពុង​តែ​ធ្វើ​ឱ្យ​រិចរិល​បរិមាណ​ត្រី​នៅ​កម្ពុជា ដែល​កំពុង​តែ​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ពួក​ខ្លួន ដែល​អាស្រ័យ​លើ​ផល​នេសាទនេះ​សម្រាប់​ទ្រទ្រង់​ជីវិត។

បុរស​វ័យ​ចំណាស់​សម្បុរ​ខ្មៅ​ម្នាក់ លោក ប៉េង គឹមថុន ជា​ប្រជា​នេសាទ​ម្នាក់​មក​ពី​ស្រុក​បុរី​ជលសារ ខេត្ត​តាកែវ។ លោក​ថុន​បាន​ត្អូញ​ត្អែរ​ថា​របរ​នេសាទ​ត្រី​ដែល​ជា​ប្រភព​ចំណូល​សំខាន់​របស់​គ្រួសារ​លោក​កំពុង​ថយ​ចុះ​ជា​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

«​ការ​នេសាទ​ឥឡូវ​ចុះ​ថយ​ខ្លាំង​ណាស់ ចាប់​ពី​ឆ្នាំ​២០១៣​មក ត្រី​ចុះ​ច្រើន។ ពី​មុន​មួយ​ថ្ងៃ​រក​បាន​ប្រហែល​១០​គីឡូក្រាម ឥឡូវ​រក​បាន​ពីរ​ទៅ​បី​គីឡូក្រាម​ប៉ុណ្ណោះ។​ នេះ​មក​ពី​ការ​នេសាទ​ខុស​ច្បាប់​ដូច​ជា​ឆក់ ស្បៃ អត់​មាន​លើក​លែង​ខែ​ត្រី​ពង​កូន​អ្វី​ទេ ហើយ​ប្រជាពលរដ្ឋ​គាត់​បាន​យក​គីមី​ដាក់​ស្រែ​ធ្វើ​ឱ្យ​វា​ហិនហោច​ពូជ​ត្រី។ ខ្វះ​ខាត​ដែរ វា​ធ្វើ​ឱ្យ​ត្រី​យើង​ហូប​ចុក​ហ្នឹង​អត់​គ្រប់គ្រាន់​អញ្ចឹង»។

លោក អ៊ឹង ទ្រី អគ្គនាយករង​នៃ​រដ្ឋបាល​ជលផល​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​បទល្មើស​នេសាទ​កំពុង​កើត​មាន ហើយ​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ឈ្មោះ​មន្ត្រី​ដែល​ឃុបឃិត​ទាំង​នោះ​មក​រដ្ឋបាល​ជលផល​ដើម្បី​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់។

«ទាក់ទង​បញ្ហា​នេះ​គឺ​ជា​បទល្មើស​ពុក​រលួយ​ហើយ អញ្ចឹង​ច្បាប់​ពុក​រលួយ​កុំ​ថា​ឡើយត្រឹម​មួយ​លាន​រៀល មួយ​សេន​ដុល្លារ​ក៏​គេ​ហៅ​ថា​បទល្មើស​ពុក​រលួយ​ដែរ។​ ប៉ុន្តែ​ប្រសិន​បើ​គាត់​ថា​អ្នកណា​គេ​យក សូម​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ឈ្មោះ ដូច្នេះ​នេះ​គឺ​ជាក្របខណ្ឌរបស់​យើង​ យើង​ស្ដាប់ ហើយ​ទប់​ស្កាត់​បញ្ហា​ហ្នឹង»។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​ប្រជា​សហគមន៍​នេសាទ​បាន​អះអាង​ថា​ពួកគេ​បាន​រាយការណ៍​ករណី​ជា​ច្រើន​ទៅ​សមត្ថកិច្ច​និង​រដ្ឋបាល​ជលផល​ប៉ុន្តែ​នៅ​តែ​ពុំ​មាន​ចំណាត់​ការ​ណា​មួយ​នោះ​ទេ។

បន្ទាប់​ពី​សន្និសីទ​កាសែត​នេះ ក្រុម​ប្រជាពលរដ្ឋ​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​ជិះ​រ៉ឺម៉ក​កង់​បី​ដើម្បី​ហែ​ញត្តិ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ស៊ុយអែត​ សហគមន៍អឺរ៉ុប និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដូចជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រសួង​កសិកម្ម​ ដើម្បីជំរុញ​ឱ្យ​ស្ថាប័ន​ទាំង​នោះ​រឹត​បណ្ដឹង​ការ​ឃ្លាំមើល​ ការ​អនុវត្ត​ច្បាប់​និង​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​អាជ្ញាធរ​និង​ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ៕

XS
SM
MD
LG